ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន​លើក​ទង់ជាតិ​ខ្មែរក្រោម​តាម​ផ្ទះ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជនជាតិ​ដើម

ដោយ ស្ងួន អមរា
2023.11.30
ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន​លើក​ទង់ជាតិ​ខ្មែរក្រោម​តាម​ផ្ទះ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជនជាតិ​ដើម ទង់ជាតិខ្មែរក្រោមដាក់តាំងនៅមុខផ្ទះ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
រូប៖ តោ ហ្វាងចៀង

ពលរដ្ឋ​ខ្មែរក្រោម​មួយចំនួន​នាំគ្នា​លើក និង​ដាក់​តាំង​ទង់ជាតិ​ខ្មែរក្រោម​នៅ​តាម​ផ្ទះ បើ​ទោះបីជា​អាជ្ញាធរ​វៀតណាម ចុះ​ដកហូត​ទង់ជាតិ និង​គំរាមកំហែង ពួកគាត់​ក្តី​។ ពួកគេ​ថា ការ​លើក និង​ដាក់​តាំង​ទង់ជាតិ​គឺ​ដើម្បី​រក្សា​អត្តសញ្ញាណ​ជា​ជនជាតិ​ដើម​ខ្មែរក្រោម ស្របតាម​គោលការណ៍​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។

ខ្មែរក្រោម​មួយចំនួន​បាន​លើក​ទង់ជាតិ​ខ្មែរក្រោម​នៅផ្ទះ​បាន​រយៈពេល​ជាង ៣ ឆ្នាំ​មក​ហើយ ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​ជា​ជនជាតិ​ដើម​នៅ​លើ​ទឹកដី​កំណើត​ដូនតា​ខ្លួន។

កម្មករ​រោងចក្រ​នៅ​ខេត្ត​ទួល​តាមោក និង​ជា​សកម្មជន​ខ្មែរក្រោម លោក ថាច់ ង៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​និង​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ ៣០​គ្រួសារ​ផ្សេងទៀត​ក៏បាន​លើក​ទង់ជាតិ​ខ្មែរក្រោម​ដូចគ្នា​ដែរ​។ ទោះបី​យ៉ាង​ណា​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ហ៊ាន​លើក​ទង់ជាតិ​ខ្មែរក្រោម​នៅ​តាម​ផ្ទះ​នៅ​មាន​ចំនួន​តិចតួច​នៅឡើយ ដោយសារតែ​អាជ្ញាធរ​វៀតណាម​តែងតែ​គំរាមកំហែង ប្រើ​អំពើ​ហិង្សា និង​ចាប់ខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល។

លោក ថាច់ ង៉ា៖ «ខ្ញុំ​បាទ​លើក​នេះ​តែងតែមាន​អាជ្ញាធរ​មក​ធ្វើ​អុកឡុក​ទារ​អាវយឺត មាន​ផែនទី និង​ទង់ជាតិ​ខ្មែរក្រោម​យើង ព្រមទាំង​មាន​ទង់​ខ្មែរក្រោម ខ្ញុំ​ដេរ​ដោយ​ដៃ​ផ្ទាល់ ហើយ​អាជ្ញាធរ​យួន​ក៏បាន​រឹបអូស​យក​ទៅ​អស់ ហើយ​ខ្ញុំ​ក៏​ត្រូវ​បាន​រង​ទណ្ឌកម្ម​ដូចជា​វាយ​ធាក់​ដំ និង​ការ​គំរាមកំហែង​ជាដើម»

ទោះជា​យ៉ាងណា លោក ថាច់ ង៉ា ពុំ​បាន​បាក់ស្បាត​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​របស់​អាជ្ញាធរ​វៀតណាម​នោះ​ទេ ទើប​លោក​បន្ត​ដាក់​ទង់ជាតិ​ខ្មែរក្រោម​នៅផ្ទះ​របស់​លោក​ដដែល។ លោក ថាច់ ង៉ា រំពឹង​ថា ពលរដ្ឋ​ខ្មែរក្រោម​ផ្សេងទៀត នឹង​ហ៊ាន​លើក​ទង់ជាតិ​ខ្មែរក្រោម​ដែរ ព្រោះ​ថា សកម្មភាព​ទាំងនេះ​គឺ​ស្រប​នឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។

ចំណែក​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង លោក ថាច់ ស្វឺងដុង លើកឡើង​ថា លោក​បាន​លើក​ទង់ជាតិ​ខ្មែរក្រោម​អំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​កន្លង​ទៅ​នេះ ហើយ​ក្រោយ​ពេល​ដែល​លោក​បាន​លើក​ទង់ជាតិ​ខ្មែរ​ក្រោម​រយៈពេល​ពីរ​ម៉ោង​មក អាជ្ញាធរ​វៀតណាម​ចំនួន ៨​នាក់​ក្នុង​ឯកសណ្ឋាន​ស៊ីវិល​បាន​មក​ដល់​ផ្ទះ​បង្ខំ​ឱ្យ​លោក​ទម្លាក់​ទង់ជាតិ​ខ្មែរ​ក្រោម​ចុះ​វិញ។

លោក​មិន​ព្រម​ធ្វើតាម​អាជ្ញាធរ​វៀតណាម​នោះ​ទេ ប៉ុន្តែ​លោក​បាន​អាន​សេចក្ដីប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម និង​សេចក្ដីប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ទៅកាន់​អាជ្ញាធរ​វៀតណាម​ថា លោក​មាន​សិទ្ធិ​ក្នុង​ការ​លើក​ទង់ជាតិ​ខ្មែរ​ក្រោម​ដើម្បី​រក្សា​នូវ​អត្តសញ្ញាណ​របស់​ខ្លួន។

លោក​ថា លោក និង​ពលរដ្ឋ​ខ្មែរក្រោម​ផ្សេងទៀត មិន​ចង់​បង្កើត​ចលាចល​អ្វី​នោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរក្រោម​ចង់​រក្សា​នូវ​អត្តសញ្ញាណ​របស់​ខ្លួន ព្រោះថា​អាជ្ញាធរ​វៀតណាម​តែងតែ​រំខាន​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ធ្វើ​ពិធីបុណ្យ ប្រពៃណី​ដោយ​រលូន ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​រដ្ឋាភិបាល​វៀតណាម​ព្យាយាម​លុបបំបាត់​អត្តសញ្ញាណ​ពលរដ្ឋ​ខ្មែរក្រោម ដោយ​អាជ្ញាធរ​វៀតណាម​មិន​បញ្ជាក់​ក្នុង​អត្តសញ្ញាណប័ណ្ណ​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​គឺជា​ជនជាតិ​ខ្មែរ​នោះ​ទេ។

លោក ថាច់ ស្វឺងដុង៖ «មិនមែន​ការ​លើក​តំណាង​ទង់ជាតិ​សំដៅ​ទៅ​ប្រឆាំង​ដើម្បី​វាយប្រហារ​រដ្ឋាភិបាល​យួន​ទេ ពីព្រោះ​បច្ចុប្បន្ន​នេះ ពួក​ខ្ញុំ​រស់នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​គេ​ដកហូត​អស់​ហើយ​ទាំង​ពី​សាសនា ទាំង​អំពី​ជាតិ​សាសន៍​របស់​ខ្លួន ដូច្នេះ​ពួក​ខ្ញុំ​គ្មាន​អី​ដើម្បី​អំណះអំណាង​ថា​ខ្លួន​យើង​ជា​ខ្មែរ​ទេ មានតែ​ការ​យក​ទង់ជាតិ​បី​ពណ៌​តំណាង​ដោយ ខៀវ លឿង ក្រហម ដើម្បី​បញ្ជាក់ និង​បង្ហាញ​ដល់​ពិភពលោក​បាន​ដឹង​ថា ពួក​ខ្ញុំ​គឺជា​ជនជាតិ​ខ្មែរក្រោម»

ព្រះពុទ្ធសាសនា​បាន​ជ្រាបចូល​យ៉ាង​ជ្រៅ​ក្នុង​ស្រទាប់​ផ្នត់គំនិត​របស់​ពលរដ្ឋ​ខ្មែរក្រោម និង​ជា​សសរ​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម​ក្នុង​ការ​ថែរក្សា​សម្បត្តិ​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​នៅ​ទីនោះ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​អង្គការ​តំណាង​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ក្រៅ​ប្រទេស​បាន​សម្រេច​យក​ទង់​ព្រះពុទ្ធសាសនា​ដែល​មាន​ប្រាំ​ពណ៌ គឺ​ខៀវ លឿង ក្រហម ហង្សបាទ និង​ស មក​បត់​ជា​ពីរ​ក្លាយជា​ទង់ជាតិ​ខ្មែរក្រោម​ដែល​មាន​បី​ពណ៌ និង​បី​ឆ្នូត មាន​ទំហំ​ស្មើគ្នា គឺ​ពណ៌​ខៀវ លឿង និង​ក្រហម។

ឯកសារ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បញ្ជាក់​ថា ឆ្នូត​ពណ៌​ខៀវ នៅ​ផ្នែក​ខាងលើ ជា​និមិត្តរូប​នៃ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ ឆ្នូត​ពណ៌​លឿង នៅ​ចំ​កណ្ដាល ជា​និមិត្តរូប​នៃ​ជាតិ​សាសន៍​របស់​ខ្មែរក្រោម និង​ឆ្នូត​ពណ៌​ក្រហម នៅ​ខាងក្រោម បង្ហាញ​ពី​វីរភាព​អង់អាច​ក្លាហាន​របស់​វីរជន​ខ្មែរក្រោម ដែល​ហ៊ាន​បូជាជីវិត​ខ្លួន​ដើម្បី​ជាតិ​រស់។ ទង់ជាតិ​ខ្មែរក្រោម ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដាក់​ឱ្យ​ប្រើប្រាស់ កាលពី​ឆ្នាំ​១៩៩២ ក្នុង​មហាសន្និបាត​សកល នៅ​សហរដ្ឋអាមេរិក។

ចាប់តាំងពី​ពេលនោះ​មក ទង់ជាតិ​ខ្មែរក្រោម​ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ និង​ក្រោយៗ​មក​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរក្រោម​យក​ទៅ​បោះពុម្ព​ដាក់​លើ​អាវ ឬ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) និង​ដាក់​តាំង ឬ​ព្យួរ​នៅ​តាម​ផ្ទះ​ជាដើម។

កាលពី​ឆ្នាំ​២០២០ សកម្មជន​ខ្មែរក្រោម លោក យ័ញ មិញក្វាង បាន​លើក​ទង់ជាតិ​ខ្មែរក្រោម​នៅផ្ទះ​របស់​លោក។ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​ជាច្រើន​នាក់​បាន​ចុះ​ដល់​ផ្ទះ​បង្ខំ​ឱ្យ​លោក​ទម្លាក់​ទង់ជាតិ​ខ្មែរ​ក្រោម​ចុះ​វិញ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ។ ទោះជា​យ៉ាងណា លោក យ័ញ មិញក្វាង ពុំបាន​ធ្វើតាម​អាជ្ញាធរ​នោះ​ទេ។ បច្ចុប្បន្ន​លោក​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ខេត្ត​ឃ្លាំង ឬ​វៀតណាម​ហៅថា សុក​ត្រាំ​ង (Soc Trang) ចាប់​ដាក់​ពន្ធនាគារ ដែល​សង្គម​ស៊ីវិល​ខ្មែរក្រោម​យល់​ថា ដោយសារតែ​ការ​តស៊ូ​មតិ​រក្សា​អត្តសញ្ញាណ​ជនជាតិ​ដើម​ខ្មែរក្រោម​របស់​លោក​ក្នុង​ពេល​កន្លង​មក។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃទី២៩ វិច្ឆិកា។

ជុំវិញ​រឿង​នេះ អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍ លោក​បណ្ឌិត សឺន ជុំជួន មានប្រសាសន៍​ថា ការណ៍​ដែល​ពលរដ្ឋ​ខ្មែរក្រោម​លើក​ទង់ជាតិ​ខ្មែរក្រោម​គឺ​ក្នុង​គោលបំណង​រក្សា​នូវ​អត្តសញ្ញាណ​ជនជាតិ​ដើម​។ លោក​បន្ត​ថា ការ​លើក​ទង់​ខ្មែរក្រោម​នេះ គឺជា​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​អន្តរជាតិ ដូច្នេះ​រដ្ឋាភិបាល​វៀតណាម​គួរ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម។

បណ្ឌិត សឺន ជុំជួន៖ «ជា​ទង់​សញ្ញា​សម្គាល់​ហ្នឹង​គេ​ដឹង​យើង​ជា​ខ្មែរ​ជា​រឿង​មួយ​ល្អ​មែនទែន ប្រសិនបើ​គាត់​ប្រើប្រាស់ ប៉ុន្តែ​គ្រាន់តែ​ខ្ញុំ​ប្រាប់​ថា ជា​ប្រទេស​មួយ​មិន​អាច​មាន​ទង់ជាតិ​ជា​ពីរ​បាន​ទេ គ្រាន់តែ​ខ្ញុំ​សូម​លើកឡើង​ថា ការដែល​លើក​ទង់​ហ្នឹង​ជា​ទង់​សម្រាប់​សម្គាល់​ពូជសាសន៍ ទង់​សម្រាប់​សម្គាល់​ជនជាតិ​ដើម​មួយ​ដែល​រស់​នៅ​លើ​ទឹកដី​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម»

ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​បារាំង​កាត់​ឱ្យ​វៀតណាម​ត្រួតត្រា​ទាំង​ខុសច្បាប់​ជា​បន្ត​កាលពី​៧៤​ឆ្នាំមុន​។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា បច្ចុប្បន្ន ខ្មែរក្រោម​មិន​តិច​ជាង ៧​លាន​នាក់​នោះ​ទេ​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កំណើត​។ អង្គការ​សមាគម​ខ្មែរក្រោម លើកឡើង​ថា ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ឈឺឆ្អាល​ពី​បញ្ហា​សង្គម​តែង​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខបុកម្នេញ តាមរយៈ​ការ​ឃ្លាំមើល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ការ​សម្លុត​បំភ័យ គំរាមកំហែង និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជាដើម រហូត​ពេលខ្លះ​ពួកគេ​ត្រូវ​បង្ខំចិត្ត​រត់ចោលស្រុក​កំណើត​ឡើង​មក​រស់នៅ​ប្រទេស​កម្ពុជា ឬ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣​ក៏​មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន​ គឺ​ជា​ការ​ពង្រឹង​អំណាច និង​ស្វែង​រក​កម្ចី​ពី​ចិន​បន្ថែម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។