UNHCR អំពាវនាវ​ដល់​កម្ពុជា និង​ថៃ ឱ្យ​គោរព​តាម​ច្បាប់​ស្ដីពី​ការ​មិន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​ទៅ​ឱ្យ​រង​ទុក្ខបុកម្នេញ​នៅ​ប្រទេស​កំណើត

ដោយ សុ ជីវី
2024.11.27
UNHCR អំពាវនាវ​ដល់​កម្ពុជា និង​ថៃ ឱ្យ​គោរព​តាម​ច្បាប់​ស្ដីពី​ការ​មិន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​ទៅ​ឱ្យ​រង​ទុក្ខបុកម្នេញ​នៅ​ប្រទេស​កំណើត ជនភៀសខ្លួន ៦រូប ដែល​អាជ្ញាធរ​ថៃចាប់​ឱ្យ​អាជ្ញាធរ​កម្ពុជា​យក​ទៅ​ដាក់​គុក (ពីឆ្វេងទៅស្ដាំ ជួរខាងលើ) លោក មាន ចាន់ថុន កញ្ញា វ៉ន ចន្ទរចនា និង​លោកស្រី ហុង អាន។ ជួរ​ខាង​ក្រោម លោក ប៉ែន ច័ន្ទសង្គ្រាម លោកស្រី យ៉ិន ចន្ធូ និង​លោកស្រី ស៊ឹង គន្ធា។
រូប៖ ហ្វេសប៊ុក

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) អំពាវនាវ​ឱ្យ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​គោរព​តាម​បទដ្ឋាន​ច្បាប់​ជាតិ​និង​អន្តរជាតិ ស្ដីពី​ការ​មិន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​ទៅ​ឱ្យ​រង​ទុក្ខបុកម្នេញ​នៅ​ប្រទេស​កំណើត។

ចំណែក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) វិញ​ថា រដ្ឋាភិបាល​ថៃ​មិន​គួរ​ចូល​មក​ពាក់ព័ន្ធ ឬ​រួមដៃ​ក្នុង​អំពើ​គាប​សង្កត់​ឆ្លងដែន​របស់​អាជ្ញាធរ​កម្ពុជា។

ការ​អំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​ថៃ​កាលពី​ថ្ងៃ​ទី២៤ ខែវិច្ឆិកា​បាន​ចាប់​បញ្ជូន ជន​ភៀស​ខ្លួន​ខ្មែរ​ចំនួន ៦នាក់ ទៅ​កម្ពុជា​វិញ តាម​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែល​ពេល​នេះ​ពួកគេ​កំពុង​ជាប់ពន្ធនាគារ ដោយ​តុលាការ​ចោទ​ពី​បទ «អំពើ​ក្បត់ជាតិ។

ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ចាត់​ទុក​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ខ្មែរ​ចំនួន ៦នាក់​ពី​ប្រទេស​ថៃ​ឱ្យ​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា​ថា​ជា​អនុវត្ត​ផ្ទុយ​ឬ​រំលោភ​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ ក្នុង​ការធានា​សិទ្ធិ​របស់​ជនភៀសខ្លួន ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ។

UNHCR ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ក្នុង​សារ​អេឡិចត្រូនិក (E-mail) កាលពី​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ថា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង២ គឺ​កម្ពុជា និង​ថៃ​ត្រូវ​ធានា​គោរព និង​ការពារ​សិទ្ធិ​របស់​អ្នក​ជន​ទាំង​ឡាយ ដែល​ភៀសខ្លួន​ចេញ​ពី​កម្ពុជា ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ថៃ ព្រមទាំង​ធានា​ថា នៅ​កម្ពុជា សិទ្ធិ​សេរីភាព​របស់​ពួក​គេ ត្រូវ​ធានា​ឱ្យ​បាន​ពេញ​លេញ ដោយ​អាជ្ញាធរ​កម្ពុជា។

UNHCR ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង ចំពោះ​ការ​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ខ្មែរ​ទៅ​កម្ពុជា​វិញ​របស់​ប្រទេស​ថៃ ដែល​រំលោភ​លើ​គោល​ការណ៍​អន្តរជាតិ​ស្ដីពី​ការ​មិន​បញ្ជូន​ភៀសខ្លួន​ត្រឡប់​ឱ្យ​ពួកគេ​ទៅ​ប្រឈម​នឹង​ការ​ធ្វើ​ទុក​បុក​ម្នេញ​គ្រប់​រូបភាព​នៅ​លើ​ទឹកដី​កំណើត។ UNHCR បន្ត​ថា គោលការណ៍​នេះ​តម្រូវ​ឱ្យ​រដ្ឋ​ទាំង​ឡាយ រួម​ទាំង​ប្រទេស​ថៃ​ផង​ធានា​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​បណ្ដេញ​ចេញ ឬ​បញ្ជូន​ត្រឡប់​ទៅ​ទឹកដី​ដែល ជីវិត ឬ​សេរីភាព​របស់​ពួក​គេ​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់។

UNHCR ថា ក្នុង​ចំណោម​អ្នក​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ​នេះ មាន​កុមារ​ម្នាក់​ដែរ ដែល​ទង្វើ​នេះ​ផ្ទុយ​នឹង​គោលការណ៍​ការពារ​សិទ្ធិកុមារ ដែល​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ និង​ច្បាប់​ក្នុង​ប្រទេស​ថៃ។

UNHCR អំពាវនាវ​ឱ្យ​ប្រទេស​ថៃ​រក្សា​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្រោម​ច្បាប់​ក្នុង​ស្រុក និង​អនុសញ្ញា​អន្តរជាតិ រួម​ទាំង​ច្បាប់​ទប់ស្កាត់ និង​បង្ក្រាប ការ​ធ្វើ​ទារុណកម្ម និង​ការ​បាត់ខ្លួន​ដោយ​បង្ខំ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា និង​ពី​អាជ្ញាធរ​រដ្ឋាភិបាល​ថៃ​បាន​នៅ​ឡើយ​ទេ នៅ​យប់​ថ្ងៃ​ទី២៧ ខែវិច្ឆិកា។

ទោះ​ជា​យ៉ាង​ណា​ក្ដី UNHCR បញ្ជាក់​ថា​គេ​ព្យាយាម​ទាក់ទង​អាជ្ញាធរ​រដ្ឋាភិបាល​ថៃ ដើម្បី​ពិនិត្យ​មើល​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ និង​ស្នើ​ឱ្យ​ពួកគេ​គោរព​ច្បាប់ និង​កាតព្វកិច្ច​ជា​អន្តរជាតិ ក្នុង​ការធានា​ថា​មិន​ឱ្យ​រឿង​នេះ​កើត​ឡើង​ទៀត​ទៅ​ថ្ងៃ​អនាគត។

ចំណែក​ប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី អ្នកស្រី អេឡែន ភាសិន (Elaine Pearson) បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក (E-mail) ដែរ​ថា អាជ្ញាធរ​រដ្ឋាភិបាល​ថៃ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​គោលការណ៍​ជា​មូលដ្ឋាន​នៃ​សិទ្ធិ​ជន​ភៀសខ្លួន។ អ្នកស្រី រិះគន់​ថា រដ្ឋាភិបាល​ថៃ​មិន​គួរ​ចូល​មក​ពាក់ព័ន្ធ ឬ​រួមដៃ​ក្នុង​អំពើ​គាបសង្កត់ ឬ​ការ​ធ្វើទុក្ខបុកម្នេញ​ឆ្លងដែន​ទៅ​លើ​អ្នក​រិះគន់​របស់​អាជ្ញាធរ​កម្ពុជា​នេះ​ទេ។

សំណើ​របស់ UNHCR នេះ ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​ថៃ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៤ ខែវិច្ឆិកា បាន​ចាប់​បញ្ជូន​សកម្មជន​នយោបាយ ៦នាក់ នៅ​ខេត្ត​ប៉ាធុមធានី (Pathum Thani) ប្រទេស​ថៃ​ទៅ​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា តាម​ការ​ស្នើ​របស់​អាជ្ញាធរ​ខ្មែរ។

បើ​ទោះ​ជា​យ៉ាង​ណា​ក្ដី ករណី​នេះ​បាន​ធ្វើ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​សុំសិទ្ធិជ្រកកោន​ផ្នែក​នយោបាយ​នៅ​ប្រទេស​ថៃ​ដទៃ​ទៀត​បារម្ភ​ពី​សុវត្ថិភាព។

សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ភៀស​ខ្លួន នៅ​ប្រទេស​ថៃ លោក ប៉ែន ប៊ុនថន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សព្វថ្ងៃ​នេះ​ពួកគាត់​ភាគច្រើន​មិន​ហ៊ាន​ដើរ​ហើរ​ផ្ដេសផ្ដាស​ទេ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។

លោក ប៉ែន ប៊ុនថន៖ «ខ្ញុំ​មាន​កូន​ប្រពន្ធ​នៅ​ជា​មួយ​ដែរ។ អ៊ីចឹង ខ្ញុំ​បារម្ភ​បំផុត ខ្លាច​កូន​ខ្ញុំ​មិន​បាន​រៀន​ពេល​អត់​ឪពុក​ម្ដាយ។ ធម្មតា​ក្មេង​វា​តែលតោល ព្រោះ​អី​យើង​ធ្លាប់​នៅ​កំព្រា​ពី​ដើម។ និយាយ​រួម​ចាំ​តាំង​ពី​មាន​ការ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​អាទិត្យ​មក ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព។ កាល​ពី​ដើម​មក ដូច​មិន​សូវ​ប៉ុន្មាន​ទេ។ ឥឡូវ​នេះ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន មិន​ដឹង​យ៉ាង​ម៉េច​ទេ។ យើង​បាន​ត្រឹម​តែ​បាន​ផ្ដល់​ដំណឹង​ដល់ UN»

ជនភៀសខ្លួន ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​មក​កម្ពុជា និង​កំពង់​ជាប់ឃុំ​នោះ រួមមាន៖ លោក ប៉ែន ច័ន្ទសង្គ្រាម លោកស្រី ហុង អាន លោក មាន ចាន់ថុន ព្រមទាំង​ពលរដ្ឋ​ខ្មែរ​ក្រោម គឺ​លោកស្រី ស៊ឹង គន្ធា លោកស្រី យ៉ិន ចន្ធូ និង​កញ្ញា វ៉ន ច័ន្ទរចនា។ UNHCR ប្រចាំ​ប្រទេស​ថៃ​បាន​ទទួល​ស្គាល់ ពួក​គេ​ជា​ជន​ភៀសខ្លួន ដើម្បី​ស្នាក់​នៅ​ប្រទេស​ថៃ​បណ្ដោះអាសន្ន។

ជនភៀសខ្លួន​ម្នាក់​ទៀត លោកស្រី បឹង សុភឿន លើក​ឡើង​ថា ប៉ុន្មាន​ថ្ងៃ​នេះ មាន​ជន​ភៀសខ្លួន​ខ្មែរ​ជិត ១០០នាក់ បាន​ដូរ​បន្ទប់​ជួល ផ្លាស់​ទៅ​នៅ​ឆ្ងាយៗ ពី​គ្នា និង​ផ្អាក​ការ​ជួបជុំ​គ្នា​ទៀត។ លោកស្រី​ចាត់​ទុក​ការ​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​កម្ពុជា​ពី​បទ «ក្បត់ជាតិ» តាម​អំពើ​ចិត្ត​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​ថា ជា​ទង្វើ​អមនុស្សធម៌។

លោកស្រី បឹង សុភឿន៖ «ខ្ញុំ​សូម​ពន្លឿន​ឱ្យ​គាត់ (មន្ត្រី UN) នឹង​ធ្វើ​ការ​នេះ​ឱ្យ​បាន​លឿន​បំផុត ហើយ​និយាយ​ការងារ​នេះ​ជា​មួយ​អាជ្ញាធរ​ថៃ ដែល​មាន​កិច្ច​ព្រមព្រៀង​រវាង​ថៃ និង UN ដែល​ថា​មិន​ឱ្យ​មាន​ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ទៅ​ស្រុក​កំណើត​វិញ​ ប៉ុន្តែ​ នៅ​ក្នុង​ករណី​នេះ​ មាន​ការ​ចាប់​បញ្ជូន​ទៅ​វិញ ​យើង​មាន​ការ​សោកស្ដាយ​មែន​ទែន​ ដែល​UNគាត់​ធ្វើ​ការងារ​នេះ​ដោយ​បរាជ័យ។ »

ទោះជាយ៉ាងណា​ក្ដី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សមត្ថកិច្ច​ថៃ​ដែល​ធ្វើ​តាម​ការ​ស្នើសុំ​របស់​អាជ្ញាធរ​ខ្មែរ​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ ប្រសិនបើ​រក​ឃើញ​ថា អ្នក​ទាំង​នោះ​បាន​ប្រើប្រាស់​ប្រទេស​ថៃ​សម្រាប់​វាយ​ប្រហារ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ​ទុច្ចរិត​ណាមួយ ជាពិសេស អ្នក​ដែល​ដើរ​តាម​មនោគម​នយោបាយ លោក សម រង្សី។

លោក សុខ ឥសាន៖ «គាត់​នៅ​ក្រៅ​ប្រទេស​មែន តែ​គាត់​ទៅ​ធ្វើការ​បម្រើ​ឱ្យ​នយោបាយ​ឧបាយកល​ របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជ្រុល​និយម​នៅ​ក្រៅ​ប្រទេស។ យើង​ដឹង​ហើយ​ថា ទណ្ឌិត សម រង្សី នេះ ជា​ក្រុម​មេ​ឧទ្ទាម​ក្រៅ​ច្បាប់ ហើយ​មិន​ហ៊ាន​ចូល​ស្រុក​ទេ ហើយ​មិន​ហ៊ាន​ចូល​ជិត​ទៀត។ អ៊ីចឹង មាន​តែ​ញុះញង់​ឱ្យ​សកម្ម​ជន​របស់​ខ្លួន​ធ្វើ​សកម្មភាព។ អ៊ីចឹង អ្នក​ណា​ដែល​ធ្វើសកម្មភាព​បម្រើ​ឧបាយកល​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ គឺ​វា​ខុស​ហើយ មិនមែន​នៅ​សុខៗ គេ​ទៅ​ចាប់​ទេ។ មាន​ពិរុទ្ធភាព​បាន​គេ​ចាប់»

សព្វថ្ងៃ​នេះ មាន​ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​ជិត ១០០នាក់។ ពួក​គាត់​ជា​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​សង្គម និង​ដីធ្លី​ជា​ដើម។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា  ប្រទេស​ថៃ​លែង​ជា​កន្លែង​សុវត្ថិភាព​សម្រាប់​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សង្គម និង​សិទ្ធិមនុស្ស​ខ្មែរ​ទៀតហើយ ក្នុង​ការ​សុំ​សិទ្ធិ​ជ្រកកោន។

លោក អំ សំអាត៖ «អ៊ីចឹង ចំណុច​នេះ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន នៅ​ទី​ក្រុង​បាងកក និង​ភាគី​ថៃ គួរតែ​ជជែក​គ្នា​ឡើង​វិញ​បន្ថែម ដើម្បី​ជួយ​ការពារ​ដល់​ជន​ភៀស​ខ្លួន ដែល UNHCR ទទួល​ស្គាល់»

កាល​ពី​ខែមករា អាជ្ញាធរ​ថៃ​ធ្លាប់​បាន​ចាប់ខ្លួន​ជនភៀសខ្លួន​ខ្មែរ​ចំនួន ១០នាក់ ហើយ​ត្រៀម​នឹង​បញ្ជូន​ឱ្យ​អាជ្ញាធរ​ខ្មែរ​ដែរ ប៉ុន្តែ UNHCR ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ជួយ​សង្គ្រោះ​ពួកគាត់​ទាន់ ប៉ុន្តែ ពួក​គាត់​ត្រូវ​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ប្រទេស​ថៃ​មួយ​រយៈ ដោយសារ​ពួកគាត់​គ្មាន​លិខិត​ឆ្លងដែន​ត្រឹមត្រូវ។

ស្រដៀង​គ្នា​នេះ កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤រូប គឺ​លោក វឿង សំណាង និង​លោក វឿន វាសនា អ្នកស្រី ឡាញ់ ថាវរី និង​លោក ម៉ិច ហ៊ាង ឱ្យ​មក​កម្ពុជា​ភ្លាមៗ តាម​សំណើ​ដោយ​ផ្ទាល់​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន។ អ្នក​ទាំង៤ បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ «រួម​គំនិត​ក្បត់»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន​ គឺ​ជា​ការ​ពង្រឹង​អំណាច និង​ស្វែង​រក​កម្ចី​ពី​ចិន​បន្ថែម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។