ក្រុមហ៊ុន​យន្តហោះ​មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី មូរ សុខហួរ ឡើង​យន្តហោះ​ចាក​ចេញ​ពី​អាមេរិក

ដោយ យន់ សាមៀន
2021.01.16
ក្រុមហ៊ុន​យន្តហោះ​មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី មូរ សុខហួរ ឡើង​យន្តហោះ​ចាក​ចេញ​ពី​អាមេរិក អ្នកស្រី​ មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ (រូប​ឆ្វេង​ទី៣) នៅ​អាកាសយាន្តដ្ឋាន​ទីក្រុង​ឡូអេនជឺឡេស (Los Angeles) សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២១។
រូប​ពី​ហ្វេសប៊ុក​អ្នកស្រី មូរ សុខហួរ

ក្រុមហ៊ុន​យន្តហោះ មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី មូរ សុខហូរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឡើង​យន្តហោះ​ចាក​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​ទៅ​កម្ពុជា​នោះ​ទេ ក្រោម​ហេតុផល​ថា អ្នកស្រី​គ្មាន​ទិដ្ឋាការ​ ឬ​វី​សា ​(Visa) ពី​រដ្ឋាភិបាល​កម្ពុជា​។ អ្នកស្រី មូរ សុខហួរ ប្ដេជ្ញា​ថា នឹង​រក​មធ្យោបាយ​ថ្មី​ទៀត ដើម្បី​វិល​ចូល​កម្ពុជា​ឲ្យ​បាន។

ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខហួរ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា មិន​បាន​សម្រេច​ឡើយ ដោយ​ជាប់​គាំង​ត្រឹម​វាល​យន្តហោះ​ក្នុង​ទីក្រុង​ឡូសអែនជែឡេស (Los Angeles)

អ្នកស្រី មូរ សុខហួរ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ បាន​រង់ចាំ​ឡើង​យន្តហោះ​អស់​ប្រមាណ​ជិត​ ១០​ម៉ោង នៅ​វាល​យន្តហោះ​ក្នុង​ទីក្រុង​ឡូសអែនជែ ឡេស (Los Angeles) ប៉ុន្តែ​នៅ​នាទី​ចុងក្រោយ តំណាង​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី (Singapore Airline) មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី​ឡើង​យន្តហោះ​ ដើម្បី​ចាក​ចេញ​ពី​​អាមេរិក ហើយ​ចូល​សំចត​នៅ​ប្រទេស​សិង្ហបុរី មុន​បន្ត​ដំណើរ​ចូល​ប្រទេស​កម្ពុជា​នោះ​ទេ​។ អ្នកស្រី មូរ សុខហួរ ថា តំណាង​ក្រុមហ៊ុន​យន្តហោះ បញ្ជាក់​ប្រាប់​អ្នកស្រី​ថា ក្នុង​សម័យ​កូវីដ​នេះ អ្នកស្រី​ត្រូវ​ចាំបាច់​មាន​ទិដ្ឋាការ ឬ​វីសា​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​កម្ពុជា​មុន​ឡើង​យន្តហោះ ទោះបីជា​អ្នកស្រី​កាន់​ទិដ្ឋាការ​អាមេរិក​ក៏ដោយ​។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត គឺ​លោក ម៉ែន សុថាវរិន្ទ្រ ក៏​ត្រូវ​បាន​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី ហាម​មិន​ឲ្យ​ឡើង​យន្តហោះ​ពី​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង​(France) ឆ្ពោះ​ទៅ​សិង្ហបុរី​ដែរ។ លោក សម រង្ស៊ី បង្ហោះ​សារ​លើ​ហ្វេសប៊ុក (Facebook) ថា តំណាង​ក្រុមហ៊ុន​យន្តហោះ បាន​សុំទោស​លោក ម៉ែន សុថាវរិន្ទ្រ ដោយ​បញ្ជាក់​មូលហេតុ​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​លោក​វិល​ចូល​កម្ពុជា​នោះ​ទេ ទោះ​បីជា​ឆ្លងកាត់​ប្រទេស​ណា​ក៏​ដោយ។

អ្នកស្រី មូរ សុខ​ហូរ ប្រាប់​អាស៊ីសេរី​បន្ថែម​ថា ការ​ខកខាន​វិល​ចូល​កម្ពុជា​ជាថ្មី​នេះ មិនមែន​ជា​កំហុស​របស់​អ្នកស្រី​នោះ​ទេ ប៉ុន្តែ​ជា​កំហុស​របស់​របប​ក្រុងភ្នំពេញ ដែល​បាន​រំលោភច្បាប់ និង​បាន​បង្កើត​ឧបសគ្គ​រារាំង​អ្នកស្រី មិន​ឲ្យ​វិល​ចូល​កម្ពុជា​ដើម្បី​តតាំង​ក្តី​ក្នុង​តុលាការ៖ «ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី គេ​ចង់​ជួយ​ខ្ញុំ​ដែរ ប៉ុន្តែ​ច្បាប់​គេ និយាយ​អ៊ីចឹង ដូច្នេះ​យើង​សួរ​វិញ តើ​នរណា​មិន​ចេញ​វីសា​ឲ្យ​ខ្ញុំ​ហើយ​ខ្ញុំ​ទៅ មិនមែន​ទៅជា​ទេសចរណ៍​ឯណា គឺ​ទៅ​ឆ្លើយ​ចំពោះ​មុខ​តុលាការ។ ឥឡូវ ខ្ញុំ​សុំ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ព្រោះ​នេះ​ជា​ការ​រំលោភ​សិទ្ធិ របស់ខ្ញុំ​ ១០០​ភាគរយ​តែម្ដង»

អ្នកស្រី មូរ សុខហួរ បញ្ជាក់​ថា ទោះបី​របប​ក្រុងភ្នំពេញ រារាំង​អ្នកស្រី មិន​ឲ្យ​វិល​ចូល​កម្ពុជា​នៅ​ពេល​នេះ​ក្តី ប៉ុន្តែ​អ្នកស្រី នៅតែ​មាន​ក្តី​សង្ឃឹម និង​ប្ដេជ្ញា​រក​វិធី​ផ្សេងទៀត វិល​ចូល​កម្ពុជា​ឲ្យ​បាន​នា​ពេល​ដ៏​ខ្លី​ខាងមុខ ដើម្បី​សង្គ្រោះ​កម្ពុជា​ចេញពី​របប​ផ្ដាច់ការ​ក្រោម​ការគ្រប់គ្រង​របស់​លោក ហ៊ុន សែន។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែង​ថា ដំណើរ​មាតុភូមិនិវត្តន៍​របស់​អ្នកស្រី មូរ សុខហួរ​នេះ គ្រាន់តែ​ជា​ឈុត​ឆាក​សម្ដែង​ដើម្បី​បង្កើត​ជា​ព្រឹត្តិការណ៍​នយោបាយ​។ ប៉ុន្តែ​បើ​ទោះ​បី​ជា​លោក​ចាត់ទុកថា មន្ត្រី​បក្ស​កំពុង​សម្ដែង​ក្តី ក៏​រដ្ឋាភិបាល​របស់​លោក មិន​ហ៊ាន​ផ្ដល់​សុពលភាព​លិខិតឆ្លងដែន ឬ​វីសា​ដល់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ដដែល៖ «លោកស្រី មូរ សុខហួរ គាត់​បាន​ដឹង​ច្បាស់​ថា គាត់​បាន​ប្រព្រឹត្ត​អ្វី ហើយ​ទី​២ ក្រសួង​យុត្តិធម៌ បាន​និយាយ ហើយ​រដ្ឋាភិបាល ធ្វើ​ទៅ​តាមតែ​តុលាការ ព្រោះ​ការ​ឲ្យ​វីសា​ដល់​ជន​ដែល​ជា​មុខសញ្ញា​ដែល​កំពុង​តាម​ចាប់​ គឺជា​រឿង​មួយ​យើង​មិន​ផ្ដល់​ឲ្យ​ទេ គឺ​យើង​ច្បាស់​អ៊ីចឹង​ហ្មង គាត់​ធ្វើ​ម៉េច​ធ្វើ​ទៅ​។ បើសិន​គេ​ (​រដ្ឋាភិបាល​)​ចង់​យក​គាត់​ចេញ​មក​វិញ គេ​អាច​ធ្វើ​តាម​បត្យាប័ន ព្រោះ​គាត់​មិនមែន​ជា​ជន​ធម្មតា​ទេ គឺជា​ក្រុម​ឧទ្ទាម​ប្រឆាំង​នឹង​នីតិរដ្ឋ»

ចំណែក​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​វិញ ពួកគេ​អះអាង​ថា មិន​ខកចិត្ត​ចំពោះ​ការ​បរាជ័យ​វិល​ចូល​ស្រុក​ជា​លើក​ទី​២ ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ព្រោះ​ពួកគេ​ដឹង​ថា រដ្ឋាភិបាល​បាន​ប្រើ​គ្រប់​វិធី​ដើម្បី​រារាំង ដោយសារ​ភ័យខ្លាច​ឥទ្ធិពល​គណបក្ស​ប្រឆាំង។

ប្រធាន​យុវជន​គណបក្ស​សង្គ្រោះជាតិ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ លោក យ៉ាត ភារម្យ និយាយ​ថា ពួក​លោក​មិន​រា​ថយ​​ឡើយ ហើយ​នៅតែ​រក្សា​ជំហរ​រឹងមាំ ដើម្បី​រង់ចាំ​ស្វាគមន៍​និង​ចូលរួម​អម​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​នៅ​ពេល​ក្រោយៗ ​ទៀត៖ «គាត់​បាន​ត្រៀម​ចិត្ត​ត្រៀម​កាយ​ស្រេច​ហើយ​ថា គាត់ រួម​ទាំង​ពួក​យើង​ទាំងអស់​គ្នា នឹង​មក​ប្រឈម​ការ​ចាប់ខ្លួន ប៉ុន្តែ​លោក ហ៊ុន សែន ទៅវិញ​ទេ ដែល​ជា​បុរស​កំសាក ឬ​ហៅថា ញ៉ី ដែល​មិន​ហ៊ាន​តតាំង»

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ទទួល​ស្គាល់​ថា ផែនការ​វិល​ចូល​ស្រុក​មិនបាន​ជោគជ័យ​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល មិន​ព្រម​ផ្ដល់​សុពលភាព​លិខិត​ឆ្លង​ដែន ឬ​វីសា​ដល់​ពួកគាត់​ទៅតាម​ច្បាប់​។ ទោះ​យ៉ាងណា លោក​យល់ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គួរតែ​រៀប​ដំណើរ​មាតុភូមិនិវត្តន៍​នេះ​ឲ្យ​បាន​ច្រើន​ជំហាន និង​ឲ្យ​មេធាវី​បន្ត​ដាក់​លិខិត​ជំរុញ​ទៅ​តុលាការ​ឲ្យ​បង្គាប់​ទៅ​រដ្ឋាភិបាល​ជួយ​បើកផ្លូវ​ឡើងវិញ៖ «រដ្ឋាភិបាល​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​នៅ​ក្នុង​ការ​ធានា​បាន​សញ្ជាតិ​ខ្មែរ ព្រោះ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​បាន​ចែង​អ៊ីចឹង​ថា គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​ដក​សញ្ជាតិ ឬ​និរទេស​ទេ ហើយ​ទោះបីជា​នៅ​ក្រៅ​ប្រទេស​ក៏ដោយ ក៏​រដ្ឋ​ត្រូវ​គាំពារ​ដែរ»

អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និង​ក្រុម​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក កាល​ពី​ពេល​ថ្មីៗ ​នេះ បាន​ថ្កោលទោស​របប​លោក ហ៊ុន សែន ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ចោទប្រកាន់ និង​កោះហៅ​ថ្នាក់ដឹកនាំ និង​សកម្ម​ជន​រាប់​សិប​នាក់​ឲ្យ​ចូលរួម​សវនាការ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​រួមគំនិត​ក្បត់ និង​ញុះញង់​។ ពួកគេ​អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន បើកផ្លូវ​ឱ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ អាច​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយ​សុវត្ថិភាព ដើម្បី​ចូលរួម​ក្នុង​សវនាការ​ជំនុំជម្រះ ទោះជា​សំណុំរឿង​ទាំងនោះ​មាន​ចរិត​នយោបាយ និង​មិន​ស្របតាម​គោលការណ៍​នីតិរដ្ឋ​យ៉ាង​ណា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។