សមត្ថកិច្ច​ កោះហៅ​ប្រធានប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​ទៅ​សួរនាំ​

ដោយ វ៉ែន សុមេធ
2019.09.24
តុលាការ​​ខេត្ត​ស្វាយរៀង ខ្លោងទ្វារ​តុលាការ​ខេត្ត​​ស្វាយរៀង
រូប៖ ហ្វេសប៊ុក CCFC-Seasoan

ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ កោះហៅ​ប្រធានប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​ខេត្ត​ស្វាយរៀង​ទៅ​សួរនាំ​ នៅ​ថ្ងៃ​ទី២៣​ ខែ​កញ្ញា​ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ មិនបាន​ចូល​បំភ្លឺ​ឡើយ​ ដោយសារ​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​ ពីព្រោះ​បារម្ភ​​ការ​ចាប់ខ្លួន​។ មន្ត្រី​គណបក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​ ចាត់​ទុក​ការ​កោះ​ហៅ​នេះ​ថា​ ជា​ចេតនា​គំរាម​គំ​ហែង​ផ្នែក​នយោបាយ​។

ប្រធានប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង​ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ឯ​ប្រទេស​​ថៃ​ លោក​ ម៉ៅ​ វិបុល​ ប្រាប់​អាស៊ី​សេរី​ថា​ លិខិត​កោះ​ហៅ​របស់​ស្នងការ​នគរបាល​ខេត្ត​ស្វាយ​ រៀង​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​មួយ​ក្រុម​ យក​ទៅ​ឲ្យ​ម្ដាយ​របស់​លោក​ដែល​រស់នៅ​តែ​ម្នាក់​ឯង​នៅ​ភូមិ​ថ្នា ឃុំ​គោក​ព្រីង​ ស្រុក​​ស្វាយជ្រុំ។

ក្នុង​លិខិត​កោះហៅ​នេះ​ បញ្ជាក់​ថា​ លោក​ ម៉ៅ​ វិបុល​ ត្រូវ​ចូល​បំភ្លឺ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ នៅ​រសៀល​ថ្ងៃ​ទី២៣ ខែ​កញ្ញា​ ពាក់ព័ន្ធ​នឹង​រឿង​ផ្ទាល់​ខ្លួន។

លោក​ ម៉ៅ​ វិបុល​ ថ្លែង​ថា​ លោក​​មិន​អាច​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​នេះ​ទេ​ ព្រោះ​លោក​ដឹង​ថា​ អាជ្ញាធរ​មាន​បំណង​ចាប់ខ្លួន​ ដោយសារ​តែ​លោក​មិនព្រម​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ ហើយ​នៅ​តែ​បន្ត​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «មិន​អាច​ចូល​បំភ្លឺ​បានទេ​ ព្រោះ​ចូល​បំភ្លឺ​ទៅ​មាន​តែ​គេ​ចាប់​ខ្លួន​ហើយ។ នេះ​គឺ​ជា​ការ​គំរាម​គំ​ហែង​បំបាក់​ស្មារតី​របស់​មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង»

លោក​ ម៉ៅ​ វិបុល​ ស្ថិត​ក្នុង​ចំណោម​មន្ត្រី ១១៨រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​ តុលាការ​របប​ក្រុង​ភ្នំពេញ​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ។ លោក​បាន​បង្ខំ​ចិត្ត​រត់​ ភៀស​ខ្លួន​ទៅ​រស់នៅ​ឯ​ប្រទេស​ថៃ​ជិត ២ឆ្នាំ​ហើយ ដើម្បី​គេច​ពី​ការ​តាម​ចាប់ខ្លួន។ ទោះ​បី​ជា​រស់នៅ​ ក្នុង​ភាពជា​ជន​ភៀស​ខ្លួន​​ក្តី​ លោក ម៉ៅ វិបុល នៅ​តែ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​គាំទ្រ​គណបក្ស​ សង្គ្រោះ​ជាតិ​ និង​តែងតែ​រិះគន់​របប​ក្រុងភ្នំពេញ​ពី​ទង្វើ​បំផ្លាញ​ប្រជាធិបតេយ្យ​ និង​រំលោភ​​សិទ្ធិ​មនុស្ស។ លោក​ប្ដេជ្ញា​ថា​ នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​ជាមួយ​ លោក​ សម​ រង្ស៊ី​ នៅ​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ ដើម្បី​ផ្លាស់​ប្ដូរ​របប​ដឹកនាំ​សព្វថ្ងៃ៖ «ក្នុង​ឆន្ទៈ​និង​បេះដូង​របស់ខ្ញុំ​គឺ​ស្រឡាញ់​យុត្តិធម៌​ និង​ប្រជាធិបតេយ្យ និង​ប្រជាពលរដ្ឋ​ដែល​គាត់​រង​គ្រោះ​សព្វ​បែប​យ៉ាង​ដោយសារ​រដ្ឋាភិបាល​ធ្វើ​ទុក្ខ​ បុក​ម្នេញ​នេះ»

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ លោក កឹង ឃន​ បានទេ​នៅ​ថ្ងៃ​ទី២៣ កញ្ញា ដោយ​លោក​ប្រាប់​ថា​ ជាប់រវល់​ប្រជុំ។

រី​ឯ​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក ឆាយ គឹមឃឿន វិញ អះអាង​ថា លោក​មិន​បាន​ដឹង​អំពី​សំណុំរឿង​នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា ប្រសិន​បើ​បុគ្គល​ដែល​ទទួល​បាន​លិខិត​កោះ​ហៅ​នេះ​ មិន​ចូល​បំភ្លឺ​តាម​កាល​កំណត់ គឺ​សមត្ថកិច្ច​ នឹង​ចេញ​លិខិត​កោះ​ហៅ​ម្ដង​ហើយ​ម្ដង​ទៀត។ លោក​អះអាង​ថា​ ការ​កោះ​ហៅ​ និង​ការ​ចាប់​ខ្លួន​សកម្មជន​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​សព្វ​ថ្ងៃ​នេះ​ គឺ​ដោយសារ​ពួក​គេ​ធ្វើ​សកម្មភាព​ឃុបឃិត​គ្នា​ជាមួយ​លោក សម រង្ស៊ី​ ដែល​លោក​ហៅ​ថា ជា​មេ​ឧទ្ទាម​ក្រៅ​ច្បាប់៖ «អ្នក​ទាំង​អស់​នោះ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ មិន​មែន​ដោយសារ​គេ​ប្រកាស​វិល​ត្រឡប់​មក​របស់​ពួក​មេ​ឧទ្ទាម​នោះ​ទេ តែ​ពួក​នេះ​បាន​ធ្វើ​សកម្មភាព​ឃុបឃិត​ជាមួយ​ពួក​ឧទ្ទាម។ មាន​សង្គម​ស៊ីវិល​មួយ​ចំនួន​ចោទ​អ៊ីចេះ​ចោទ​អ៊ីចុះ។ អា​រឿង​សមត្ថកិច្ច​ ហៅ​​ពលរដ្ឋ​មក​បំភ្លឺ​នេះ គឺ​មាន​រាល់​តែ​ថ្ងៃ​តែ​គ្រាន់​តែ​ថា​ពួក​គាត់​អត់​ចាប់​អារម្មណ៍ ប៉ុន្តែ​រឿង​ពួក​ឧទ្ទាម​នេះ​ គឺ​គាត់​ចាប់​អារម្មណ៍​តែ​ម្ដង»

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម អាដហុក (ADHOC) លោក នី សុខា លើកឡើង​ថា ការ​កោះ​ហៅ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង ក្នុង​ស្ថានភាព​នយោបាយ​បែប​នេះ​ នឹង​នាំ​ឱ្យ​មហាជន​វាយ​តម្លៃ​ថា ជា​ការ​គំរាម​គំ​ហែង​ និង​ធ្វើទុក្ខ​បុក​ម្នេញ​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង។ លោក​ព្រួយបារម្ភ​ថា​ ចំណាត់​ការ​បែបនេះ​ នឹង​កាន់តែ​បន្ថែម​បន្ទុក​ឲ្យ​សហគមន៍​អន្តរជាតិ​ ជាពិសេស​សហភាព​អឺរ៉ុប​ វាយ​តម្លៃ​មិន​ល្អ​ពី​ស្ថានភាព​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​ លោក​ថា​ វា​ក៏​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់​តែ​មាន​ភាព​ប្រេះឆា​ និង​ងាយ​ផ្ទុះ​អំពើ​ហិង្សា​សងសឹក​គ្នា​ថែម​ទៀត៖ «សហ​គម​អឺរ៉ុប​គេ​កំពុងតែ​ស្នើ​ឲ្យ​យើង​កែទម្រង់​បញ្ហា​ សិទ្ធី​មនុស្ស​ និង​បញ្ហា​ប្រជាធិបតេយ្យ​ហើយ​ដល់ពេល​យើង​អត់មាន​សញ្ញា​ណាមួយ​អំពី​ការ​កែប្រែ​ទេ​ ហើយ​កាន់​តែ​​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​អ្នកនយោបាយ​ និង​ប្រជាពលរដ្ឋ​ ។វា​ជា​ការ​ព្រួយបារម្ភ​របស់​ យើង​ថា​ តើ​ប្រទេស​កម្ពុជា​ នឹង​អាច​មាន​អ្វី​កើតឡើង​នៅ​ពេល​អនាគត»

មន្ត្រី​សិទ្ធិមនុស្ស​កត់​សម្គាល់​ថា​ អាជ្ញាធរ​បាន​បង្កើន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​លើ​ក្រុម​អ្នក​គាំទ្រ​ និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។ គិត​ត្រឹម​​ថ្ងៃ​ទី២៣ កញ្ញា អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ នៅ​តាម​មូលដ្ឋាន​សរុប ២៩នាក់​ ដាក់​ក្នុង​ពន្ធនាគារ​ និង​បាន​កោះ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​ទៅ​សាកសួរ​កើន​ដល់ ១៥៨នាក់​ហើយ។ ក្រៅ​ពី​នេះ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ ក៏​កំពុង​ទទួល​រង​ការ​គំរាម​គំ​ហែង​ និង​រង​ការ​វាយដំ​ តាម​រូប​ភាព​ផ្សេងៗ ទៀត​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។