ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក​ថា ក្រុង​វ៉ាស៊ីនតោន​មិន​គួរ​ឱបក្រសោប​របប​លោក ហ៊ុន សែន ឡើយ

0:00 / 0:00

ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​ដ៏​ល្បីឈ្មោះ​របស់​អាមេរិក ផ្តល់​អនុសាសន៍​ថា ក្រុង​វ៉ាស៊ីនតោន (Washington) មិន​គួរ​ឱបក្រសោប​របប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ។ ក៏ប៉ុន្តែ​គួរ​ធ្វើការ​ប្រកបដោយ​យុទ្ធសាស្ត្រ​ជាមួយ​កម្ពុជា។ ការ​ផ្តល់​អនុសាសន៍​នេះ កើត​មាន​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ក្លាយជា​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ​ក្នុង​តំបន់​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ប្រកួតប្រជែង​អំណាច​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ចិន។

ការ​ផ្តល់​អនុសាសន៍​ដល់​ក្រុម​អ្នកធ្វើ​គោល​នយោបាយ​អាមេរិក​បែប​នេះ ធ្វើឡើង​ក្នុង​ របាយការណ៍​ថ្មី​មួយ​ទើបនឹង​ចេញផ្សាយ​ដោយ​សា្ថប័ន​ស្រាវជ្រាវ​ដ៏​ល្បី​របស់​សហរដ្ឋអាមេរិក​ឈ្មោះ មជ្ឈមណ្ឌល​ដើម្បី​ការសិក្សា​ពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS)។ របាយការណ៍ លើកឡើង​ថា គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​បច្ចុប្បន្ន​ចំពោះ​កម្ពុជា​មាន​លក្ខណៈ​មិន​ច្បាស់លាស់ ប្រទាញប្រទង់​គ្នា និង​មិន​មាន​ចិរភាព​។ សំណួរ​ដ៏​សាមញ្ញ​មួយ​ដែល​របាយការណ៍​នេះ​ពិនិត្យមើល គឺថា តើ​សហរដ្ឋអាមេរិក​គួរ​ដាក់​ទណ្ឌកម្ម​កម្ពុជា​ដែល​មាន​របប​គ្រប់គ្រង​បែប​ផ្ដាច់ការ​មិន​គួរ​រាប់រក លុះត្រា​ណា​តែ​ប្រទេស​នេះ​មានការ​ផ្លាស់ប្ដូរ​នយោបាយ​ជា​ប្រព័ន្ធ ឬក៏​សហរដ្ឋអាមេរិក​គួរ​ចាត់ទុក​កម្ពុជា​ជា​ដៃគូ​ចាំបាច់​នៅ​សមរភូមិ​មុខ​នៃ​ការប្រកួតប្រជែង​គ្នា​រវាង​មហាអំណាច។

ក្រុម​អ្នកជំនាញ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​ស្ថាប័ន​ស្រាវជ្រាវ​អាមេរិក CSIS គូសបញ្ជាក់​ក្នុង​របាយការណ៍​ថា ទើបតែ​ពេល​ថ្មីៗ​នេះ​ទេ​ដែល​សហរដ្ឋអាមេរិក​ផ្តោត​លើ​សារសំខាន់​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ក្នុង​យុទ្ធសាស្ត្រ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន ដែល​យុទ្ធសាស្ត្រ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​គណបក្ស​នយោបាយ​ទាំងពីរ គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​នៅ​សភា​អាមេរិក​។ ក្រុម​ជំនាញ​សរសេរ​ថា កម្ពុជា​ស្ថិត​ក្នុង​តំបន់​មួយ​ដែល​មាន​សារសំខាន់​បំផុត​សម្រាប់​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ដែល​មិនអាច​មើល​រម្លង​បាន។ ការ​ផ្លាស់ប្ដូរ​នយោបាយ​ណាមួយ​នៅ​ក្នុង​ប្រទេស ទំនង​ជា​ត្រូវ​ការ​ពេល​រហូត​ដល់​មួយ​ជំនាន់​មនុស្ស ហើយ​ដែល​ការណ៍​នេះ​មិន​ពាក់ព័ន្ធ​ទាល់តែសោះ ឬ​ពាក់ព័ន្ធ​តិចតួច​នឹង​សម្ពាធ​ពី​បរទេស​ឡើយ។

ក្រុម​អ្នកជំនាញ​នៃ​ស្ថាប័ន​ស្រាវជ្រាវ​នេះ ផ្តល់​អំណះអំណាង​ថា គោលនយោបាយ​ដែល​ផ្ដោត​ខ្លាំង​លើ​ការ​ដាក់​ទណ្ឌកម្ម មិនបាន​ជំរុញ​ឱ្យ​មាន​ការ​កែប្រែ​នៅ​កម្ពុជា ឬក៏​កាត់ផ្ដាច់​នូវ​ភាពជា​ដៃគូ​ដែល​កំពុងតែ​កើនឡើង​រវាង​កម្ពុជា និង​ចិន​នោះ​ទេ​។ ក៏ប៉ុន្តែ ពួកគេ​ថា វា​នឹង​រឹតតែ​ធ្វើ​ឱ្យ​ក្រុម​អ្នក​នយោបាយ​កាន់អំណាច​នៅ​កម្ពុជា មើល​មក​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ក្នុង​សភាព​មួយ​បែប​ជូរចត់​។ ជាក់ស្តែង ការស្ទង់មតិ​មួយ​កាលពី​ឆ្នាំ​២០២១ របស់​វិទ្យាស្ថាន​សិក្សា​ពី​អាស៊ីអាគ្នេយ៍ បាន​រកឃើញ​ថា ក្រុម​អ្នកនយោបាយ​កាន់អំណាច និង​ធុរជន​នៅ​កម្ពុជា មាន​មន្ទិល​ខ្លាំង​ចំពោះ​សហរដ្ឋអាមេរិក និង​ឥទ្ធិពល​របស់​ប្រទេស​នេះ កាន់តែ​ច្រើនឡើង​ក្នុង​ឆ្នាំ​២០២១ បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ។

សហ​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា និង​ជា​អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ បណ្ឌិត រ៉ូ វណ្ណៈ ចង់​ឃើញ​សហរដ្ឋអាមេរិក​បន្ត​ផ្តោត​លើ​បញ្ហា​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ ទន្ទឹម​នឹង​នេះ លោក​ក៏​ចង់​ឃើញ​សហរដ្ឋអាមេរិក​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​នៅ​កម្ពុជា​តាមរយៈ​ការ​បង្កើន​ការ​វិនិយោគ​លើ​វិស័យ​នានា​៖ «​យើង​ត្រូវ​យក​ការ​ទាក់ទាញ យក​មន្ត​ស្នេហ៍ ទៅ​ជំនួស​ការ​ទាក់ទាញ​មន្ត​សេ្នហ៍​របស់​ចិន​ពីព្រោះ​ចិន​គាត់​ពូកែ​ប្រើ ហៅថា Charming Offensive Startegy របស់​គេ គឺ​ពូកែ​អូសទាញ​ប្រទេស​នៅក្នុង​ភូមិ​ផង​របង​ជាមួយ​កម្ពុជា ដើម្បី​ជា​សំណាញ់​ពីងពាង​។ បាន​ន័យ​ថា ចិន​គាត់​ប្រើ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​នេះ​ជា​សំណាញ់​ដើម្បី​រួមរឹត​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ឱ្យ​ចូល​ទៅ​ក្នុង​គន្លង​គោចរ​នៃ​ជំហរ​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន​។ អ៊ីចឹង សហរដ្ឋអាមេរិក ជាមួយនឹង​សម្ព័ន្ធមិត្ត​គួរតែ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ឬក៏​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាម​គំរូ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ប្រជែង​នឹង​គំរូ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ចិន​ដើម្បី​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ជាពិសេស​កម្ពុជា​មើល​ឃើញ​ថា ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​បែប​លោកខាងលិច វា​នៅតែ​ជា​គំរូ​សម្រាប់​ការ​អភិវឌ្ឍ​ជា​សាកល​ដែល​ចិន​មិន​អាច​ជំនួស​បាន»។

ដោយឡែក សម្រាប់​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា វិញ លោក​យល់​ថា​ការ​ប្រើ​វិធីសាស្ត្រ​បែប​ត្រជាក់​របស់​សហរដ្ឋអាមេរិក​មក​លើ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អាច​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​ងាក​មក​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​បាន​ឡើយ​។ ម្យ៉ាងវិញទៀត លោក​ពន្យល់​ថា ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​មក​លើ​មន្ត្រី​នយោបាយ​កម្ពុជា​ទៀតសោត ក៏​មិនមែន​ជា​កត្តា​ចម្បង​មួយ​ជំរុញ​ឱ្យ​កម្ពុជា​ងាក​ទៅ​រក​ចិន​នោះ​ដែរ​៖ « ខ្ញុំ​គិតថា​ទោះបីជា​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​ខ្លះ​ឬក៏​ទណ្ឌកម្ម​ច្រើន​មក​លើ​រដ្ឋាភិបាល​កម្ពុជា ក៏​មិនទាន់​ជំរុញ​ឱ្យ​មាន​ការ​បើក​លំហ​សេរីភាព​ឡើងវិញ​ដែរ​។ លុះត្រាតែ​ការ​ផ្ទេរ​អំណាច​នៅ​ក្នុង​គណបក្ស​កាន់អំណាច​មាន​ភាព​ឋិតឋេរ និង​ស្ថិរភាព​ហើយ​ទើប​អាច​ឆ្លើយ​តប​ទៅ​នឹង​សហគមន៍​អន្តរជាតិ ឬក៏​មាន​ចរន្ត​សង្គម​ដែល​ជំរុញ​ឱ្យ​អ្នក​នយោបាយ ឬក៏​អ្នកដឹកនាំ​ប្រទេស​ឆ្លើយតប​នឹង​សហគមន៍​អន្តរជាតិ ឬ​តម្រូវការ​របស់​ព​ល​រដ្ឋ​នៅក្នុង​ប្រទេស​។ ទាល់​តែ​មាន​ចរន្ត​ពីរ​ហ្នឹង​ផ្គួប​គ្នា​ទើប​រដ្ឋាភិបាល​អាច​បើក​លំហ​សេរីភាព ឬ​ងាក​មក​រក​សង្គម​ដូច​បរិយាកាស​មុន​ឆ្នាំ​២០១៧»។

បើ​តាម​ក្រុម​អ្នកជំនាញ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​អាមេរិក (CSIS) ពួកគេ​ផ្តល់​អំណះអំណាង​ថា ក្រុង​វ៉ាស៊ីនតោន​ចាំបាច់​ត្រូវ​រៀបចំ​គោលនយោបាយ​មួយ​មក​លើ​កម្ពុជា​ដែល​ផ្តោត​លើ​អនាគត​។ ពួកគេ​ថា គោល​នយោបាយ​បច្ចុប្បន្ន​របស់​អាមេរិក​ដែល​រួមមាន​ការ​ដាក់​ទណ្ឌកម្ម និង​កិច្ច​ពិគ្រោះ​យោបល់​បែប​ម្តងម្កាល នឹង​អនុញ្ញាត​ឱ្យ​ការ​ចាក​ចេញ​ពី​អំណាច​របស់​លោក ហ៊ុន សែន ត្រូវ​បន្ត​ដោយ​ការគ្រប់គ្រង​អំណាច​បែប​ផ្ដាច់ការ​មួយទៀត​ពី​សំណាក់​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឬក៏​ពី​ដំណាក់​ការ​ដណ្តើម​អំណាច​ណាមួយ​ពី​ក្រុម​យោធា​នៅ​កម្ពុជា​ដដែល។ ក្រុម​អ្នកជំនាញ​ដដែល​ផ្តល់​អនុសាសន៍​ថា ក្រុម​អ្នកធ្វើ​គោល​នយោបាយ​អាមេរិក ចាំបាច់​ត្រូវ​បង្កើត​វិធីសាស្ត្រ​បែប​ច្នៃប្រឌិត និង​ស្ថាបនា ដែល​ក្នុង​នោះ​មាន​ដូចជា ផ្ដោត​លើ​ការគ្រប់គ្រង​ផល​ប៉ះពាល់​នៅ​តំបន់​តារា​សាគរ និង​តំបន់​កំពង់ផែ​កងទ័ពជើងទឹក​រាម ពិចារណា​លើ​ការពិគ្រោះ​យោបល់ ការ​វិនិយោគ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជា​ភាសា​ខ្មែរ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​ជំនួយ​របស់​សហរដ្ឋអាមេរិក​ទៅ​កម្ពុជា ជាដើម​។ ក្រៅពីនោះ ក្រុម​អ្នកជំនាញ​ដដែល​ក៏​ចង់​ឃើញ​សហរដ្ឋអាមេរិក​ពង្រីក​ការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​តាម​ថ្នាក់​មូលដ្ឋាន ការ​ចរចា​ស្វែងរក​ដំណោះស្រាយ​លើ​បំណុល​ដែល​កម្ពុជា​ជំពាក់​កាលពី​សម័យ​សង្គ្រាម ព្រមទាំង​ការ​ធ្វើ​គោលនយោបាយ​ដោយ​ផ្ដោត​អាទិភាព​លើ​ថាមពល​បៃតង និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។