គ្រួសារដង្ហោយហៅរកយុត្តិធម៌ក្រោយតុលាការផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារ ១៨ខែ ក្នុងសំណុំរឿងចេញសែកស្អុយ
2023.09.21

ក្រុមគ្រួសារ និងមេធាវីចាត់ទុកថាការផ្ដន្ទាទោសមកលើលោក ថាច់ សេដ្ឋាឱ្យជាប់ពន្ធនាគារ១៨ ខែ គឺជារឿងអយុត្តិធម៌ និងធ្វើឱ្យប៉ះពាល់ដល់អនាគតកូនៗ និងការងារនយោបាយលោក ខណៈក្រុមគ្រួសារ និងមេធាវី ថានឹងបន្តស្វែងរកភាពស្អាតស្អំដល់លោក ថាច់ សេដ្ឋា។ មន្ត្រីសង្គមស៊ីវិលយល់ថា រាល់បទចោទប្រកាន់មកលើ លោក ថាច់ សេដ្ឋា ជារឿងនយោបាយជាជាងការអនុវត្តច្បាប់។
ការទាមទារយុត្តិធម៌ពីក្រុមគ្រួសារ និងមេធាវី លោក ថាច់ សេដ្ឋានេះ ក្រោយសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ចេញសាលក្រមផ្ដន្ទាទោសអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ ក្នុងសំណុំរឿងចេញសែកស្អុយ ឬសែកអត់ប្រាក់។
ក្រៅពីផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ឱ្យជាប់ពន្ធនាគារ ១៨ ខែហើយនោះ តុលាការក៏បង្គាប់ឱ្យអ្នកនយោបាយប្រឆាំងដើមកំណើតខ្មែរក្រោមរូបនេះ សងសំណងរដ្ឋប្បវេណីទៅកាន់ដើម
បណ្ដឹងជិត ៣ម៉ឺន ៤ពាន់ (៣.៣៤០០) ដុល្លារអាមេរិក និងសងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណីដដែលចំនួន ៥ លានរៀល។ ក្រៅពីនោះ តុលាការក៏បង្គាប់ឱ្យលោក ថាច់ សេដ្ឋា បង់ប្រាក់ពិន័យចូលរដ្ឋចំនួន ៣ លានរៀលថែមទៀតដែរ។
ក្រោយចេញពីសវនាការសហមេធាវី ដែលការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោកបណ្ឌិត សឺន ជុំជួន ចាត់ទុកថាការផ្ដន្ទាទោសមកលើកូនក្ដីគឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។ លោក សឺន ជុំជួន ថាសំណុំរឿងចេញសែកស្អុយ ឬសែកអត់ប្រាក់ និងសំណុំរឿងផ្សេងៗ ទៀត ខាងតំណាងអយ្យការមិនមានភស្តុតាងជាក់លាក់អាចដាក់បន្ទុកលើកូនក្ដីរបស់លោកនោះទេ។
លោក សឺន ជុំជួន៖«សម្រាប់ខ្ញុំដោយយើងផ្អែកទៅលើឯកសារភស្តុតាងកន្លងមកដែលយើងពិភាក្សាដេញដោលកន្លងមក ដូចជាមិនមានមូលដ្ឋានគ្រប់គ្រាន់ទេ សម្រាប់ឱ្យតុលាការពិចារណា និងផ្ដន្ទាទោសកូនក្ដីខ្ញុំ អ៊ីចឹងមានការសោកស្ដាយដែរសម្រាប់អ្វីដែលជាការប្រកាសសាលក្រមថ្ងៃនេះ»។
ដោយឡែកប្រពន្ធលោក ថាច់ សេដ្ឋា គឺ លោកស្រី ថាច់ សុខបូរ៉ានី បានលើកឡើងថាការសម្រេចរបស់ចៅក្រមនេះ ធ្វើឱ្យក្រុមគ្រួសាររបស់លោកស្រីមិនអាចទទួលយកបានឡើយ។ លោកស្រី ថាច់ សុខបូរ៉ានី ថាការសម្រេចរបស់ចៅក្រមមិនបានស្វែងរកការពិត និងមិនផ្ដល់ភាពស្អាតស្អំដល់ប្ដី ហើយការផ្ដន្ទាទោសនេះនឹងធ្វើឱ្យប៉ះពាល់ដល់អនាគតកូនៗលោកស្រី។
លោកស្រី ថាច់ សុខបូរ៉ានី៖ «ទម្លាក់បទចោទដោះលែងគាត់ ឱ្យគាត់មានសេរីភាពមកជួបប្រពន្ធកូនដោយសាររយៈពេលប៉ុន្មានខែ ក្នុងគ្រួសារការចាយវាយ អត់ពីគាត់ទៅពិបាកណាស់ គាត់ឈឺចាប់ត ប៉ុន្តែគាត់បានតែលើកឡើង»។
លោកស្រី ថាច់ សុខបូរ៉ានី បន្ថែមថាលោកស្រីមិនអស់សង្ឃឹមក្នុងការស្វែងរកយុត្តិធម៌ដល់ប្ដីនោះទេ ព្រោះថាកូនៗ អ្នកស្រីកំពុងរងចាំលោកថាច់ សេដ្ឋា ត្រឡប់មកផ្ទះវិញ។
មុនការប្រកាសសាលក្រមករណីខាងលើនេះ ចៅក្រមជំនុំជម្រះ លោកស្រី ឈុន ដាវី តំណាងអយ្យការ លោក សេង ហៀង បានបន្តសួរដេញដោលលោក ថាច់ សេដ្ឋា លើ សំណុំរឿង២ផ្សេងទៀត គឺបទញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម និងបទញុះញង់ឱ្យមានការរើសអើងពូជសាសន៍តាមមាត្រា ៤៩៤ ៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ។ សវនាការព្រឹកនេះក៏មានការចូលឃ្លាំមើលពីមន្ត្រីស្ថានទូតប្រជាធិបតេយ្យរួមមានសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងសហភាពអឺរ៉ុប ផងដែរ។
តំណាងអយ្យការ លោក សេង ហៀង បានចោទជាសំណួរទៅកាន់លោក ថាច់ សេដ្ឋា បានលើកឡើងនៅវេទិកាជាមួយពលករកូរ៉េកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ អំពីប្រវត្តិគណបក្សប្រជាជន ស្តូបមិត្តភាពកម្ពុជាវៀតណាម និងប្រវត្តិ៧មករា។ លោក សេង ហៀង ចាត់ទុកការអធិប្បាយរបស់លោក ថាច់ សេដ្ឋា នេះគឺជាអំពើទុច្ចរិត និងមានគោលបំណងបញ្ឆេះកំហឹងដល់ពលរដ្ឋឱ្យស្អប់គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាល និងមានចេតនាកេងចំណេញនយោបាយមុនការបោះឆ្នោតខិតចូលមកដល់។
ឆ្លើយតបនឹងសំនួររបស់តំណាងអយ្យការនេះ លោក ថាច់ សេដ្ឋា បានអះអាងថាក្នុងនាមរូបលោកជាអ្នកនយោបាយ និងជាអតីតគ្រូប្រវត្តិសាស្ត្រផង បើមិនឱ្យលោកនិយាយរឿងប្រវត្តិសាស្ត្រ តើឱ្យលោកនិយាយរឿងកំប្លែងឬយ៉ាងណា។ លោក ថាច់ សេដ្ឋា បន្ថែមទៀតថាការដែលលោកនិយាយពីប្រវត្តិសាស្ត្រដើម្បីឱ្យកូនខ្មែរមានស្មារតីភ្ញាក់រលឹក មានស្មារតីជាតិនិយម និងដឹងពីល្បិចកលរបស់ប្រទេសជិតខាងដែលលោកសំដៅដល់ប្រទេសវៀតណាមដែលព្យាយាមបំបែកបំបាក់ខ្មែរ។
ថ្លែងក្នុងសេចក្ដីសន្និដ្ឋាន លោក សេង ហៀង នៅតែអះអាងថាការអធិប្បាយរបស់លោក ថាច់ សេដ្ឋា ទាំងនេះគឺជាបទល្មើសញុះញង់ដែលអាចឱ្យមានការរើសអើងដល់ជាតិសាសន៍ និងអាចឈានឱ្យអ្នកគាំទ្រលោកបំផ្លាញដល់ស្តូបមិត្តភាពកម្ពុជា វៀតណាម។
ឆ្លើយតបនឹងការសន្និដ្ឋានរបស់តំណាងអយ្យការ មេធាវីការពារសិទ្ធិលោក ថាច់ សេដ្ឋា គឺលោកបណ្ឌិត សឺន ជុំជួន និងលោក សំ សុគង់ ថាការចោទរបស់តំណាងអយ្យការមិនទាន់ទទួលយកបានដោយសារតែក្នុងច្បាប់ជាតិ និងអន្តរជាតិ បានផ្ដល់សិទ្ធិឱ្យពលរដ្ឋលើកឡើងពីមតិយោបល់ ហើយកូនក្ដីរបស់លោកនិយាយដោយផ្អែកតាមឯកសារប្រវត្តិសាស្ត្រនានា ដែលមានលក់នៅតាមសាធារណៈប៉ុណ្ណោះ។
ចំណែក លោក ថាច់ សេដ្ឋា បានលើកឡើងជាចុងក្រោយថាប្រសិនបើប្រទេសកម្ពុជាហាមមិនឱ្យពលរដ្ឋនិយាយរិះគន់ពីគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល គួរតែដូរឈ្មោះជាប្រទេសកុម្មុយនិស្តវិញល្អជាង។
ចៅក្រមជំនុំជម្រះ លោកស្រី ឈុន ដាវី សម្រេចកំណត់ថ្ងៃទី១៨ ខែ តុលា ខាងមុខដើម្បីប្រកាសសាលក្រមលើសំណុំរឿងនេះ។ បន្ទាប់ពីចៅក្រមប្រកាសបិទសវនាការ លោក ថាច់ សេដ្ឋា បានងើបដើរចេញទាំងស្ងៀមស្ងាត់ ខណៈដែលប្រពន្ធ និងកូនស្រីរបស់លោកហូរទឹកភ្នែកដើរចេញពីសវនាការ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃទី ២១ ខែកញ្ញា។
អនុប្រធានបក្សគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ដែលបានមកឃ្លាំមើលសវនាការក្រៅតុលាការលើកឡើងថាការផ្ដន្ទាទោសមកលើលោក ថាច់ សេដ្ឋា គឺជារឿងអយុត្តិធម៌ដល់លោកផង និងគណបក្សភ្លើងទៀនផង។ លោក រ៉ុង ឈុន ថាគណបក្សភ្លើងទៀនមិនដែលភ្លេចអ្នកទោសនយោបាយកំពុងជាប់ឃុំឃាំង និងនៅតែទាមទារឱ្យរដ្ឋាភិបាលដោះលែងដល់ពួកគាត់។
លោក រ៉ុង ឈុន៖ «អ្នកដែលនៅយើងនឹងខិតខំបំពេញ និងបន្តបេសកកម្មរបស់គណបក្សភ្លើងទាន ដើម្បីបម្រើពលរដ្ឋហើយ គណបក្សក៏មិនបំភ្លេចពួកគាត់ដូចជា លោក ថាច់ សេដ្ឋា ឥស្សរជន សកម្មជនគណបក្សភ្លើងទានដែលកំពុងតែជាប់ពន្ធនាគារហ្នឹង យើងតែងតែយកចិត្តទុកដាក់»។
ចំណែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ចាត់ទុកថាការផ្ដន្ទាទោសលើ លោក ថាច់ សេដ្ឋា គឺជាការធ្វើទុកបុកម្នេញផ្នែកនយោបាយជាជាងការអនុវត្តច្បាប់។ លោក អំ សំអាត ថារដ្ឋាភិបាលគួរតែបើកលំហសេរីភាពពលរដ្ឋ និងដោះលែងអ្នកទោសនយោបាយ ដើម្បីជៀសវៀងការដាក់ទណ្ឌកម្មពីបណ្ដាប្រទេសលោកសេរី។
លោក អំ សំអាត៖ «បទចោទលោក ថាច់ សេដ្ឋា លើកទីមួយ ហើយក៏មានបទចោទប្រកាន់ពីរបទក្រោយទៀត អ៊ីចឹងយើងមើលឃើញថាជាការបន្ទុកបន្ថែម ឬធ្វើទុក្ខបុកម្នេញបន្ថែមទៅលើ លោក ថាច់ សេដ្ឋា ដោយសារតែលោកជាអនុប្រធានគណបក្សភ្លើងទៀន»។
លោក ថាច់ សេដ្ឋា ដែលមានអាយុ៧០ឆ្នាំ គឺជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្ដុំវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។