ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក បាទ្រីក ម័រហ្វី (Patrick Murphy) បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅស្ថានទូតកាលពីថ្ងៃទី២៣ ខែធ្នូ ដើម្បីរកវិធីកែលម្អទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ អ្នកជំនាញថា ជំនួបនេះគឺជាសញ្ញាល្អមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិនៃប្រទេសទាំងពីរ ប៉ុន្តែគេមិនរំពឹងថា កម្ពុជាអាចឆ្លើយតបជាវិជ្ជមានរឿងស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សតាមការសំណើរបស់អាមេរិកនៅឡើយទេ។
ស្ថានទូតសហរដ្ឋអាមេរិកទទួល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រតិភូរបស់លោករួមមាន រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន កូនប្រុស និងកូនប្រសាររបស់លោក ហ៊ុន សែន ក្នុងពិធីឆ្លងឆ្នាំ២០២២នៅឯស្ថានទូតអាមេរិក។ ក្នុងពិធីនោះ លោក បាទ្រីក ម័រហ្វី និងលោក ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។
ស្ថានទូតអាមេរិកលើកឡើ ក្នុងទំព័រ (Facebook) ស្ថានទូតថា សហរដ្ឋអាមេរិក កើតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជា ជាប្រធានប្តូរវេនអាស៊ាន ក្នុងឆ្នាំដែលមានបញ្ហាប្រឈម ថ្នាក់តំបន់ និងសាកលលោក ការគាំទ្រចំពោះកិច្ចប្រជុំកំពូលពិសេស សហរដ្ឋអាមេរិក អាស៊ាន នៅរដ្ឋធានី (Washington) និងការស្វាគមន៍ចំពោះការចូលរួមរបស់លោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) នៅក្នុងកិច្ចប្រជុំកំពូល កាលពីខែវិច្ឆិកា នៅភ្នំពេញ ហើយនិងការគាំទ្រចំពោះការបង្កើនភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិក អាស៊ាន។ ស្ថានទូតអាមេរិកបន្តថា អាមេរិកស្វាគមន៍ជំហររបស់កម្ពុជា ក្នុងការលើកកម្ពស់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ការពារបូរណភាពទឹកដី និងសហការគាំទ្រដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ស្ថានទូតបន្តទៀតថា ដោយសម្លឹងទៅកាន់ឆ្នាំថ្មី លោកឯកអគ្គរដ្ឋទូត បាទ្រីក ម័រហ្វី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពិភាក្សាលើវិធីកែលម្អទំនាក់ទំនងទ្វេភាគី។ ស្ថានទូតរំពឹងថាសម្រាប់ ឆ្នាំ២០២៣ខាងមុខ អាមេរិកនិងកម្ពុជានឹងមានទំនាក់ទំនងល្អប្រកបដោយផ្លែផ្កា ហើយអាចបន្តការខិតខំក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនអាមេរិក និងប្រជាជនកម្ពុជា។
ឆ្លើយតបទៅនឹងការលើកឡើងនេះ មន្ត្រីនាំពាក្យគណបក្សកាន់អំណាចក៏រំពឹងថា សម្រាប់ឆ្នាំ២០២៣ ខាងមុខប្រទេសទាំងពីរនឹងអាចពង្រឹងទំនាក់ទំនងល្អនឹងគ្នាបាន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីកាលថ្ងៃទី២៤ ខែធ្នូថា ក្នុងជំនួបទ្វេភាគីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ហ៊ុន សែន បានជូនពរបុគ្គលិកស្ថានទូត និងពលរដ្ឋអាមេរិកទាំងអស់សុខសប្បាយក្នុងឱកាសបុណ្យណូអែល (Christmas) និងពិធីដំណាច់ឆ្នាំ២០២២។ លោក សុខ ឥសាន ឱ្យដឹងទៀតថា លោក ហ៊ុន សែន រំពឹងថា ឆ្នាំ២០២៣ ខាងមុខទំនាក់ទំនងកម្ពុជាអាមេរិកនឹងមានភាពល្អប្រសើរ ដោយពុំមានភាពតានតឹងដូចពេលកន្លងទៅនោះទេ។
លោក សុខ ឥសាន៖ «ភាពតានតឹងដែលខ្ញុំចង់និយាយនេះ គឺថាមានការចោទប្រកាន់ ពីសហរដ្ឋអាមេរិក និងមជ្ឈដ្ឋានមួយចំនួននៅក្រៅប្រទេស ថា កម្ពុជាលម្អៀងទៅខាងចិន។ យើងចាត់ទុកបណ្ដាប្រទេស នៅលើពិភពលោកទាំងតូចទាំងធំជាមិត្តរបស់យើង ឈរលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក ហើយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នា»។
ទោះបីជាយ៉ាងណាអ្នកឃ្លាំមើលថា ទំនាក់ទំនងកម្ពុជាអាមេរិកនឹងនៅបន្តប្រឈមភាពតានតឹង និងគ្មានភាពល្អប្រសើរឡើយ បើកម្ពុជានៅតែមិនព្រមស្តារប្រជាធិបតេយ្យ និងជម្រះមន្ទិលសង្ស័យអំពីការសាងសង់មូលដ្ឋានទ័ព នៅកំពង់ផែរាម និងរក្សាអព្យាក្រឹត្យភាពរបស់ខ្លួនពីឥទ្ធិពលចិន។ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ពេលមកកម្ពុជា លោកបានស្នើឲ្យលោក ហ៊ុន សែន កែប្រែលំអលទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស និងកញ្ញា សេង ធារី។ លោកថា សហរដ្ឋអាមេរិកប្ដេជ្ញាចំពោះពលរដ្ឋកម្ពុជានិងក្តីប្រាថ្នារបស់ពួកគេដើម្បី ជំរុញឲ្យកម្ពុជាទទួលបានភាពរុងរឿង លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ។
លោក ចូ បៃឌិន ក៏បានសំដែងក្តីកង្វល់ពីស្ថានភាព នៃការសាងសង់មូលដ្ឋានទ័ព និងស្នើឲ្យបង្ហាញពីតម្លាភាពរបស់សកម្មភាពយោធាចិននៅមូលដ្ឋានទ័ពរាម។
ទោះបីជាយ៉ាងណា លោក សុខ ឥសាន បន្តថា កម្ពុជាតែងប្រកាន់ជំហរអព្យាក្រឹត្យមិនលម្អៀងទៅប្រទេសមហាអំណាចណាមួយឡើយ។ លោកនិយាយដោយមានមោទនភាពថា បើកម្ពុជាពិតជាមានការរំលោភសិទ្ធិមនុស្ស និងគ្មានប្រជាធិបតេយ្យនោះ កម្ពុជានឹងគ្មានស្ថិរភាពនយោបាយ ហើយមេដឹកនាំពិភពលោក និងតំបន់នឹងគ្មានវត្តមាននៅកម្ពុជា កាលពីខែវិច្ឆិកាកន្លងទៅនោះទេ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់ លោក សុខ ឥសាន អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារា មិនរំពឹងថា កម្ពុជានឹងអាចឆ្លើយតបអាមេរិកជាវិជ្ជមាន រឿងស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឆ្នាំ២០២៣ ខាងមុខនេះទេ។ លោកថា កន្លងមកអាមេរិកតែងស្នើដល់កម្ពុជាឱ្យបើកលំហប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយ ជាពិសេសដោះលែង កញ្ញា សេង ធារី ឱ្យមានសេរីភាព ប៉ុន្តែកម្ពុជាហាក់មិនទាន់បង្ហាញឆន្ទៈ ដើម្បីឆ្លើយតបជាវិជ្ជមាននៅឡើយទេ។
លោក ឯម សុវណ្ណារា៖ «កាលណាប្រសិនជាកម្ពុជា មិនឆ្លើយតបទៅនឹងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទេ ខ្ញុំគិតថា អត្ថប្រយោជន៍ដែលសហរដ្ឋអាមេរិក ឬសហគមន៍អឺរ៉ុបផ្តល់ឱ្យកម្ពុជា ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋានពាក់ព័ន្ធប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហ្នឹង ប្រហែលជាកម្ពុជាយើងលែងទទួលបានហើយ ដោយតែយើងមិនបានឆ្លើយតបទៅនឹងលក្ខខណ្ឌអនុវត្តដើម្បីទទួលបានផលប្រយោជន៍ពាណិជ្ជកម្ម»។
ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយ លោក គឹម សុខ ជឿជាក់ថា ទំនាក់ទំនងកម្ពុជា និងអាមេរិកនឹងមានភាពល្អប្រសើរ បើកម្ពុជាដោះស្រាយស្ថានភាពនយោបាយកំពុងជាប់គាំង បើកលំហសេរីភាពពលរដ្ឋ និងអង្គការសង្គមស៊ីវិលឱ្យមានភាពល្អប្រសើរ។
លោក គឹម សុខ៖ «ប្រសិនបើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបង្ហាញសញ្ញានៃលទ្ធភាពដែលអាចដោះស្រាយចេញជាផលវិជ្ជមាន លើវិបត្តិពីរ៖ ទីមួយ ការស្ដារលទ្ធិប្រជាធិបតេយ្យកម្ពុជាឡើងវិញ ទីពីរ ការជម្រះការសង្ស័យលើមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ដែលមានការចោទប្រកាន់ពាក់ព័ន្ធវត្តមានគ្មានតម្លានៃកងទ័ពនៃសាធារណរដ្ឋប្រជាមានិតចិន ទំនាក់ទំនងកម្ពុជា សហរដ្ឋអាមេរិកនៅតែបន្តល្អក់កករ ពិបាកស្ដារឱ្យស្រស់បំព្រងណាស់នៅឆ្នាំខាងមុខ»។
លោក គឹម សុខ បន្តថា ប្រសិនបើលោក ហ៊ុន សែន កែខ្លួនទាន់ពេល កម្ពុជានឹងអាចទទួលបានប្រយោជន៍សេដ្ឋកិច្ច និងជំនួយអភិវឌ្ឍជាតិពីអាមេរិក (US) និងសហភាពអឺរ៉ុប (EU) និងគេចផុតពីទណ្ឌកម្មសេដ្ឋកិច្ចផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។