ខ្មែរ-ថៃព្រមព្រៀងគ្នាយកសោមកចាក់បិទច្រកទ្វារព្រំដែនមុខប្រាសាទព្រះវិហារវិញ
2015.12.18

មេបញ្ជាការយោធាការពារព្រំដែនខ្មែរ-ថៃ នៅជិតតំបន់ប្រាសាទព្រះវិហារ បានជួបពិភាក្សាគ្នាកាលពីព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ក្នុងបំណងធានាឱ្យស្ថានភាពប្រឈមមុខដាក់គ្នាដោយកម្លាំងប្រដាប់អាវុធក្នុងរឿងជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ ដែលស្ងប់ស្ងាត់ជាយូរមកហើយ បានស្ថិតក្នុងសភាពដដែលតទៅទៀត។
ការជួបប្រជុំគ្នាជាបន្ទាន់ ធ្វើឡើងបន្ទាប់ពីមានទាហានឈុតខ្មៅ ទាហានប៉ារ៉ា ព្រមទាំងជនស៊ីវិលថៃ ខ្លះទៀត នាំគ្នាទៅកាត់ផ្ដាច់ច្រវាក់សោទ្វារដែលចាក់បិទច្រកព្រំដែនប្រាសាទព្រះវិហារ អស់រយៈពេល ៧ឆ្នាំមកហើយនោះមក។
មេបញ្ជាការកងយោធពលខេមរភូមិន្ទនៃកងពលធំអន្តរាគមន៍លេខ៣ ដែលគ្រប់គងកម្លាំងការពារព្រំដែនខ្មែរ ជុំវិញប្រាសាទព្រះវិហារ គឺលោកឧត្ដមសេនីយ៍ឯក ស្រី ឌឹក។ លោកមានប្រសាសន៍កាលពីវេលាម៉ោង ៦ល្ងាចថ្ងៃសុក្រ ទី១៨ ខែធ្នូ ថា មេបញ្ជាការទាហានខ្មែរ-ថៃ បានយល់ព្រមជាមួយគ្នាយកសោថ្មីមកចាក់បិទទ្វារព្រំដែនប្រាសាទព្រះវិហារវិញហើយ តាំងតែពីព្រឹកព្រលឹមម្ល៉េះ។
លោកឧត្ដមសេនីយ៍ ស្រី ឌឹក បញ្ជាក់ថា មេបញ្ជាការយោធាខ្មែរ បានសំណូមពរទៅមេបញ្ជាការយោធាថៃ កុំឱ្យមានពលទាហានមកធ្វើសកម្មភាពកាត់ផ្ដាច់សោទ្វារព្រំដែនដោយឯកតោភាគីបែបនេះតទៅទៀត។ លោក ស្រី ឌឹក មិនហ៊ានប្រើពាក្យធ្ងន់ធ្ងរទៅកាន់ភាគីថៃទេ ប៉ុន្តែលោកថា ប្រសិនបើទាហានថៃ នៅធ្វើបែបនេះតទៀត ហើយបើចូលមកទឹកដីខ្មែរពេលណា គឺកងការពារព្រំដែនខ្មែរនឹងប្រើសិទ្ធិការពារអធិបតេយ្យភាព៖ «»។
កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ កន្លងទៅ ទាហានឈុតខ្មៅ និងប៉ារ៉ា ព្រមទាំងមានជនស៊ីវិលថៃ ខ្លះទៀត បានបើករថយន្តជាច្រើនគ្រឿងមកឈប់នៅក្បែរច្រកទ្វារព្រំដែនប្រាសាទព្រះវិហារ ហើយនាំគ្នាយកកន្ត្រៃធំកាត់ផ្ដាច់ និងយកច្រវាក់ចាក់សោទ្វារព្រំដែន នៃប្រាសាទព្រះវិហារ ទៅបាត់ ដោយមិនបានប្រាប់ឱ្យកងការពារព្រំដែនខ្មែរដឹងជាមុននោះទេ៕