អាមេរិក និង​កម្ពុជា​​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់ទំនង​ទ្វេ​ភាគី​ ខណៈ​អ្នកជំនាញ​ថា ជំនួប​នេះជា​សញ្ញា​ល្អ​

ដោយ យន់ សាមៀន
2022.12.24
អាមេរិក និង​កម្ពុជា​​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់ទំនង​ទ្វេ​ភាគី​ ខណៈ​អ្នកជំនាញ​ថា ជំនួប​នេះជា​សញ្ញា​ល្អ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ជួបឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក បាទ្រីក ម័រហ្វីវី (Patrick Murphy) ក្នុង​ពិធី​បុណ្យ​ណូអែល នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពីថ្ងៃទី២៣ ធ្នូ ២០២២។
រូប៖ ស្ថានទូតអាមេរិក​ប្រចាំ​កម្ពុជា

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក បាទ្រីក ម័រហ្វី (Patrick Murphy) បាន​ជួបពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ស្ថានទូត​កាលពី​ថ្ងៃទី​២៣ ខែធ្នូ ដើម្បី​រក​វិធី​កែ​លម្អ​ទំនាក់ទំនង​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ។ អ្នកជំនាញ​ថា ជំនួប​នេះ​គឺជា​សញ្ញា​ល្អ​មួយ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​នៃ​ប្រទេស​ទាំងពីរ ប៉ុន្តែ​គេ​មិន​រំពឹង​ថា កម្ពុជា​អាច​ឆ្លើយ​តប​ជា​វិជ្ជមាន​រឿង​ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​តាម​ការ​សំណើ​របស់​អាមេរិក​នៅឡើយ​ទេ។

ស្ថានទូត​សហរដ្ឋអាមេរិក​ទទួល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រតិភូ​របស់​លោក​រួម​មាន រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុខុន កូនប្រុស និង​កូន​ប្រសារ​របស់​លោក ហ៊ុន សែន ក្នុង​ពិធី​ឆ្លង​ឆ្នាំ​២០២២​នៅ​ឯ​ស្ថានទូត​អាមេរិក​។ ក្នុង​ពិធី​នោះ លោក បាទ្រីក ម័រហ្វី និង​លោក ហ៊ុន សែន បាន​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់ទំនង​ទ្វេភាគី។

ស្ថានទូត​អាមេរិក​លើក​ឡើ ក្នុង​ទំព័រ​ (Facebook) ស្ថានទូត​ថា សហរដ្ឋអាមេរិក កើត​សរសើរ​ចំពោះ​ភាពជា​អ្នកដឹកនាំ​របស់​កម្ពុជា ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន ក្នុង​ឆ្នាំ​ដែល​មាន​បញ្ហា​ប្រឈម ថ្នាក់​តំបន់ និង​សាកលលោក ការ​គាំទ្រ​ចំពោះ​កិច្ចប្រជុំ​កំពូល​ពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅ​រដ្ឋធានី (Washington) និង​ការ​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) នៅក្នុង​កិច្ចប្រជុំ​កំពូល កាលពី​ខែវិច្ឆិកា នៅ​ភ្នំពេញ ហើយ​និង​ការ​គាំទ្រ​ចំពោះ​ការ​បង្កើន​ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន​។ ស្ថានទូត​អាមេរិក​បន្ត​ថា អាមេរិក​ស្វាគមន៍​ជំហរ​របស់​កម្ពុជា ក្នុង​ការ​លើកកម្ពស់​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ ការពារ​បូរណភាព​ទឹកដី និង​សហការ​គាំទ្រ​ដំណោះស្រាយ​របស់​អង្គការសហប្រជាជាតិ ដែល​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ស្ថានទូត​បន្តទៀត​ថា ដោយ​សម្លឹង​ទៅ​កាន់​ឆ្នាំ​ថ្មី លោក​ឯកអគ្គរដ្ឋទូត បាទ្រីក ម័រហ្វី និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិភាក្សា​លើ​វិធី​កែ​លម្អ​ទំនាក់ទំនង​ទ្វេភាគី​។ ស្ថានទូត​រំពឹង​ថា​សម្រាប់ ឆ្នាំ​២០២៣​ខាងមុខ អាមេរិក​និង​កម្ពុជា​នឹង​មាន​ទំនាក់ទំនង​ល្អ​ប្រកបដោយ​ផ្លែផ្កា ហើយ​អាច​បន្ត​ការ​ខិតខំ​ក្នុង​ការ​ពង្រឹង​មិត្តភាព​រវាង​ប្រជាជន​អាមេរិក និង​ប្រជាជន​កម្ពុជា។

ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​នេះ មន្ត្រី​នាំពាក្យ​គណបក្សកាន់អំណាច​ក៏​រំពឹង​ថា សម្រាប់​ឆ្នាំ​២០២៣ ខាងមុខ​ប្រទេស​ទាំងពីរ​នឹង​អាច​ពង្រឹង​ទំនាក់ទំនង​ល្អ​នឹង​គ្នា​បាន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ថ្ងៃទី​២៤ ខែធ្នូ​ថា ក្នុង​ជំនួប​ទ្វេភាគី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក ហ៊ុន សែន បាន​ជូនពរ​បុគ្គលិក​ស្ថានទូត និង​ពលរដ្ឋ​អាមេរិក​ទាំងអស់​សុខ​សប្បាយ​ក្នុង​ឱកាស​បុណ្យ​ណូអែល (Christmas) និង​ពិធី​ដំណាច់ឆ្នាំ​២០២២​។ លោក សុខ ឥសាន ឱ្យ​ដឹង​ទៀត​ថា លោក ហ៊ុន សែន រំពឹង​ថា ឆ្នាំ​២០២៣ ខាងមុខ​ទំនាក់ទំនង​កម្ពុជា​អាមេរិក​នឹង​មាន​ភាព​ល្អ​ប្រសើរ ដោយ​ពុំ​មាន​ភាព​តានតឹង​ដូច​ពេល​កន្លងទៅ​នោះ​ទេ។

លោក សុខ ឥសាន៖ «ភាព​តានតឹង​ដែល​ខ្ញុំ​ចង់​និយាយ​នេះ គឺថា​មាន​ការ​ចោទ​ប្រកាន់ ពី​សហរដ្ឋអាមេរិក និង​មជ្ឈដ្ឋាន​មួយចំនួន​នៅ​ក្រៅ​ប្រទេស ថា កម្ពុជា​លម្អៀង​ទៅ​ខាង​ចិន​។ យើង​ចាត់ទុក​បណ្ដា​ប្រទេស នៅ​លើ​ពិភពលោក​ទាំង​តូច​ទាំង​ធំ​ជា​មិត្ត​របស់​យើង ឈរ​លើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញទៅមក ហើយ​មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា»

ទោះបីជា​យ៉ាងណា​អ្នកឃ្លាំមើល​ថា ទំនាក់ទំនង​កម្ពុជា​អាមេរិក​នឹង​នៅ​បន្ត​ប្រឈម​ភាព​តានតឹង និង​គ្មាន​ភាពល្អ​ប្រសើរ​ឡើយ បើ​កម្ពុជា​នៅតែ​មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ និង​ជម្រះ​មន្ទិលសង្ស័យ​អំពី​ការសាងសង់​មូលដ្ឋានទ័ព នៅ​កំពង់ផែ​រាម និង​រក្សា​អព្យាក្រឹត្យ​ភាព​របស់​ខ្លួន​ពី​ឥទ្ធិពល​ចិន​។ ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន ពេល​មក​កម្ពុជា លោក​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន កែប្រែ​លំអ​លទ្ធិប្រជាធិបតេយ្យ និង​ដោះលែង​អ្នក​ទោស​នយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​កញ្ញា សេង ធារី។ លោក​ថា សហរដ្ឋអាមេរិក​ប្ដេជ្ញា​ចំពោះ​ពលរដ្ឋ​កម្ពុជា​និង​ក្តី​ប្រាថ្នា​របស់​ពួកគេ​ដើម្បី ជំរុញ​ឲ្យ​កម្ពុជា​ទទួល​បាន​ភាព​រុងរឿង លទ្ធិប្រជាធិបតេយ្យ និង​ឯករាជ្យ។

លោក ចូ បៃឌិន ក៏បាន​សំដែង​ក្តី​កង្វល់​ពី​ស្ថានភាព នៃ​ការសាងសង់​មូលដ្ឋានទ័ព និង​ស្នើ​ឲ្យ​បង្ហាញ​ពី​តម្លាភាព​របស់​សកម្មភាព​យោធា​ចិន​នៅ​មូលដ្ឋានទ័ព​រាម។

ទោះបីជា​យ៉ាងណា លោក សុខ ឥសាន បន្ត​ថា កម្ពុជា​តែង​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​មិន​លម្អៀង​ទៅ​ប្រទេស​មហាអំណាច​ណាមួយ​ឡើយ​។ លោក​និយាយ​ដោយ​មាន​មោទនភាព​ថា បើ​កម្ពុជា​ពិតជា​មាន​ការ​រំលោភសិទ្ធិ​មនុស្ស និង​គ្មាន​ប្រជាធិបតេយ្យ​នោះ កម្ពុជា​នឹង​គ្មាន​ស្ថិរភាព​នយោបាយ ហើយ​មេដឹកនាំ​ពិភពលោក និង​តំបន់​នឹង​គ្មាន​វត្ត​មាននៅ​កម្ពុជា កាលពី​ខែវិច្ឆិកា​កន្លងទៅ​នោះ​ទេ។

ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​របស់ លោក សុខ ឥសាន អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារា មិន​រំពឹង​ថា កម្ពុជា​នឹង​អាច​ឆ្លើយ​តប​អាមេរិក​ជា​វិជ្ជមាន រឿង​ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឆ្នាំ​២០២៣ ខាងមុខនេះ​ទេ​។ លោក​ថា កន្លង​មក​អាមេរិក​តែង​ស្នើ​ដល់​កម្ពុជា​ឱ្យ​បើក​លំហ​ប្រជាធិបតេយ្យ ដោះលែង​អ្នក​ទោស​នយោបាយ ជាពិសេស​ដោះលែង កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព ប៉ុន្តែ​កម្ពុជា​ហាក់​មិនទាន់​បង្ហាញ​ឆន្ទៈ ដើម្បី​ឆ្លើយតប​ជា​វិជ្ជមាន​នៅឡើយ​ទេ។

លោក ឯម សុវណ្ណារា៖ «កាលណា​ប្រសិនជា​កម្ពុជា មិន​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ទេ ខ្ញុំ​គិតថា អត្ថប្រយោជន៍​ដែល​សហរដ្ឋអាមេរិក ឬ​សហគមន៍​អឺរ៉ុប​ផ្តល់​ឱ្យ​កម្ពុជា ដោយ​ផ្អែកលើ​គោលការណ៍​ជា​មូលដ្ឋាន​ពាក់ព័ន្ធ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ហ្នឹង ប្រហែលជា​កម្ពុជា​យើង​លែង​ទទួល​បាន​ហើយ ដោយ​តែ​យើង​មិនបាន​ឆ្លើយតប​ទៅ​នឹង​លក្ខខណ្ឌ​អនុវត្ត​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពាណិជ្ជកម្ម»

ស្រដៀង​គ្នា​នេះ​ដែរ អ្នកវិភាគ​នយោបាយ លោក គឹម សុខ ជឿជាក់​ថា ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​នឹង​មាន​ភាព​ល្អ​ប្រសើរ បើ​កម្ពុជា​ដោះស្រាយ​ស្ថានភាព​នយោបាយ​កំពុង​ជាប់​គាំង បើក​លំហ​សេរីភាព​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។

លោក គឹម សុខ៖ «ប្រសិនបើ​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បង្ហាញ​សញ្ញា​នៃ​លទ្ធភាព​ដែល​អាច​ដោះស្រាយ​ចេញ​ជា​ផល​វិជ្ជមាន លើ​វិបត្តិ​ពីរ​៖ ទីមួយ ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ ទី​ពីរ ការ​ជម្រះ​ការ​សង្ស័យ​លើ​មូលដ្ឋាន​កងទ័ពជើងទឹក​សមុទ្រ​រាម ដែល​មាន​ការចោទប្រកាន់​ពាក់ព័ន្ធ​វត្តមាន​គ្មាន​តម្លា​នៃ​កងទ័ព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទំនាក់ទំនង​កម្ពុជា សហរដ្ឋអាមេរិក​នៅតែ​បន្ត​ល្អក់កករ ពិបាក​ស្ដារ​ឱ្យ​ស្រស់បំព្រង​ណាស់​នៅ​ឆ្នាំ​ខាងមុខ»

លោក គឹម សុខ បន្ត​ថា ប្រសិនបើ​លោក ហ៊ុន សែន កែខ្លួន​ទាន់​ពេល កម្ពុជា​នឹង​អាច​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច និង​ជំនួយ​អភិវឌ្ឍ​ជាតិ​ពី​អាមេរិក (US) និង​សហភាព​អឺរ៉ុប (EU) និង​គេច​ផុត​ពី​ទណ្ឌកម្មសេដ្ឋកិច្ច​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​កម្ទេច​អ្នក​ប្រជាធិបតេយ្យ ដោយ​ការ​ផ្តាច់​ខ្លួន​ពី​លោក សម រង្ស៊ី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។