មន្ត្រី​ការពារជាតិ​អាមេរិក​បំពេ​ញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង​យោធា​

ដោយ ហេង រស្មី
2019.01.15
Dr. Joseph H. Felter លោក ចូសេហ្វ ហ្វែលធើ (Dr. Joseph H. Felter) (ឆ្វេង) ចាប់​ដៃគ្នាជាមួយ​លោក នាង ផាត (ស្តាំ) ក្នុង​ជំនួប​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០១៩។
រូបថត​ដោយ​ស្ថាន​ទូត​អាមេរិក​ប្រចាំកម្ពុជា

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ការពារ​ជាតិកាលពីថ្ងៃទី១៥ មករាម្សិលមិញបានជួបនឹង​មន្រ្តីយោធាកម្ពុជា​ពិភាក្សា​ជុំវិញ​ទំនាក់ទំនង​ការ​ទូត​របស់​ប្រទេស​ទាំង​ពីរ។ ស្ថានទូត​អាមេរិក​នៅ​កម្ពុជា​បញ្ជាក់ ទំនាក់​យោធា​អាមេរិក និង​កម្ពុជា​នឹង​អាច​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ ប្រសិន​បើ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​លោក កឹម សុខា និង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

ឧបការីរងរដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​​អាមេរិក ​ទទួល​បន្ទុក​តំបន់​អាស៊ីខាង​ត្បូង និង​អាស៊ីអាគ្នេយ៍​ បណ្ឌិត​ ចូសេហ្វ ហ្វែលធើ (Dr. Joseph H. Felter) ​បាន​​​​ជួប​​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​កម្ពុជា​ លោក នាង ផាត នៅព្រឹកថ្ងៃទី១៥ មករា ដើម្បី​ពិភាក្សា​​គ្នាអំពីចង្ខុ​វិស័យ​រួម ​​​ស្តីពី​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិកមួយ​ដែល​​បើក​ចំហ និងមា​ន​ភាព​​សេរី ព្រម​ទាំង​ពិភាក្សា​ពី​របៀប​ដែល​ទំនាក់ទំនងល្អ​​លើ​វិស័យ​យោធា អាច​ជួយ​ឱ្យ​កម្ពុជា​រក្សានូវ​អធិបតេយ្យ​ភាព​របស់​​ខ្លួនបាន​ដោយ​ពេញ​លេញគ្មាន​ការ​បង្ខិត​បង្ខំ ​​ធានា​បាន​នូវ​សន្តិភាព​ជាតិ​ វិបុល​ភាព និង​ឯករាជ្យ​ភាព​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បញ្ជាក់​ថា ជំនួប​ឧបការី​រង​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​​អាមេរិក ​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍​ បណ្ឌិត​ ចូសេហ្វ ហ្វែលធើ (Dr. Joseph H. Felter) ​បាន​​​​ជួប​​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ លោក នាង ផាត ផ្តោត​​ការលើក​កម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​យោធា​​រវាងប្រទេស​ទាំងពីរ​​តាម​រយៈការ​ទម្លាក់ចោល​បទចោទ​ប្រកាន់​ទាំងឡាយ​លើ​លោក​ កឹម សុខា និង​អនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធផ្សព្វផ្សាយ​អាច​ដំណើរការ​បាន​ដោយ​គ្មាន​ការរារាំង​ ខណៈដែល​កម្ពុជា​កំពុង​បន្ត​ពង្រឹងស្ថាប័ន​ជាតិ និង​អនុវត្ត​កំណែទម្រង់​ទាំង​ឡាយ។

មន្ត្រីកិច្ច​ការ​សាធារណៈ និង​ជា​អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា លោក អេរេន ឆ្វាតចេស (Arend C. Zwartjes) ​​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​ជំនួប​របស់​​ ចូសេហ្វ ហ្វែលធើ (Dr. Joseph H. Felter) និង​លោក​ នាង ផាត នោះទេ​​​។ ចំណែក​សេចក្តី​ថ្លែង​ការណ៍​ក្រសួង​ការពារ​ជាតិ​កម្ពុជា​មិន​បាន​បញ្ជាក់​ថា ត្រង់​ចំណុច​ស្នើសុំ​ឲ្យ​ដោះ​លែង​លោក កឹម សុខា នោះ​ទេ។ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​សរសេរ​ដោយ​អះអាង​ថា ​កិច្ច​ពិភាក្សា​រវាង​មន្រ្តី​យោធា​ទាំង​ពីរ ជា​វេទិកា​ធ្វើ​ការដ៍​​សំខាន់​មួយ ​ដើម្បី​ចេញ​នូវ​ផែន​ការ​អភិវឌ្ឍន៍​កម្ម​វិធី​ សហ​ប្រតិបត្តិការ​ការពារ​ជាតិ​របស់​ប្រទេស​ទាំង​ពីរ​ កម្ពុជា ​និង​សហរដ្ឋ​អាមេរិក។ នេះ​ជា​លើក​ទីមួយ​ហើយសម្រាប់​ឆ្នាំ ២០១៩ ដែល​មន្ត្រី​ការពារ​ជាតិ​អាមេរិក​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅកម្ពុជា ខណៈទំនាក់​ទំនង​កម្ពុជា​-អាមេរិក នៅលើវិស័យ​នយោបាយ និង​យោធា ហាក់​មិន​មាន​ដំណើរ​ការ​ល្អ​ប៉ុន្មាន​នោះឡើយ​ ដោយ​សារ​របបក្រុង​ភ្នំពេញ​បាន​បង្ហាញ​ជំហរ​លម្អៀងខ្លាំង​ទៅរក​មហាអំណាចចិន ដែល​ជា​គូប្រជែង​ដ៏​ធំ​របស់​អាមេរិក

មន្រ្តី​នាំពាក្យ​របបក្រុង​ភ្នំពេញ​លោក ផៃ ស៊ីផាន ថ្លែង​ថា កម្ពុជា​ស្វាគមន៍​រាល់​ជំនួប​ជាមួយ​មន្ត្រី​ការពារជាតិ​អាមេរិក​ ក្នុង​គោល​បំណង​ពង្រឹង​ទំនាក់ទំនងយោធា​​រវាង​ប្រទេស​ទាំងពីរ និង​ការ​ជួយ​លើក​ស្ទួយ​ឯករាជ្យភាព​របស់​កង​ទ័ពកម្ពុជា​ ក៏​ប៉ុន្តែ​មិន​មែន​ជា​ជំនួប​និយាយ​ពី​រឿង​ដោះលែង​លោក កឹម សុខា នោះឡើយ៖ «ចំពោះ​នាយ​ទាហានជាន់​ខ្ពស់​អាមេរិក​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ ដែល​មាន​ហេតុ​ផល​ និង​ទិសដៅ​ចង់​ពង្រឹង​ឯករាជ្យ​ភាព​ និង​ថាម​ពល​របស់​កង​យោធពលខេមរ​ភូមិន្ទ​នេះ យើង​ស្វាគមន៍។ ក៏​ប៉ុន្តែ​អ្វី​ដែល​គាត់​លើក​ឡើង​ពាក់ព័ន្ធនឹង​ កឹម សុខា នេះ​ជា​រឿង​មួយ​ជ្រៀត​ជ្រែ​កក្នុង​​បញ្ហាធិបតេយ្យ​ភាព​របស់​កម្ពុជា ហើយក៏​ជ្រៀតជ្រែក​នៅក្នុង​កាតព្វកិច្ច​នៃ​ការ​ប្រ​ព្រឹ​ត្ត​ទៅ​របស់​កង​យោធា​ ពីព្រោះ​យោធាមិន​មែន​ស្ថិត​ក្នុង​រឿង​នយោបាយ​នោះ​ទេ។ អាហ្នឹង​យើង​ខ្ញុំ​សុំ​ទោស ហើយ​យើង​មិន​ទទួល​ជា​ដាច់​ខាត»

ដំណើរ​ទស្សនកិច្ចរបស់​មន្ត្រី​ការពារ​ជាតិ​អាមេរិក​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​នាវា​ចម្បាំងចិន​ចំនួន​​ ៣ គ្រឿង ដែល​ផ្ទុក​កង​នាវិក​ជិត ៧០០ នាក់ បាន​ចូលចត​នៅ​កំពង់​ផែក្រុងព្រះសីហនុ កាល​ពី​សប្តាហ៍​មុន​ ជា​ទស្សន​កិច្ច​ដែល​របបក្រុង​ភ្នំពេញ​អះអាង​ថា ​ដើម្បី​រឹត​ចំណង​សាមគ្គីភាព និងបង្កើន​​កិច្ច​សហប្រតិបត្តិ​ការ​យោធារវាង​ប្រទេស​ទាំង​ពីរ។

អ្នក​វិភាគនយោបាយ លោក គឹម សុខ ជឿជាក់​ថា ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​ការពារ​ជាតិ​អាមេរិក​នៅ​កម្ពុជា​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុនក្នុង​ការ​ជួយ​ស្តារស្ថានការណ៍​នយោបាយ​នៅកម្ពុជា និង​ទប់​ស្កាត់​កុំ​ឱ្យ​មាន​រឿង​ហេតុ​អាក្រក់កើត​ឡើង​នៅពេល​ខាង​មុខតាម​រយៈ​ការ​ឃុប​ឃិត​គ្នា​រវាងរបបក្រុងភ្នំពេញ​ និង​ប្រទេស​ចិន​កុម្មុយនីស្ត​នៅ​​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​យោធា។ លោក​ជឿជាក់​ថា សហរដ្ឋ​អាមេរិក​មិនទាន់​អស់​ចិត្ត​នៅ​ឡើយទេ​​ ទាក់ទង​នឹង​រឿង​ព័ត៌មាន​ស្តីពីការ​កសាង​មូល​ដ្ឋានកង​ទ័ពចិន​នៅលើ​ទឹក​ដី​កម្ពុជា ទោះ​បី​​ជា​​របប​ក្រុង​ភ្នំពេញ​បានបដិសេធ​រួច​ទៅហើយ​ក្តី ដូច្នេះ​លោក​អះអាងថា ទស្សនកិច្ច​របស់​មន្ត្រី​ការពារជាតិ​អាមេរិក​នេះ ក៏​ជា​ការ​ព្រមានដល់ក្រុម​មេដឹកនាំ​នៃ​​​របបក្រុង​ភ្នំពេញ​​ផង​ដែរ៖ «ល្បិចកល​​ទាំងឡាយ​ដែល​លោក​ ហ៊ុន សែន​ កំពុង​តែ​ធ្វើ​ដោយ​ស្ងាត់ៗ​ជាមួយ​ចិន​ក្តី ដោយ​យុទ្ធសាស្ត្រ​ផ្ទៃក្នុង​បក្ស​ប្រជាជន​ ផ្ទៃក្នុង​ជាតិ​គំរាម​ពលរដ្ឋ​ឯង​ក្តី គឺ​គេ​ដឹង​ទាំងអស់។​ ម៉្លោះ​ហើយ​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ការពារ​ជាតិ​ជាន់​ខ្ពស់​របស់​អាមេរិក​ ជា​ការ​រំឭក​ផង ជា​ការ​ព្រមាន​ផង ហើយ​ក៏​ចង់​ចូល​រួម​ដោះស្រាយបញ្ហា​ប្រទេស​កម្ពុជា​ផង នៅ​ក្នុង​លក្ខខណ្ឌ​ដែល​មាន​វិបត្តិធ្ងន់ធ្ងរ​អំពី​ប្រជាធិបតេយ្យ ដែលត្រូវ​​​ក្រុមលោក​ ហ៊ុន សែន ប្រើ​កណ្តាប់​ដៃដែក​ ស្ទើរ​តែ​សម្លាប់​ទាំងស្រុង​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ»

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ របបលោក​ ហ៊ុន សែន បាន​បែរ​ខ្នង​ដាក់​អាមេរិក​​កាន់​តែខ្លាំង នៅ​​លើ​វិស័យ​យោធា ក្រោយ​របបនេះ​ទទួល​បាន​ជំនួយផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ជា​ច្រើន​​សន្ធឹក​សន្ធាប់​ពី​របប​ក្រុង​ប៉េកាំង​។ របបនេះ​បានលុប​ចោល​សមយុទ្ធយោធា “ឆ្មាំអង្គរ” ជាមួយ​អាមេរិក​ កាល​ពី​ឆ្នាំ ២០១៧ កន្លង​ទៅ ដោយ​លើក​ហេតុ​ផល​ថា ជាប់​រវល់​​​រៀប​ចំ​​​សន្តិសុខ​សម្រាប់​ការ​​បោះឆ្នោត ក៏​ប៉ុន្តែ​ជាង ២ ឆ្នាំមក​នេះ របប​ក្រុង​ភ្នំពេញ​មិន​ដែល​បង្ហាញ​បំណង​ណាមួយ​ក្នុង​ការ​រៀប​ចំ​សមយុទ្ធយោធា​ជាមួយ​អាមេរិក​ជាថ្មី​ទៀតឡើយ​ ខណៈរបបនេះ​បាន​រៀបចំ​សមយុទ្ធ​យោធា​​នាគមាស​ជាមួយ​ប្រទេសចិន​ពីរ​ដង​រួច​ទៅ​ហើយ និងកំពុង​​ត្រៀម​រៀប​ចំ​លំហាត់​នាគមាស​ជាមួយ​យោធាចិន​ ​ឱ្យ​បាន​ធំជាង​មុនទៀត​នៅ​ឆ្នាំ ២០១៩ នេះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។