គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្រសួងមហាផ្ទៃអះអាងថា ការស្លាប់កូនប្រុសរបស់ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ នៅក្នុងពន្ធនាគារខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ មេសា ដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន និងខ្វះខាតសមត្ថភាពបច្ចេកទេសជំនាញរបស់សមត្ថកិច្ចជួយអ្នកទោសក្នុងពេលឃុំឃាំង។ ទោះបីយ៉ាងណាសង្គមស៊ីវិលនៅតែសង្ស័យថា ការស្លាប់របស់កូនសកម្មជនបក្សប្រឆាំងនេះ អាចជាប់ពាក់ព័ន្ធទៅនឹងការធ្វើទារុណកម្ម។
ប្រធានផ្នែកនីតិកម្ម និងជំនួយផ្នែកច្បាប់នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម លោក តុប សំភី ប្រាប់អាស៊ីសេរីថា អង្គភាពនេះ ក្រោយពេលចុះស្រាវជ្រាវផ្ទាល់ និងពិនិត្យតាមកាម៉េរ៉ាសុវត្ថិភាពដែលបំពាក់ក្នុងស្នងការដ្ឋានខេត្តកំពង់ចាម បង្ហាញថា ឈ្មោះ ទិត រ៉ន មិនមានរងអំពើទារុណកម្មឡើយ។ លោកប្រាប់ថា លោកនឹងស្នើសុំគោលការណ៍ពីប្រធានស្ថាប័នដើម្បីបង្ហាញឃ្លីបវីដេអូ បង្ហាញពីអាការៈរបស់ លោក ទិត រ៉ន មុនពេលដួលក្នុងបន្ទប់ទឹក នៅកន្លែងឃុំខ្លួនបណ្ដោះអាសន្ន គឺស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៖ « សុំបញ្ជាក់បន្តិច កាមេរ៉ាសុវត្ថិភាពហ្នឹងបានបំពាក់នៅក្នុងបន្ទប់ឃុំបណ្ដោះអាសន្នរបស់ស្នងការដ្ឋាននគរបាល ដែលកាមេរ៉ាសុវត្ថិភាពហ្នឹងមិនបានបញ្ជាក់ពីការស្លាប់តែបានបញ្ជាក់ពីស្ថានភាពនៃសភាពរបស់ឈ្មោះ ទិត រ៉ន ហ្នឹង ដែលគាត់មានអាការៈរញីរញ័រ ដើរមិនចង់រួច ដើរទប់ជាមួយជើងគ្រែរបស់បន្ទប់ឃុំ ហើយគាត់ចូលទៅក្នុងបន្ទប់ទឹករបស់បន្ទប់ឃុំបណ្ដោះអាសន្នរបស់ស្នងការដ្ឋានហ្នឹង គាត់ដួលបោកផ្កាប់មុខជាមួយនឹងបង្គន់។ អាហ្នឹងតាមរយៈសាក្សីនៅក្នុងហេតុការណ៍២នាក់ ជួយលើកឈ្មោះទិត រ៉ន ហ្នឹងចេញមក។ តែកាមេរ៉ាសុវត្ថិភាពខ្ញុំអាចបញ្ជូនបាន សកម្មភាពរបស់ទិត រ៉ន ហ្នឹង ចាំខ្ញុំស្នើសុំគោលការណ៍ពីឯកឧត្ដមប្រធានគណៈកម្មាធិការ។ ខ្ញុំគិតថា វាមិនមានអ្វីជាការលាក់បាំងដែរ ឬមួយបង្ហាញពីស្ថានភាពជាក់ស្ដែង យើងគួរតែបង្ហាញ » ។
គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម កាលពីថ្ងៃទី១២ មិថុនា ចេញសេចក្ដីថ្លែងការណ៍ ថាបានចុះទៅស្រាវជ្រាវ ករណីការស្លាប់របស់ លោក ទិត រ៉ន ឡើងវិញ។ លោក តុប សំភី ប្រាប់ថា ការស៊ើបអង្កេតនេះ គឺធ្វើឡើងដោយសារ ឃើញការផ្សាយព័ត៌មាន និងគ្មានការស្នើសុំពីស្ថាប័នណាទេ។ ប៉ុន្តែមុនមានការស៊ើបអង្កេតឡើងវិញនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអំពាវនាវឱ្យ របបលោក ហ៊ុន សែន ស៊ើបអង្កេតឡើងវិញ ដោយឯករាជ្យ និងជាបន្ទាន់ ដើម្បីរកឱ្យឃើញ មូលហេតុពិត នៅពីក្រោយការចាប់ខ្លួន និងការស្លាប់របស់កូនប្រុសមន្ត្រីបក្សប្រឆាំងនៅមូលដ្ឋាន។ ចំណែកគណៈកម្មការចម្រុះដឹកនាំដោយក្រសួងមហាផ្ទៃ ក៏បានចុះទៅស្រាវជ្រាវឡើងវិញ ក្រោយមានការអំពាវនាវរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែរ។
ក្នុងសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បង្ហាញថា មូលហេតុនៃការចាប់ខ្លួន លោក ទិត រ៉ន គឺពាក់ព័ន្ធនឹងបទបង្ករបួសស្នាមដោយចេតនា តាមដីកាកំបាំងមុខ ដែលប្រកាសកាលពី ៩ឆ្នាំមុន គឺកាលពីឆ្នាំ២០១០។ ឯមូលហេតុនៃការស្លាប់ផ្ដើមដំបូងពីការ ដួល បោកក្បាលនឹងគែមបង្គន់ នៅពេលលោក ទិត រ៉ន ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋានខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ មេសា។ នៅល្ងាចថ្ងៃទី១៧ មេសាដដែល សមត្ថកិច្ចបានបញ្ជូនលោក ទិន រ៉ន ទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តកំពង់ចាម។ មន្ត្រីពន្ធនាគារ បញ្ជាក់ថា ពេលធ្វើកំណត់ហេតុទទួល លោក ទិត រ៉ន ពីសមត្ថកិច្ច មន្ត្រីពន្ធនាគារបានឃើញ បានឃើញស្នាមរបួសលើចិញ្ចើមខាងស្ដាំរបស់ លោក ទិត រ៉ន និងបានបញ្ជូនទៅប៉ុស្តិ៍សុខភាពក្នុងពន្ធនាគារ។
គណៈកម្មាធិការនេះ ក៏បានជួបសម្ភាសន៍ អ្នកជាប់ឃុំ ១០នាក់ ក្នុងចំណោមអ្នកជាប់ឃុំសរុប ៤៨នាក់ ស្នាក់នៅបន្ទប់ឃុំឃាំងក្នុងពន្ធនាគារ ជាមួយលោក ទិត រ៉ន អះអាងថា នៅម៉ោងជាង ៧យប់ ថ្ងៃទី១៨ មេសា លោក ទិត រ៉ន មានសភាពឆ្លេឆ្លា រត់បុកទ្វារ បុកជញ្ជាំង ហើយអ្នកទាំងនោះឮសំឡេងដួល និងស្ទុះទៅមើលឃើញសភាពដួលផ្ងារក្រោយ។ ក្រុមអ្នកជាប់ឃុំឃាំងជាមួយគ្នា បានលើកលោក ទិត រ៉ន ក្នុងសភាពប្រឡាក់លាមក និងទឹកនោម ហើយបានស្រែកហៅមន្ត្រីពន្ធនាគារឲ្យមកជួយ ខណៈលោក ទិត រ៉ន បានដាច់ខ្យល់ស្លាប់ទៅហើយ។
គណៈកម្មាធិការនេះ ក៏យោងតាមកំណត់ហេតុរបស់មន្ត្រីនគរបាល មន្ត្រីពន្ធនាគារ និងព្រះរាជអាជ្ញាខេត្តកំពង់ចាម បង្ហាញថា លោក ទិត រ៉ន ស្លាប់ដោយសារដួលបោកទង្គិចចំក្បាលធ្ងន់ធ្ងរ។ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានសម្ភាសន៍អ្នកជិតខាង មេភូមិ និងម្ដាយ លោក ទិត រ៉ន ហើយពួកគេបញ្ជាក់ថា លោក ទិត រ៉ន ជាមនុស្សញៀនស្រា ដែលតម្រូវឲ្យគាត់ត្រូវហូបស្រាជាប្រចាំថ្ងៃ ទើបបាត់ភាពម្ចាស់ការលើខ្លួនឯង។ ស្ថាប័នរដ្ឋមួយនេះសន្និដ្ឋានថា លោក ទិត រ៉ន គ្មានរងការធ្វើទារុណកម្មមុនពេលស្លាប់ទេ គឺមូលហេតុដោយសារបញ្ហាសុខភាពផ្ទាល់ខ្លួន និងខ្វះខាតសមត្ថភាពបច្ចេកទេសជំនាញរបស់សមត្ថកិច្ចជួយអ្នកទោសក្នុងពេលឃុំឃាំង។
ទោះមានការអះអាងបែបនេះ ប៉ុន្តែតាមរយៈរូបថត បង្ហាញថា លោក ទិត រ៉ន អាយុ ៣៦ឆ្នាំ បានស្លាប់ ក្នុងពន្ធនាគារខេត្តកំពង់ចាម ក្រោមស្ថានភាព ជាំមុខមាត់ និងខ្លួនច្រើនកន្លែង។ អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីខាងសាច់ញាតិរបស់សពលោក ទិត រ៉ន បានទេ ដោយសារឪពុកលោក ទិត រ៉ន គឺលោក អៀម ទិត ជាប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំទួលព្រះឃ្លាំង បានរត់ភៀសខ្លួន ចេញពីប្រទេសកម្ពុជា ក្រោយពេលកូនប្រុសស្លាប់ក្នុងពន្ធនាគារ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា យល់ថា តាមការអង្កេត និងរួបភាព នៃការស្លាប់របស់ លោក ទិត រ៉ន ក្នុងពន្ធនាគារមានចំណុចគួរឲ្យសង្ស័យថា រងទារុណកម្មច្រើនកន្លែង។ តំណាងសង្គមស៊ីវិលរូបនេះ សង្កេតឃើញថា ជាទូទៅសមត្ថកិច្ច ច្រើនធ្វើរបាយការណ៍ធ្វេសប្រហែសខ្ជីខ្ជា ដើម្បីយករួចខ្លួន ទើបធ្វើឲ្យរងការរិះគន់ និងគ្មានភាពជឿ់ជាក់លើរបាយការណ៍របស់សមត្ថកិច្ច៖ « គឺនៅពេលដែលស្លាប់ តែងតែអះអាងដោយសមត្ថកិច្ចសាមីទេ បានន័យថា ជាសមត្ថកិច្ចនៅតំបន់ហ្នឹងធ្វើការទេ។ អ៊ីចឹងអ្នកផ្សេងទៀត អត់បានដឹងទេ។ ដូចគ្នាអ៊ីចឹង គឺថ្នាក់ជាតិទៅពីក្រោយ ខ្ញុំជឿជាក់ថា មិនអាចរកឃើញភស្តុតាងអ្វីឲ្យច្បាស់លើសពីអ្នកខាងមុនទេ » ។
ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិវិញ បានចាត់ទុកការស្លាប់របស់ លោក ទិត រ៉ន កូនប្រុសសកម្មជនគណបក្ស នៅក្នុងពន្ធនាគារខេត្តកំពង់ចាមថា ជាឃាតកម្មនយោបាយ តាមរូបភាពថ្មីមួយ ដែលធ្វើឡើងដោយរបបក្រុងភ្នំពេញ។ សេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃទី៦ ឧសភា បក្សប្រឆាំងចោទថា របបក្រុងភ្នំពេញ ព្យាយាមគេចចេញពីការទទួលខុសត្រូវ ក្នុងគោលបំណងបិទបាំងការពិតនូវទង្វើដ៏ឃោរឃៅទៅលើជនរងគ្រោះ ជាកូនប្រុសរបស់សកម្មជនបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។