ខួប​២​ឆ្នាំ​នៃ​ការ​​បង្ក្រាប​​ទ្រង់ទ្រាយ​​ធំ​​លើ​​សកម្មជន​​បក្ស​ប្រឆាំង​​ក្នុង​​ព្រឹត្តិការណ៍ ៩ វិច្ឆិកា

0:00 / 0:00

ថ្ងៃ​ទី៩ វិច្ឆិកា ឆ្នាំ២០២១ គឺ​ជា​ខួប​ពីរ​ឆ្នាំ​នៃ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​គណបក្ស​សង្គ្រោះ​ជាតិ។ របប​លោក ហ៊ុន សែន បាន​ប្រើ​គ្រប់​វិធី​ដើម្បី​បិទ​ផ្លូវ​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ មិន​ឱ្យ​វិល​ចូល​ស្រុក​វិញ​បាន​ឡើយ។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ថា ថ្នាក់ដឹកនាំ​​គណបក្ស​នេះ​នៅ​តែ​មាន​បំណង​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​មិន​ខ្លាច​ការ​គំរាម​កំហែង​ណាមួយ​នោះ​ឡើយ។

ការ​បង្ក្រាប​របស់​អាជ្ញាធរ​របប​លោក ហ៊ុន សែន លើ​សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា អាច​រាប់​បាន​ថា ជា​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​​មានទៅ​លើ​អ្នក​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ តាម​រយៈ​ប្រព័ន្ធ​តុលាការ។ មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​ចោទប្រកាន់ ចាប់ខ្លួន និង​ផ្ដន្ទាទោស ដោយសារ​តែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព និង​គាំទ្រ​មេដឹកនាំ​នយោបាយ​ដែល​ពួកគាត់​ពេញចិត្ត។

មេឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឃុំ​ស្ពឺ ខេត្តកំពង់ចាម លោក សយ ស៊ីថាត គឺ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ជាច្រើន​នាក់​ទៀត​នៃ​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​របប​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ជាង ១ខែ ដោយ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់។ លោក​ឱ្យ​ដឹង​ថា អង្គហេតុ​ដែល​នាំ​ឱ្យ​គេ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​លោក មិនមែន​ដោយសារ​លោក​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ទេ តែ​គឺ​ដោយសារ​លោក​បាន​ជួបជុំ​គ្នា​ហូប​នំបញ្ចុក​សាមគ្គី និង​គាំទ្រ​គម្រោង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី។ លោក សយ ស៊ីថាត ថ្លែង​ទៀត​ថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​លើ​ពលរដ្ឋ​ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា មាន​លក្ខណៈ​ប្រហែល​គ្នា​ទៅ​នឹង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ឆ្នាំ ១៩៩៧ គ្រាន់​តែ​មួយ​ប្រើ​អាវុធ និង​មួយ​ទៀត​ប្រើ​ប្រព័ន្ធ​តុលាការ៖ «ចាប់​យក​ទៅ​ដាក់​គុក​ទាំង​អយុត្តិធម៌ គ្រួសារ​ចំណាយ​​ថវិកា​ដើម្បី​បាន​ទៅ​ឱ្យ​ប្ដី​នៅ​ក្នុង​គុក​ហ្នឹង​បាន​ហូប បាន​ឆ្ងាញ់ បាន​អ្វី វា​ខាតបង់​ច្រើន។ និយាយ​ឱ្យ​ចំ ព្រឹត្តិការណ៍​វា​សាហាវ​ប្រហែល​គ្នា គ្រាន់តែ​គុក​មួយ គឺ​គុក​ឥត​ជញ្ជាំង គុក​មួយ​ធ្វើ​បាប​យើង​ដោយ​ទារុណកម្ម​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ឯ​មួយ​ទៀត​ គឺ​សម្លាប់​ដោយ​បាត់បង់​ជីវិត។ អាហ្នឹង​វា​ប្រហាក់​ប្រហែល​តែ​គ្នា​ទេ។ សិទ្ធិ​ជា​មនុស្ស ការ​ស្លាប់ ហើយ​និង​ការ​បាត់បង់​សេរីភាព​ហ្នឹង គឺ​ប្រហែល​គ្នា​ដូច​មនុស្ស​ស្លាប់​អ៊ីចឹង​ដែរ »

ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មិន​បាន​សម្រេច​គោលដៅ​នោះ​ទេ ដោយសារ​តែ​របប​លោក ហ៊ុន សែន បាន​រារាំង​គ្រប់​រូបភាព មាន​ទាំង​ការ​ចល័ត​ទ័ព​តាម​បណ្ដោយ​ព្រំដែន និង​ទីក្រុង​ភ្នំពេញ ការ​ហាម​ឃាត់​ក្រុមហ៊ុន​យន្តហោះ​មិន​ឱ្យ​ដឹក​លោក សម រង្ស៊ី មក​កម្ពុជា ព្រមទាំង​ការ​ស្នើសុំ​ប្រទេស​ថៃ​កុំ​អនុញ្ញាត​ឱ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ចូល​ទឹក​ដី​ថៃ ជាដើម។

ជាង​នេះ​ទៅ​ទៀត របប​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​កម្ចាត់​សកម្មជន​បក្ស​ប្រឆាំង​នៅ​ក្នុងស្រុក។ អាជ្ញាធរ​បាន​ចាប់​ខ្លួន​អ្នក​គាំទ្រ​ដំណើរ​វិល​​ចូល​ស្រុក​របស់​លោក សម រង្ស៊ី យ៉ាងហោចណាស់​ជាង ៧០ នាក់​ដាក់​ពន្ធនាគារ និង​ចោទ​ប្រកាន់​សកម្មជន​លើស​ពី ១៣០នាក់ ពី​បទ «រួមគំនិតក្បត់»​ និង​​«ញុះញង់»។ មកទល់​ពេលនេះ តុលាការ​របប​លោក ហ៊ុន សែន នៅតែ​បន្ត​ប្រើប្រាស់​សំណុំរឿង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ជា​ហេតុផល​ដើម្បី​ចោទប្រកាន់ ចាប់ខ្លួន និង​ផ្ដន្ទាទោស​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ដើម្បី​បំបិទ​សិទ្ធិ​នយោបាយ​របស់​ពួកគេ។ គិត​ត្រឹម​ដើម​ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មាន​សកម្មជន​ច្រើន​ជាង ២៥នាក់ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥ ឆ្នាំ​ទៅ ៧ ឆ្នាំ ខណៈ​សកម្មជន​រាប់​រយ​នាក់​​ទៀត​កំពុង​រង់ចាំ​សវនាការ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា កត់​សម្គាល់​ថា ការ​ចាប់ខ្លួន​ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ​នោះ គឺ​ជា​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​ច្រើន​ជាង​ពេល​ណាៗ​ទាំង​អស់ ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៣។ លោក​ថា ចំណាត់ការ​ទាំងឡាយ​លើ​សកម្មជន​បក្ស​ប្រឆាំង​នេះ ធ្វើ​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​កាន់តែ​ច្បាស់​ពី​កង្វះ​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា ហើយ​សេចក្តី​សម្រេច​ក្នុង​សំណុំ​រឿង​ទាំង​នេះ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា មិន​មាន​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ៖ « អ្នកណា​ក៏ដោយ​ឱ្យ​តែ​មាន​កំហុស គឺ​គេ​កាត់​ទោស​ទាំងអស់​ហ្នឹង មាន​ទោស​ទាំង​អស់​គ្នា​ហ្នឹង មិនមែន​តែ​សកម្មជន​នយោបាយ​​ទេ។ ប៉ុន្តែ​គ្រាន់តែ​ថា ដោយសារ​តែ​ប្រព័ន្ធ​យុត្តិធម៌​ដែល​គេ​មើល​ឃើញ​ថា វា​អត់​មាន​ឯករាជ្យ​ពិតប្រាកដ​សម្រាប់​ដំណើរការ​កាត់​សេចក្ដី​អ្នក​នយោបាយ។ ​អ៊ីចឹង​ហើយ វា​ធ្វើ​ឱ្យ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ហ្នឹង​រងគ្រោះ ដោយសារតែ​ប្រព័ន្ធ​យុត្តិធម៌​យើង​ដែល​មិន​ទាន់​ឯករាជ្យ​ហ្នឹង»។

ក្រៅ​ពី​ការ​ចាប់​ឃុំខ្លួន ចោទប្រកាន់ និង​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​ដល់​រាប់​រយ​នាក់​បែប​នេះ​ហើយ របប​លោក ហ៊ុន សែន បាន​ប្រើ​វិធី​សាស្ត្រ​មួយ​ទៀត​ដើម្បី​បិទ​ច្រក​ថ្នាក់ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​មួយចំនួន​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស មិន​ឱ្យ​វិល​មក​កម្ពុជា​វិញ។ នោះ​គឺ​ការ​លុប​ចោល​លិខិត​ឆ្លង​ដែន​របស់​ពួកគេ​ប្រមាណ ៤០នាក់ ដែល​ករណីនេះ ​ត្រូវ​បាន​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ចាត់ទុក​ថា ជា​ទង្វើ​ល្មើស​ច្បាប់​ធ្ងន់ធ្ងរ​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល។

ទោះជាយ៉ាងណា មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាចលោក សុខ ឥសាន ថ្លែង​ដដែលៗ​ថា ចំណាត់​ការ​លើ​សកម្មជន​បក្ស​ប្រឆាំង​ក្នុង​ព្រឹត្តិការណ៍ ៩ វិច្ឆិកា ​នោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់ មិនមែន​ជា​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នោះ​ទេ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ចាត់​ទុក​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ថា​ជា​ផែនការ​ទុច្ចរិត ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល ដូច្នេះ​អ្នកគាំទ្រ​ផែនការ​នេះ​មិន​អាច​រួច​ខ្លួន​ឡើយ។

ទាក់ទង​នឹង​ការ​លុប​ចោល​លិខិត​ឆ្លងដែន​របស់​មន្ត្រី​ជាន់ខ្ពស់ និង​សកម្មជន​បក្ស​ប្រឆាំង​វិញលោក សុខ ឥសាន ទទួល​ស្គាល់​ថា ការ​ធ្វើ​បែបនេះ គឺ​ដើម្បី​បិទផ្លូវ​ពួកគេ​​មិន​ឱ្យ​វិល​ចូល​កម្ពុជា​វិញ ព្រោះ​លោក​ថា រដ្ឋាភិបាល​ចាត់​ទុក​អ្នក​ទាំងនោះ​ថា ជា​ក្រុម​ខុស​ច្បាប់។ លោក​បន្ថែម​ថា អ្នក​ទាំងនោះ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល ដូច្នេះ​រដ្ឋាភិបាល​ក៏​មិន​ទទួល​ស្គាល់​ឯកសារ​ផ្លូវ​ច្បាប់​របស់​ពួកគេ​ដែរ៖« បើ​ឱ្យ​ក្រុម​នេះ​ចូល​ស្រុក វា​នាំ​ឱ្យ​មាន​អរិភាព​នៅក្នុង​សង្គម អ៊ីចឹង​ភាព​សុខដុម​រមនា​នៅ​ក្នុង​សង្គម វា​អត់​មាន​ទេ។ អ៊ីចឹង​គឺ​ថា មិន​បាច់​ឱ្យ​ចូល​ទេ មិន​ខ្វល់​ទេ ឱ្យ​អ្នក​ឯង​នៅ​ក្រៅ​ប្រទេស​រហូត​ទៅ ទាល់​ងាប់​ទៅ និយាយ​ឱ្យ​ស្រួល​ស្ដាប់។ អ្នកឯង​រិះរក​វិធានការ​យ៉ាងណា​ចូល​បាន អាហ្នឹង​ ( រឿង )​ អ្នកឯង​ទៅ។ រាជរដ្ឋាភិបាល​អត់​ទាក់ទង​ជាមួយ​អ្នក​ឯង​តទៅទៀត​ទេ»។

ឆ្លើយតប​នឹង​ការ​លើកឡើង​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិលោក អេង ឆៃអ៊ាង ថ្លែង​ថា មន្ត្រី​បក្ស​កាន់​អំណាច​បកស្រាយ​តាម​តែ​ចិត្ត​នឹកឃើញ ដោយ​មិន​មើល​ច្បាប់។ លោក​ថា ការ​ប៉ុនប៉ង​បិទ​ផ្លូវ​ពួក​លោក​ឱ្យ​នៅ​ក្រៅ​ប្រទេស​អស់​មួយ​ជីវិត​នេះ មាន​ន័យ​ស្មើនឹង​ការ​និរទេស​ពលរដ្ឋ​ខ្លួន​ឯង ដែល​ជា​ទង្វើ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ៖ « ពួក​យើង​ខ្ញុំ​ទាំងអស់​គ្នា​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត មិនមែន​ជា​សញ្ជាតិ​សិប្បនិម្មិត​ឯណា។ សញ្ជាតិ​សិប្បនិម្មិត​បាន​គេ​ដក​បាន បើ​សញ្ជាតិ​ពី​កំណើត​មិន​អាច​អ្នកណា​មក​ដក​សញ្ជាតិ​យើង​បាន​ទេ។ អ៊ីចឹង​យើង​ជា​ខ្មែរ យើង​ត្រូវតែ​មាន​សិទ្ធិ​ក្នុង​ការ​រស់នៅ ប្រើប្រាស់​ឯកសារ​ទាំងអស់​ជា​របស់​ខ្មែរ។ ប៉ុន្តែ​អ្វីៗ​ទាំងអស់ វា​សុទ្ធ​តែ​ជា​រឿង​នយោបាយ​ដោយសារ​តែ​លោក ហ៊ុន សែន គាត់​ចង់​បំបាក់​ទឹក​ចិត្ត​របស់​យើង អ៊ីចឹង​បាន​គាត់​ចេះ​តែ​ធ្វើ​ទៅ។ ប៉ុន្តែ​យើង​មិនមែន​ជា​អ្នក​ទាល់ច្រក អស់​ច្រក​ក្នុង​ការ​ធ្វើ​អ្វីៗ​នោះ​ដែរ »។

រដ្ឋធម្មនុញ្ញ​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​ដក​សញ្ជាតិ ឬ​និរទេស​ឡើយ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ឯ​បរទេស​ត្រូវ​បាន​រដ្ឋ​គាំពារ។

ទោះបី​ជា​មិន​ទាន់​អាច​វិល​ទៅ​កម្ពុជា​វិញ​ក្នុង​ពេល​នេះ​ក្ដី លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​មាន​បំណង​វិល​ត្រឡប់​ទៅ​មាតុប្រទេស​វិញ និង​កំពុង​រិះរក​វិធី​​ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍។ រីឯ​សកម្មជន​មូលដ្ឋាន​វិញ ពួកគាត់​ឱ្យ​ដឹង​ថា ការ​វិល​ចូល​ស្រុក​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​អ្វី​ដែល​ពួកគាត់​ទន្ទឹង​រង់ចាំ ដើម្បី​ស្ដារ​ស្ថានការណ៍​នយោបាយ បង្រួបបង្រួម​ជាតិ ព្រមទាំង​ធ្វើ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​មាន​ដំណើរការ​ជាថ្មី​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។