អាមេរិក​និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ព្រមាន​កម្ពុជា​ក្រោយ​ផាត់​​​ភ្លើងទៀន​ចេញ​ពី​ការ​បោះឆ្នោត

ដោយ នៅ វណ្ណារិន
2023.05.27
អាមេរិក​និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ព្រមាន​កម្ពុជា​ក្រោយ​ផាត់​​​ភ្លើងទៀន​ចេញ​ពី​ការ​បោះឆ្នោត ជំនួបរវាងប្រធានាធិបតី​អាមេរិកលោក ចូ បៃឌិន (Joe Biden) (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន (ស្ដាំ) ពេលកម្ពុជាជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល​អាស៊ាន កាលពីថ្ងៃទី១២ ខែ​វិច្ឆិកា ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​និង​ក្រុម​ប្រទេស​ទេស​ប្រជាធិបតេយ្យ​ធំៗ​បាន​ប្រតិកម្ម​ចំពោះ​ការ​រារាំង​គណបក្ស​ភ្លើងទៀន​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ខែកក្កដា​ខាងមុខនេះ និង​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ងាក​មក​តាម​គន្លង​ប្រជាធិបតេយ្យ​និង​គោរព​សិទ្ធិមនុស្ស​។ អ្នកវិភាគ​ព្រមាន​ថា​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ទទួលរង​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អន្តរជាតិ។

រដ្ឋាភិបាល​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​បាន​សម្តែង​ការ​ខកចិត្ត និង​ក្តី​បារម្ភ​ជា​បន្តបន្ទាប់​នៅ​សប្តាហ៍​នេះ​ចំពោះ​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បន្ទាប់​ពី​ក្រុមប្រឹក្សាធម្មនុញ្ញ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ..ប បដិសេធ​ការ​ចុះឈ្មោះ​បោះឆ្នោត​សកល​របស់​គណបក្ស​ភ្លើងទៀន។

រដ្ឋាភិបាល​ជប៉ុន​លើក​ឡើង​ថា ជប៉ុន​កំពុង​ពិនិត្យ​តាមដាន​ដោយ​យកចិត្តទុកដាក់​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នៅមុន​ការ​បោះឆ្នោត​ជាតិ​នៅ​ខែកក្កដា​ខាងមុខ។ ស្ថានទូត​ជប៉ុន​បញ្ជាក់​ថា ខ្លួន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តាមរយៈ​កិច្ច​សន្ទនា ជាមួយ​រដ្ឋាភិបាល​កម្ពុជា​គណបក្ស​កាន់អំណាច​និង​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល​និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដោយ​បាន​បញ្ចេញ​ទស្សនៈ​ដោយ​ស្មោះ​ត្រង់ និង​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជា​បន្តបន្ទាប់។

ចំណែក​រដ្ឋាភិបាល​អង់គ្លេស​វិញ ក៏បាន​បង្ហាញ​ជំហរ​ខកចិត្ត​ជា​ខ្លាំង​ដែល​គណបក្ស​ភ្លើងទៀន​មិនអាច​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​ជាតិ​ខាងមុខ។ អ្នកនាំពាក្យ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​លោក គ្រិស្ត វីលៀមសុន (Chris Williamson) ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​អ៊ីម៉េល​នៅ​ថ្ងៃទី​២៦​ខែឧសភា​ថា ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គ​.​ជ​.​ប​ដែល​បដិសេធ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​គឺជា​ការ​បិទ​សិទ្ធិ​សេរីភាព និង​ជម្រើស​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត។

លោក គ្រិស្ត វីលៀមសុន បញ្ជាក់​ថា រដ្ឋាភិបាល​អង់គ្លេស​មិន​គាំទ្រ​បុគ្គល​នយោបាយ​ណាមួយ​ឡើយ​ក៏ប៉ុន្តែ​អង់គ្លេស​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា និង​សង្ឃឹម​មុតមាំ​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត ហើយ​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​នឹង​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​លើកស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ស្រដៀង​នេះ​ដែរ រដ្ឋាភិបាល​អូស្ត្រាលី​ក៏បាន​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដែល​គណបក្ស​ភ្លើងទៀន ជា​គណបក្សប្រឆាំង​មួយ​នេះ​មិនអាច​ចុះបញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ពេល​ខាងមុខ។ អូស្ត្រាលី​ថា លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស​គឺ​តម្រូវ​ឱ្យ​មាន​លំហ​នយោបាយ​ការគោរព​ច្បាប់ និង​ស្ថាប័នរដ្ឋ​នានា​ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​គ្រប់​បក្សនយោបាយ​អាច​ចូលរួម​និង​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​នៅ​ថ្ងៃ​បោះឆ្នោត​ជាតិ នៅ​ខែកក្កដា​ខាងមុខ។ ប្រការ​ដែល​គណបក្ស​ណាមួយ​មិន​អាច​ចុះបញ្ជី​ឈរ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​មិនមែន​ជា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ។

ចំណែក​ប្រទេស​មហាអំណាច​អាមេរិក ក៏បាន​ព្រមាន​ពី​ការ​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ នៃ​លំហ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​បាន​ប្រកាស​ធ្វើ​ពហិការ​មិន​បញ្ជូន​អ្នកសង្កេតការណ៍​របស់​ខ្លួន ទៅ​ឃ្លាំមើល​ការបោះឆ្នោត​ខែ​កក្កដា​ដែល​អ្នកជំនាញ​ឯករាជ្យ​និង​អន្តរជាតិ​ជាច្រើន​វាយ​តម្លៃ​ថា «មិន​សេរី​ឬ​យុត្តិធម៌» នោះ​ទេ។

អ្នកនាំពាក្យ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក ម៉ាតធ្យូ មីលល័រស៍ (Matthew Millers) លើកឡើង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៥ ឧសភា ថា សកម្មភាព​គម្រាម​កំហែង​ការ​យាយី​ដែល​បាន​បង្កើត​ឡើង និង​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋ​នានា​ដោយ​ហេតុផល​នយោបាយ​ទៅលើ​គណបក្សប្រឆាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​សង្គម​ស៊ីវិល «កំពុង​បំផ្លាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុ​ជា​ជា​អន្តរជាតិ​ក្នុង​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស​» នៅ​កម្ពុជា។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្លាស់ប្ដូរ​គោលជំហរ​ឡើង​វិញ ដើម្បី​ធានា​ឱ្យ​ប្រជាពលរដ្ឋ​អាច​ចូលរួម​ក្នុង​របប​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ការអនុវត្ត​សិទ្ធិមនុស្ស​របស់​ពលរដ្ឋ​ដោយ​សេរី​រួម​ទាំង​សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ការ​ជួប​ប្រជុំ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី និង​ការ​បញ្ចេញមតិ​ដោយ​គ្មាន​ភាព​ភ័យខ្លាច​ចំពោះ​ការ​សង​សឹក។

ឆ្លើយតប​ទៅ​នឹង​ប្រតិកម្ម​ជា​បន្ត​បន្ទាប់ ពី​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​និង​អង្គការ​សង្គម​ស៊ីវិល លោក​ហ៊ុន សែន និង​មន្ត្រី​របស់​លោក​ថា មូលហេតុ​ដែល​គ​.​ជ​.​ប​និង​ក្រុមប្រឹក្សាធម្មនុញ្ញ​សម្រេច​មិន​ឱ្យ​គណបក្ស​ភ្លើងទៀន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខនេះ គឺជា​កំហុស​របស់​គណបក្ស​ភ្លើងទៀន​ផ្ទាល់។ ថ្លែង​ក្នុង​ពិធី​ជួបជុំ​ជាមួយ​កម្មករ​រោងចក្រ​ក្នុង​រាជធានី​ភ្នំពេញ​លោក ហ៊ុន សែន លើកឡើង​ថា វា​ជា​ចេតនា​របស់​គណបក្ស​ភ្លើងទៀន​ដែល​ធ្វើ​ឱ្យ​បាត់​គល់​បញ្ជី​ដើម​គណបក្ស ដែល​ជា​ឯកសារ​គោល​ក្នុង​ការ​ចុះបញ្ជី​គណបក្ស​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ឆ្នាំ​២០២៣។

លោក ហ៊ុន សែន៖ «គោលដៅ​របស់​គេ ដែល​ខ្ញុំ​វិភាគ​នៅ​កន្លែង​នេះ​គេ​មិន​ចង់ឱ្យ​គណបក្ស​នេះ​ចូលរួម​បោះឆ្នោត​ទេ​ដោយ​គេ​ដឹង​ថា វា​ចាញ់​ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​បាន គឺ​គេ​យក​បរទេស​មក​គាប​កម្ពុជា​!​មក​គាប​កម្ពុជា។ វា​មិនដែល​ម៉ែ​អាណា​គ្រាន់តែ​បញ្ជី​ជាតិ​១​សន្លឹក ហើយ​ធ្វើ​ឱ្យ​បាត់​ទេវា​មិនដែល។ វា​គ្មាន​បាត់​ទៅណា​ទេ ប៉ុន្តែ​វា​យក​ទៅ​លាក់ វា​មាន​គោលដៅ​នយោបាយ​របស់​វា​ជាក់លាក់ គោលដៅ​របស់​វា​ជាក់លាក់​ថោកទាប​! ថោកទាប​! មិនមែន​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​ទេ ខ្ញុំ​សុំទោស​។ ព្រោះ​អានេះ​ចុះបញ្ជី​តាំងពី​៩៥(​ឆ្នាំ​១៩៩៥)៩៦ តាំងពី​អី (​គណបក្ស​)​ជាតិខ្មែរ​តាំង​ស្អីៗ​មក​ឯណោះ»

ក្រុមប្រឹក្សាធម្មនុញ្ញ​កាលពី​ថ្ងៃទី​២៥​ឧសភា​បានសម្រេច​យល់​ស្របតាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ដែល​បាន​បដិសេធ​មិន​ទទួលស្គាល់​ឯកសារ​សុំ​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន​។ លោកប្រាជ្ញ ច័ន្ទ ប្រធាន​គ..ប​បាន​បញ្ជាក់​ក្នុង​សេចក្ដី​សម្រេច​កាលពី​ថ្ងៃទី​១៥ ឧសភា ថា ការ​បដិសេធ​នេះ​គឺ​ដោយសារតែ​គណបក្ស​ភ្លើងទៀន​មិនបាន​ភ្ជាប់​ប្រកាស​ស្ដីពី​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ដែល​មាន​បញ្ជាក់​នីត្យានុកូលកម្ម​ដោយ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ​ឱ្យ​បាន​ត្រឹមត្រូវ​។ ទោះ​យ៉ាងណា​ក្រសួងមហាផ្ទៃ​កាល​ថ្ងៃទី​៥ ឧសភា ឆ្នាំ​២០២៣ បាន​ទទួល​ស្គាល់​គណបក្ស​ភ្លើងទៀន​ដោយ​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​ជា​គណបក្ស​ស្របច្បាប់​បាន​ចុះបញ្ជី​ជាមួយ​ក្រសួងមហាផ្ទៃ។

អ្នកវិភាគ និង​ឃ្លាំមើល​ការ​វិវឌ្ឍ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​លោក​បណ្ឌិត សេង សារី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាលពី​ថ្ងៃទី​២៦ ឧសភា ថា ការ​យក​លេស​នីតិវិធី​រដ្ឋបាល​ដើម្បី​ទាត់ចោល​ការ​ចុះ​ឈ្មោះ​របស់​គណបក្ស​នយោបាយ​មួយ​ដែល​មាន​អ្នកគាំទ្រ​ជិត​២​លាន​នាក់ គឺ​ពិបាក​ក្នុង​ការ​ទទួលយក។ លោក​ថា ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្ហាញ​ពី​ការ​ដើរ​ចាក​ឆ្ងាយ​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ។

បណ្ឌិត សេង សារី៖ «គ្រាន់តែ​នីតិវិធី​រដ្ឋបាល​ឯកសារ​១​សន្លឹក ហើយ​យើង​ឱ្យ​គណបក្ស​ដែល​មាន​សំឡេង​គាំទ្រ​ជិត​២​លាន​នាក់​ដើរចេញ​សង្វៀន ឬ​ធាក់​ចេញពី​សង្វៀន វា​ជា​រឿង​មួយ​ពិបាក​ទទួល​យក​បាន​ណាស់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។ ទោះបីជា​មិន​មាន​រដ្ឋធម្មនុញ្ញ​មាត្រា​ណាមួយ​ចែង​ច្បាស់​ថា ត្រូវ​តែ​មាន ឬ​មិន​មាន​គណបក្សប្រឆាំង​ក៏ដោយ ក៏ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ការប្រកួតប្រជែង​រវាង​គណបក្ស​នយោបាយ ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា​គឺជា​ប្រជាធិបតេយ្យ​ដែល​មាន​ភាព​ស្រស់​បំព្រង គឺជា​ប្រជាធិបតេយ្យ​មួយ​ដែល​គ្រប់គ្នា​មាន​មោទនភាព​ជាមួយ​ដំណើរ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នោះ»

ស្រដៀង​គ្នា​នេះ​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ព្រមាន​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​រដ្ឋសភា​ថា នឹង​អាច​ទទួលរង​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​មួយ ពី​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ក្រោយ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ខែកក្កដា​ខាងមុខ ដែល​គ្មាន​គណបក្ស​ភ្លើងទៀន​ចូលរួម។

លោក គឹម សុខ៖ «គោលបំណង​របស់​លោក ហ៊ុន សែន គឺ​គ្មានអ្វី​ក្រៅពី​ដោះសា ពីព្រោះ​ដោះស្រាយ​មិន​ចេញ​។ កាលណា​ដោះស្រាយ​មិន​ចេញ​វា​មានតែ​ដោះសា​!​ដោះសា​ដោយសារតែ​ចំណង​នយោបាយ​ហ្នឹង​វា​សម្លាប់​មុខ។ ឆ្លើយ​មិន​រួច​នឹង​សហគមន៍​អន្តរជាតិ​ហើយ​សម្ពាធ​របស់​សហគមន៍​អន្តរជាតិ​ហ្នឹង វា​ធ្ងន់​ណាស់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​បិទ​គណបក្ស​ភ្លើងទៀន​ទៀត​យើង​ចាំ​មើល​ទម្ងន់​វា​នឹង​ធ្លាក់​មក​ជា​បន្ត​បន្ទាប់​មក​លើ​រដ្ឋាភិបាល និង​រដ្ឋសភា​ក្រោយ​ពី​បោះឆ្នោត​ហើយ​មិន​ស្រាល​នោះ​ទេ ខ្ញុំ​អាច​និយាយ​ប៉ុណ្ណឹង​សិន»

កន្លងទៅ​សហភាព​អឺរ៉ុប​ក៏បាន​ព្រមាន​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិន​បើ​រដ្ឋាភិបាល ហ៊ុន សែន មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​នោះ​ទេ។ ចំណែក​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា មិន​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬ GSP របស់​សហរដ្ឋអាមេរិក​ដល់​កម្ពុជា​ផង​ដែរ។ ហើយ​ប្រទេស​ធំៗ​ដែល​ធ្លាប់​បាន​បញ្ជូន​អ្នកឃ្លាំមើល​ការបោះឆ្នោត​មក​កម្ពុជា​ក៏បាន​ប្រកាស​បដិសេធ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ជា​បន្តបន្ទាប់​ដោយសារតែ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​បោះឆ្នោត​មិន​គោរព​តាម​លទ្ធិ​ប្រជាធិបតេយ្យ និង​ក្លែង​បន្លំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ ស្នើ​ឱ្យ​អង្គការ​សហប្រជាជាតិ​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។