"ការ​គំរាម​ប្ដឹង​ទារ​លុយ​​ពី​អ្នកធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត​ជា​ការ​គំរាម​សិទ្ធិ​សេរីភាព​ធ្ងន់ធ្ងរ"

ក្រុម​យុវជន និង​ពលរដ្ឋ​មួយ​ចំនួន ដែល​តែង​បង្ហោះ​រូបភាព​ម្រាមដៃ​ស្អាត តាម​បណ្ដាញ​សង្គម​ហ្វេសបុក (Facebook) ចាត់​ទុក​ការ​គំរាម​ប្ដឹង​ទារ​ប្រាក់​ជាច្រើន​លាន​រៀល លើ​អ្នក​បង្ហោះ​រូបភាព​ម្រាមដៃ​ស្អាត​ថា ជា​ការ​ដាក់​សម្ពាធ​លើ​សិទ្ធិ​សេរីភាព បញ្ចេញមតិ​របស់​ពល​រដ្ឋ ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ថ្មីៗ​នេះ បាន​ព្រមាន​ថា សមត្ថកិច្ច​នឹង​ប្ដឹង​អ្នកធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដោយ​ទារ​ប្រាក់​ចន្លោះ ៥​លាន​រៀល ទៅ​២០​លាន​រៀល។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក រស់នៅ​ខេត្ត​ស្ទឹងត្រែង និង​ក្រុម​យុវជន ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៣ កក្កដា​ថា ការ​បង្ហោះ​រូបភាព​ម្រាមដៃ​ស្អាត ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជា​ការ​សម្ដែង​មតិ និង​ជា​សិទ្ធិ​សេរីភាព របស់​ពលរដ្ឋ ដែល​ធានា​ដោយ​អំណាច​រដ្ឋធម្មនុញ្ញ។ លើស​ពី​នេះ​ទៅ​ទៀត ការ​អនុវត្ត​សិទ្ធិ​បែបនេះ ក៏​ជា​ការ​មិន​ពេញចិត្ត​នឹង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រកួតប្រជែង។

ពលរដ្ឋ​រស់នៅ​ខេត្ត​ស្ទឹងត្រែង លោក ទូច សំណាង ដែល​តែង​បង្ហោះ​រូបភាព​ម្រាម ដៃ​ស្អាត​ក្នុង​បណ្ដាញ​សង្គម​ហ្វេសបុក យល់ថា ម្រាមដៃ​មួយ ពុំ​មែន​ជា​អាវុធ​នោះ​ទេ គ្រាន់តែ​ចង្អុល​បង្ហាញ​ថា ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​ទៅ​បោះឆ្នោត ឬក៏​មិន​ទៅ​បោះឆ្នោត។ លោក​ផ្ដាំ​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ខ្លួន​បាន​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​រួចហើយ មិន​គួរ​ណា​ឡើយ​ខ្លាច​ម្រាមដៃ​មួយ របស់​ពលរដ្ឋ​នោះ​ទេ៖ «ហេតុអ្វី​ខ្លាច​ម្រាមដៃ​មួយ ? គ្រាន់តែ​បុគ្គល​មួយ គ្រាន់តែ​ម្រាមដៃ​មួយ តើ​វា​មាន​ឥទ្ធិពល​អ្វី រហូតដល់​រម្លាយ​រដ្ឋាភិបាល​បាន​នោះ ? វា​អត់​មាន​ទេ ! អ៊ីចឹង​យើង​ត្រូវ​យល់ថា​ម្រាមដៃ វា​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​ពិត ខ្លួន​គាត់​គឺ​គាត់​ចង់​ចូលរួម​បោះឆ្នោត ឬ​មិន​ចូលរួម​បោះឆ្នោត គឺជា​ឆន្ទៈ​របស់​គាត់។ គាត់​មិន​មាន​ចេតនា​ញុះញង់ ឬ​បំពាន​រដ្ឋាភិបាល គឺ​អត់​ទេ»។

កាលពី​ថ្ងៃ​ទី២២ កក្កដា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ថា បើ​ចាប់ខ្លួន​អ្នក​បង្ហោះ​សារ និង​ម្រាមដៃ​ស្អាត​ដាក់គុក គ្មាន​កន្លែង​ឯណា​ដាក់​នោះ​ទេ ព្រោះ​ពន្ធនាគារ​ចង្អៀត​ណែន​អស់​ហើយ៖ «ហើយ​ចង់​ទៅ​ចាប់​ហ្នឹង ចាប់​យក​កន្លែង​ឯណា​ដាក់​ឥឡូវ​ហ្នឹង​ ? ព្រោះ​ពន្ធនាគារ​វា​ណែន​អស់ហើយ»។

ការណ៍​ដែល​លោក ស ខេង លើកឡើង​ពី​ការណ៍​ដែល​គ្មាន​គុក សម្រាប់​ដាក់​អ្នក​បញ្ចេញមតិ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​នេះ គឺ​ស្របគ្នា​ទៅ​នឹង​សារ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ និង​ប្រធាន​ចលនា​សង្គ្រោះជាតិ​លោក សម រង្ស៊ី ដែល​ធ្លាប់​អះអាង​ថា បើ​គេ​ចាប់​អ្នក​មិន​ទៅ​បោះឆ្នោត ឬ​អ្នក​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​គ្មាន​កន្លែង​ដាក់​អស់​ទេ ព្រោះ​យ៉ាងហោចណាស់ ក៏​មាន​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ជាង​បី​លាន​នាក់​ដែរ ដែល​មិន​ពេញចិត្ត​ទៅ​នឹង​ការបោះឆ្នោត ដែល​ផាត់​ចេញ​គណបក្ស​ប្រឆាំង​បែបនេះ​នោះ។

ចំណែក​ឯ​អ្នកច្បាប់ បាន​ពន្យល់​ថា ដោយសារតែ​ការ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត គឺជា​សិទ្ធិ មិនមែន​ជា​កាតព្វកិច្ច ដូច្នេះ​ការ​មិន​ទៅ​បោះឆ្នោត គឺ​មិនមែន​ជា​បទល្មើស​នោះ​ឡើយ។ លោក​មេធាវី ជូង ជូងី បាន​ពន្យល់​ខ្លឹមសារ​ច្បាប់​នេះ នៅ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​អះអាង​ថា បើ​ច្បាប់​មិន​ចែង​ថា អំពើ​ណាមួយ​ជា​បទល្មើស​ទេ មានន័យថា ការ​អំពាវនាវ ឬ​ញុះញង់​ឲ្យ​ជនណា​ម្នាក់ ប្រព្រឹត្ត​អំពើ​នោះ ពោល​គឺ​ការ​អំពាវនាវ ឬ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត ក៏​មិនមែន​ជា​បទល្មើស​បាន​នោះ​ដែរ៖ «មិន​មាន​មាត្រា​ណា​ចែងថា អ្នក​ដែល​មិន​ទៅ​បោះឆ្នោត គឺ​មាន​កំហុស ឬក៏​មាន​ទោស​យ៉ាងណា​នោះ​ទេ។ ដូចគ្នា​នេះ​ដែរ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ អត់​មាន​មាត្រា​ណា​ដែល​ចែង​ពាក់ព័ន្ធ​ទៅ​នឹង​ការបោះឆ្នោត​នោះ​ឡើយ។ ដូច្នេះ​បងប្អូន ទោះបី​ទៅ​បោះឆ្នោត​ក្ដី មិន​ទៅ​បោះឆ្នោត​ក្តី គឺ​អត់​មាន​មាត្រា​ណា​ចែងថា​ជា​បទល្មើស​ទេ។ ទោះបី​បងប្អូន​ទៅ​បោះឆ្នោត ក៏​ជា​ការ​ប្រើ​សិទ្ធិ​ទៅ​ចូលរួម​បោះឆ្នោត​របស់​បងប្អូន ទោះបី​បងប្អូន​មិន​ទៅ​បោះឆ្នោត ក៏​បងប្អូន​ប្រើ​សិទ្ធិ​មិន​ចូលរួម​បោះ​បោះឆ្នោត​របស់​បងប្អូន​នោះ​ដែរ»។

ត្រង់​ចំណុច​នេះ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង គឺ​លោក ស ខេង ក៏​យល់ស្រប​ថា គ្មាន​ច្បាប់​ចាប់​មនុស្ស​ដាក់គុក​ដែរ ដោយ​គ្រាន់តែ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ បោះឆ្នោត​នោះ។ លោក ស ខេង ចោទ​ជា​សំណួរ ទៅ​សមត្ថកិច្ច​ថ្នាក់ក្រោម​របស់​លោក​ថា តើ​មាន​ច្បាប់​ណា​ចាប់​អ្នក​ទាំងអស់​នោះ​ទេ? ហេតុនេះ មានតែ​សម្របសម្រួល​ដោះស្រាយ ផាក​ពិន័យ​ជំនួស​វិញ។ លោក​បញ្ជាក់​ថា សមត្ថកិច្ច​នឹង​មិន​ចាប់ខ្លួន អ្នក​ដែល​បង្ហោះ​រួប​ភាព​ម្រាមដៃ​ស្អាត ដើម្បី​បញ្ជាក់​ថា ខ្លួន​មិន​ទៅ​បោះឆ្នោត​នោះ​ទេ៖ «ចាប់​ហើយ​វា​គ្មាន​ហេតុផល​ចាប់​ទៅទៀត ! មាន​អ្នកខ្លះ គេ​ធ្វើ​យុទ្ធនាការ​ដៃ​ស្អាត នាំគ្នា​មួយ​ហ្វូង​អ៊ីចឹង​ទៅ​ ! ពួក​ហ្នឹង​មួយ​ចំនួន បងប្អូន​យើង​ចង់​ទៅ​ចាប់ តែ​ប៉ូលិស​សមត្ថកិច្ច។ ខ្ញុំ​ថា​អត់​បានទេ មើល​ច្បាប់​ទៅ​ ! ប្ដឹង​មានតែ​ប្ដឹង​ផាក​ទេ ប្រាំ​ទៅ​ម្ភៃ​លាន។ បើ​ម្ដង​មិន​រៀង​ចាល ប្រាំ​ទៅ​ម្ភៃ​លាន​រៀន​ទៀត។ ម្ដង​មិន​រៀង​ចាល ប្រាំ​ទៅ​ម្ភៃ​លាន​រៀល​ទៀត»។

យុវជន​ដែល​តែង​បង្ហោះ​រូបភាព​ម្រាមដៃ​ស្អាត លោក គង់ រ៉ៃយ៉ា ចាត់​ទុក​ការ​ប្តឹង ផាក​ពិន័យ​ប្រាក់​ច្រើន​លាន​រៀល​នេះ ជា​ការ​គំរាម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក។ លោក​ថា ការ​បង្ហោះ​ម្រាមដៃ​ស្អាត​នេះ គឺជា​សញ្ញា​បញ្ជាក់​ថា ពួកគេ​មិន​សប្បាយចិត្ត​ចំពោះ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​នេះ គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ថា ការបោះឆ្នោត​គ្មាន​គណបក្ស ដែល​ពួកគេ ទុកចិត្ត ហើយ​បែរជា​បង្ខំ​ឲ្យ​ពួកគាត់​ទៅ​បោះឆ្នោត ទៀត​គឺជា​ទង្វើ ពិបាក​ទទួល​យក​បាន និង​ជា​រឿង​មិន​ត្រឹមត្រូវ៖ «ប្រសិនបើ​យើង​គ្រាន់តែ​លើកដៃ​ម្រាមដៃ​ស្អាត​ប៉ុណ្ណឹង គ្រាន់តែ​អត់​ទៅ​បោះឆ្នោត អាច​ចាត់ទុកជា​ការ​អំពាវនាវ អា​ហ្នឹង​វា​ស្រេច​តែ​លើ​អ្នក​អនុវត្ត​ច្បាប់ អ្នក​បង្កើត​ច្បាប់​ហ្នឹង។ ដូចជា​ហួសហេតុ​ជ្រុល​ពេក ! ក្នុងនាម​ជា​យុវជន និង​ពលរដ្ឋ​ខ្មែរ​ម្នាក់ ខ្ញុំ​មិន​សប្បាយ​ចិត្តនឹង​ការ​លើកឡើង​របស់​គាត់ ( ស ខេង ) និង​មិន​អាច​ទទួល​យក​បាន​ទេ»។

ការ​ផាក​ពិន័យ ៥ លាន​រៀល ដល់ ២០​លាន​រៀល​នេះ មិនមែន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ទេ ប៉ុន្តែ​មាន​ចែង​ជាពិសេស​ក្នុង​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ត្រង់​មាត្រា ១៤២ ដោយមាន​ចែង​ពី​ពាក្យ​ថា "រារាំង" ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត មិន​ឲ្យ​ទៅ​បោះឆ្នោត។ ទោះជា​យ៉ាង​នេះ​ក្តី ច្បាប់បោះឆ្នោត​នេះ មិន​មាន​ចែង​ពី​និយមន័យ​នៃ​ពាក្យ "រារាំង" នេះ​ឲ្យ​បាន​ច្បាស់លាស់​នោះ​ឡើយ។ ប្រការ​នេះ​លោក ផែង ហេង បាន​ស្នើ​ឲ្យ​អ្នកបកស្រាយ​ច្បាប់ ត្រូវ​យោង​ទៅ​មាត្រា ៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ដែល​ចែង​អំពី​ការ​បកស្រាយ​ច្បាប់ ដែល​ត្រូវ​បកស្រាយ​យ៉ាង​តឹងរ៉ឹង។ ច្បាប់​បាន​ចែង​ថា ចៅក្រម​មិន​អាច​ពង្រីក​វិសាលភាព​អនុវត្ត ឬ​ប្រព្រឹត្ត​តាម​សទិសភាព ឬ​ភាព​ស្រដៀង​បាន​នោះ​ឡើយ៖ «សម្រាប់​ការ​បកស្រាយ​ច្បាប់ យើង​ត្រូវ​បកស្រាយ​តាមច្បាប់​បោះឆ្នោត ដែល​ជា​ច្បាប់​ពិសេស។ យើង​មិន​បក​ន័យ​ទូទៅ​ទេ។ ដូច្នេះ ការ​រារាំង​ក្នុង​ច្បាប់បោះឆ្នោត គឺ​សំដៅ​លើ​ការ​ទប់ស្កាត់ មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ឬ​ការ​រក​វិធី​ធ្វើ​ម៉េច​កុំ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ដើរ​ទៅ​បោះឆ្នោត អាច​ទៅ​បោះឆ្នោត​បាន។ អា​ហ្នឹង​បានជា​សកម្មភាព​រារាំង»។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ក៏​យល់​ដូចគ្នា​ថា បើសិនជា​មានការ​ចម្រូងចម្រាស​ក្នុង​ការ​បកស្រាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​ពាក្យ "រារាំង" នេះ​គឺ​គេ​មិន​ត្រូវ​បកស្រាយ​ន័យ​ទូលាយ ដើម្បី​គ្រាន់តែ​ជា​ការ​គំរាមកំហែង​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច​នោះ​ឡើយ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា ការ​បកស្រាយ​ច្បាប់​ក្នុង​ន័យ​ទូលាយ​បែបនេះ គឺ​មានតែ​ក្នុង​ប្រទេស ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្លួនឯង​ប៉ុណ្ណោះ៖ «ការពិត​រារាំង គឺ​ទាល់​តែ​មាន​ជា​កម្លាំង ជា​ឧបករណ៍ ជា​អ្វី​កុំ​ឲ្យ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ទៅ​បោះឆ្នោត​បាន។ រួច​ការរារាំង​នេះ គឺ​អាច​មើល​ឃើញ។ បើ​វា​អត់​មើល​ឃើញ​ដូច្នេះ​។ នៅ​ក្នុង​ប្រទេស​សេរី គេ​គោរព​អំណាច​ច្បាប់ គេ​បកស្រាយ​ចង្អៀត មិន​ទូលាយ​ដូច្នេះ​ទេ។ មានតែ​នៅ​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់ការ​ទេ ដែល​គេ​បកស្រាយ​ច្បាប់​ឲ្យ​ទូលាយ ដើម្បី​ចោទប្រកាន់​បាន។ អាហ្នឹង​មិន​ត្រូវ​ទេ»។

ជុំវិញ​ការ​បកស្រាយ​ច្បាប់ ឲ្យ​យឺត​ដូច​កៅស៊ូកង​នេះ លោក​មេធាវី ជួង ជូងី ពន្យល់​ថា មាន​បុគ្គល​មួយ​ចំនួន ព្យាយាម​បំភ្លៃ​ត្រង់​ខ្លឹមសារ​ថា ញុះញង់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត។ លោក​បន្ថែម​ថា ក្រមព្រហ្មទណ្ឌ​មាត្រា ៤៩៥ មាន​ចែង​អំពី​ពាក្យ​ញុះញង់​នេះ ប៉ុន្តែ​ញុះញង់​ដែល​ជា​បទល្មើស​បាន នោះ​គឺ​ទាល់តែ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ មិនមែន​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ កុំ​ទៅ​បោះឆ្នោត​នោះ​ទេ។ លោក​ថា អ្នក​គំរាម​គេ​អោយ​ចេញទៅ​បោះឆ្នោត​ទៅវិញ​ទេ ទើប​មានទោស៖ «ការណ៍​ដែល​នរណា​បំភ្លៃ បំភាន់ សម្លុត គំរាម​ពី​បទ​ញុះញង់​មិន​ឲ្យ​ទៅ​បោះឆ្នោត អ្នក​ដែល​បំភ័យ អ្នក​ដែល​គំរាម អ្នក​ដែល​រករឿង​គេ អ្នក​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​នោះ»។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​សេចក្ដីថ្លែងការណ៍​គំរាម​ផាក​ពិន័យ ឬ​ដាក់​ទោស​ទណ្ឌ​ពលរដ្ឋ​ម្ចាស់​ឆ្នោត ទោះ​គ្មាន​ច្បាប់​ចែង​បែបនេះ គឺជា​ការរំលោភ​អំណាច។ លោក​បន្ថែម​ថា មន្ត្រីរាជការ គឺ​ខុស​ពី​ពលរដ្ឋ​សាមញ្ញ ព្រោះ​មន្ត្រីរាជការ ធ្វើ​អ្វី​ក៏ដោយ​ទាល់តែ​មាន​ច្បាប់​កំណត់ ពោល​គឺ​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ មិនមែន​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត បាន​នោះ​ទេ។ ការ​បញ្ឈប់​ការរំលោភ​អំណាច​របស់​មន្ត្រីរាជការ​បា​ន គឺ​មានតែ​ប្រជាពលរដ្ឋ​គ្រប់រូប អនុវត្ត​សិទ្ធិ​របស់​ខ្លួន ដូចជា​ការ​មិន​ទៅ​បោះឆ្នោត​នេះ​ជាដើម ដើម្បី​រក​យុត្តិធម៌​នេះ។ ដើម្បី​រក​យុត្តិធម៌ និង​តតាំង​ការរំលោភ​អំណាច ពី​សំណាក់​អាជ្ញាធរ​បែប​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា មាន​ពេល​ខ្លះ​ពលរដ្ឋ​មួយ​ចំនួន រហូត​ហ៊ាន​ពលី​ជីវិត​ផង ព្រោះ​មិន​ចង់​ឃើញ​ការជិះជាន់ សង្កត់សង្កិន គំរាមកំហែង​បែបនេះ។ ការ​តស៊ូ​នេះ ផ្ដើម​ចេញ​ពី​បុគ្គល​ម្នាក់ៗ៖ «សាមីខ្លួន​ផ្ទាល់ៗ​ហ្នឹង រួចហើយ​ចាំ​ឲ្យ​អ្នក​ឯទៀតៗ អាហ្នឹង​បើ​គេ​ថា​ការ​តស៊ូ​ហ្នឹង គឺ​ដើម្បី​យុត្តិធម៌​ទាំងអស់​គ្នា ប្រឆាំង​នឹង​ការរំលោភ​អំណាច អំពើ​ដែល​អត់​មាន​ក្នុង​ច្បាប់ អាហ្នឹង​ត្រូវ​ធ្វើ​អ៊ីចឹង​ ! ទៅ​ខ្លាច​យ៉ាងម៉េច ?»។

ចំពោះ​លោក​មេធាវី ផែង ហេង វិញ លោក​ពន្យល់​ថា ការ​បញ្ចេញមតិ​អំពី​ការ​មិន​ចង់​ទៅ​បោះឆ្នោត និង​អំពាវនាវ​ឲ្យ​នរណា​ម្នាក់ មិន​ទៅ​បោះឆ្នោត មិនមែន​ជា​ការរារាំង​ដល់​ការបោះឆ្នោត​នោះ​ឡើយ លើកលែង​តែ​ទៅ​ពាំង​ផ្លូវ ឬ​ទាញ​ដៃ ឬ​គំរាមកំហែង​ដោយ​ប្រការ​ណាមួយ៖ «រឿង​ដែល​គាត់​បង្ហាញ​ថា គាត់​មិន​ទៅ​បោះឆ្នោត ហើយ​ប្រាប់​ថា​សុំ​ឲ្យ​បងប្អូន​ដទៃ​ទៀត កុំ​ទៅ​បោះឆ្នោត វា​មិនមែន​ជា​ការរារាំង ការ​និយាយ​បែប​ហ្នឹង វា​ជា​សិទ្ធិ​របស់​បុគ្គល​គាត់ ព្រោះ​គាត់​មិនបាន​ឃាត់​ដំណើរ​គេ​មិន​ឲ្យ​ទៅ​បោះឆ្នោត​ទេ គ្រាន់តែ​គាត់​បញ្ចេញមតិ​ទេ។ បើ​គាត់​មិនបាន​ទៅ​អូស​ដៃ អូស​ជើង​ទប់ស្កាត់​ទេ អាហ្នឹង​វា​ចូល​ក្នុង​សិទ្ធិ​បញ្ចេញមតិ​របស់​គាត់»។

ស្រប​ពេល​ដែល​ការបោះឆ្នោត ដ៏​ចម្រូងចម្រាស​បំផុត កំពុង​ខិត​ជិត​ចូល​មក​ដល់ ខាង​គណបក្សប្រឆាំង ដែល​ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ បន្ត​តស៊ូ​មតិ ដើម្បី​អំពាវនាវ​នាវ​កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច ខំប្រឹង​ប្រកូក​ប្រកាស​ឲ្យ​ពលរដ្ឋ ទៅ​បោះឆ្នោត ឲ្យ​បាន​ច្រើន ដើម្បី​បង្គ្រប់​កិច្ច ដើម្បី​ចង់​បង្ហាញ​ភាព​ស្របច្បាប់ នៃ​ការបោះឆ្នោត​នោះ។ ទោះជា​យ៉ាង​នេះ​ក្តី មិន​ចំពោះ​ថា មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​តិច ឬ​ច្រើន​ប៉ុនណា​ទេ សហគមន៍​អន្តរជាតិ រួមមាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផង សុទ្ធតែ​បាន​ព្រមាន​មិន​ទទួលស្គាល់​ការ​បោះឆ្នោត​ខាងមុខ ដែល​គ្មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។