សមាជិក​ព្រឹទ្ធសភា​អាមេរិក​ស្វែង​រក​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ចំពោះ​លោក ហ៊ុន សែន

ដោយ យន់ សាមៀន
2018-02-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សមាជិក​ព្រឹទ្ធសភា​អាមេរិក​ មកពី​គណបក្ស​សាធារណរដ្ឋ ​លោក ថិត គ្រូស (Ted Cruz) ប្រចាំរដ្ឋ​តិចសាស់ (Texas)។
សមាជិក​ព្រឹទ្ធសភា​អាមេរិក​ មកពី​គណបក្ស​សាធារណរដ្ឋ ​លោក ថិត គ្រូស (Ted Cruz) ប្រចាំរដ្ឋ​តិចសាស់ (Texas)។
Photo courtesy of cruz.senate.gov

សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ស្នើ​ដោយ​សមាជិក​ព្រឹទ្ធសភា សហរដ្ឋអាមេរិក​មក​ពី​គណបក្ស​ទាំងពីរ ចេញ​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ បាន​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ជាច្រើន​ចំណុច​ទៀត ប្រឆាំង​នឹង​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ពន្យារ​ពេល​ការ​ពិភាក្សា​ដើម្បី​លុប​បំណុល​អាមេរិក ដែល​កម្ពុជា​ជំពាក់​ប្រមាណ​ជាង ៥​រយ​លាន​ដុល្លារ ក្នុង​សម័យ​សង្គ្រាម។

សេចក្តី​ព្រាង​ច្បាប់​នេះ បាន​ព្រាង​ដោយ​សមាជិក​ព្រឹទ្ធសភា និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​អាមេរិក លោក លីន ស៊ីគ្រែម (Lindsey Graham) ដោយ​មាន ការ​សហការ​ពី​សមាជិក​ព្រឹទ្ធសភា លោក ឌិច ឌើប៊ីន (Dick Durbin) លោក ថេត គ្រួស (Ted Cruz) លោក ប៊ិន ខាឌីន (Ben Cardin) និង លោក ផេកឌ្រីក លាហី (Patrick Leahy) គឺ​មាន​បំណង​ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឲ្យ​បាន​ជោគជ័យ។

សេចក្ដី​ព្រាងច្បាប់​ថ្មី​នេះ មាន​ឈ្មោះ​ថា ការ​ទទួលខុសត្រូវ​របស់​កម្ពុជា និង​ការ​វិល​មក​វិញ​នៃ​ពាណិជ្ជកម្ម​ឆ្នាំ​២០១៨ នឹង​បន្ត​មាន​សុពលភាព​រហូត​ដល់​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដំណើរការ​ឡើងវិញ និង​ដោះលែង​រាល់​អ្នក​ទោស​នយោបាយ​នៅ​កម្ពុជា។

សេចក្ដី​ព្រាង​ច្បាប់​នេះ ក៏​នឹង​ហាមឃាត់​ការ​ផ្ដល់​ជំនួយ​អាមេរិក​ទៅដល់​រដ្ឋាភិបាល​កម្ពុជា និង​គាំទ្រ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​អាមេរិក ដែល​បាន​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ណា ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សេចក្ដី​ព្រាងច្បាប់​នេះ ក៏​អនុញ្ញាត​ឲ្យ​អាមេរិក​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ណា ដែល​ត្រូវ​បាន​បិទ​ទិដ្ឋាការ និង​តម្រូវ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​អាមេរិក​ទាំងអស់ ប្រកាស​ពី​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​ទាំងនោះ ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​កម្ពុជា​ខ្ចី​បំណុល​អាមេរិក លើកលែងតែ​ករណី​មនុស្សធម៌​តែប៉ុណ្ណោះ។

លោក លីន ស៊ីគ្រែម (Lindsey Graham) មាន​ប្រសាសន៍ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​កាលពី​ថ្ងៃ​ទី​៩​កុម្ភៈ ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ស្លាប់​ហើយ ដោយសារតែ​រដ្ឋាភិបាល​ឋិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ចិន​កុម្មុយនិស្ត។ លោក​បន្ត​ថា សេចក្ដី​ស្នើ​ច្បាប់​នេះ ជា​ការ​ឆ្លើយតប​ទៅដល់​ប្រទេស​ចិន ដែល​ចង់​ដាក់​អាណានិគម​លើ​កម្ពុជា និង​ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​ដឹង​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​នៅ​ជាមួយ​ពួកគេ និង​គាំទ្រ​ការ​ចង់​បាន​របស់​ប្រទេស​មួយ​ដែល​មាន​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដ៏​រឹងមាំ។ ពាក់ព័ន្ធ​នឹង​សេចក្ដី​ស្នើ​ច្បាប់​ថ្មី​នេះ រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មិន​ទាន់​បាន​ឆ្លើយតប​នៅឡើយ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​នេះ។

ដោយឡែក សមាជិក​រដ្ឋសភា​អូស្ត្រាលី​ប្រចាំ​រដ្ឋ Victoria ដែល​មាន​ដើមកំណើត​ជា​ខ្មែរ លោក ហុង លីម ក៏បាន​សរសេរ​លិខិត​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​នៅ​សប្ដាហ៍​នេះ ស្នើ​ឲ្យ​អូស្ត្រាលី ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​កម្ពុជា ដូចដែល​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​បាន​ធ្វើ​ដែរ។ កន្លងមក​អាមេរិក​បាន​បិទ​ទិដ្ឋាការ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា មិន​ឲ្យ​ធ្វើដំណើរ​មក​កាន់​អាមេរិក និង​ផ្អាក​ជំនួយ​បោះឆ្នោត ចំណែក​ឯ អឺរ៉ុប​ក៏បាន​ផ្អាក​ជំនួយ​បោះឆ្នោត​ទាំងស្រុង​ផង​ដែរ៕

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​បណ្ឌិត ឡៅ ម៉ុងហៃ ពី​បញ្ហា​នេះ​ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មហាអំណាច ប្រជាធិបតេយ្យ អាមេរិក ធ្វើអី យឺតណាស់ ឬមួយខ្លាច ជនផ្តាច់ការ ហ៑ុន សែន ?
បើ មិនកើតទេ ប្រគល់ទឹកដី អោយតាចាស់ ហ៑ុន សែន កាន់កាប់ទៅ !

Feb 11, 2018 09:04 AM

អ្នក​អាន​អនាមិក

ចំណុចខ្សោយ របស់តាចាស់ ហ៑ុន សែន គឺ លុយ បើតាចាស់ ហ៑ុន សែន អត់មានលុយ ពេលនោះមន្ត្រីជុំវិញគាត់ នឹងរត់ចោលគាត់ ឈប់ធ្វើអំពើអាក្រក់តាមគាត់ !

Feb 10, 2018 11:37 AM

គេហទំព័រ​ទាំងមូល