រដ្ឋាភិបាល​ថៃ​ពន្លឿន​ការ​បង្កើត​គណៈកម្មការ​បច្ចេកទេស ដើម្បី​ដោះស្រាយ​ជាមួយ​កម្ពុជា ក្នុង​រឿង​តំបន់​ត្រួតស៊ីគ្នា

ដោយ ឡេង ម៉ាលី
2024.11.10
រដ្ឋាភិបាល​ថៃ​ពន្លឿន​ការ​បង្កើត​គណៈកម្មការ​បច្ចេកទេស ដើម្បី​ដោះស្រាយ​ជាមួយ​កម្ពុជា ក្នុង​រឿង​តំបន់​ត្រួតស៊ីគ្នា លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត(ស្ដាំ) ជួបនាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៉ីណាវ៉ាត្រា (Paetongtarn Shinawatra) ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី៩ តុលា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paethongthan Shinawatra) បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី៨ ខែវិច្ឆិកា ថា រដ្ឋាភិបាល​របស់​លោកស្រី​នឹង​ដោះស្រាយ​បញ្ហា​តំបន់ ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» ជាមួយ​កម្ពុជា បន្ទាប់​ពី​អ្នកស្រី​ត្រឡប់​មក​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ជី២០ (G20) និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក (APEC) វិញ នៅ​ថ្ងៃ​ទី១៨ ខែវិច្ឆិកា។ នាយក​រដ្ឋមន្ត្រី​ថៃ​រូប​នេះ បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ​មិន​អាច​ដក​ខ្លួន​ជា​ឯកតោ​ភាគី ចេញ​ពី​អនុស្សរណៈ​យោគយល់​គ្នា (MOU) ដែល​កម្ពុជា និង​ភាគី​ថៃ បាន​ព្រមព្រៀង​គ្នា​ស្ដីពី​ការ​អភិវឌ្ឍន៍​រួម​គ្នា នៃ​ធនធាន​ប្រេង និង​ឧស្ម័ន កាល​ពី​ឆ្នាំ២០០១ បាន​ឡើយ ព្រោះ​ករណី​នេះ នឹង​ធ្វើ​ឱ្យ​មាន​ភាព​ល្អក់​កករ​ក្នុង​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំង​ពីរ ហើយ​ភាគី​កម្ពុជា​អាច​នឹង​ប្ដឹង​តវ៉ា ក៏​អាច​ថា​បាន។

អ្នកស្រី ផែថងថាន បាន​អះអាង​ថា នៅ​ជំនួប​ក្នុង​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​មេគង្គ (GMS) លើក​ទី៨ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី៧ ខែវិច្ឆិកា លោកស្រី​បាន​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធ​នឹង​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​តំបន់ ដែល​អះអាង​ថា «ត្រួតស៊ីគ្នា»នេះ ដោយ​អ្នកស្រី ផែថងថាន បាន​អះអាង​ថា ភាគី​កម្ពុជា​បាន​បង្ហាញ​អំពី​គោលជំហរ​ជួយ​គាំទ្រ​ភាគី​ថៃ ក្នុង​ការ​រៀបចំ​កិច្ចចរចា ដើម្បី​បញ្ជាក់​ឱ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​ពីរ​មើល​ឃើញ​ថា គ្មាន​ភាគី​ណា​មួយ មាន​ប្រៀប​ជាង​គ្នា ឬ​មាន​មាន​បញ្ហា​នោះ​ឡើយ រួម​ទាំង​ករណី​កោះគុត​ (Koh Kut) ផង​ដែរ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្តសៀមរាប លោក អ៊ុំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៩ ខែវិច្ឆិកា ថា បញ្ហា​ការ​ចរចា​ក្នុង​វិវាទ​តំបន់ ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» រវាង​ថៃ និង​កម្ពុជា​នេះ អាច​មាន​ការ​សម្របសម្រួល​សម្ងាត់​ក្រៅ​ផ្លូវការ​របស់​គ្រួសារ​មេ​ដឹកនាំ នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​ឪពុក និង​ឪពុក​រាប់អាន​គ្នា​ធ្វើ​ជា​បងប្អូន​ធម៌។

លោក អ៊ុំ សំអាន៖ «ហើយ​អាច​មួយទៀត ដោយសារ​ត្រកូល​ហ៊ុន កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ផង អ៊ីចឹង​អាច​ស៊ុមគ្រលុំ​ជាមួយ​មេដឹកនាំ​ថៃ​បូម​យក​ប្រេង​ទៅ ប្រសិនបើ​ជា​ឡើង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ ក៏​ត្រូវការ​ពេល​យូរ​ដែរ។ អ៊ីចឹង​ដើម្បី​ត្រូវការ​លុយ​យក​មក​ទប់​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន អ៊ីចឹង​សុខចិត្ត​ស៊ុមគ្រលុំ​គ្នា រកស៊ី​ជាមួយ​គ្នា​នៅ​លើ​តំបន់​ត្រួតស៊ីគ្នា​ហ្នឹង​ទៅ»

កាលពីថ្ងៃទី៤ ខែវិច្ឆិកា នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​ថ្លែង​នៅ​ពី​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយ​អះអាង​ថា កោះគុត គឺ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ​ផ្ដាច់មុខ​ជា​យូរ​ណាស់​មក​ហើយ ដោយ​ផ្អែក​លើ​សន្ធិសញ្ញា​បារាំង។ ជាមួយ​គ្នា​នេះ អ្នកស្រី​បាន​អះអាង​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​ព្រម​ទទួល​ស្គាល់ និង​មិន​ទាមទារ​កោះគុត ពី​ថៃ​នោះ​ឡើយ ហើយ​បញ្ហា​កោះគុត​នេះ ក៏​រដ្ឋាភិបាល​ថៃ​មិន​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ចចរចា​ស្ដីពី​តំបន់​ត្រួត​ស៊ី​គ្នា​ឡើយ។

ទោះ​ជា​បែប​នេះ​ក្ដី អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មណ្ឌល​ខេត្តសៀមរាប លោក អ៊ុំ សំអាន អះអាង​ថា យោង​តាម​អនុសញ្ញា​បារាំង - សៀម ឆ្នាំ១៩០៧ បារាំង​បាន​កំណត់​ព្រំដែន​សមុទ្រ​ថា ត្រូវ​យក​ចំណុច​ខ្ពស់​បំផុត​នៃ​កោះគុត​ជា​គោល។ ចំណុច​ខ្ពស់​បំផុត នៃ​កោះគុត កម្ពុជា​ត្រូវ​ទទួល​បាន​ដី​មួយ​ផ្នែក​ធំ​នៃ​កោះ​នេះ ឬ​ស្មើ​នឹង ២/៣ នៃ​កោះ​គុត​ទាំង​មូល រីឯ​ភាគី​ថៃ​ទទួល​បាន​ដី ១/៣ នៃ​កោះ​នេះ។

ថៃ​បាន​ចូល​កាន់កាប់​កោះ​គុត និង​ផ្នែក​ដែន​សមុទ្រ​ខ្មែរ​នៅ​តំបន់ ដែល​អះអាង​ថា «ត្រួត​ស៊ី​គ្នា» (OCA) គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ១៩៨២ ជាមួយ​ប្រទេស​វៀតណាម។ លោក អ៊ុំ សំអាន ចោទ​ថា ការណ៍ ដែល​រដ្ឋាភិបាល​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​លោក ហ៊ុន សែន ចុះ​កិច្ច​ព្រមព្រៀង​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ឆ្នាំ១៩៨២ ជាមួយ​វៀតណាម និង​ការ​ធ្វើ​ឱ្យ​រាល់​សន្ធិសញ្ញា​ខុស​ច្បាប់​នានា កាល​ពី​សម័យ​នោះ​រស់​ឡើង​វិញ តាម​រយៈ​ការ​ធ្វើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​បាត់បង់​អធិបតេយ្យ​លើ​កោះ​គុត និង​ដែន​សមុទ្រ​ខ្មែរ​ប្រមាណ ៣ម៉ឺន​គីឡូម៉ែត្រ​ការ៉េ (៣០.០០០)

បច្ចុប្បន្ន​កោះ​គុត ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​អភិវឌ្ឍ ដោយ​បង្កើត​ទៅ​ជា​តំបន់​ទេសចរណ៍ ដោយ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ប្រហែល ៣០ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​កោះ​នេះ ក៏​ជា​កន្លែង​ទាហាន​ជើង​ទឹក​របស់​ថៃ យក​ធ្វើ​ជា​កន្លែង​សម​យុទ្ធ​ផង​ដែរ។ តំបន់ ដែល​ភាគី​ថៃ​អះអាង​ថា ជា​តំបន់ «ត្រួតស៊ីគ្នា» នេះ អាច​មាន​កំណប់​ប្រេង និង​ឧស្ម័ន ដែល​មាន​តម្លៃ​យ៉ាង​ហោច​ណាស់ ៣០០ពាន់​លាន​ដុល្លារ។

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ឡាំ ជា និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៩ ខែវិច្ឆិកា។

ជុំវិញ​រឿង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ឃើញ​ថា ការ​ចរចា​រវាង​កម្ពុជា-ថៃ ក្នុង​វិវាទ​ដែន​សមុទ្រ​នេះ អាច​នឹង​បន្ត​ជាប់​គាំង ដោយសារ​អ្នក​នយោបាយ​ប្រឆាំង​នៃ​ប្រទេស​ទាំង​ពីរ បាន​យក​បញ្ហា​នេះ ធ្វើ​ជា​អាវុធ​នយោបាយ។ លោក សេង វណ្ណលី បន្ត​ថា ដើម្បី​បញ្ចប់​វិវាទ​មួយ​នេះ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ចរចា​ជាមួយ​ភាគី​ថៃ ឱ្យ​បញ្ជូន​សំណុំរឿង​នេះ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដើម្បី​ដោះ​ស្រាយ។

លោក សេង វណ្ណលី៖ «ដោយសារ​តែ​តាមពិត​ទៅ មិនមែន​រាល់​បញ្ហា​យើង​ត្រូវតែ​លើក​ទៅ​តុលាការ​អន្តរជាតិ​នោះ​ទេ ក៏ប៉ុន្តែ​ដោយសារ​បញ្ហា​នេះ គឺជា​បញ្ហា​មាន​ភាព​ស្មុគស្មាញ ហើយ​ភាគី​ថៃ​កំពុង​លើក​យក​បញ្ហា​នេះ ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​មាន​ឧត្ដមគតិ​ស្នេហា​ជាតិ​របស់​ខ្លួន ដែល​អាច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពលរដ្ឋ​នឹង​ពលរដ្ឋ និង​បង្ក​ទៅ​ជា​អរិភាព​នៅ​ក្នុង​ចំណោម​អ្នកនយោបាយ»

លោក អ៊ុំ សំអាន លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​លើក​បញ្ហា​កោះ​គុត យក​ទៅ​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ចចរចា​ស្ដីពី​តំបន់ ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» និង​ទាមទារ​ចំណែក ២ ភាគ ៣ នៃ​កោះ​នេះ​យក​មក​គ្រប់គ្រង​វិញ ព្រោះ​ប្រសិនបើ​កម្ពុជា​បាត់បង់​កោះ​គុត នោះ នឹង​ជះ​ឥទ្ធិពល​ដល់​ការ​បែង​ ចែង​តំបន់ ដែល​អះអាង​ថា «ត្រួតស៊ីគ្នា» ហើយ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ដែន​សមុទ្រ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ទាមទារ​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។