អាមេរិកបន្តលើកឡើងពីកង្វល់យ៉ាងខ្លាំងជុំវិញរឿងរ៉ាវសកម្មភាពរបស់កងទ័ពចិននៅកំពង់ផែរាម

ដោយ មាន ឫទ្ធិ
2024.04.22
អាមេរិកបន្តលើកឡើងពីកង្វល់យ៉ាងខ្លាំងជុំវិញរឿងរ៉ាវសកម្មភាពរបស់កងទ័ពចិននៅកំពង់ផែរាម រូបភាពពីផ្កាយរណបពាណិជ្ជកម្មបង្ហាញពីនាវាចម្បាំងរបស់ចិនពីរគ្រឿងបានចូលចតនៅកំពង់ផែរាម។
រូប៖ CSIS/AMTI/MAXAR

សហរដ្ឋអាមេរិក បន្ត​លើក​ឡើង​ពី​កង្វល់​យ៉ាង​ខ្លាំង​ជុំវិញ​រឿងរ៉ាវ​នៃ​​សកម្មភាព​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​កំពង់ផែ​រាម។

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ (អ៊ីមែល) កាលពី​ចុង​សប្ដាហ៍​នេះ​ថា សហរដ្ឋ​អាមេរិក និង​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ តែងតែ​លើកឡើង​ពី​កង្វល់​យ៉ាង​ខ្លាំង​របស់​ខ្លួន​ជា​ទៀងទាត់ ជុំវិញ​ចេតនា​លក្ខណៈ​ពិតប្រាកដ និង​វិសាលភាព​នៃ​ការ​សាងសង់​កំពង់ផែ​កងទ័ព​ជើងទឹក​រាម ព្រម​ទាំង​តួនាទី​របស់​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ (PRC) នៅ​ក្នុង​ដំណើរការ និង​ការប្រើប្រាស់​កំពង់ផែ​នេះ​​នា​ពេល​អនាគត។ ស្ថានទូត​អាមេរិក សង្កត់​ធ្ងន់​ថា ប្រជាពលរដ្ឋ​កម្ពុជា ប្រទេស​ជិត​ខាង អាស៊ាន និង​តំបន់​ទាំងមូល នឹង​ទទួល​បាន​អត្ថប្រយោជន៍​ ប្រសិនបើ​មាន​តម្លាភាព​ជុំវិញ​សកម្មភាព​នានា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​កំពង់ផែ​រាម។

កង្វល់ និង​ការ​ជំរុញ​របស់​អាមេរិក​សារ​ជាថ្មី​នេះ កើតមាន​ឡើង​ក្រោយពី​ស្ថាប័ន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អាមេរិក CSIS បាន​ចេញ​ផ្សាយ​អត្ថបទ​វិភាគ​មួយ​កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ដោយ​សន្និដ្ឋាន​តាមរយៈ​ការ​ប្រើ​រូបភាព​ថត​បាន​ពី​ផ្កាយ​រណប​ពាណិជ្ជកម្ម​ថា នាវា​ចម្បាំង​របស់​ចិន​ពីរ​គ្រឿង​បាន​ចូល​ចត​នៅ​កំពង់ផែ​រាម​អស់​រយៈពេល​​ជាង​៤ខែ​មក​ហើយ​ដោយ​ពុំ​ទាន់​ចាកចេញ​វិញ​នៅឡើយ​ទេ​។ នាវា​ចម្បាំង​ចិន​ពីរ​គ្រឿង​នោះ  ត្រូវ​គេ​ឃើញ​ជា​លើក​ដំបូង​កាលពី​ថ្ងៃទី០៣ ខែ​​ធ្នូ ឆ្នាំ​២០២៣​។

ស្ថាប័ន​ស្រាវជ្រាវ CSIS រក​ឃើញ​ថា ផ្អែក​តាម​រូបភាព​ពី​ផ្កាយ​រណប នាវា​ចម្បាំង​ទាំង​ពីរ​គ្រឿង​របស់​ចិន​នេះ មិន​ដែល​ចាកចេញ​ពី​កំពង់ផែ​រាម​ឡើយ ហើយ​បច្ចុប្បន្ន កំពុង​បន្ត​មាន​វត្តមាន​ជា​ទៀងទាត់​អស់​រយៈពេល​ជាង ៤ខែ​មក​ហើយ​នៅ​កំពង់ផែ​រាម។ ស្ថាប័ន​នេះ ចោទ​ជា​សំណួរ​ថា​តើ​វត្តមាន​របស់​នាវា​ចម្បាំង​ចិន​នេះ អាច​នឹង​នាំ​ឱ្យ​មាន​ការ​បង្កើត​វត្តមាន​ជា​អចិន្ត្រៃយ៍​របស់​កងទ័ព​ចិន​នៅ​កំពង់ផែ​រាម ឬ​យ៉ាងណា។

កន្លងទៅ រដ្ឋាភិបាល​កម្ពុជា​តែង​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ជុំវិញ​ការសង្ស័យ​របស់​អាមេរិក​ដែល​ថា​កម្ពុជា​លួច​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​លើ​ទឹកដី​របស់​ខ្លួន ព្រោះ​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។