ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២១ គឺជាខួបពីរឆ្នាំនៃការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។ របបលោក ហ៊ុន សែន បានប្រើគ្រប់វិធីដើម្បីបិទផ្លូវអ្នកនយោបាយដ៏មានឥទ្ធិពលរូបនេះ មិនឱ្យវិលចូលស្រុកវិញបានឡើយ។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិលើកឡើងថា ថ្នាក់ដឹកនាំគណបក្សនេះនៅតែមានបំណងវិលត្រឡប់មកកម្ពុជាវិញ ដោយមិនខ្លាចការគំរាមកំហែងណាមួយនោះឡើយ។
ការបង្ក្រាបរបស់អាជ្ញាធររបបលោក ហ៊ុន សែន លើសកម្មជនគណបក្សសង្គ្រោះជាតិក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា អាចរាប់បានថា ជាការបង្ក្រាបទ្រង់ទ្រាយធំមិនធ្លាប់មានទៅលើអ្នកមានទស្សនៈនយោបាយផ្ទុយ តាមរយៈប្រព័ន្ធតុលាការ។ មនុស្សរាប់រយនាក់ត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងផ្ដន្ទាទោស ដោយសារតែការអនុវត្តសិទ្ធិសេរីភាព និងគាំទ្រមេដឹកនាំនយោបាយដែលពួកគាត់ពេញចិត្ត។
មេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅឃុំស្ពឺ ខេត្តកំពង់ចាម លោក សយ ស៊ីថាត គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកជាច្រើននាក់ទៀតនៃគណបក្សប្រឆាំង ដែលត្រូវបានរបបលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារជាង ១ខែ ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់។ លោកឱ្យដឹងថា អង្គហេតុដែលនាំឱ្យគេចាប់ខ្លួន និងចោទប្រកាន់លោក មិនមែនដោយសារលោកបានប្រព្រឹត្តបទល្មើសអ្វីនោះទេ តែគឺដោយសារលោកបានជួបជុំគ្នាហូបនំបញ្ចុកសាមគ្គី និងគាំទ្រគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។ លោក សយ ស៊ីថាត ថ្លែងទៀតថា ការបង្ក្រាបរបស់អាជ្ញាធរលើពលរដ្ឋក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា មានលក្ខណៈប្រហែលគ្នាទៅនឹងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ ១៩៩៧ គ្រាន់តែមួយប្រើអាវុធ និងមួយទៀតប្រើប្រព័ន្ធតុលាការ៖ «ចាប់យកទៅដាក់គុកទាំងអយុត្តិធម៌ គ្រួសារចំណាយថវិកាដើម្បីបានទៅឱ្យប្ដីនៅក្នុងគុកហ្នឹងបានហូប បានឆ្ងាញ់ បានអ្វី វាខាតបង់ច្រើន។ និយាយឱ្យចំ ព្រឹត្តិការណ៍វាសាហាវប្រហែលគ្នា គ្រាន់តែគុកមួយ គឺគុកឥតជញ្ជាំង គុកមួយធ្វើបាបយើងដោយទារុណកម្មផ្លូវកាយ និងផ្លូវចិត្ត ឯមួយទៀត គឺសម្លាប់ដោយបាត់បង់ជីវិត។ អាហ្នឹងវាប្រហាក់ប្រហែលតែគ្នាទេ។ សិទ្ធិជាមនុស្ស ការស្លាប់ ហើយនិងការបាត់បង់សេរីភាពហ្នឹង គឺប្រហែលគ្នាដូចមនុស្សស្លាប់អ៊ីចឹងដែរ » ។
ដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មិនបានសម្រេចគោលដៅនោះទេ ដោយសារតែរបបលោក ហ៊ុន សែន បានរារាំងគ្រប់រូបភាព មានទាំងការចល័តទ័ពតាមបណ្ដោយព្រំដែន និងទីក្រុងភ្នំពេញ ការហាមឃាត់ក្រុមហ៊ុនយន្តហោះមិនឱ្យដឹកលោក សម រង្ស៊ី មកកម្ពុជា ព្រមទាំងការស្នើសុំប្រទេសថៃកុំអនុញ្ញាតឱ្យមេបក្សប្រឆាំងរូបនេះចូលទឹកដីថៃ ជាដើម។
ជាងនេះទៅទៀត របបលោក ហ៊ុន សែន បានបើកយុទ្ធនាការទ្រង់ទ្រាយធំកម្ចាត់សកម្មជនបក្សប្រឆាំងនៅក្នុងស្រុក។ អាជ្ញាធរបានចាប់ខ្លួនអ្នកគាំទ្រដំណើរវិលចូលស្រុករបស់លោក សម រង្ស៊ី យ៉ាងហោចណាស់ជាង ៧០ នាក់ដាក់ពន្ធនាគារ និងចោទប្រកាន់សកម្មជនលើសពី ១៣០នាក់ ពីបទ «រួមគំនិតក្បត់» និង«ញុះញង់»។ មកទល់ពេលនេះ តុលាការរបបលោក ហ៊ុន សែន នៅតែបន្តប្រើប្រាស់សំណុំរឿងព្រឹត្តិការណ៍ ៩ វិច្ឆិកា ជាហេតុផលដើម្បីចោទប្រកាន់ ចាប់ខ្លួន និងផ្ដន្ទាទោសមន្ត្រី និងសកម្មជនបក្សប្រឆាំង ដើម្បីបំបិទសិទ្ធិនយោបាយរបស់ពួកគេ។ គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះ មានសកម្មជនច្រើនជាង ២៥នាក់ ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ៧ ឆ្នាំ ខណៈសកម្មជនរាប់រយនាក់ទៀតកំពុងរង់ចាំសវនាការ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា កត់សម្គាល់ថា ការចាប់ខ្លួនក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា នោះ គឺជាការចាប់ខ្លួនសកម្មជននយោបាយច្រើនជាងពេលណាៗទាំងអស់ ក្រោយការបោះឆ្នោតឆ្នាំ ១៩៩៣។ លោកថា ចំណាត់ការទាំងឡាយលើសកម្មជនបក្សប្រឆាំងនេះ ធ្វើឱ្យសហគមន៍ជាតិ និងអន្តរជាតិមើលឃើញកាន់តែច្បាស់ពីកង្វះឯករាជ្យនៃប្រព័ន្ធតុលាការកម្ពុជា ហើយសេចក្តីសម្រេចក្នុងសំណុំរឿងទាំងនេះត្រូវបានគេវាយតម្លៃថា មិនមានយុត្តិធម៌តាមផ្លូវច្បាប់នោះឡើយ៖ « អ្នកណាក៏ដោយឱ្យតែមានកំហុស គឺគេកាត់ទោសទាំងអស់ហ្នឹង មានទោសទាំងអស់គ្នាហ្នឹង មិនមែនតែសកម្មជននយោបាយទេ។ ប៉ុន្តែគ្រាន់តែថា ដោយសារតែប្រព័ន្ធយុត្តិធម៌ដែលគេមើលឃើញថា វាអត់មានឯករាជ្យពិតប្រាកដសម្រាប់ដំណើរការកាត់សេចក្ដីអ្នកនយោបាយ។ អ៊ីចឹងហើយ វាធ្វើឱ្យអ្នកនយោបាយបក្សប្រឆាំងហ្នឹងរងគ្រោះ ដោយសារតែប្រព័ន្ធយុត្តិធម៌យើងដែលមិនទាន់ឯករាជ្យហ្នឹង»។
ក្រៅពីការចាប់ឃុំខ្លួន ចោទប្រកាន់ និងផ្ដន្ទាទោសសកម្មជនបក្សប្រឆាំងដល់រាប់រយនាក់បែបនេះហើយ របបលោក ហ៊ុន សែន បានប្រើវិធីសាស្ត្រមួយទៀតដើម្បីបិទច្រកថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងមួយចំនួនដែលកំពុងភៀសខ្លួននៅក្រៅប្រទេស មិនឱ្យវិលមកកម្ពុជាវិញ។ នោះគឺការលុបចោលលិខិតឆ្លងដែនរបស់ពួកគេប្រមាណ ៤០នាក់ ដែលករណីនេះ ត្រូវបានក្រុមមន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ជាទង្វើល្មើសច្បាប់ធ្ងន់ធ្ងរប្រព្រឹត្តដោយអាជ្ញាធររដ្ឋាភិបាល។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ថ្លែងដដែលៗថា ចំណាត់ការលើសកម្មជនបក្សប្រឆាំងក្នុងព្រឹត្តិការណ៍ ៩ វិច្ឆិកា នោះ គឺជាការអនុវត្តច្បាប់ មិនមែនជាការបង្ក្រាបលើសិទ្ធិសេរីភាពពលរដ្ឋនោះទេ។ លោកបញ្ជាក់ថា រដ្ឋាភិបាលចាត់ទុកដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ថាជាផែនការទុច្ចរិត ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដូច្នេះអ្នកគាំទ្រផែនការនេះមិនអាចរួចខ្លួនឡើយ។
ទាក់ទងនឹងការលុបចោលលិខិតឆ្លងដែនរបស់មន្ត្រីជាន់ខ្ពស់ និងសកម្មជនបក្សប្រឆាំងវិញលោក សុខ ឥសាន ទទួលស្គាល់ថា ការធ្វើបែបនេះ គឺដើម្បីបិទផ្លូវពួកគេមិនឱ្យវិលចូលកម្ពុជាវិញ ព្រោះលោកថា រដ្ឋាភិបាលចាត់ទុកអ្នកទាំងនោះថា ជាក្រុមខុសច្បាប់។ លោកបន្ថែមថា អ្នកទាំងនោះមិនទទួលស្គាល់រដ្ឋាភិបាល ដូច្នេះរដ្ឋាភិបាលក៏មិនទទួលស្គាល់ឯកសារផ្លូវច្បាប់របស់ពួកគេដែរ៖« បើឱ្យក្រុមនេះចូលស្រុក វានាំឱ្យមានអរិភាពនៅក្នុងសង្គម អ៊ីចឹងភាពសុខដុមរមនានៅក្នុងសង្គម វាអត់មានទេ។ អ៊ីចឹងគឺថា មិនបាច់ឱ្យចូលទេ មិនខ្វល់ទេ ឱ្យអ្នកឯងនៅក្រៅប្រទេសរហូតទៅ ទាល់ងាប់ទៅ និយាយឱ្យស្រួលស្ដាប់។ អ្នកឯងរិះរកវិធានការយ៉ាងណាចូលបាន អាហ្នឹង ( រឿង ) អ្នកឯងទៅ។ រាជរដ្ឋាភិបាលអត់ទាក់ទងជាមួយអ្នកឯងតទៅទៀតទេ»។
ឆ្លើយតបនឹងការលើកឡើងនេះ អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង ថ្លែងថា មន្ត្រីបក្សកាន់អំណាចបកស្រាយតាមតែចិត្តនឹកឃើញ ដោយមិនមើលច្បាប់។ លោកថា ការប៉ុនប៉ងបិទផ្លូវពួកលោកឱ្យនៅក្រៅប្រទេសអស់មួយជីវិតនេះ មានន័យស្មើនឹងការនិរទេសពលរដ្ឋខ្លួនឯង ដែលជាទង្វើរំលោភបំពានធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ៖ « ពួកយើងខ្ញុំទាំងអស់គ្នាមានសញ្ជាតិខ្មែរពីកំណើត មិនមែនជាសញ្ជាតិសិប្បនិម្មិតឯណា។ សញ្ជាតិសិប្បនិម្មិតបានគេដកបាន បើសញ្ជាតិពីកំណើតមិនអាចអ្នកណាមកដកសញ្ជាតិយើងបានទេ។ អ៊ីចឹងយើងជាខ្មែរ យើងត្រូវតែមានសិទ្ធិក្នុងការរស់នៅ ប្រើប្រាស់ឯកសារទាំងអស់ជារបស់ខ្មែរ។ ប៉ុន្តែអ្វីៗទាំងអស់ វាសុទ្ធតែជារឿងនយោបាយដោយសារតែលោក ហ៊ុន សែន គាត់ចង់បំបាក់ទឹកចិត្តរបស់យើង អ៊ីចឹងបានគាត់ចេះតែធ្វើទៅ។ ប៉ុន្តែយើងមិនមែនជាអ្នកទាល់ច្រក អស់ច្រកក្នុងការធ្វើអ្វីៗនោះដែរ »។
រដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ ឬនិរទេសឡើយ ហើយពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។
ទោះបីជាមិនទាន់អាចវិលទៅកម្ពុជាវិញក្នុងពេលនេះក្ដី លោក អេង ឆៃអ៊ាង បញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅតែមានបំណងវិលត្រឡប់ទៅមាតុប្រទេសវិញ និងកំពុងរិះរកវិធីដើម្បីធ្វើមាតុភូមិនិវត្តន៍។ រីឯសកម្មជនមូលដ្ឋានវិញ ពួកគាត់ឱ្យដឹងថា ការវិលចូលស្រុករបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គឺជាអ្វីដែលពួកគាត់ទន្ទឹងរង់ចាំ ដើម្បីស្ដារស្ថានការណ៍នយោបាយ បង្រួបបង្រួមជាតិ ព្រមទាំងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សមានដំណើរការជាថ្មីឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
