សកម្មជនស្ត្រីវ័យក្មេងមួយចំនួនបាត់បង់ឱកាសសិក្សាដោយសាររដ្ឋាភិបាលចាប់ពួកគាត់ដាក់ពន្ធនាគារ
2024.09.04
ក្រុមស្ត្រីវ័យក្មេង និងជាសកម្មជនសង្គមមួយចំនួនបាត់បង់ឱកាសទទួលបានការអប់រំ និងរងការរំលោភសិទ្ធិដោយសាររដ្ឋាភិបាលចាប់ពួកគាត់ដាក់ពន្ធនាគារពាក់ព័ន្ធនឹងការទាមទារឱ្យមានយុត្តិធម៌សង្គម។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការចាប់យុវជនវ័យក្មេងដាក់ពន្ធនាគារមិនបានធ្វើឱ្យកម្ពុជាចំណេញនោះឡើយ ផ្ទុយវិញកម្ពុជានឹងខាតបង់ធនធានមនុស្សអភិវឌ្ឍន៍សង្គម។
ខុសប្លែកពីកូនរបស់មន្ត្រីរដ្ឋាភិបាលដែលក្រាញអំណាចនៅក្នុងស្ថាប័នរដ្ឋ ហើយទទួលបានឱកាសសិក្សានៅក្រៅប្រទេស និងតែងមានឪពុកចេញមុខការពារនោះ ក្រុមស្ត្រីវ័យក្មេងដែលសកម្មការងារសង្គមបែរជាកំពុងជាប់ពន្ធនាគារ និងមិនអាចបញ្ចប់ការសិក្សានៅថ្នាក់បរិញ្ញាបត្រ ដោយសារការទាមទារឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សទៅវិញ។
មីងរបស់កញ្ញា សើន ស្រីម៉ៃ គឺលោកស្រី គាន់ រដ្ឋា ឱ្យវិទ្យុអាស៊ីសេរីដឹងថា ក្មួយស្រីលោកស្រីជានិស្សិតសិក្សាផ្នែកទស្សនវិជ្ជាឆ្នាំទី២ នៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុ។ លោកស្រីបន្តថា នៅពេលសមត្ថកិច្ចចាប់ក្មួយលោកស្រីដាក់ពន្ធនាគារបែបនេះធ្វើឱ្យប៉ះពាល់ដល់អនាគតក្មួយលោកស្រី។
លោកស្រី គាន់ រដ្ឋា៖ «យល់ឃើញថា ការចាប់ខ្លួនរបស់យុវជននីមួយៗនេះបំពានទៅលើផ្លូវច្បាប់ធ្ងន់ធ្ងរឬយ៉ាងម៉េច ឬក៏មានចំណុចណាដែលគាត់មានចំណុចខ្វះខាត។ តាំងពីដើមមកគាត់ដែលធ្វើអីបំពានរដ្ឋាភិបាលកន្លែងណាខ្លះ ឬក៏ឈ្មោះ ស្រីម៉ៃហ្នឹងគាត់ធ្លាប់ធ្វើអីបំពានភូមិឃុំ ឬក៏បំពានអាជ្ញាធររដ្ឋាភិបាលកន្លែងណាខ្លះបានក្មួយចេញមកពីបទញុះញង់»។
ឪពុករបស់កញ្ញា រៀម ស្រីពេជ្ររតនា គឺលោក ជិន សារូ ថ្លែងថា រយៈពេល២សប្ដាហ៍មកនេះ លោកមិនបានជួបកូនស្រីរបស់លោកឡើយទេ ដោយសារមន្ត្រីពន្ធនាគារប្រាប់ឱ្យលោករង់ចាំរយៈពេល១៥ថ្ងៃទើបអាចជួបកូនបាន។ លោកបន្តថា កូនស្រីជាមនុស្សតស៊ូ និងអត់ធ្មត់នៅក្នុងការរៀនសូត្របើទោះជាលោកគ្មានលុយគ្រប់គ្រាន់សម្រាប់ទំនុកបម្រុងកូនក្ដីក៏កូនរបស់លោកប្រឹងប្រែងរៀនដែរ។
លោក ជិន សារូ៖ «វាប៉ះពាល់ពេលនៅសិក្សាអ៊ីចឹងដល់ពេលទៅអ៊ីចឹងខាតរៀនអស់ដល់តែចាប់អ៊ីចឹងទៅគ្នានៅពេញរៀនថា ឱ្យកូនទៅរៀនវាបានចំណេះបានអីពីព្រោះអីឪពុកមិនសូវមានចំណេះដល់ពេលទៅអ៊ីចឹង។ បារម្ភណាស់រាល់ថ្ងៃនេះដេកមួយយប់ៗមិនលក់កូនវាស្រីហើយវាតូចទៀត»។
គិតចាប់តាំងពីខែកក្កដា មានសកម្មជនសង្គម និងនយោបាយយ៉ាងហោចណាស់ជិត១០០នាក់ (៩៤) នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ ពាក់ព័ន្ធរឿងការពារធនធានធម្មជាតិ និងការបញ្ចេញមតិមិនគាំទ្រគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ ក្នុងចំណោមមនុស្សជិត១០០នាក់នោះមានក្រុមស្ត្រីវ័យក្មេងជិត១០នាក់ត្រូវបានតុលាការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីបទ«រួមគំនិតក្បត់ និងញុះញង់»ហើយយកពួកគាត់ទៅឃុំនៅពន្ធនាគារដាច់ដោយឡែកពីគ្នា។
ក្រុមស្ត្រីវ័យក្មេងទាំងនោះភាគច្រើនគឺជានិស្សិត និងជាបុគ្គលិកនៃអង្គការសង្គមស៊ីវិលដែលមានអាយុចន្លោះពី១៨ឆ្នាំ ទៅដល់៣៣ឆ្នាំ។ ជាក់ស្ដែងដូចជា ក្រុមស្ត្រីវ័យក្មេងនៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន៤នាក់ រួមមាន កញ្ញា សើន ស្រីម៉ៃ កញ្ញា កាត់ ស៊ីណាត កញ្ញា រៀម ស្រីពេជ្ររតនា និងកញ្ញា នឿន ស្រីណែត ជាដើម។ ក្រៅពីយុវតីទាំង៤នាក់នេះនៅមានក្រុមយុវជនចលនាមាតាធម្មជាតិជាស្ត្រីវ័យក្មេងចំនួន២នាក់ទៀត គឺ កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលសុទ្ធសឹងតែជាយុវជនឆ្នើមហ៊ានលះបង់សិទ្ធិសេរីភាពដើម្បីការពារបរិស្ថាន និងគំរូភាពដល់យុវជនជំនាន់ក្រោយ។
បើទោះបីជាពួកគាត់ជាយុវជនវ័យក្មេង និងមិនទាន់បានបញ្ចប់ការសិក្សានៅថ្នាក់បរិញ្ញាបត្រក្ដី ប៉ុន្តែពួកគាត់មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមកិច្ចការងារសង្គម និងមិនខ្លាចប្រឈមជាប់គុកច្រវាក់ឡើយ។ កាលនៅមានសេរីភាពពួកគាត់តែងតែចូលរួមជួយសង្គមជាតិតាមរយៈការលើកឡើងពីក្ដីកង្វល់របស់ពលរដ្ឋដែលរងការរំលោភយកដីធ្លី ការរំលោភសិទ្ធិមនុស្ស និងបញ្ហាផ្សេងៗមួយចំនួនដើម្បីស្នើរដ្ឋាភិបាលរកដំណោះស្រាយជូនពលរដ្ឋ។
កញ្ញា រៀម ស្រីពេជ្ររតនា ដែលជានិស្សិតច្បាប់ឆ្នាំទី៣ ធ្លាប់លើកឡើងថា កញ្ញាចង់ឃើញអ្នកនយោបាយទាំងអស់ចេះរួបរួមផ្សះផ្សាជាតិ និងបើកលំហសិទ្ធិសេរីភាពឱ្យយុវជនបានចូលរួមការងារសង្គមដែលជាប្រយោជន៍រួមសម្រាប់ពលរដ្ឋ។
កញ្ញា រៀម ស្រីពេជ្ររតនា៖ «ខ្ញុំសូមស្នើឱ្យរដ្ឋាភិបាលទាំងថ្នាក់លើទាំងថ្នាក់ក្រោមឱ្យមានការបើកសិទ្ធិសេរីភាពលើកទឹកចិត្តទៅយុវជន ទៅដល់ប្រជាពលរដ្ឋដែលខំលះបង់សាច់ឈាមញើសសស្រាក់ដែលខិតខំការពារធនធានធម្មជាតិ ធ្វើការងារសង្គមគ្រប់ទីកន្លែងនៅពេលពលរដ្ឋជួបទុក្ខ។ គួរណាតែមានបេះដូងស្មោះសមុនហ្នឹងឈានជើងថា ជាមន្ត្រីរាជការជាអ្នកដឹកនាំជាអ្នកមើលថែជាឪពុកម្ដាយគេមិនមែនទៅដើម្បីបានកិត្តិយសស័ក្ដិ និងបម្រើតែពួកមានអំណាចទេ»។
កន្លងទៅយុវជន ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនបានបង្ហោះសារសម្ដែងការហួសចិត្ត និងចាត់ទុកការចាប់ខ្លួនយុវជនដែលជាស្ត្រី គឺជារឿងដ៏អាម៉ាស់បំផុតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយអ្នកខ្លះ រិះគន់តុលាការ ថាមានចេតនាផ្ដាច់ឫសគល់សំឡេងអ្នករិះគន់ជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងកិច្ចការនារី អ្នកស្រី ស ស៊ីណែត និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បីសុំការបកស្រាយជុំវិញការចាប់ខ្លួនយុវជនវ័យក្មេងដាក់ពន្ធនាគារបានទេនៅថ្ងៃទី៣ ខែកញ្ញា។
ទាក់ទិនបញ្ហានេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយដែលរដ្ឋាភិបាលចាប់យុវជនវ័យក្មេងទាំងអស់នេះដាក់ពន្ធនាគារពីព្រោះពួកគាត់គឺជាធនធានល្អសម្រាប់អភិវឌ្ឍន៍សង្គមជាតិ។ លោកបន្តថា តាមនីតិវិធីច្បាប់ដរាបណាតុលាការរកមិនឃើញពីទោសកំហុសរបស់ពួកគាត់ទេ គឺគេអាចសន្មតថា ពួកគាត់ពុំមានទោសនោះឡើយ។
លោក អំ សំអាត៖ «យើងមើលទៅគ្រួសារទាំងអស់ហ្នឹងតែងតែរំពឹងទៅលើពួកគាត់ទៅអនាគតថា កូនរបស់ពួកគាត់អាចមានអនាគតល្អដោយសារការសិក្សាបានជ្រៅជ្រះអ៊ីចឹងទៅអាចនឹងមានការងារល្អសម្រាប់គ្រួសារទៅថ្ងៃអនាគតជាដើម។ ប៉ុន្តែដល់ពេលមានបញ្ហានៃការចាប់ខ្លួនហ្នឹងវាធ្វើប៉ះពាល់ច្រើនអ៊ីចឹងទៅវាធ្វើឱ្យប៉ះពាល់ទៅដល់ផ្លូវចិត្ត និងផ្លូវអារម្មណ៍របស់ក្រុមគ្រួសារ ឬក៏ឪពុកម្ដាយពួកគាត់បន្ថែមទៀតផងដែរ»។
កាលពីថ្ងៃទី២៨ ខែសីហា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនសង្គម និងពលរដ្ឋទាំងអស់ដែលរដ្ឋាភិបាលកម្ពុជាបានចាប់ឃុំខ្លួនតាមទំនើងចិត្តឱ្យមានសេរីភាពឡើងវិញ និងជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការរំលោភបំពានទៅលើសេរីភាពបញ្ចេញមតិដែលផ្ទុយពីកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។
ក្រៅពីនេះនៅមានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សហៅកាត់ថា APHR កាលពីថ្ងៃទី២៩ ខែសីហា ក៏បានចេញសេចក្ដីថ្លែងការណ៍ចាត់ទុកការចាប់ខ្លួនមនុស្សតាមអំពើចិត្តរបស់រដ្ឋាភិបាលកម្ពុជាគឺជា ការបង្ក្រាបយ៉ាងរហ័ស និងឃោរឃៅដែលជាការវាយប្រហារលើមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ហើយថែមទាំងក្រើនរំលឹកឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសឱ្យចាកឆ្ងាយពីកេរដំណែលនៃការដឹកនាំបែបផ្ដាច់ការដូចជាឪពុករបស់លោកគឺ លោក ហ៊ុន សែន។បើទោះបីជាក្រុមស្ត្រីវ័យក្មេងទាំងអស់នោះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ និងបាត់បង់សិទ្ធិសេរីភាពក្ដី ក៏ពួកគាត់នៅតែមិនផ្លាស់ប្ដូរជំហររិះរកមធ្យោបាយតស៊ូមតិផ្សេងៗទៀតដើម្បីទាមទារឱ្យមានយុត្តិធម៌សង្គមឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។