ជនរងគ្រោះម្នាក់ក្នុងចំណោម ៤នាក់នៅតែប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតដោយសារគ្មានប្រាក់ព្យាបាលជំងឺ បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យវាយដំធ្វើបាបក្នុងពេលជាប់ឃុំកាលពីចុងខែធ្នូ កន្លងទៅ។ ប្រពន្ធជនរងគ្រោះបានទៅរកទិញថ្នាំខ្មែរពីប្រជាពលរដ្ឋតាមព្រៃភ្នំ ដើម្បីយកទៅព្យាបាលជំងឺប្ដី។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា រឿងនេះអាជ្ញាធរពាក់ព័ន្ធគួរតែចេញមុខនាំជនរងគ្រោះទៅព្យាបាលជំងឺ ដើម្បីឱ្យរួចផុតពីការគ្រោះថ្នាក់។
ប្រពន្ធជនរងគ្រោះលោក អាន រួន គឺ លោកស្រី រិន រី ថ្លែងនៅថ្ងៃទី២៥ មករា ថា ស្ថានភាពរបួសប្ដីរបស់លោកស្រី នៅតែមិនបានធូរស្រាលនោះឡើយទេ ជាពិសេសដើមទ្រូង និងស្មា ដែលមន្ត្រីអាវុធហត្ថវាយដំក្នុងពេលគាត់ជាប់ឃុំ ចាប់ពីថ្ងៃ ទី២៨ដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩។
លោកស្រីបញ្ជាក់ទៀតថា លោក អាន រួន ប្រហែលជាបាក់ឆ្អឹងជំនី ធ្វើឱ្យដើមទ្រូងហើមប៉ោង និងក្អកឈឺហើយពិបាកដកដង្ហើម។ លោកស្រីបន្តថា ប្ដីមិនអាចធ្វើការអ្វីបានទេ ហើយលោកស្រីទៅរកទិញថ្នាំខ្មែរពីអ្នកស្រុកនៅតាមព្រៃភ្នំជាប់ព្រំដែនថៃ នៅស្រុកស្វាយចេក ដើម្បីយកទៅព្យាបាលប្ដី ពីព្រោះគ្រួសារលោកស្រីគ្មានប្រាក់នាំគាត់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យទេ៖ «អត់មានលុយទៅព្យាបាល ទៅពេទ្យអស់ច្រើនពេក ខ្ញុំសុខចិត្តទៅរកទិញឆ្អឹងកេះ ពីគេតម្លៃជាង២៥ម៉ឺនរៀល យកមកដុះលាយជាមួយពន្លៃស្អំឱ្យគាត់។ ខ្ញុំអាណិតគាត់ណាស់ ពេលគាត់ដើរអោនត្រុនៗ គាត់ថាបើងើបដើរត្រង់ឈឺចាប់ពីដើមទ្រូងទៅស្លាបប្រចៀវក្រោយខ្នង ហើយប្រឹងក្អកមិនបានដែរ ព្រោះឈឺ។ ខ្ញុំស្នើឱ្យថ្នាក់លើដាក់ទោសទៅលើជនប្រព្រឹត្តបានច្បាប់ឱ្យបានធ្ងន់ដូចគេវាយធ្វើបាបប្ដីខ្ញុំ»។
លោកស្រីព្រួយបារម្ភខ្លាចប្ដីគ្រោះថ្នាក់អាយុជីវិតដោយសារគ្មានប្រាក់នាំប្ដីទៅព្យាបាលនៅ មន្ទីរពេទ្យ។ ម្យ៉ាងទៀត លោកស្រីថា ចាប់តាំងពីប្ដីធ្លាក់ខ្លួនឈឺធ្ងន់មក មិនទាន់មានអាជ្ញាធរណាចុះមកសាកសួរ ឬនាំប្ដីរបស់លោកស្រីទៅព្យាបាលនៅមន្ទីរពេទ្យម្ដងនៅឡើយទេ។
អាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៥ មករា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាប់ប្រជាពលរដ្ឋ ៥នាក់យកទៅឃុំ និងវាយដំ បន្ទាប់ពីពលរដ្ឋជាង ១០០នាក់ បានតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំរកដំណោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់នៅស្រុកស្វាយចេក កាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០១៩។ អំពើទារុណកម្មរបស់មន្ត្រីប៉េអិមខេត្តបន្ទាយមានជ័យនោះ បានបណ្ដាលឱ្យតំណាងពលរដ្ឋគឺលោក ទុយ ស្រស់ បានស្លាប់ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក។
អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស មិនបានអើពើស៊ើបអង្កេតករណីនេះភ្លាមៗនោះទេ បើទោះជាសាក្សី និងជាជនរងគ្រោះក្នុងអំពើហិង្សានោះបានព្យាយាមបកស្រាយ និងទាមទាររកយុត្តិធម៌ក៏ដោយ។ ទើបតែមានបញ្ជាផ្ទាល់មាត់ពីលោក ហ៊ុន សែន នៅពេលថ្មីៗនេះទេ ទើបសមត្ថកិច្ចពីស្ថាប័នចម្រុះបានបណ្ដាក់គ្នាចុះស៊ើបអង្កេត និងសាកសួរជនរងគ្រោះ។ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់បញ្ជូនខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក ស ប៊ុនសឿង និង ជំនួយការការិយាល័យប្រឆាំងគ្រឿងញៀននៃអាវុធហត្ថខេត្តនេះ គឺលោក ឆយ រដ្ឋនា ទៅតុលាការ ហើយតំណាងអយ្យការអមតុលាការខេត្តបន្ទាយមានជ័យក៏បានឃុំខ្លួនមន្ត្រីប៉េអិមទាំងពីររូបនេះ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ។
កងរាជអាវុធហត្ថអះអាងថា មន្ត្រីទាំងពីររូបធ្វេសប្រហែសក្នុងការបំពេញមុខងារ ដោយបានឃាត់ខ្លួនជនសង្ស័យឃុំជាមួយក្រុមក្មេងដែលកំពុងបន្សាបថ្នាំញៀន និងបណ្ដាលឱ្យជនទាំងនោះវាយធ្វើបាបពលរដ្ឋដែលបានចាប់ខ្លួននោះ ធ្វើឱ្យឈ្មោះ ទុយ ស្រស់ បានស្លាប់។
ផ្ទុយពីការលើកឡើងនេះ ជនរងគ្រោះម្នាក់លោក អាន រួន អះអាងថា មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យបានវាយដំទាត់ធាក់ជនរងគ្រោះរហូតដល់វង្វេងស្មារតីរួចហើយបានបញ្ជូនទៅឱ្យក្រុមមនុស្សសក់ត្រងោល ដែលកំពុងបន្សាបថ្នាំញៀននៅទីនោះ វាយដំធ្វើទារុណកម្មបន្ត រហូតដួលសន្លប់ជាច្រើនដង។ លោកបន្ថែមថា ក្រុមអ្នកញៀនថ្នាំទាំងនោះ ក៏ពុំមែនជាកូនក្មេងដូចក្នុងរបាយការណ៍របស់គណៈកម្មការចំពោះកិច្ចនោះឡើយ គឺជាមនុស្សពេញកម្លាំងអាយុចន្លោះពី២០ទៅ៥០ឆ្នាំ៖ «អត់មានក្មេងណាម្នាក់ទេបង សុទ្ធតែមនុស្សធំមានសាក់ពេញខ្លួន ពេលឃើញពួកវាខ្លាចណាស់។ ប៉េអិមឈ្មោះអាសឿង៣៨ហ្នឹងអ្នកវាយ ហើយយកកាំភ្លើងខ្លីបាញ់គំរាមជនរងគ្រោះ ថាឯងមានខ្លាចអញអត់ ហើយថាឯងចង់ងាប់អត់ អញយកខ្មោចចេញពីកន្លែងនេះ១១នាក់ហើយ ឯងចង់មួយទៀតបាន១២នាក់រឺ អីចឹងបើឯងចង់ងាប់យប់នេះបានតើមិនអីទេជាមួយអញស្គាល់អាសឿង៣៨ហើយនៅ ថាអញកាន់គុកតាំងពីប៉ោយប៉ែតរហូតដល់បន្ទាយមានជ័យណាស់ ឯងមានស្គាល់អញអត់»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា រឿងនេះមន្ត្រីប៉េអិមខេត្តបន្ទាយមានជ័យជាអ្នកទទួលខុសត្រូវព្យាបាលជំងឺដល់ជនរងគ្រោះ ពីព្រោះពួកគេជាអ្នកវាយដំពលរដ្ឋឱ្យរងរបួស។ លោកបន្ថែមថា អាជ្ញាធរខេត្តក៏មានចំណែកទទួលខុសត្រូវព្យាបាលជំងឺជនរងគ្រោះដែរ ព្រោះអាជ្ញាធរដែនដីជាអ្នកគ្រប់គ្រងតំបន់នោះ៖ «បើយើងនិយាយអំពីកាតព្វកិច្ចវាទៅលើអ្នកប្រព្រឹត្តទេ ប៉ុន្តែទាក់ទងហ្នឹងនឹងអាជ្ញាធរនៅពេលប្រជាពលរដ្ឋអត់មានលុយ គឺ ត្រូវពិនិត្យពិចារណាដែរ ព្រោះកើតឡើងអំពីមន្ត្រីរបស់រដ្ឋដែលបានបង្កបានជួយច្រើនដែរ ហើយរឿងនេះក៏គួរតែពិនិត្យពិចារណាក្នុងការជួយផ្នែកមនុស្សធម៌ពួកគាត់ដែរ»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា ការចាប់មនុស្សតែ២នាក់ដាក់គុកមិនទាន់គ្រប់គ្រាន់ទេ ពីព្រោះរឿងនេះមានមនុស្សពាក់ព័ន្ធជាច្រើននាក់។លោកអំ សំអាត នៅតែទទូចឱ្យតុលាការពន្លឿននីតិវិធីឱ្យបានឆាប់ ដើម្បីរកអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវបន្ថែមទៀត និងត្រូវដាក់ទោសឱ្យបានធ្ងន់តាមច្បាប់ ដោយមិនអាចលើកលែងបានឡើយ ពីព្រោះជាអំពើទារុណកម្មឃោរឃៅ។លោកថា អង្គការរបស់លោកនៅតែបន្តតាមដានសំណុំរឿងនេះទៀត ដើម្បីជួយរកយុត្តិធម៌ដល់ជនរងគ្រោះ និងដើម្បីកុំឱ្យមន្ត្រីមានអំណាចចេះតែចាប់ពលរដ្ឋវាយធ្វើបាបតាមទំនើងចិត្តតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។