អ្នកវិភាគ និងសង្គមស៊ីវិល យល់ថា ក្រុមគណបក្សនយោបាយចំនួន ១៤ដែលចូលរួមក្នុងឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយទើបទទួលបានឋានៈខ្ពង់ខ្ពស់នោះ ប្រហែលជាមិនអាចជួយសង្គមជាតិបានច្រើននោះទេ ព្រោះពួកគេគ្មានឥទ្ធិពល និងមានបទពិសោធន៍ក្មេងខ្ចីក្នុងការផ្តល់ យោបល់ដល់របបទីក្រុងភ្នំពេញ។
អ្នកវិភាគ និងសង្គមស៊ីវិល រិះគន់ថា ក្រុមគណបក្សនយោបាយដែលចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាក្រុមល្មោភអំណាច ជាបន្ទុកខ្ចះខ្ជាយថវិកាជាតិ និងគ្មានឆន្ទៈជួយជាតិពិតប្រាកដនោះទេ។
ការរិះគន់នេះ បន្ទាប់ពីប្រធានគណបក្សចំនួន១៤ ដែលមិនបានកៅអីក្នុងរដ្ឋសភា ប៉ុន្តែស្ម័គ្រចិត្តចូល ជាសមាជិកនៃឧត្តមក្រុម ប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលទើបនឹងត្រូវបានបង្កើតឡើងក្រោម គំនិតផ្តួចផ្តើមរបស់លោក ហ៊ុន សែន បានក្លាយជាឯកឧត្តម និងលោកជំទាវជាផ្លូវការហើយ ដោយមានឋានៈស្មើទេសរដ្ឋមន្រ្តី។ ក្នុងនោះរួមមានប្រធានគណបក្ស យុវជនកម្ពុជា លោក ពេជ្រ ស្រស់ ប្រធានគណបក្ស ខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្ស សំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ប្រធានគណបក្ស ខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ឆន្ទៈខ្មែរ លោក គង់ មុនីកា និងប្រធានគណបក្ស ខ្មែរតែមួយ លោក កែម រិទ្ធិសិត រួមទាំងប្រធានគណបក្សចំនួន ៨ផ្សេងទៀត ដែលបានចូលរួមការបោះឆ្នោតជាតិអាណត្តិទី៦។
ក្រៅពីប្រធានគណបក្ស នៅមានអនុប្រធាន ឬតំណាងផ្សេងទៀតនៃគណបក្សទាំងនោះ ក៏ទទួលបានងារជាឯកឧត្តម និងលោកជំទាវផងដែរ ដោយមានឋានៈស្មើរដ្ឋមន្ត្រី។ ការតែងតាំង និងការផ្តល់ឋានៈនេះ គឺធ្វើឡើងតាមរយៈព្រះរាជក្រឹត្យ កាលពីថ្ងៃទី៦ ខែកញ្ញា ដោយមានការស្នើសុំពីនាយករដ្ឋមន្រ្តី បន្ទាប់ពីគណបក្សបានចួលរួមការបោះឆ្នោតដែលរបបលោកហ៊ុន សែន ខំរៀបចំកាលពីថ្ងៃទី២៩ ខែកក្កដា ដែលមជ្ឈដានអន្តរជាតិមើលឃើញថាជាការបោះឆ្នោតបែបបបង្រ្គប់កិច្ច។
ប្រធានគណបក្សយុវជនកម្ពុជាកម្ពុជា ដែលទើបបានដំណែងជាទេសរដ្ឋមន្ត្រី លោកពេជ្រ ស្រស់ មានប្រសាសន៍ថា លោកមិនសម្លឹងមើលតំណែងបុណ្យស័ក្តិជាធំនោះទេ គឺលោកគិតរឿងប្រយោ ជន៍ជាតិជាធំ ទើបលោកសម្រេចចិត្តចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ប៉ុន្តែ លោកក៏មិនទាន់ហ៊ានវាយតម្លៃថា លោកហ៊ុន សែន នឹងទទួលយកយោបល់របស់ពួកលោកយ៉ាងណានោះទេ។ លោកគ្រោងលើកយោបល់ចំនួន ៤ចំណុច ជូនលោក ហ៊ុន សែន ដើម្បីដោះស្រាយ គឺការស្វែងរកទីផ្សារជូនកសិករ រឹតបន្តឹងច្បាប់ជនអន្តោប្រវេសន៍ លុបបំបាត់ផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាមនៅតាមដងទន្លេ និងចុងក្រោយចង់ឲ្យលោក ហ៊ុន សែន លុបច្បាប់ថ្មី ស្ដីពិគារចូលសញ្ជាតិខ្មែរ៖«យើងក៏មិនប្រាថ្នាតំណែងអីហ្នឹង ដែលគ្មានប្រអប់អង្គុយដូចរដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីដែរ។ យើងអត់ប្រាថ្នាតំណែង និងលុយប្រាក់ខែប៉ុណ្ណឹងទេ។ យើងគណបក្សបង្កើតអស់លុយច្រើនណាស់ ប៉ុន្តែយើងឃើញមានប្រយោជន៍ដល់ជាតិយើងចូលរួមដោយសារយើងមានសិទ្ធិនិយាយត្រង់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយើងកាត់បន្ថយនូវភាពអសកម្ម និងកាត់បន្ថយពលរដ្ឋដែលគេរំលោភបំពាន និងពលរដ្ឋដែលគេរំលោភយកដីធ្លី។ល។ អ៊ីចឹងថ្ងៃក្រោយពលរដ្ឋ ចង់ហែញត្តិថ្ងៃក្រោយខាងគេមិនទទួល ហែមកខាងឧត្តមក្រុមប្រឹក្សាមក ហើយយើងនឹងយកទៅជូនលោកនាយកដ្ឋមន្ត្រីបន្ត»។
ទោះយ៉ាងណាក្តី សមាជិកអ្នកវិភាគវ័យក្មេង លោក បុង ដែត នៅតែមានមតិថា ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ នឹងក្លាយជាការខ្ជះខ្ជាយថវិកាជាតិ បង្កើតឡើងដើម្បីគ្រាន់តែជារូបភាពល្អមើលប៉ុណ្ណោះ ដោយសារតែលោក ហ៊ុន សែន ត្រូវការភាពស្របច្បាប់ និងមិនចង់ឲ្យមើលឃើញពីសភាឯកបក្សរបស់លោក។ លោកបន្តថា ចំពោះគណបក្សដែលចូលរួមឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ ក៏ប្រឈមនឹងការរិះគន់ពីសាធារណៈជនថា ជាក្រុមស្រេកឃ្លានអំណាច ហើយនឹងបាត់បង់ប្រជាប្រិយភាពធ្ងន់ធ្ងរ៖ «ឧត្តមក្រុមប្រឹក្សានេះ ក៏មិនខុសពីគណៈកម្មាការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និងអង្គភាពប្រឆាំងអំពើពុករលួយដែរ ព្រោះឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់នេះ គឺជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដើម្បីតបស្នងដល់គណបក្សដែលចូលរួមការបោះឆ្នោតកន្លងមក ហើយឧត្តមក្រុមប្រឹក្សានេះគ្មានឥទ្ធិពលនោះទេ។ ម្យ៉ាងទៀត ធ្វើដើម្បីតែល្អមើល និងដើម្បីប្រជាប្រិយភាពដែលថា ខ្លួនឯងជាអ្នកបង្រួមបង្រួមជាតិ។ លើសពីនេះ វាជាការខ្ជះខ្ជាយថវិការដ្ឋ »។
រីឯប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា តួនាទីរបស់សមាជិកនៃឧត្តមក្រុមប្រឹក្សាមកពីគណបក្សនយោបាយទាំងនោះ គ្រាន់តែជាអ្នកផ្តល់យោបល់មិនមែនជាអ្នកសម្រេចចិត្តនោះទេ។ ដូច្នេះ លោកមិនទាន់មានសង្ឃឹមថា យោបល់របស់ពួកគេ នឹងមានប្រយោជន៍ ឬប្រសិទ្ធិភាពសម្រាប់ផលប្រយោជន៍សាធារណៈនោះទេ ព្រោះសមត្ថភាព និងបទពិសោធន៍ការងាររបស់មេដឹកនាំគណបក្សទាំងនោះ ហាក់ដូចជានៅក្មេងខ្ចីនៅឡើយ៖ «ការផ្តល់យោបល់ដែលមានគុណភាពគឺមានប្រយោជន៍សម្រាប់សង្គម និងអាចទទូលយកបានដោយរដ្ឋាភិបាលដឹកនាំប្រទេសច្រើនអាណត្តិ។ ប៉ុន្តែ យើងមើលទៅគុណភាពផ្តល់យោបល់ ដែលផ្តល់ជូននោះថា តើជាយោបល់ដែលគ្រប់ជ្រុងជ្រោយដែរឬទេ? បើយើងមើលទៅលើបទពិសោធន៍របស់មេដឹកនាំគណបក្សទាំងនោះ ពួកគេមានបទពិសោធន៍ក្មេងខ្ចី ហើយម្យ៉ាងទៀត យើងមិនទាន់មានជំនឿលើសមត្ថភាពរបស់ពួកគេ នៅក្នុងការផ្តល់យោបល់ទៅរដ្ឋាភិបាលនោះទេ ព្រោះយោបល់ដែលមានប្រយោជន៍ និងអាចប្រើប្រាស់សម្រាប់គោលនយោបាយ ឬកម្មវិធីអភិវឌ្ឍន៍ជាតិ ទាល់តែកើតឡើងតាមរយៈការស្រាវជ្រាវ និងផ្អែកតាមការវាយតម្លៃដែលមានការចូលរួម ដូចជាអ្វីដែលខាងសង្គមស៊ីវិលបានធ្វើក្នុងពេលបច្ចុប្បន្ននេះ»។
លោក សន ជ័យ បន្ថែមថា ការផ្តល់ដំណែងដល់មេដឹកនាំគណបក្សដែលមិនបានកៅអីសភានេះ គឺជាទម្រង់ថ្មីនៃកិច្ចខិតខំបង្កើតបរិយាយប្រជាធិបតេយ្យថ្មីផ្សេងទៀត ខណៈប្រជាធិបតេយ្យ ដែលមានជជែកដេញដោលនៅកម្រិតសភាជាតិ មិនអាចធ្វើទៅរួចដោយសារបច្ចុប្បន្ន បានក្លាយទៅជាសភាឯកបក្ស។
គិតមកទល់ពេលនេះ ក្នុងចំណោមគណបក្សនយោបាយចំនួន ១៩ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍បោះឆ្នោតដ៏ចម្រូងចម្រាសថ្ងៃទី២៩ កក្កដា មានគណបក្សចំនួន ២ ប៉ុណ្ណោះ ដែលមានជំហរច្បាស់លាស់មិនចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់របស់លោក ហ៊ុន សែន នេះ ក្នុងនោះ មានគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) និងគណបក្ស ខ្មែរឈប់ក្រ ខណៈគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (GDP) គណបក្សមាតុភូមិយើង និងគណបក្សខ្មែរសាធារណរដ្ឋ ហាក់បង្ហាញជំហរមិនច្បាស់លាស់ ដោយនៅបើកចំហពីលទ្ធភាពចូលរួមក្នុងយន្តការនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
