ពលរដ្ឋ​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​នឹង​ការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​បក្ស​នយោបាយ​នានា

0:00 / 0:00

ប្រជាពលរដ្ឋ​មួយចំនួន​មិន​ចាប់អារម្មណ៍​នឹង​ការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​នានា​នោះ​ទេ ដោយសារ​គ្មាន​គណបក្ស​ដែល​ពួកគេ​ស្រលាញ់​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​។ ប៉ុន្តែ​អ្នកនាំពាក្យ​គ​.​ជ​.​ប ឆ្លើយតប​ថា ដំណើរការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​ថ្ងៃទី​២ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​ហែក្បួន​ឃោសនា។

ប្រជា​ពលរដ្ឋ​មួយចំនួន​លើកឡើង​ថា ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​នានា​ក្នុង​អាណត្តិ​ទី​៧​នេះ មាន​ភាព​សោះកក្រោះ ដោយសារ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភិរម្យ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី​និង ពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​ភាគច្រើន​មិនសូវ​ចាប់អារម្មណ៍​នឹង​ការឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​នោះ​ទេ ដោយសារ​ពួកគាត់​មើល​ឃើញ​ថា មានតែ​គណបក្សកាន់អំណាច និង​គ្មាន​គណបក្ស​ដែល​ពួកគេ​ស្រលាញ់​ចូលរួម​ប្រកួតប្រជែង។

លោកស្រី ភ្លឹក ភិរម្យ៖ «ខ្ញុំ​ឃើញថា​អ្នក​ដែល​គាំទ្រ​អ្នក​ដែល​ទៅ​ឃោសនាបោះឆ្នោត​ទៅ​តែ​ខ្លួន​ទេ វា​ខួរក្បាល​ទាំងអស់​ហ្នឹង វា​គ្មាន​ទៅជា​មួយ​ទេ។ រួច​អ្នក​ទាំង​អស់ហ្នឹង​សុទ្ធតែ​ខ្ញុំ​ស្គាល់​សុទ្ធតែ​អ្នកមាន​បញ្ហា​ទំនាស់​ដីធ្លី ហើយ​អ៊ីចឹង​បាន​ជួល​កាល​ខ្ញុំ​គ្មាន​អារម្មណ៍​ទេ។ នៅ​ពេល​បោះឆ្នោត​ធ្វើជា​នាំគ្នា​ហ៊ោ​ធ្វើ​ជា​ឯង​ដូច​ថា វា​ទៅ​តែ​ខ្លួន​វា​គ្មាន​វិញ្ញាណ​អី​ទៅជា​មួយ​អ៊ីចឹង»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង កញ្ញា រឿន ស្រីណយ ថ្លែង​ថា កញ្ញា មិន​ចាប់អារម្មណ៍​នឹង​ការឃោសនា​រក​សំឡេងឆ្នោត​នោះ​ទេ ព្រោះ​កញ្ញា​មើល​ឃើញ​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខនេះ​នឹង​គ្មាន​តម្លាភាព​ឡើយ។

កញ្ញា រឿន ស្រីណយ៖ «ណាមួយ​ការឃោសនាបោះឆ្នោត​នេះ​បើ​មិន​បាច់​ចាំ​ហែ​បក្ស​ក៏បាន​ដែរ បើ​បោះ​ត្រូវតែ​ជាប់​ខាង​ហ្នឹង​ដដែល​នឹង។ ព្រោះ​មាន​គណបក្ស​ប្រកួតប្រជែង​ដូច​ថា គណបក្ស​មួយ​បាត់​ភ្លើងទៀន​អត់​មាន​ចូលរួម​ប្រកួតប្រជែង​នៅសល់​តែមួយ​ដែល​ប្រជាពលរដ្ឋ​គាំទ្រ​ច្រើន​នោះ»។

ចំណែក​ពលរដ្ឋ​នៅ​ខេត្ត​តាកែវ​ឯណោះ​វិញ លោក​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះថា ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខនេះ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ដូច្នេះ​លោក​ថា ការ​ឃោសនា​រក​សំឡេងឆ្នោត​ក៏​ក្លែងក្លាយ​ដែរ។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​តំបន់​គាត់​រស់នៅ​ក៏​មិនសូវ​ចាប់​អារម្មណ៍​នឹង​ការ​បោះឆ្នោត​នេះ​ដែរ។

«លទ្ធិប្រជាធិបតេយ្យ​វា​អត់​មាន អត់​មាន​គណបក្ស​យើង​ចាប់អារម្មណ៍។ ចាប់អារម្មណ៍​បំផុត​គឺ​គណបក្ស​ភ្លើងទៀន ដល់ពេល​អត់​មាន​គណបក្ស​ភ្លើងទៀន​យើង​មាន​ទៅ​ចាប់អារម្មណ៍​ស្អី។ បើ​និយាយ​ពី​រឿង​គោលការណ៍​ចេញ​មក​សុទ្ធតែ​ដដែល ការពារ​រដ្ឋធម្មនុញ្ញ អី​គេ​នោះ វា​អត់​មាន​គោលការណ៍​ដែល​ធ្វើ​ឱ្យ​ចាប់អារម្មណ៍។ វា​សុទ្ធតែ​គោលការណ៍​ចេញ​បី​មាត់​វា​ទៅ​ហើយ ពេល​បោះឆ្នោត​ហើយ​គេ​ធ្វើបាប​ប្រជាពលរដ្ឋ​ដដែល​នឹង»។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧​នេះ មាន​រយៈពេល ២១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១ កក្កដា ដល់​ថ្ងៃទី​២១ កក្កដា។ ការ​បោះឆ្នោត​នេះ​មាន​គណបក្ស​នយោបាយ​សរុប ១៨​គណបក្ស​ចូលរួម​ប្រកួតប្រជែង ប៉ុន្តែ​ពុំ​មាន​គណបក្ស​ភ្លើងទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ធំជាង​គេ​ចូលរួម​នោះ​ទេ ដោយ​គ.ជ.ប​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់អំណាច មិន​ឱ្យ​ចូលរួម។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដំណើរការ​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្ស​នយោបាយ​នានា ចាប់​ពី​ថ្ងៃ​ដំបូង ដល់​ថ្ងៃទី​២ គឺ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ លោក​បញ្ជាក់​ថា ក្នុង​នោះ​គណបក្ស​នយោបាយ​ខ្លះ​មាន​អ្នក​ចូលរួម​ឃោសនា​រាប់​ម៉ឺន​នាក់ ហែ​តាម​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត។

លោក ហង្ស ពុទ្ធា៖ «ចំណុច​នេះ​គ្រាន់តែ​ជា​ការ​លើកឡើង​ដើម្បី​ជំទាស់​ជាមួយ​ហ្នឹង​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​ការឃោសនា​របស់​គណបក្ស​នោះ​ទេ។ ផ្ទុយទៅវិញ​គឺ ប្រជាពលរដ្ឋ​បាន​សំឡឹង​មើល​ដោយ​យកចិត្តទុកដាក់ និង​បាន​តាមដាន​នូវ​ខ្លឹមសារ​ដែល​ផ្សាយ​ជា​កម្មវិធី​របស់​គណបក្ស​នយោបាយ ទាំង​ការ​ផ្សាយ​តាម​ទូរទស្សន៍​ហើយ​នឹង​វិទ្យុជាតិ​ផង​ដែរ»។

ទោះជា​យ៉ាងណា​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី មាន​ប្រសាសន៍​ថា បើ​ទោះបី​ជា​មាន​គណបក្ស​នយោបាយ​ចំនួន ១៨​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ក្ដី ក៏​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត រយៈពេល​២​ថ្ងៃ​មកនេះ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ជាង​ការ​បោះឆ្នោត​មុនៗ​។ លោក​បញ្ជាក់​ថា រយៈពេល​២​ថ្ងៃ​មក​នេះ មាន​គណបក្ស​ប្រមាណ​៤​ប៉ុណ្ណោះ​ដែល​ហែ​ឃោសនា​ធំ​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន មាន​មនុស្ស​ច្រើន​ជាងគេ គណបក្ស​ក្រៅ​ពី​នោះ​មាន​អ្នក​ចូលរួម​តិចតួច។

លោក សំ គន្ធាមី៖ «ប្រជាពលរដ្ឋ​ដូច​មិនសូវ​ចាប់អារម្មណ៍​អបអរសាទរ​អ៊ីចឹង។ មូលហេតុ​ដែល​មិន​សូវ​ចាប់អារម្មណ៍ ជួន​កាល​គាត់​គិត​ថា គណបក្ស​ដដែល​នឹង​មាន​ប៉ុន្មាន​នឹង​គាត់​គិត​ថា មាន​ដដែល​នឹង​វា​អត់​មាន​អី​ប្រែប្រួល​ទេ។ ដូច​ថា មានតែ​គណបក្ស​ប្រជាជន​មួយ​ទេ ដែល​ទៅ​ច្រើន​ហែ​ក្បួន​ក្រៅពី​ហ្នឹង​ដូច​អត់​មាន​គណបក្ស​ណា​ច្រើន​ទេ ដូច​ថា​មាន​តិចតួច​ហ្នឹងឯង»។

ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ពី​៧​ខាង​មុន​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា។

ការឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​ថ្ងៃទី​២ មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ដង្ហែ​ក្បូន​ឃោសនា​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស ដោយ​មាន​ឡាន​ទំនើបៗ និង​មាន​មន្ត្រីរាជការ​រាប់​ម៉ឺន​នាក់​ចូលរួម​។ ចំណែក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​វិញ ដឹកនាំ​ដោយ​ប្រធាន​គណបក្ស​គឺ​លោក ញឹក ប៊ុន ឆៃ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​គឺ​លោក យ៉ែម បុញ្ញឫទ្ធិ ហែ​ក្បួន​ធំ នៅ​ខេត្ត​បន្ទាយមានជ័យ។ រីឯ​គណបក្ស​ហ៊្វុនស៊នប៉ិច ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ហែ​ក្បួន​ឃោសនា​ធំ​នៅ​រាជធានី​ភ្នំពេញ។

ទោះជា​យ៉ាងណា​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​នេះ ត្រូវ​បាន​សហគមន៍​ជាតិ​និង​អន្តរជាតិ​ចាត់ទុក​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ និង​មិន​ស្រប​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ ដោយសារតែ​លោក ហ៊ុន សែន បាន​រារាំង​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន ដែល​មាន​ពលរដ្ឋ​គាំទ្រ​ជិត​ពីរ​លាន​នាក់ ចូលរួម​ការ​បោះឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។