ប្រធានា​ធិបតី​អាមេរិក​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​ជាលើក​ដំបូង​នៅ​សេតវិមាន

2022.05.12
ប្រធានា​ធិបតី​អាមេរិក​ស្វាគមន៍​មេដឹកនាំ​អាស៊ាន​ជាលើក​ដំបូង​នៅ​សេតវិមាន ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden) ថតរូបជាមួយមេដឹកនាំអាស៊ាននៅមុខសេតវិមានកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។
រូប៖ White House

ប្រធានា​ធិបតី​អាមេរិក​លោក ចូ បៃឌិន​ (Joe Biden)​ បាន​ស្វាគមន៍​មេដឹក​នាំ​អាស៊ាន​ជា​លើក​ដំបូង​ និង​​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​សេត​វិមាន​ កាល​ពី​ល្ងាច​ថ្ងៃទី១២ ខែឧសភា។

លោក ចូ បៃឌិន (Joe Biden) បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ការ​​ស្វាគមន៍​មេដឹក​នាំ​អាស៊ាន​នៅ​សេតវិមាន (White House) ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រនេះ គឺ​ដើម្បី​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នេះ។ លោក​ថា នៅ​ក្នុង​ជំនួប​នេះ ភាគី​ទាំងពីរ​បាន​ជជែក​អំពីសារសំខាន់​នៃ​ការ​ធ្វើការ​រួមគ្នា​ដើម្បី​ធានា​នូវ​​សន្តិសុខ ការ​រីកចំរើន និង​ការ​គោរពសិទ្ធិមនុស្ស​សម្រាប់​ប្រជាជន​អាស៊ាន​និង​អាមេរិក​ជាង​១​ពាន់​លាន​នាក់។

ជំនួប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មេដឹកនាំ​អាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន បាន​ជួប​ពិភាក្សា​ជា​មួយ​ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) កាលពី​ល្ងាចថ្ងៃទី១១ ខែឧសភា។

នៅក្នុង​ជំនួប​នោះ​ប្រធាន​រដ្ឋសភា​អាមេរិក​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ​(Nancy Pelosi) បាន​ស្វែងរក​ការ​គាំទ្រឋានៈ​របស់​សភា​សហរដ្ឋអាមេរិក​ជា​អ្នក​សង្កេតការណ៍​សភា​អន្តរសភា​អាស៊ាន។

នៅក្នុង​សុន្ទរកថា​របស់​អ្នកស្រី បានលើកឡើង​ពី​ចំណុច​សំខាន់ៗ​ចំនួន​៣ រួមមាន បញ្ហា​ឥណ្ឌូ- ប៉ាស៊ីហ្វិក​ បញ្ហាសេដ្ឋកិច្ច និង​ការ​ប្តេជ្ញាចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​លើក​ដំកើង​លទ្ធិប្រជាធិបតេយ្យ។

ក្រៅពី​នេះ អ្នកស្រី​ក៏បាន​លើក​ឡើង​ពី​បញ្ហា​ការ​ឈ្លាន​ពាន​របស់រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​ជំងឺ​កូវីដ-១៩ ការជំរុញ​ឱ្យមានការ​ប្រើប្រាស់​ថាមពល​បៃតង​សម្រាប់​អនាគត និង​ការ​លុបបំបាត់​បញ្ហាអាកាស​ធាតុជាដើម។

នៅក្នុង​ជំនួប​បិទ​ទ្វារ​ជិត​៤​ម៉ោង​នេះ អ្នកស្រីក៏​លើក​ឡើងពី​ក្តីកង្វល់​លើ​ការ​គំរាមកំហែង​ទៅលើ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស សេរីភាព​សារព័ត៌មាន ការ​បញ្ចេញមតិ សាសនា នីតិរដ្ឋ ការ​គោរព​សិទ្ធិស្ត្រី និង​ក្មេង​ស្រី និង​បញ្ហា​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នាផងដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។