អាជ្ញាធរខេត្តចំនួន ២ ជាប់ព្រំដែនកម្ពុជា និងវៀតណាមអះអាងថា ភាគីវៀតណាមបានរុះរើតង់ និងសំណង់រឹងចេញពីតំបន់ព្រំដែនជាប់ខេត្តទាំងនេះអស់ហើយ បន្ទាប់ពីមានការសន្ទនារវាងប្រមុខដឹកនាំប្រទេសទាំងពីរ តាមវីដេអូ កាលពីថ្ងៃទី២៤ វិច្ឆិកា។ ប៉ុន្តែ ក្រុមយុវជន និងគណបក្សប្រឆាំង ស្នើឱ្យរដ្ឋាភិបាល អនុញ្ញាតឱ្យពលរដ្ឋចុះពិនិត្យស្ថានភាពព្រំដែននៅតំបន់ទាំងនោះ។
អាជ្ញាធរខេត្តស្វាយរៀងអះអាងថា ភាគីវៀតណាមបានរុះរើតង់ចំនួន ៩ ចេញពីតំបន់ព្រំដែននៃស្រុកចន្ទ្រា ដែលមិនទាន់ឯកភាពគ្នាបោះបង្គោលព្រំដែនអស់ហើយ។ អ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក រស់ សុផារិទ្ធិ ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៦ វិច្ឆិកា ថា តង់ទាំងនោះគឺយោធាវៀតណាមបានសង់ឡើង ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ហើយការសាងសង់នោះមិនប៉ះពាល់ដល់ ការបង្កបង្កើនផលរបស់ពលរដ្ឋខ្មែរនៅតំបន់ព្រំដែននោះទេ៖ «អាហ្នឹងគេបានរុះរើតាមការស្នើសុំរបស់យើងហើយ គេមិនបានធ្វើសំណង់រឹង បៃតុងអីទេ គេគ្រាន់តែបោះតង់ ក្រោមហេតុផលការពារជំងឺកូវីដ១៩ ព្រោះយើងអាស្រ័យផល។ យើងមិនអាចឱ្យវៀតណាមមកបោះតង់ នៅកន្លែងដែលយើងអាស្រ័យផលហ្នឹងបានទេ។ ដរាបណាកន្លែងហ្នឹង មិនទាន់មានការបោះបង្គោលព្រំដែន យើងរក្សាស្ថានភាពនៅដដែល»។
ចំណែក អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ វិញ បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២៦ វិច្ឆិកាថា ភាគីវៀតណាមបានរុះរើងតង់ និងសំណង់រឹង ចំនួន ២៦ កន្លែងចេញពីតំបន់ព្រំដែននៃខេត្តកណ្តាលអស់ហើយ។ លោកបន្តថា អាជ្ញាធរកម្ពុជា រួមទាំងរូបលោកផង បានចុះទៅត្រួតពិនិត្យមើលការរុះរើតង់ទាំងនោះជាក់ស្ដែង។
ដោយឡែក ខេត្តមួយចំនួនទៀតដែលមានករណីវៀតណាមបោះតង់នៅក្បែរតំបន់ព្រំដែនមិនទាន់ឯកភាពគ្នាដែរនោះ អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដូចជា អភិបាលខេត្តកំពត លោក ជាវ តាយ និងអភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ជាដើម ដោយពួកលោកមិនលើកទូរស័ព្ទទេនៅថ្ងៃទី២៦ វិច្ឆិកា។
កាលពីចុងខែកក្កដាកន្លងទៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់អាស៊ីសេរីថា វៀតណាមបានបោះតង់ចំនួន ២៨៧កន្លែង នៅតំបន់ដែលមិនទាន់ឯកភាពបោះបង្គោលព្រំដែននៃភូមិសាស្ត្រខេត្តកណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និងខេត្តមណ្ឌលគិរី។
អាជ្ញាធរខ្មែរអះអាងថា ការរុះរើតង់ទាំងនេះ បន្ទាប់ពីមានការសន្ទនាតាមប្រព័ន្ធវីដេអូ រវាងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ង្វៀង សួនហ្វុក (Nguyen Suon Phok) នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។ មេដឹកនាំប្រទេសទាំងពីរបានបង្ហាញមោទនភាព ចំពោះសមិទ្ធផលទាក់ទងនឹងកិច្ចការព្រំដែន ដូចជា ការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ភាគីកម្ពុជា និងវៀតណាម ហើយនិងការឯកភាព លើពិធីសារទទួលស្គាល់ខណ្ឌសីមា និងការបោះបង្គោលព្រំដែនសម្រេចបាន ៨៤ភាគរយ។ បន្ថែមពីនេះ ភាគីប្រទេសទាំងពីរ ប្ដេជ្ញាដោះស្រាយ ការកំណត់បង្គោលព្រំដែនដែលនៅសល់ចំនួន ១៦ភាគរយ ឱ្យរួចរាល់ និងប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។
ទោះជាយ៉ាងនេះក្តី ពលរដ្ឋរស់នៅកៀកព្រំដែនកម្ពុជាវៀតណាម ក្នុងខេត្តត្បូងឃ្មុំ លោក ជា វីរៈ ប្រាប់អាស៊ីសេរីថា វៀតណាមមិនទាន់រុះរើតង់ និងសំណង់រឹង ចេញពីតំបន់ព្រំដែនជាប់ស្រុកមេមត់នៅឡើយទេ។ លោកថា ក្នុងចន្លោះឃុំចំនួន ៣ នៃស្រុកមេមត់មានតង់ និងសំណង់រឹងជិត ១០កន្លែង ដែលគេបោះក្នុងចន្លោះបង្គោលព្រំដែន លេខ ៨៥ រហូតដល់បង្គោលព្រំដែនលេខ ៩៥៖ «ខ្ញុំស្នើសុំឱ្យអាជ្ញាធរយួនហ្នឹង ដកតង់ហ្នឹង រើចេញឱ្យអស់ទៅ តាមបណ្ដោយព្រំដែនហ្នឹងហើយ»។
ចំណែក សមាជិកក្រុមការងារ ១០០រាត្រី លោក ឃីម សុខុម នៅមិនទាន់ជឿថា វៀតណាមរុះរើតង់ និងសំណង់រឹងចេញពីតំបន់ព្រំដែនក្នុងខេត្តកណ្ដាលអស់នោះទេ ព្រោះអាជ្ញាធរនៅតែរឹតត្បិតមិនឱ្យពួកលោក ចុះពិនិត្យរឿងនេះជាក់ស្ដែង។ លោកចង់ឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋ យុវជន និងអង្គការសង្គមស៊ីវិល ចុះពិនិត្យករណីនេះ ឱ្យបានទូលំទូលាយ ដោយកុំរឹតត្បិត គំរាមកំហែង និងចាប់ចងពលរដ្ឋ៖ «យើងឃើញថា កន្លងមកអត់មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការទៅមើលបង្គោលព្រំដែនទេ គ្រាន់ក្នុងការនិយាយរឿងព្រំដែនហ្នឹងទេ អាហ្នឹងជាកំហុសមួយដ៏ធ្ងន់»។
ដោយឡែក តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលកំពុងរស់នៅនិរទេសនៅសហរដ្ឋអាមេរិក គាំទ្រចំពោះការរុះរើតង់ និងសំណង់រឹង របស់យោធាវៀតណាម ក្នុងតំបន់ព្រំដែនជាប់ខេត្តកណ្ដាល ក៏ប៉ុន្តែលោកស្នើឱ្យរដ្ឋាភិបាលជំរុញឱ្យភាគីវៀតណាម ត្រូវរុះរើតង់ និងសំណងរឹងចេញពីតំបន់ព្រំដែននៃខេត្ត ដែលនៅជាប់ប្រទេសវៀតណាមទាំងអស់។ លោកទទូចជាថ្មីទៀត ឱ្យរដ្ឋាភិបាលប្ដឹងភាគីវៀតណាម ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងលុបចោលសន្ធិសញ្ញាបំពេញបន្ថែមទាំងឡាយណាផ្ទុយពីរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។