មន្ត្រីជាន់ខ្ពស់របស់ក្រសួងការបរទេសថៃ លើកឡើងថា ភាគីថៃនៅមិនទាន់លើកយកគម្រោងសាងសង់ជញ្ជាំងតាមព្រំដែនកម្ពុជា ទៅពិភាក្សាជាមួយភាគីកម្ពុជានោះទេ ដោយថា មិនទាន់ឆ្លងកាត់ការពិភាក្សាលំអិត និងការអនុម័តពីនាយករដ្ឋមន្ត្រីថៃ។ អ្នកឃ្លាំមើលកម្ពុជា ថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសថៃ អាចនាំផលវិជ្ជមានសម្រាប់ភាគីកម្ពុជា។
គម្រោងសាងសង់របងនៅតាមព្រំដែនកម្ពុជា ដែលគណៈរដ្ឋមន្ត្រីថៃ បានលើកឡើង នៅពេលនេះ ហាក់បានដើរថយក្រោយមួយជំហានហើយ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានស្នើឱ្យលើកយកបញ្ហានេះ ទៅសិក្សាបន្ថែមនៅក្នុងក្របខ័ណ្ឌថ្នាក់ជាតិ។
គម្រោងសាងសង់របងនៅតាមព្រំដែនកម្ពុជា ជាប់ក្រុងប៉ោយប៉ែត
ថ្លែងប្រាប់សារព័ត៌មាន ថៃរ៉ាត (Thai Rath) កាលពីថ្ងៃទី៩ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីដ ស្ងៀមផុង្ស (Maris Sangiampongsa) លើកឡើងថា គម្រោងសាងសង់របងនៅតាមព្រំដែនកម្ពុជា ត្រង់ចំណុចតំបន់ខេត្តស្រះកែវ (Sakeo) និងក្រុងប៉ោយប៉ែត របស់កម្ពុជា គឺជាគំនិតផ្ដួចផ្ដើមរបស់អាជ្ញាធរនៅក្នុងតំបន់ និងមិនទាន់មានការបញ្ជា ឬអនុម័តពីនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់(Paethongthan Shinawatra) នោះទេ ដូច្នេះលោកមិនទាន់លើកយករឿងនេះ ទៅពិភាក្សាជាមួយភាគីកម្ពុជាឡើយ។
លោក ម៉ារីដ ស្ងៀមផុង្ស បន្តថា គម្រោងសាងសង់របងតាមព្រំដែនកម្ពុជានេះ នឹងត្រូវលើកយកមកពិភាក្សានៅក្របខ័ណ្ឌថ្នាក់តំបន់ និងថ្នាក់ជាតិជាមុន ដើម្បីសិក្សាទៅលើផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលរស់នៅតាមព្រំដែន និងវាយតម្លៃទៅលើការចំណាយ និងផលប្រយោជន៍ដែលទទួលបានមកវិញ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៣ ខែមីនា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហួងសាប់ (Jirayu Houngsub) បានប្រាប់អ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានលើកឡើងពីគម្រោងសាងសង់របងជញ្ជាំងនៅតាមព្រំដែនកម្ពុជា ដើម្បីការពារការឆ្លងដែនខុសច្បាប់ របស់ឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិត ការជួញដូរគ្រឿងញៀន និងការដឹកជញ្ជូនទំនិញគេចពន្ធ ជាដើម។ ក្នុងកិច្ចប្រជុំនោះ អ្នកស្រី ផែផងថាន បញ្ជាក់ថា កិច្ចការសង់របងជញ្ជាំងនេះ នឹងប្រគល់ទៅឱ្យក្រសួងការបរទេស ក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលថៃ ជាអ្នកទទួលខុសត្រូវ និងចរចាជាមួយភាគីកម្ពុជា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ កិច្ចការព្រំដែននៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឡាំ ជា ដើម្បីសុំការឆ្លើយតបរបស់ភាគីកម្ពុជា ជុំវិញគម្រោងសាងសង់របងតាមព្រំដែន របស់រដ្ឋាភិបាលថៃនេះបានទេ នៅថ្ងៃទី១០ ខែមីនា។
អត្ថបទដែលទាក់ទង៖
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត យល់ឃើញថា ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃ មានភាពច្បាស់លាស់ ព្រោះការធ្វើរបងតាមព្រំដែននេះ ពាក់ព័ន្ធដល់អធិបតេយ្យ និងផលប្រយោជន៍របស់ប្រទេសជិតខាង ខណៈកម្ពុជា និងថៃ កំពុងមានភាពចម្រូងចម្រាស រឿងបញ្ហាព្រំដែនគោក និងព្រំដែនទឹកស្រាប់ផងនោះ។
លោក ម៉ែន ណាត៖«យើងចង់ឱ្យកម្ពុជា មានការប្រយ័ត្នប្រយែងដូចថៃដែរ។ នៅពេលដែលថៃមិនទាន់ធ្វើសេចក្ដីសម្រេចណាមួយ ភាគីកម្ពុជា ក៏មិនត្រូវធ្វើអត្ថាធិប្បាយអ្វីផ្ដេសផ្ដាសដែរ។ តែកាលណាមានអរិភាពនយោបាយការទូត ធ្វើឱ្យយើងមានផលប៉ះពាល់ច្រើនណាស់។ ប៉ះពាល់ទាំងវិស័យនាំចេញនាំចូល ទេសចរណ៍ និងប៉ះពាល់ដល់ពលកររាប់លាននាក់ដែលកំពុងធ្វើការនៅស្រុកថៃ»។
ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
គម្រោងធ្វើរបងតាមព្រំដែនកម្ពុជានេះ បានផ្ដួចផ្ដើមឡើងក្នុងកំឡុងពេលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បានទៅត្រួតពិនិត្យប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នៅខេត្តស្រះកែវ (Sakeo) កាលពីខែកុម្ភៈ ដោយកាលនោះ លោកភូមិថាំ បានលើកឡើងថា លោកនឹងលើកយកសំណើនេះ ទៅប្រជុំក្នុងគណៈរដ្ឋមន្ត្រី។ គម្រោងសាងសង់របងនេះ មានប្រវែងសរុប ១៦៥គីឡូម៉ែត្រ និងសង់ជញ្ជាំងដាក់បន្លាលួសនៅតំបន់ក្នុងស្រុកអារញ្ញប្រៈថេត (Aranyaprathet) ជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រវែង ៥៥គីឡូម៉ែត្រ ដែលចំណាយថវិកាអស់ប្រមាណជាង ៨លានដុល្លារ។
ពាក់ព័ន្ធនឹងរឿងព្រំដែននេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីដ ស្ងៀមផុង្ស បានអះអាងថា កន្លងទៅ លោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក្នុងឱកាសជួបប្រជុំនៅប្រទេសវៀតណាម (Vietnam) ដោយក្នុងជំនួបនោះ អ្នកទាំងពីរបានពិភាក្សាគ្នា រឿងភាពចម្រូងចម្រាសនៅព្រំដែនប្រាសាទតាមាន់ធំ។ ក្នុងកិច្ចពិភាក្សាទ្វេភាគីនេះ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នា ទុកបញ្ហានេះ ឱ្យគណៈកម្មការតំបន់របស់ប្រទេសទាំងពីរជាអ្នកដោះស្រាយ ដោយអះអាងថា វិវាទនៅប្រាសាទតាមាន់ធំ មិនមែនជាបញ្ហាធំដុំ ដែលត្រូវយកមកពិភាក្សាក្នុងក្របខ័ណ្ឌអន្តរជាតិនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។