សមាជិកព្រឹទ្ធសភាអាមេរិកបានដាក់បញ្ចូលបញ្ហាវត្តមានកងទ័ពចិននៅកម្ពុជាក្នុងសេចក្ដីស្នើច្បាប់ថ្មីស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២១ (S.3052)។
ក្រៅពីផ្តល់សិទ្ធិអំណាចឱ្យប្រធានាធិបតីអាមេរិកអាចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនិងរឹតត្បិតទិដ្ឋាការលើមន្ត្រីកម្ពុជាដែលបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សនិងអំពើពុករលួយធ្ងន់ធ្ងរនៅកម្ពុជាជាដើមនោះសេចក្តីស្នើច្បាប់ថ្មីនេះក៏មានចែងផងដែរថាក្រោយពេលច្បាប់នេះចូលជាធរមានបាន ១៨០ ថ្ងៃ ប្រធានាធិបតីអាមេរិកត្រូវដាក់របាយការណ៍វាយតម្លៃអំពីបញ្ហាយោធាចិននៅកម្ពុជានេះទៅឱ្យគណៈកម្មការសភាពិនិត្យ។ បញ្ហាយោធាចិននេះសម្តៅដល់ការពាក់ព័ន្ធរបស់រដ្ឋាភិបាលចិនឬកងទ័ពរំដោះប្រជាជនចិនក្នុងការកែលំអឬសាងសង់ទីតាំងនៅកំពង់ផែកងទ័ពជើងទឹករាមនិងព្រលានយន្តហោះតារាសាគរនៅខេត្តកោះកុងព្រមទាំងផលប៉ះពាល់អំពីវត្តមានរបស់កងទ័ពរំដោះប្រជាជនចិននៅកម្ពុជាដែលអាចមានចំពោះផលប្រយោជន៍និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់ជាដើម។
សមាជិកព្រឹទ្ធសភាទាំងនេះយោងសកម្មភាពកងទ័ពចិននៅកម្ពុជាតាមរយៈសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក មានដូចជា កាសែត ឌឹ វ៉លស្រ្ទីតជើណល ( The Wall Street Journal) ដែលរាយការណ៍កាលពីឆ្នាំ២០១៩ ថា កម្ពុជាបានលួចចុះហេត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលចិនដើម្បីអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមផ្តាច់មុខ។
ពួកគាត់ក៏យោងកាសែតអាមេរិកមួយទៀត ឈ្មោះ ឌឹ ញូវយ៉ក ថាមស៍ (The New York Times) ដែលរាយការណ៍កាលពីឆ្នាំ ២០១៩ ដែរ ថាក្រុមហ៊ុនរដ្ឋរបស់ចិនបានទទួលកិច្ចសន្យារយៈពេល ៩៩ ឆ្នាំ ដើម្បីសង់ព្រលានយន្តហោះធំដែលអាចឲ្យយន្តហោះចម្បាំងចិនអាចចុះចតបាននៅតំបន់តារាសាគរ ក្នុងខេត្តកោះកុង។
ជាងនេះទៅទៀតសមាជិកព្រឹទ្ធសភាអាមេរិកទាំងនេះបារម្ភថាដោយសារតែទំនាក់ទំនងជិតស្និតផ្នែកយោធានេះរួមទាំងការវិនិយោគរបស់ចិនក្រោមរូបភាពនៃគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់និងស្ថានភាពរំលោភសិទ្ធិមនុស្សនិងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។