អ្នកវិភាគ​ចាត់​ទុក​វិមាន​ឈ្នះ​ឈ្នះ​ជា​ចេតិយ​តម្កល់​ឯកសារ​ក្លែងក្លាយ​នៃ​របប​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2018-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ពី​ខាងលើនៃ​បរិវេណ​វិមានឈ្នះឈ្នះ នៅ​យប់​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១៨។
ទិដ្ឋភាព​ពី​ខាងលើនៃ​បរិវេណ​វិមានឈ្នះឈ្នះ នៅ​យប់​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook

របប​លោក ហ៊ុន សែន នឹង​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ និង​ធ្វើ​ពិធី​ឆ្លង​ឆ្នាំ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ធ្នូ នៅ​ឯ​ទីតាំង​វិមាន​ឈ្នះ​ឈ្នះ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ មន្ត្រី​នៃ​របប​ឯក​បក្ស​អះអាង​ថា ការសាងសង់​វិមាន​ឈ្នះ ឈ្នះ នេះ គឺ ដើម្បី​រំឭក​ដល់ បុព្វបុរស​ខ្មែរ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ដែល​ជា​និម្មិត​រូប​នៃ​សុខ​សន្តិភាព ក្រោយ​ពី​បញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ ជាច្រើន​ទសវត្សរ៍​កន្លង​មក។

ប៉ុន្តែ​អ្នកវិភាគ​អះអាង​ថា ការសាងសង់​វិមាន​ឈ្នះ​ឈ្នះ​នេះ មិន​មាន​សារៈសំខាន់ និង​មានន័យ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ជាទូទៅ​ឡើយ។

វិមាន​ឈ្នះ ឈ្នះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​មេដឹកនាំ​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន ផង មាន​មោទនភាព​ខ្លាំង​បំផុត ដែល​បាន​សាងសង់​វិមាន​នេះ​ឡើង នៅ​ក្នុង​សម័យ​របស់​លោក ដែល​របប​ក្រុងភ្នំពេញ​ថា ជា​និមិត្ត​រូប​សន្តិភាព ក្រោយពី​បាន​ផ្ដួល​រលំ​របប​ខ្មែរក្រហម​បាន​ជោគជ័យ។

ក៏ប៉ុន្តែ​អ្នកវិភាគ បាន​ចាត់​ទុក​វិមាន​ឈ្នះ​ឈ្នះ​នេះ គឺជា​ចេតិយ​សម្រាប់​តម្កល់​ឯកសារ​ប្រវត្តិសាស្ត្រ​ក្លែងក្លាយ​របស់​របប​លោក ហ៊ុន សែន និង​ជា​និមិត្តរូប ដែល​វៀតណាម បាន​លើក​បន្តុប​លោក ហ៊ុន សែន ឲ្យ​ដឹកនាំ​ប្រទេស​រហូត​មក​ដល់​បច្ចុប្បន្ន។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ មានប្រសាសន៍ថា របប​លោក ហ៊ុន សែន សង់​វិមាន​ឈ្នះ​ឈ្នះ​នេះ គឺជា​ការ​បំភ្លៃ​ការ​ពិត​នៅ​ក្នុង​សង្គម​កម្ពុជា ព្រោះ​នយោបាយ​ឈ្នះ ឈ្នះ នេះ គឺ​ក្រុម​បក្ស​ពួក​លោក ហ៊ុន សែន​ទៅវិញ​ទេ ដែល​ឈ្នះ​មិនមែន​ជាតិ និង​ពលរដ្ឋ​ជា​អ្នកឈ្នះ​ឡើយ ទោះបី​ជាតិ​លិចលង់​ក្ដី លោក ហ៊ុន សែន មិន​ខ្វល់​ដែរ៖ «លោក ហ៊ុន សែន គាត់​ជា​មនុស្ស​កម្ចាត់​អ្នកដទៃ ពេល​គាត់​ធ្វើជា​ប្រធាន​អនុ​សេនា​ធំ​នៅ​សម័យ​ខ្មែរក្រហម ដែល​អ្នកណា​ហ៊ាន​រារាំង​ការ​កាន់​តំណែង​របស់​គាត់។ ហើយ​នៅ​ឆ្នាំ​១៩៧៧ ប៉ុល ពត បោសសំអាត​ផ្ទៃក្នុង ហើយ​លោក ហ៊ុន សែន នៅ​ពេល​នោះ​ភ័យខ្លាច ដោយសារតែ​លោក​ជា​អ្នក​កម្ទេច​គេ លោក ហ៊ុន សែន ក៏​រត់​ទៅ​ប្រទេស​វៀតណាម នៅ​ពេល​នោះ វៀតណាម​បាន​ចាប់​ដាក់គុក បន្ទាប់​មក​វៀតណាម​បាន​បំពាក់បំប៉ន និង​បាន​វិល​មក​កម្ពុជា ដឹកនាំ​ប្រទេស​ដល់​បច្ចុប្បន្ន»

បក្ស​កាន់អំណាច​អះអាង​ថា នយោបាយ ឈ្នះ ឈ្នះ គឺជា​គោលដៅ​ធ្វើ​ឲ្យ​រលាយ​អង្គការ​ចាត់​តាំងរបស់​ខ្មែរក្រហម និង​ជា​នយោបាយ​គ្មាន​អ្នកឈ្នះ គ្មាន​អ្នក​ចាញ់​ដែល​លោក ហ៊ុន សែន បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤ ក្រោយពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ ចំពោះ​និយមន័យ​នៃ​នយោបាយ​ឈ្នះ ឈ្នះ​វិញ ក៏បាន​ចែង​ពី​ខ្លឹមសារ​ល្អ ដែល​ជា​ការ​កំណត់​យុទ្ធ​សាស្ត្រ​សម្រាប់​បញ្ចប់​សង្គ្រាម​ផ្ទៃក្នុង និង​ជា​ការ​ស្វែងរក​សន្តិភាព​សម្រាប់​សង្គម​កម្ពុជា​ទាំងមូល ក្នុង​ការ​បង្កើត​ឲ្យ​មាន​ជំនឿ​ចិត្ត​លើ​គ្នា​ទៅវិញទៅមក ពោល​គឺ ខ្មែរ​គ្រប់​ភាគី​ត្រូវ​ទទួលស្គាល់​ថា នៅ​ក្នុង​ការ​ធ្វើ​សង្គ្រាម​បំផ្លិចបំផ្លាញ ប្រាកដជា​មិន​មាន​អ្នកឈ្នះ​នោះ​ទេ ហើយ​ការ​ចង​អាឃាត​ព្យាបាទ​គ្នា ក៏​មិន​អាច​នាំមក​នូវ​សុខ​សន្តិភាព​ជូន​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​បាន​ដែរ។

ក្រៅ​ពី​នេះ​ទៀត នយោបាយ​នេះ ជា​ការ​បើកទូលាយ​នៃ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ នៅ​តំបន់​ដាច់ស្រយាល ដែល​ធ្លាប់​បែង​ចែក​គ្នា​គ្រប់គ្រង ដើម្បី​ត​ភ្ជាប់​មក​រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា។ នៅ​ទន្ទឹម​នឹង​នេះ ដៃគូ​អភិវឌ្ឍន៍​នៃ​អង្គការ​អន្តរជាតិ​ជាច្រើន បាន​ចូល​មក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជួយ​ដល់​សហគមន៍​ក្រីក្រ ដែល​ជា​ការ​ស្ដារ​ឡើងវិញ ក្រោយ​ពី​កម្ពុជា​ជួប​ប្រទះ​សង្គ្រាមស៊ីវិល​រ៉ាំរ៉ៃ។ នយោបាយ​ឈ្នះ ឈ្នះ នេះ​ទៀត ក៏​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អតីត​គណបក្ស​កុម្មុយនិស្ត ក្នុង​ការ​ផ្ដល់​នូវ​យុត្តិធម៌​សង្គម មិន​អនុញ្ញាត​ឲ្យ​មាន​អំពើ​ហិង្សា ការ​រំលោភ​បំពាន​គ្នា និង​អំពើ​ប្រល័យពូជសាសន៍​ដូចដែល​បាន​កើត​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឡើយ។

ទោះបីជា​នយោបាយ​ឈ្នះ​ឈ្នះ​នេះ បាន​ចែង​ល្អឥតខ្ចោះ​ដូច្នេះ​ក្ដី ក៏ប៉ុន្តែ និយមន័យ​នៃ​នយោបាយ​ឈ្នះ ឈ្នះ​របស់​លោក ហ៊ុន សែន នេះ​គ្រាន់តែ​ជា​ការ​ចែង​ល្អ​នៅតែ​លើ​ក្រដាស​តែប៉ុណ្ណោះ ចំពោះ​ការអនុវត្ត​ជាក់ស្ដែង​វិញ ត្រូវ​បាន​គេ​មើល​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​នេះ​ទាំងស្រុង ពីព្រោះ​ថា ការ​បង្ហូរ​ឈាម​គ្នា​នៅតែ​បន្ត​កើតមាន​ជា​ហូរហែ​គិត​ពី​ឆ្នាំ​១៩៩៤ ក្រោយពី​លោក ហ៊ុន សែន បាន​ដាក់​ចេញ​គោលនយោបាយ​នេះ​មក។ មិនយូរប៉ុន្មាន​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បង្កើត​អោយ​មាន​ព្រឹត្តិការណ៍​មួយ​ដែល​អង្គការសហប្រជាជាតិ​ហៅថា ជា​រដ្ឋប្រហារ​ប្រឆាំង​នាយករដ្ឋមន្ត្រី​ទី​១ ទ្រង់ នរោត្តម រណឫទ្ធិ។ ទាហាន លោក ហ៊ុន សែន បាន​បាញ់សម្លាប់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាច្រើន​នាក់ និង​មួយ​ចំនួន​ត្រូវ​ចាប់ខ្លួន មួយ​ចំនួន​ទៀត​បាត់​ខ្លួន ដែល​ការ​បង្ហូរ​ឈាម​នេះ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មន្ត្រី​ទាំងនោះ​ឈឺចាប់ និង​ព្រាត់ប្រាស​ពី​ក្រុម​គ្រួសារ ដែល​គេ​មិន​ឃើញ​ថា មិន​ខុស​ពី​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ឡើយ។

ការ​សម្លាប់ គឺជា​ការ​បំភិតបំភ័យ​អ្នកនយោបាយ​ប្រឆាំង បាន​និរទេស​ខ្លួន​រហូតដល់​មានការ​សម្របសម្រួល​របស់​ជប៉ុន អាមេរិក និង​អង្គការសហប្រជាជាតិ អោយ​ចូល​រួមការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៨។ ប៉ុន្តែ​ការបោះឆ្នោត​ពោរពេញ​ដោយ​អំពើ​ហិង្សា និង​មូលដ្ឋាន​ទន់ខ្សោយ។ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន ឈ្នះ​សំឡេង​ភាគច្រើន​ក្នុង​សភា។ ទាំង​រដ្ឋប្រហារ និង​ការបោះឆ្នោត​បាន​ជួយ​អោយ​លោក ហ៊ុន សែន ពង្រឹង​អំណាច​បន្ត។

របាយការណ៍​របស់​អង្គការ​លីកាដូ (LICADHO) បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា ជាង ២​ទសវត្សរ៍​មកនេះ យ៉ាងហោចណាស់ មាន​មនុស្ស​ជាង ១០០​នាក់ ដែល​ត្រូវ​បាន​ធ្វើឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ហេតុផល​ដទៃ​ទៀត។ អ្នក​ទាំងនោះ​រួមមាន អ្នកសារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ មេដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នកវិភាគ​នយោបាយ។

នៅ​គ្រប់​ដំណាក់កាល​នៃ​ការបោះឆ្នោត​នីមួយៗ គណបក្ស​កាន់អំណាច​រប​ស់​លោក ហ៊ុន សែន បាន​ប្រើ​អំពើ​ហិង្សា​ទៅលើ​ក្រុម​អ្នកប្រឆាំង និង​អ្នក​​រិះគន់ ដូចជា ការបោះឆ្នោត ឆ្នាំ​២០០៣ ការបោះឆ្នោត​ឆ្នាំ​២០០៨ និង​ការបោះឆ្នោត​ឆ្នាំ​២០១៣​ជាដើម គណបក្សប្រឆាំង​តែងតែ​ប្រកាស​មិន​ទទួលស្គាល់​ការបោះឆ្នោត ដោយ​ការ​គៃបន្លំ​សន្លឹកឆ្នោត និង​ធ្វើ​ឲ្យ​ជាប់​គាំង​នយោបាយ ស្រប​ពេល​នោះ អំពើ​ហិង្សា​បាន​កើត​ឡើងជា​បន្តបន្ទាប់ ដូចជា ការ​ប្រើ​អាវុធ​ជា​ការ​បិទមាត់​អ្នក​រិះគន់ និង​ការ​បង្ក្រាប។ ហើយ​នៅ​ចុងក្រោយ គឺ​ការបោះឆ្នោត​នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨​នេះ គឺ​គណបក្ស​កាន់អំណាច​បាន​កម្ទេច​បក្ស​ប្រឆាំង​ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា​មុន​ការប្រកួត​មក​ដល់ ដែល​គ្មាន​ដៃគូ​ប្រកួត​ដ៏​ធំ​គឺ គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ទទួល​ជ័យជំនះ​ក្នុង​ការ​ដឹកនាំ​របប​របស់​លោក​បន្ត​ទៀត។

អង្គការ​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​បាន​បញ្ចេញ​របាយ​ការណ៍​បង្ហាញ​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ដែល​ជាប់​ចំណាត់ថ្នាក់​ទី​៦ ក្នុងចំណោម​អ្នកដឹកនាំ​កាន់​ដំណែង​យូរ​ជាងគេ​ក្នុង​ពិភពលោក។ អង្គការ​នេះ​បាន​ចាត់​ទុក​លោក​ថា ជា​មេដឹកនាំ​កាន់អំណាច​យូរ ដោយ​ប្រើប្រាស់​មធ្យោបាយ​សំខាន់ៗ​មួយ​ចំនួន រួមមាន​ការ​ប្រើ​អំពើ​ហិង្សា ការគាបសង្កត់ និង​អំពើពុករលួយ។ របាយការណ៍​ដដែល​លើកឡើង​ទៀត​ថា លោក ហ៊ុន សែន ត្រូវ​ដាក់បញ្ចូល​ក្នុង​ចំណោម​អ្នកដឹកនាំ​ដែល​ឋិត​ក្នុង​តំណែង​តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា ក្នុង​ចេតនា នយោបាយ​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធ​គៃបន្លំ​ការបោះឆ្នោត ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​មានការ​គាំទ្រ​ពី​បរទេស​គឺ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ដែល​ជ្រើសរើស​លោក​អោយ​កាន់​តំណែង និង​អាច​បន្ត​តំណែង​រហូតដល់​បច្ចុប្បន្ន។

ព្រះអង្គ ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម មាន​ថេរដីកា​ថា ការ​សម្ពោធ វិមាន​ឈ្នះ ឈ្នះ និង​ធ្វើ​ពិធី​ឆ្លង​ឆ្នាំនេះ គឺជា​ព្រឹត្តិការណ៍​បោក និង​ជា​ការ​អបអរសាទរ នយោបាយ​ចាញ់ ចាញ់​របស់​លោក ហ៊ុន សែន​ទៅវិញ​ទេ ពី​ព្រោះ​ថា ក្រោម​ការដឹកនាំ របស់​របប លោក ហ៊ុន សែន ធ្វើ​ឲ្យ​មេដឹកនាំ​ខ្មែរ​បែកបាក់ តែ​លោក​បែរ​ជា​ទៅ​រណប​បរទេស ចិន និង​វៀតណាម ធ្វើ​យ៉ាងណា​ដើម្បី​រក្សា​អំណាច និង​បក្សពួក​របស់​លោក បាន​គង់វង្ស៖ «ហ៊ុន សែន កំពុង​ពាក់អាវ​ជ័យជំនះ តែ​ហ៊ុន សែន កំពុងតែ​ឲ្យ​ជាតិ​បរាជ័យ តែ ហ៊ុន សែន កំពុងតែ​ដេរ​អាវ​ជ័យជំនះ​ណា​ញាតិ​ញោម ដូច្នេះ ហ៊ុន សែន ពាក់​ជ័យជំនះ​យក​លុយ​ជាតិ​មក​ចាយ»

អ្នកវិភាគ​លើកឡើង​ថា ការ​សាងសង់​វិមាន​ឈ្នះ ឈ្នះ​នេះ ជា​ការ​ចង់​បង្ហាញ​ឲ្យ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ពី​ស្នាដៃ​របស់​គណបក្ស​កាន់អំណាច ដឹកនាំ​ប្រទេស ទទួល​បាន​ជ័យជំនះ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ក្រោម​រូបភាព គោល​នយោបាយ​ឈ្នះឈ្នះ របស់​លោក ហ៊ុន សែន ដែល​ជា​ស្នាដៃ​មួយ​ដ៏​អាក្រក់ សម្រាប់​បន្សល់ទុក​ឲ្យ​ក្មេង​ជំនាន់​ក្រោយ ថ្វី​ដ្បិត​នយោបាយ​ឈ្នះ​ឈ្នះ​នេះ ចែង​ពី​ខ្មែរ​គ្រប់​ភាគី​ឈ្នះ​ទាំងអស់​គ្នា​ក្ដី ផ្ទុយទៅវិញ​នយោបាយ នេះ បង្កប់​នូវ​ភាព​ពិសពុល កម្ទេច​ខ្មែរ​គ្នាឯង ធ្វើ​ឲ្យ​ក្រុម​បក្ស​ប្រឆាំង និង​អ្នក​រងគ្រោះ​ដីធ្លី​ស្ទើរ​ពេញ​មួយ​នគរ​រង​ការឈឺចាប់ ក្រោម​រូបភាព​អភិវឌ្ឍន៍​ផ្សេងៗ។ លើស​ពី​នេះ​ទៀត ក្រុម​បក្ស​ពួក​លោក ហ៊ុន សែន ដែល​ជា​អ្នក​ទទួល​បាន​ជ័យជំនះ​នោះ រស់​នៅ​លើ​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ តាមរយៈ​ការប្រព្រឹត្តិ​អំពើពុករលួយ និង​តួនាទី ឋានៈ បុណ្យ​ស័ក ដែល​ធ្វើ​ឲ្យ​មាន​គម្លាត​អ្នកមាន អ្នកក្រ និង​អំពើ​យុត្តិធម៌​នៅ​ក្នុង​សង្គម។

លោក គឹម សុខ មាន​ប្រសាសន៍​ថា របប​ឯកបក្ស​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ និង​ធ្វើ​ពិធី​ឆ្លង​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺជា​ពិធី​មួយ ដែល​អតីត​បក្ស​កុម្មុយនិស្ត​ដឹកនាំ​ដោយ លោក ហ៊ុន សែន ធ្វើ​ពិធី​អបអរ​សាទរ​ដែល​របប​របស់​លោក បាន​រណប​បរទេស ហើយ​យក​ខ្មែរ​ជា​សត្រូវ កម្ចេច​ដៃគូ​ប្រកួត​គ្មាន​ត្រា​ប្រណី ក្រោម​រូបភាព​នយោបាយ​ឈ្នះ​ឈ្នះ​ជា​រនាំង​បិទបាំង​ល្បិច​អាក្រក់​នៅ​ពីក្រោយ៖ «ពីព្រោះ​ពលរដ្ឋ​ដឹង​ជាទូទៅ ដោយសារ​ក្រោម​អំណាច​គេ​នៅ​ស្ងប់ស្ងាត់ តែ​ពលរដ្ឋ​មិន​គោរព ហ៊ុន សែន ទេ តែ​ហ៊ុន សែន គោរព​យួន​គឺ​គោរព​ពិត​ដោយសារ​តំណែង​នាយករដ្ឋមន្ត្រី ទោះជា ហ៊ុន សែន ស្រមៃ​១០០​ជាតិ​ទៀត​ក៏​មិន​បាន​ដែរ ដូច្នេះ​ហ៊ុន សែន ត្រូវតែ​គោរព​យួន​ហើយ​ដោយ​សារ​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​នាយក​មន្ត្រី​ដ៏​យូរ​ឆ្នាំ​បែបនេះ»

វិមាន​ឈ្នះ​ឈ្នះ​នេះ បាន​សាងសង់​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦​មក នៅ​លើ​ផ្ទៃដី ៨​ហិកតារ ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក លី យ៉ុងផាត់ នៅ​សង្កាត់​បាក់ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។នៅ​ក្នុង​វិមាន​នេះ គឺ​មាន រូបចម្លាក់​សម្រាប់​ដាក់​តាំងនៅ​ក្នុង​វិមាន​ជាច្រើន ដែល​នៅ​តាម​ជញ្ជាំង​ជាន់​ផ្ទាល់​ដី ជុំវិញ​បរិវេណ​វិមាន​ឈ្នះ​-​ឈ្នះ ដែល​រូបចម្លាក់​ទាំងនោះ ទាក់ទង ប្រវត្តិ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ​១៩៧៧។ រូបចម្លាក់​ជាច្រើន​ទៀត​នៅ​លើ​វិមាន​នេះ មាន​ដូចជា រួប​ចម្លាក់ ហង្ស រូប​គ្រុឌ និង​រូប​ដំរី​ក្បាល​បី រូប​នាគ និង​រូប​តោ​ជាដើម។

មន្ត្រី​ជាន់ខ្ពស់ ក្រសួងការពារជាតិ លោក ឈុំ សុជាតិ ធ្លាប់​ឲ្យ​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ថា របប​លោក ហ៊ុន សែន នឹង​ដាក់​ឯកសារ​មួយ នៅ​សារមន្ទីរ​វិមាន​ឈ្នះ​ឈ្នះ​ផ្តោត​លើ ប្រវត្តិ​តស៊ូ​របស់​លោក ហ៊ុន សែន។ របប​លោក ហ៊ុន សែន បាន​កសាង​វិមាន​ឈ្នះ​ឈ្នះ​ក្នុង​គោលបំណង​ចង់​បង្ហាញ​ពី​ស្នាដៃ​នៃ​ការ​ខិតខំ​ប្រឹងប្រែង របស់​លោក ហ៊ុន សែន ដែល​បាន​តស៊ូ​រំដោះ​ជាតិ​កម្ពុជា ចេញពី​របប​ខ្មែរក្រហម។

ទាក់ទងនឹង​ករណី​នេះ លោក គឹម សុខ អះអាង​ថា វិមាន​ឈ្នះ ឈ្នះ​នេះ គឺជា​ចេតិយ សម្រាប់​តម្កល់​ឯកសារ​ក្លែងក្លាយ នៅ​ក្នុង​របប​កាប់សម្លាប់ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដើម្បី​បន្លំ​ប្រវត្តិសាស្ត្រ បង្វែង​ការ​កាប់​សម្លាប់​ខ្មែរ​គ្នាឯង ដើម្បី​អំណាច​របស់​ខ្លួន ក្រោម​រូបភាព នយោបាយ ឈ្នះ ឈ្នះ​នេះ ទៅ​ជា​វិមាន​មួយ​ដែល ជាទី​មោទនភាព​របស់​ក្រុម​ដឹកនាំ​កុម្មុយនិស្ត​ផ្ដាច់ការ​បច្ចុប្បន្ន៖ «កាលពី​សម័យ​សង្គមរាស្ត្រនិយម សង់​ឡើង​ដើម្បី​អបអរសាទរ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មាន​សេរីភាព​វិញ តែ​ពិធី​នេះ និង​វិមាន​ឈ្នះ​ឈ្នះ គឺជា​ការ កាឡៃ កាឡៃ​ទាំង​ឯកសារ​របស់​គាត់ កាឡៃ​ទាំង​វិធី​កាន់អំណាច​របស់​គាត់ ដូច្នេះ​វិមាន​នេះ​សម្រាប់​ផ្ទុក​ឯកសារ​កាឡៃ​របស់​គាត់»

លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៦ ធ្នូ បាន​សំដែង​ពី​មោទនភាព​របស់​ខ្លួន ចំពោះ​ការសាងសង់​វិមាន​ឈ្នះ ឈ្នះ​នេះ​ឡើង​។ លោក​បន្ថែម​ថា ការ​ដាក់​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​អបអរ​ខួប​លើក​ទី​២០ នៃ​ការ​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា។ លោក​អះអាង​ថា ការ​បញ្ចប់​សង្គ្រាម​នេះ ដោយសារតែ​នយោបាយ​ឈ្នះៗ​របស់​លោក ទើប​ធ្វើ​ឲ្យ​កម្ពុជា​មាន​សុខ​សន្តិភាព និង​ការ​បង្រួបបង្រួម​ជាតិ៖ «វិមាន​ឈ្នះ​ឈ្នះ ដែល​ជា​និមិត្ត​រូប​នៃ​ការ​បញ្ចប់​សង្គ្រាម​តាមរយៈ​នយោបាយ​ឈ្នះ យើង​ធ្វើ​ពី​ធី​សម្ពោធ​វិមាន​នេះ ដើម្បី​ជា​ការ​រំលឹក​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល ដែល​នាំមក​នូវ​កា​រ​បង្រួបង្រួម​ជាតិ​របស់​កម្ពុជា ជា​លើកដំបូង»

ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​មិនមែន​មកពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន តែ​ម្នាក់ឯង​នោះ​ទេ​។ ការ​បញ្ចប់​សង្គ្រាមត្រជាក់​នេះ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ សង្គ្រាមត្រជាក់ ដែល​ជា​សង្គ្រាម​ដណ្ដើម​ឥទ្ធិពល​មនោគមវិជ្ជា​នយោបាយ រវាង​ប្លុក​កុម្មុយនិស្ត និង​ប្លុក​សេរី ចាប់​ឈាន​ចូល​ដល់​ផ្លូវបំបែក​មួយ។ កំផែង​ក្រុង​ប៊ែរឡាំង ដែល​ខណ្ឌ​ចែក​ប្រទេស​អាល្លឺម៉ង់​ខាងកើត និយម​កុម្មុយនិស្ត និង​អាល្លឺម៉ង់​ខាងលិច​និយម​សេរី​ពហុបក្ស ត្រូវ​បាន​ប្រជាពលរដ្ឋ​អាល្លឺម៉ង់​វាយកម្ទេច​ចោល ហើយ​ប្រទេស​អាល្លឺម៉ង់ ដែល​ធ្លាប់តែ​ចែក​ជា​ពីរ​ក៏​ត្រូវ​បាន​ក្លាយ​ជា​ប្រទេស​តែមួយ​វិញ។

ការ​នាំ​ឲ្យ​ដល់​ទី​បញ្ចប់​នៃ​សង្គ្រាមត្រជាក់ ដែល​អនុញ្ញាត​ឲ្យ​ប្រជាជាតិ​ដែល​បែកបាក់​ដោយសារ​ការ​ប្រកាន់​និន្នាការ​នយោបាយ​ខុសគ្នា ងាក​មក​បង្រួបបង្រួម​គ្នា​វិញ​នេះ គឺ​កើត​ចេញ​ពី​ផែនការ​កែទម្រង់​ក្នុង​ទិសដៅ​ធ្វើ​សេរីភាវូបនីយកម្ម នៃ​ប្រទេស​កុម្មុយនិស្ត​ដ៏​ធំ​ជាងគេ​បំផុត​មួយ​នៅ​លើ​លោក។ នា​ពេល​នោះ ប្លុក​កុម្មុយនិស្ត​ជួបប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ អតីត​ប្រធានាធិបតី សហភាពសូវៀត លោក មីខាអ៊ីល ហ្គោរបា​ឆេវ (Michail Gorbachev) បាន​ដាក់​ចេញ​នូវ​ផែនការ​កែ​ទម្រង់​ដ៏​ធំ​មួយ ដែល​គេ​អោយ​ឈ្មោះថា ប៉េរ៉េស្ត្រយកា (Perestroika)​។ គឺ​ការ​កែទម្រង់ របស់​លោក ហ្គោរបាឆេវ នេះ​ហើយ ដែល​បាន​ជំរុញ​អោយ​ប្រទេស​អឺរ៉ុប​ខាងកើត​ទាំងឡាយ មាន​អាល្លឺម៉ង់ ប៉ូឡូញ ហុងគ្រី​ជាដើម បាន​រំដោះខ្លួន​ពី​ប្រព័ន្ធ​គ្រប់គ្រង​បែប​កុម្មុយនិស្ត​ផ្ដាច់ការ ឲ្យ​ទៅ​ជា​បែប​សេរី​ពហុបក្ស តាម​លោក​ខាងលិច​វិញ។

ស្ថិត​ក្នុង​ចរន្ត​នយោបាយ​ថ្មី​នេះ សហភាពសូវៀត ក៏​គ្មាន​ហេតុផល​អ្វី នឹង​បន្ត​ផ្ដល់​ជំនួយ​ថវិកា និង​គ្រឿង​សព្វាវុធ​របស់​ខ្លួន ដល់​កងទ័ព​វៀតណាម ក្នុង​បេសកកម្ម​ជួយ​ប្រទេស​កម្ពុជា «​ជា​បងប្អូន​» ក្នុង​ត្រកូល​កុម្មុយនិស្ត​នឹង​គ្នា​នោះ​ទៀត​ដែរ។ នៅ​ពេល​នោះ មេដឹកនាំ​កម្ពុជា ដែល​ប្រឈមមុខ​នឹង​ការ​ដាក់​គំនាប​សេដ្ឋកិច្ច​ពី​លោក​ខាងលិច​ស្រាប់ ហើយ​ត្រូវ​ទទួលរង​នូវ​ការ​បោះបង់​ចោល​ពី​ប្រទេស​រៀមច្បង​ប្លុក​កុម្មុយនិស្ត​ទៀត ក៏​ចាប់ផ្ដើម​ស្រវេស្រវា​រក​យន្តការ​ថ្មី ដើម្បី​ទ្រទ្រង់​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា​ជា​បន្ត​ទៅ​ទៀត។

រីឯ​ក្រុម​អ្នកតស៊ូ​ខ្មែរ​ម្ខាង​ទៀត​នៅ​ជាយដែន​ខ្មែរ​ថៃ មាន​ក្រុម​ស្មោះស្ម័គ្រ​នឹង​សម្តេច​ព្រះ​នរោត្តម​សីហនុ នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រុម​ស្មោះស្ម័គ្រ​នឹង​លោកតា សឺន សាន នៃ​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KPNLF) និង​ក្រុម​ខ្មែរ​ក្រហម នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏​ត្រូវ​បាន​ប្រទេស​អ្នកគាំទ្រ​ខ្លួន​មាន​ប្រទេស​លោក​ខាងលិច និង​ប្រទេស​ចិន​ជាដើម ជួយ​ជ្រោមជ្រែងឲ្យ​​មាន​ការ​ចរចា​រក​សន្តិភាព​រវាង​ក្រុម​បដិបក្ខ​ខ្មែរ​ដែរ។

ទោះបីជា​មេដឹកនាំ​ក្រុងភ្នំពេញ បាន​ព្យាយាម លើក​ពី​នយោបាយ​ឈ្នះ ឈ្នះ ទើប​ធ្វើ​ឲ្យ​កម្ពុជា​លេច​មុខ​មាត់​ជាថ្មី​នៅ​ឆាក​អន្តរជាតិ ក្រោយពី​របប​ខ្មែរក្រហម​ដួល​រលំ​យ៉ាង​នេះ​ក្ដី ក៏ប៉ុន្តែ​នយោបាយ​ឈ្នះ ឈ្នះ និង​ការសាងសង់​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​ជា​តឹកតាង​បង្ហាញ​ពី​ស្នាដៃ​របស់​របប​ក្រុងភ្នំពេញ​បែបនេះ​ក្ដី ក៏​ប្រវត្តិសាស្ត្រ​នៅតែ​ចារ​ថា នយោបាយ​ឈ្នះ ឈ្នះ និង​វិមាន​នេះ ពុំ​មានន័យ​សម្រាប់​ប្រជា​ពលរដ្ឋ​ជាទូទៅ ដែល​រស់នៅ​ក្នុង​របប​មួយ​ដែល​មាន​សុខ​សន្តិភាព និង​មាន​សេរីភាព​ពេញ​ឡើយ​។

កាដូ​ឆ្នាំ​ថ្មី ឆ្នាំ​២០១៩ របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​វិមាន​ឈ្នះ​ឈ្នះ ដែល​មេដឹកនាំ​របប​ក្រុងភ្នំពេញ​មាន​មោទនភាព​ចំពោះ​ចំពោះ​ការសាងសង់​វិមាន​នេះ​ឡើង និង​ជា​ស្នាដៃ​របស់​ខ្លួន​ដែល​ទទួល​បាន​ជ័យជំនះ​នៅ​គ្រប់​ដំណាក់កាល​បែបនេះ​ក្ដី ប៉ុន្តែ​អ្នកវិភាគ​មើល​ឃើញ​ថា វិមាន​នេះ នេះ ជា​និមិត្តរូប​នៃ​ការ​បែកបាក់ ដែល​មេដឹកនាំ​បច្ចុប្បន្ន​ដឹកនាំ​ប្រទេស​មិនបាន​គិត​ពី​បញ្ហា​ប្រទេសជាតិ​ជា​រឿង​សំខាន់ តែ​គិត​រឿង​យកឈ្នះ​ចាញ់ ដើម្បី​បន្ត​អំណាច​ជា​រឿង​ចាំបាច់ ដែល​ប្រវត្តិសាស្ត្រ​នឹង​កត់ត្រា អំពី​ភាព​បែកបាក់ គ្មាន​ការផ្សះផ្សា​ជាតិ និង​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ ទោះជា​របប​ឯក​បក្ស​នេះ ខំ​បិទបាំង​អំពី​ការ​បែកបាក់​ជាតិ​នេះ​បែប​ណា​ក្ដី ហើយ​វិមាន​នេះ ក៏​ជា​ភស្តុតាង​មួយទៀត​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ដែល​បង្ហាញ​ថា ជា​វិមាន​ឈ្នះ​តែ​អ្នកនយោបាយ​មួយ​ក្រុម​របស់​បក្ស​កាន់អំណាច មិនមែន​ឈ្នះ​សម្រាប់​ប្រទេសជាតិ​ទាំងមូល​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

horrible dictator VS pple of power

Everybody have to know to all fascist dictators,they're always do this or do that as whatever they want-example Saddam built a big Mosque and his bronze sculpture and a big entrance gate in downtown Bagdad with two long ivories sculpture,Gaddafi built his own bronze sculpture with its Islam tradition dresses,and made up his Boeing luxury plane with some golden sculpture interior,and n.Korea Kim Il. Sung built his own bronze status with father and son standing together "dynasty family",and Lenin built his own big bronze standing tall,and tmil Hun Sen try to build his own bronze status" memorial wiiiiin".And everybody can seen after those horrible dictators had been done to their pple and country...there those symbolic dictator's status must be destroyed by their own pple"bad symbolized for the pple and country-represented for only fascist dictators".

Jan 03, 2019 11:38 AM

អ្នក​អាន​អនាមិក


យើងសូមថ្លែងអំណរគុណនិងសូមចូលរួមចំណែកលើការវិភាគដ៏ក្បោះក្បាយប្រកបដោយសច្ចធម៌និងសុក្រឹតភាពនេះ​ ។
ពាក្យចាស់លោកថា «​ ដំរីស្លាប់់ យកចង្អេរគ្រប »
​ ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យថា តើអ្នកណាស្នេហាជាតិពិតប្រាកដ ហើយអ្នកណាជាពពួកជនក្បត់ជាតិ ។
​ សមិទ្ធិនេះគឺជាចេតិយសម្រាប់បញ្ចុះសពណបក្ស
ប្រជាជនដែលនឹងចូលមរណភាពនាអាណាគតដ៏ខ្លី
ខាងមុខនេះ ៕

Dec 31, 2018 09:58 AM

អ្នក​អាន​អនាមិក



យើងសូមថ្លែងអំណរគុណនិងសូមចូលរួមចំណែកលើការវិភាគដ៏ក្បោះក្បាយប្រកបដោយសច្ចធម៌និងសុក្រឹតភាពនេះ​ ។
ពាក្យចាស់លោកថា «​ ដំរីស្លាប់់ យកចង្អេរគ្រប »
​ ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យថា តើអ្នកណាស្នេហាជាតិពិតប្រាកដ ហើយអ្នកណាជាពពួកជនក្បត់ជាតិ ។
​ សមិទ្ធិនេះគឺជាចេតិយសម្រាប់បញ្ចុះសពណបក្ស
ប្រជាជនដែលនឹងចូលមរណភាពនាអាណាគតដ៏ខ្លី
ខាងមុខនេះ ៕

Dec 31, 2018 09:57 AM

គេហទំព័រ​ទាំងមូល