តុលាការកំពូលតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូង ទុកជាបានការដដែល ដោយមិនអនុញ្ញាតឱ្យលោក ថាច់ សេដ្ឋា នៅក្រៅឃុំទេ។ តុលាការកំពូលប្រកាសបែបនេះ ក្នុងសាលដីការបស់ខ្លួន ថ្ងៃទី៣ ខែសភា តបសំណើសុំនៅក្រៅឃុំរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា។
តុលាការកំពូលលើកហេតុផលថា ការមិនអាចអនុញ្ញាតឱ្យលោក ថាច់ សេដ្ឋា នៅក្រៅឃុំ គឺដើម្បីជៀសវាងការរាំងស្ទះផ្សេងនៃការស៊ើបអង្កេតរបស់តុលាការក្រុងភ្នំពេញ ទាក់ទងបទចោទប្រកាន់ លើមេដឹកនាំគណបក្សភ្លើងទៀនរូបនេះ។ ទោះយ៉ាងណាក្ដី មន្ត្រីសិទ្ធិមនុស្សរិះគន់ថា ការសម្រេចរបស់តុលាការកំពូលពេលនេះ នឹងធ្វើឱ្យមានការរិះគន់ថា ការបន្តឃុំខ្លួន និងការចោទប្រកាន់បន្ថែមលើលោក ថាច់ សេដ្ឋា ជារឿងនយោបាយ។
មេធាវីការពារក្ដីលោក ថាច់ សេដ្ឋា ម្នាក់គឺលោកមេធាវី សឺន ជុំជួន ឱ្យវិទ្យុអាស៊ីសេរីដឹង នៅថ្ងៃទី៣ ខែឧសភាថា លោកខកចិត្ត និងសោកស្ដាយ ចំពោះការសម្រេចរបស់តុលាការកំពូលបែបនេះ។ ទោះយ៉ាងណាក្ដី លោកថា ក្រុមមេធាវីនៅតែបន្តព្យាយាមជួយការពារក្ដីរបស់លោក ថាច់ សេដ្ឋា នៅសាលាដំបូងរាជធានីភ្នំពេញបន្តទៀត ដែលសំណុំរឿងនេះស្ថិតក្នុងការស៊ើបអង្កេតរបស់តុលាការ។
មេធាវី សឺន ជុំជួន៖«និយាយជារួមទៅដើមឡើយគឺមានក្ដីសង្ឃឹមដែរ នៅដែលយើងចូលការពារគាត់(លោក ថាច់ សេដ្ឋា)នៅសវនាការជំនុំជម្រះនៅតុលាការ គឺយើងមានក្ដីសង្ឃឹមច្រើន តែឥឡូវត្រូវបានតម្កល់ទៅ យើងមានការសោកស្ដាយដែរ តាមដំណើរសិន ទុកតុលាការសាលាដំបូងគាត់ដំណើរការខាងអង្គសេចក្ដី»។
លោកមេធាវី សឺន ជុំជួន ឱ្យដឹងដែរថា បើតាមនីតិវិធី ក្រោយពេលតុលាការសម្រេចឃុំខ្លួនជនណាមួយ ដល់រយៈពេលបួនខែ គឺតុលាការត្រូវរៀបចំបើកសវនាការជំនុំជម្រះក្ដី។ ដូច្នេះ លោករំពឹងថា ករណីលោក ថាច់ សេដ្ឋា ដែលឃុំអស់រយៈពេល ១០៧ថ្ងៃ ឬជាងបីខែមកនេះ អាចនឹងត្រូវតុលាការបើកសវនាការជំនុំជម្រះក្ដី នៅពាក់បណ្ដាលខែឧសភានេះ។
ទាក់ទងរឿងនេះដែរ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមពីប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី៣ ខែឧសភា។
សមត្ថកិច្ចបានចាប់ខ្លួន លោក ថាច់ សេដ្ឋា កាលពីនៅថ្ងៃទី១៦ មករា ដោយចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ឬចេញសែកអត់លុយចំនួនប្រាំសន្លឹក។
កាលពីថ្ងៃទី២៨ ខែមេសា សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក ថាច់ សេដ្ឋា នូវបទល្មើសថ្មីមួយទៀត គឺបទញុះញង់ ជុំវិញការបំពេញទស្សនកិច្ចរបស់លោកទៅប្រទេសជប៉ុន កាលពីចុងឆ្នាំ២០២២។ ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចឃុំខ្លួនលោក ថាច់ ស៊ីថា បន្ថែមលើពីបទចោទចាស់។
ទាក់ទងបទចោទថ្មីនេះដែរ លោកមេធាវី សឺន ជុំជួន សុំមិនធ្វើអត្ថាធិប្បាយទេ ដោយលោកថា លោកមិនទាន់បានដាក់ពាក្យការពារក្ដីជូនលោក ថាច់ សេដ្ឋា ក្នុងសំណុំរឿងថ្មីនេះនៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំអត្ថាធិប្បាយបន្ថែមរឿងនេះ ពីមេធាវីការពារក្ដីរបស់លោក ថាច់ សេដ្ឋា ផ្សេងទៀត គឺមេធាវី កែត ឃី និងមេធាវី ជូង ជូងី បានទេ នៅថ្ងៃទី៣ ខែឧសភា។
ទោះយ៉ាងណា ប្រពន្ធលោក ថាច់ ស៊ីថា គឺលោកស្រី ថាច់ សុខបូរ៉ានី ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា តុលាការចោទប្រកាន់បទល្មើសថ្មីលើប្ដីលោកស្រីពេលនេះ ហាក់មានចេតនាបំបិទសិទ្ធិនយោបាយប្ដីលោកស្រី មិនឱ្យចូលរួមក្នុងការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងការពារចំណាត់ការរបស់តុលាការថា ការចោទប្រកាន់លើលោក ថាច់ សេដ្ឋា ទាំងសំណុំរឿងចាស់ និងសំណុំរឿងថ្មី មិនពាក់ព័ន្ធរឿងនយោបាយទេ។ លោក សុខ ឥសាន ថ្លែងថា រឿងរ៉ាវកើតឡើងគ្រប់យ៉ាងនៅពេលនេះ គឺមកពីលោក ថាច់ សេដ្ឋា ខ្លួនឯងជាអ្នកបង្កើត។
លោក សុខ ឥសាន៖«គាត់(ថាច់ សេដ្ឋា)ប្រព្រឹត្តិបទល្មើសជាក់ស្ដែងមានពិរុទ្ធភាពហើយតុលាការគេយកតែសាច់រឿងមកកាត់ទោស។ ខ្ញុំមិនដឹងថា តុលាការគាត់មានទឡ្ហីករណ៍យ៉ាងម៉េចទេ ក៏ប៉ុន្តែខ្ញុំយល់ថា មានហេតុហើយបានមានផល មានភ្លើងហើយមានផ្សែងតាមក្រោយ បើសិនណាអត់មានភ្លើងឆេះទេ ធ្វើម៉េចបានផ្សែងកើត»។
ទោះយ៉ាងណាក្ដី នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា លោក ថាច់ សេដ្ឋា មានលក្ខខណ្ឌគ្រប់គ្រាន់អាចស្នើសុំនៅក្រៅឃុំបាន។ មន្ត្រីសិទ្ធិមនុស្សបន្តទៀតថា ការសម្រេចតុលាការមិនឱ្យលោក ថាច់ សេដ្ឋា អាចនៅក្រៅឃុំ បូករួមទាំងសាលាដំបូងក្រុងភ្នំពេញចោទប្រកាន់លោក ថាច់ សេដ្ឋា បន្ថែមបទល្មើសមួយទៀតដូច្នេះ នឹងធ្វើឱ្យមានការរិះគន់ថា ការឃុំខ្លួន និងការចោទប្រកាន់លោក ថាច់ សេដ្ឋា ជារឿងនយោបាយ។
លោក អំ សំអាត៖«ខ្ញុំយល់ថា គ្រាន់តែជាការបន្ថែមបទល្មើសបន្ថែមទៀតទៅលើលោក ថាច់ សេដ្ឋា មិនខុសអីពីសកម្មជននយោបាយមុនៗ ដែលមានការចោទប្រកាន់ជាច្រើនបទល្មើសហ្នឹងហើយដែលនាំមានការរិះគន់ថា ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់»។
លោក ថាច់ សេដ្ឋា ជាអ្នកនយោបាយមានកំណើតខ្មែរក្រោមដ៏លេចធ្លោម្នាក់ កំពុងជាប់ឃុំ ក្នុងចំណោមក្បាលម៉ាស៊ីនគណបក្សភ្លើងទៀន ៤រូប ដែលកំពុងជាប់ពន្ធនាគារ។
សមត្ថកិច្ចនៃរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនលោក ថាច់ សេដ្ឋា ក្នុងអំឡុងពេលលោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាប្ដឹងរឹបអូសយកទ្រព្យសម្បត្តិស្របច្បាប់របស់ឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន គឺលោក គង់ គាំ និងប្ដឹងទាមទារសំណងប្រាក់ ១លានដុល្លារ ពីអនុប្រធានគណបក្សនេះមួយរូបទៀត គឺលោក សុន ឆ័យ។ ការធ្វើទុក្ខបុកម្នេញ ដូចជា ការចោទប្រកាន់តាមផ្លូវតុលាការ ការលួចវាយធ្វើបាបមេដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ មកដល់ពេលនេះ កើតឡើងស្របពេលដែលការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នឹងចូលមកដល់ នៅក្នុងរយៈពេលជាង ២ខែទៀតប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។