មតិ​ពលរដ្ឋ​ជុំវិញ​ការ​លើក​ពេល​សវនាការ​ជម្រះក្ដី​សកម្មជន និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង

ដោយ ទីន ហ្សាការីយ៉ា
2020.11.27
សេង ធារី ២០២០ កញ្ញា សេង ធារី មេធាវី​អន្តរជាតិ និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​ក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
Photo courtesy

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ឃ្លាំមើល​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រតិកម្ម​នឹង​ការ​ពន្យារ​ពេល​ជម្រះក្ដី​សកម្មជន​បក្ស​ប្រឆាំង​នេះ​ថា ជា​តុលាការ​ឡប់ឡែ​ធ្វើតាម​បញ្ជា​របស់​អ្នកនយោបាយ។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពង់ចាម លោក ស៊យ ស៊ីថាត ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​២៦ វិច្ឆិកា​ថា លោក​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​តុលាការ​មិន​បាន​ជំនុំ​ជម្រះក្ដី​សកម្មជន​គណបក្សប្រឆាំង តាម​ការកំណត់។ លោក​បន្ថែម​ថា ពួក​លោក​បាន​ចំណាយ​ពេល​វេលា​និង​ថវិកា​ផ្ទាល់ខ្លួន​ធ្វើដំណើរ​មក​ចូលរួម​ផ្ដល់​កម្លាំងចិត្ត​ដល់​សកម្មជន​គណបក្ស​ប្រឆាំង​នៅមុខ​តុលាការ​ក្រុង​ភ្នំពេញ។ លោក​អំពាវនាវ​ឱ្យ​តុលាការ​បន្ត​នីតិវិធី​រឿង​នេះ​ឱ្យ​បាន​ឆាប់ និង​មាន​តម្លាភាព​ដោយ​មិន​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​គណបក្ស​នយោបាយ៖ «ព្រោះ​ទី​មួយ​ការ​កោះហៅ​វា​កៀក​ថ្ងៃ​ដែរ រួច​ប្រជាពលរដ្ឋ​និង​សាមីខ្លួន​ដែល​ត្រូវ​ចោទ​នឹង​ខំ​ស្វះស្វែង​មក មាន​អ្នកខ្លះ​មិន​ឱ្យ​ចូល​មក​ទៀត​ផង ហើយ​តុលាការ​បាន​កោះហៅ។ ដល់​អីចឹង​ទៅ​ធ្វើ​ឱ្យ​យើង​ហ្នឹង​មាន​ផល​លំបាក​ច្រើន​ណាស់​ដូច​ថា មិន​ដឹង​ថា តើ​ច្បាប់​សព្វថ្ងៃ​ហ្នឹង​វា​យ៉ាងម៉េច។ ព្រោះ​យើង​នៅ​ក្នុង​ធម្មនុញ្ញ​វា​ផ្សេង​ដល់ពេល​ការអនុវត្ត​របស់​គាត់​វា​ផ្សិង អីចឹង​វា​មាន​ផល​លំបាក បើ​ថា​ខុស​អី​កាត់​ហ្នឹង​ទៅ​ដើម្បី​ឱ្យ​អស់ចិត្ត»

ស្រដៀង​គ្នា​នេះ​ពលរដ្ឋ​មកពី​ខេត្ត​បាត់ដំបង លោក ប៊ុន រ៉ាន់ ថ្លែង​ថា ពួក​លោក​ដែល​បាន​ចូលរួម​នៅ​មុខ​តុលាការ​ក្រុងភ្នំពេញ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដែល​តុលាការ​បាន​ពន្យារពេល​រឿង​នេះ​។ លោក​ចាត់ទុក​ការ​ធ្វើ​បែបនេះ ថា ជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​កាន់អំណាច ដើម្បី​កម្ទេច​គណបក្សប្រឆាំង​កុំ​ឱ្យ​មាន​ឈ្មោះ​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​នៅ​ពេល​ក្រោយ​ទៀត៖ «ខ្ញុំ​ចង់​ឃើញ​សវនាការ​នេះ​បង្ហាញ​ភាព​ជាក់ស្ដែង​នៅ​ពេល​ដែល​នៅ​ពេល​ដែល​គាត់​ដឹង​ចង់​ស្ដាប់។ ប៉ុន្តែ​បែរ​ទៅជា​ពន្យារពេល​វិញ នេះ​ជា​ការ​សោកស្ដាយ​មួយ​ដែល​ខ្ញុំ​គិត​ថា ធ្វើ​ឱ្យ​ខាត​ពេលវេលា​ពលរដ្ឋ ហើយ​ធ្វើ​រំខាន​ដល់​ជន​ទាំងអស់​ដែល​គាត់​កោះហៅ​ទៅ​សវនាការ​ហ្នឹង ហើយ​ពេល​ហ្នឹង​ដែល​ខ្ញុំ​គិត​ថា មិន​ខុស​ពី​របប ប៉ុល ពត ដែល​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ពី​មុន​មក​ទេ»

ចំណែក​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ពោធិ៍សាត់ លោក ប៊ុន ណារិទ្ធ និយាយ​ថា តុលាការ​មិន​គួរ​ពន្យារ​ពេល​ជម្រះក្ដី​សកម្មជន​បក្ស​ប្រឆាំង​បែបនេះ​ឡើយ​។​លោក​យល់ថា ការ​ធ្វើ​បែបនេះ​ជា​ការ​បំផ្លាញ​ថវិកាជាតិ និង​ធ្វើបាប​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​គណបក្ស​កាន់អំណាច៖ «ព្រោះ​វា​មនុស្ស​ច្រើន​គេ​អាច​នឹង​មាន​បាតុភាព​ផ្សេងៗ ព្រោះ​ថ្ងៃមិញ​ខ្ញុំ​មើល​ទៅ​លើទឹក​ចិត្ត​អ្នកគាំទ្រ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​គ្រួសារ​ជន​ជាប់ឃុំ​នោះ ពួកគាត់​ពុះកញ្ជ្រោល​ណាស់​បើសិនជា​ព្រឹក​មិញ​មាន​ករណី​ចាប់ចង នឹង​មាន​បាតុភាព​តវ៉ា​តាម​សិទ្ធិ​ដែល​គាត់​ធ្វើ​ហ្នឹង​ដែរ»

ដោយឡែក​ពលរដ្ឋ​នៅ​ក្រុងភ្នំពេញ​ដែល​បាន​ចូលរួម​តាមដាន​រឿង​នេះ​ដែរ​នោះ លោកស្រី ហ៊យ ធួ រិះគន់​ថា រឿង​នេះ​ជា​ឆាកល្ខោន​បន្លំ​ភ្នែក​ពលរដ្ឋ​ខ្មែរ ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ៖ «ព្រោះ​ទុក​លុយ​ហ្នឹង​ជួយ​ប្រជាជន​ក្រីក្រ​ទៅ​ល្អ​ជាង​មក​ធ្វើ​អីចឹង​ព្រោះ​ប្រជាពលរដ្ឋ​ជំពាក់​លុយ​ធនាគារ​ច្រើន​ណាស់​។ ខ្ញុំ​នៅ​ភ្នំពេញ​មធ្យម​ទេ​អាណិត​គ្នា​ខេត្ត​ណោះ​គ្នា​អត់​មាន​ទេ​ខ្លះ​ចងការ​លុយ​គេ​ជិះ​ឡាន​មក។ ខ្ញុំ​អាណិត​ណាស់​អ្នកខ្លះ​អត់​ណាស់​ពាក់អាវ​រហែក​ស្លៀក​ខោ​រហែក​មក​សម្រាន្ត​ផ្ទះ​ខ្ញុំ​១០​នាក់​ជាង ខ្ញុំ​សុខចិត្ត​ទិញ​មាន់​២​ស្ងោរ​ទទួល​គាត់​ហើយ​ដាំបាយ​មួយ​ឆ្នាំង ហើយ​អាវ​ចាស់​ប្ដី​ខ្ញុំ​ហ្នឹង​យក​ឱ្យ​គាត់​ពាក់​គាត់​អរគុណ​ខ្ញុំ​មិន​ស្ទើរ​ទេ»

អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​២៦​វិច្ឆិកា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់​ថា ការ​ពន្យារ​ពេល​ជម្រះក្ដី​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ជន​ជាប់ចោទ។ ទោះជា​យ៉ាងណា​លោក​ថា ក្ដី​ក្ដាំង​នេះ​ជា​រឿង​នយោបាយ ដូច្នេះ​តុលាការ​មិន​អាច​ដោះស្រាយ​បានទេ ប្រសិនបើ​មិន​មាន​ការ​សម្របសម្រួល​ត្រូវរ៉ូវ​គ្នា​តាម​ផ្លូវ​នយោបាយ​រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់អំណាច​នោះ។

នេះ​ជា​លើកទីមួយ​ហើយ​ដែល​តុលាការ​ពន្យារពេល​បើក​សវនាការ​សំណុំរឿង​របស់​បក្ស​ប្រឆាំង​ជារួម​គ្នា​ច្រើន​នាក់ ដែល​មាន​ពលរដ្ឋ និង​អ្នកគាំទ្រ​គណបក្ស​នេះ​ប្រមាណ​ជាង​បី​រយ​នាក់​មកពី​តាម​បណ្ដា​ខេត្ត​តាម​ឃ្លាំមើល​ក្ដី​ក្ដាំង​នេះ​ដល់​មុខ​តុលាការ​ក្រុងភ្នំពេញ។ ទោះជា​យ៉ាងណា​ពួកគាត់​នៅតែ​ប្រកាន់​ជំហរ​ថា នឹង​បន្ត​តាម​ឃ្លាំមើល​សវនាការ​នេះ​នៅ​ពេល​ក្រោយ​ទៀត ហើយ​ថា នឹង​ចូលរួម​ជា​បន្តបន្ទាប់​រហូត​បញ្ចប់​ដល់​សំណុំ​រឿង​នេះ។ ពួកគាត់​ជឿជាក់​ថា ប្រសិនបើ​តុលាការ​ឯករាជ្យ​ដោយ​មិន​ស្ថិត​ក្រោម​សំពាធ​ពី​អ្នកនយោបាយ នោះ​សកម្មជន​គណបក្សប្រឆាំង​នឹង​មាន​សេរីភាព​ទាំងអស់​គ្នា ពីព្រោះ​ពួកគាត់​យល់ថា សកម្មជន​នយោបាយ​ទាំងនោះ​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។