ពលរដ្ឋមួយចំនួន បង្ហាញការខកចិត្តរបស់ខ្លួនចំពោះមន្ត្រីគណបក្សសង្គ្រោះជាតិដែលមិនអាចវិលចូលប្រទេសកម្ពុជាវិញតាមការសន្យា និងមួយចំនួនទៀតបន្តគាំទ្រ ហើយរិះគន់គណបក្សកាន់អំណាចដែលបង្កើតឧបសគ្គរារាំងដល់មន្ត្រីគណបក្សមួយនេះ។
ពលរដ្ឋមួយចំនួនបង្ហាញទស្សនៈរបស់ខ្លួនផ្សេងៗគ្នាជុំវិញការបរាជ័យក្នុងដំណើរមាតុភូមិនិវត្តន៍លើកទី២ របស់មន្ត្រីគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ មករា។
ពលរដ្ឋរស់នៅខេត្តព្រះសីហនុ លោក ភិន សារ៉ាត់ បញ្ជាក់ថា លោកពុំមានការខកចិត្តលើមន្ត្រីគណបក្សសង្គ្រោះជាតិជុំវិញបញ្ហានេះទេ ហើយថា ពួកគាត់បានព្យាយាម អស់លទ្ធភាពក្នុងការវិលចូលប្រទេសកម្ពុជាវិញ។ លោកបន្តថាការបរាជ័យនេះ គឺដោយសាររដ្ឋាភិបាលកម្ពុជា មិនផ្តល់វីសា (Visa) និងប្រើលេសនៃវិបត្តិជំងឺកូវីដនេះ ដើម្បីរារាំងមិនឲ្យមន្ត្រីគណបក្សប្រឆាំងវិលចូលស្រុកបាន៖ « ពួកយើងខ្ញុំដែលនៅខ្មែរនេះ ខ្ញុំនៅរង់ចាំ នៅជឿជាក់លើលោកជំទាវដដែល ទោះមិនបានមកក៏នៅមានពេលក្រោយគង់តែមកដដែល។ ចំពោះខ្ញុំ ខ្ញុំសូមសំណូមពរទៅខាងអាជ្ញាធរ និងរដ្ឋាភិបាលឲ្យបើកផ្លូវឲ្យលោកជំទាវចូលមកដល់ក្នុងស្រុកខ្មែរ ដើម្បីចូលខ្លួនទៅតុលាការដោះស្រាយក្ដី ដែលជាប់ជំពាក់ ដែលលោកជំទាវមានក្ដីអីនៅតុលាការ ឲ្យលោកជំទាវដោះស្រាយអីឲ្យឆាប់ចប់ » ។
ពលករខ្មែរធ្វើការនៅប្រទេសថៃ លោក គៀ រ៉ាវី ថ្លែងថា លោកនៅតែគាំទ្រចំពោះគណបក្សសង្គ្រោះជាតិជានិច្ច ទោះជាដំណើរមាតុភូមិនិវត្តន៍នេះបរាជ័យ។ លោកបន្តថា លោកយល់ច្បាស់ពីការធ្វើទុកបុកម្នេញមកលើសកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្រោមរបបដឹកនាំរបស់លោក ហ៊ុន សែន។ លោកបន្ថែមថា លោកនៅតែចង់ឃើញការផ្លាស់ប្ដូរមួយនៅកម្ពុជា ដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដឡើងវិញ៖ « ចំពោះខ្ញុំ ខ្ញុំមិនបន្ទោសអ្នកស្រី មូរ សុខហួរ ឬក៏មិនបន្ទោសឯកឧត្ដមសម រង្ស៊ី ដែរ។ ព្រោះថា ករណីនេះ សំខាន់បំផុតគឺនៅលើទី១ កូវីដ ទី២ សំខាន់បំផុតនៅលើ គេហៅថា សម្ដេចតេជោគាត់មានលុយ គាត់ដើរទិញផ្លូវទេសចរណ៍ ឬផ្លូវខាងអ្វីៗទាំងអស់។ ម៉ាបន្តិចក៏ខ្ញុំអត់មានក៏ខកចិត្តដែរ តែចំពោះខ្ញុំគាំទ្រៗ ១០០ % អ៊ី ចឹងហ្មង » ។
សមាជិកចលនាស្ត្រីគណបក្សសង្គ្រោះជាតិខេត្តព្រៃវែង លោកស្រី ស ខ្ចី លើកឡើងថា របបក្រុងភ្នំពេញបានប្រើប្រាស់គ្រប់មធ្យោបាយក្នុងការរារាំងដំណើរមាតុភូមិនិវត្តន៍លើកទី២ នេះ។ លោកស្រី បន្តថា ការតស៊ូជាមួយរបបផ្ដាច់ការមួយនេះពុំមែនជារឿងងាយស្រួលនោះទេ ហើយលោកស្រីនៅតែរក្សាជំហរ យ៉ាងមុតមាំក្នុងការគាំទ្រគណបក្សសង្គ្រោះជាតិ៖ « វាគ្រាន់តែជាលេសរបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ ដោយសារតែបើសិនជាលោក ហ៊ុន សែន គិតថា រដូវការនេះ គឺជារដូវកាលដែលកើតជំងឺកូវីដ ឬវាជាជំងឺរាតត្បាតនៅក្នុងប្រទេសកម្ពុជា។ អ៊ីចឹងលោក ហ៊ុន សែន មិនត្រូវប្រើតុលាការ ដើម្បីកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិរាប់រយនាក់ឲ្យឡើងសវនាការទេ។ អ៊ីចឹងទាំងអស់នេះ គឺសបញ្ជាក់ឲ្យឃើញថា គ្រប់យ៉ាងគ្រាន់តែជាលេស ដើម្បីរារាំងការវិលត្រឡប់មាតុភូមិនិវត្តរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិពីរបបក្រុងភ្នំពេញតែប៉ុណ្ណោះ » ។
ការលើកឡើងបែបនេះ គឺនៅក្រោយពេលដែលដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដឹកនាំដោយអ្នកស្រី មូរ សុខហូរ កាលពីថ្ងៃទី១៦ ខែមករា បានបរាជ័យ ដោយជាប់គាំងត្រឹមទីលានយន្តហោះក្នុងទីក្រុងឡូសអែនជែឡេស (Los Angeles)។
តំណាងក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (Singapore Airline) មិនអនុញ្ញាតឲ្យអ្នកស្រីឡើងយន្តហោះដើម្បីចាកចេញពីអាមេរិក ហើយចូលសំចតនៅប្រទេសសិង្ហបុរី មុនបន្តដំណើរចូលប្រទេសកម្ពុជានោះទេ ដោយសារអ្នកស្រី គ្មានទិដ្ឋាការ ឬវីសា ដែលផ្តល់ដោយរដ្ឋាភិបាលកម្ពុជាមុនឡើងយន្តហោះ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូបទៀត គឺលោក ម៉ែន សុថាវរិន្ទ្រ ក៏ត្រូវបានក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ហាមមិនឲ្យឡើងយន្តហោះពីទីក្រុងប៉ារីស (Paris) ប្រទេសបារាំង (France) ឆ្ពោះទៅសិង្ហបុរីដែរ ដោយអះអាងថា មានបម្រាមពីរដ្ឋាភិបាលក្រុងភ្នំពេញ។
ទោះជាយ៉ាងណាក្ដី មតិមួយចំនួនទៀត បានលើកឡើងពីការខកចិត្ត និងអស់សង្ឃឹមចំពោះថ្នាក់ដឹកនាំគណបក្សនេះ ដែលមិនគោរពតាមការសន្យារបស់ខ្លួន។
ពលរដ្ឋរស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ចាន់ ប៊ុនសេន ឲ្យដឹងថា លោកក៏មិនចង់ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិវិលចូលស្រុក ក្នុងអំឡុងវិបត្តិជំងឺកូវីដនេះទេ ដោយសារលោកបារម្ភថា នឹងមានចលនាមួយកើតឡើង ហើយបង្កជាអសន្តិសុខសង្គម។ លោកបន្តថា លោកមិនចង់ឲ្យមានជម្លោះនយោបាយណាមួយកើតឡើងក្នុងប្រទេសកម្ពុជាទៀតនោះទេ ដោយសារវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ៖ « អាចចូលទៅ វាអាចពួកគេបក្សកាន់អំណាចហ្នឹងគេថា យើងមកប្រឆាំងមកធ្វើវិទ្ធង្សនាអីក្នុងស្រុក។ អ៊ីចឹងវាអាចឲ្យគ្រោះថ្នាក់ប្រជាជនកាន់តែខ្លាំងទៀត។ សំខាន់គឺ សុវត្ថិភាពរបស់ប្រជាពលរដ្ឋតើ។ តែប្រជាពលរដ្ឋមានការឈឺចាប់គឺបែរទៅម្ខាងហើយ អ៊ីចឹងប៉ះទង្គិចជាមួយ ខាងផ្នែករដ្ឋាភិបាល គឺគេគំរាមកំហែង » ។
ម្ចាស់គណនី ហ្វេសប៊ុកមួយឈ្មោះ បូ រា បញ្ចេញមតិលើផេកលោកស្រី មូរ សុខហួរ ថា គណបក្សសង្គ្រោះជាតិកំពុងធ្វើឲ្យអ្នកគាំទ្របាត់បង់នូវទំនុកចិត្តរបស់ខ្លួន និងលែងមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋទៀតហើយ ដោយសារការបរាជ័យនេះ។
ម្ចាស់គណនី ហ្វេសប៊ុកមួយទៀតឈ្មោះ ផេង សោភណ្ឌ (Pheng Sophorn) បញ្ចេញមតិថា លោកគាំទ្រប្រជាធិបតេយ្យមកជាយូរ ហើយស្អប់អំពើអយុត្តិធម៌ និងរបបផ្ដាច់ការបំផុត។ លោកបន្តថា ទង្វើរបស់គណបក្សសង្គ្រោះជាតិនេះ គឺគ្មានភាពច្បាស់លាស់ និងធ្វើឱ្យតែល្អមើលប៉ុណ្ណោះ។ ចំណែកក្រុមមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែនវិញ ពួកគេក៏បាននាំគ្នាចំអកថា ដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គ្រាន់តែជាការសម្ដែង។ ប៉ុន្តែ បើទោះបីជាពួកគេ ចោទថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកំពុងសម្ដែងក្ដី ក៏រដ្ឋាភិបាលលោក ហ៊ុន សែន ប្រើវិធីរារាំងគ្រប់បែបយ៉ាង និងមិនហ៊ានផ្តល់សុពលភាពលិខិតឆ្លងដែន ឬវីសា សម្រាប់ឲ្យថ្នាក់ដឹកនាំបក្សប្រឆាំងវិលចូលកម្ពុជា ដើម្បីតតាំងក្តីក្នុងតុលាការឡើយ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និងក្រុមតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីពេលថ្មីៗ នេះ បានអំពាវនាវដល់របប លោក ហ៊ុន សែន បើកផ្លូវឱ្យមន្ត្រីបក្សសង្គ្រោះជាតិដែលជាប់ក្ដីក្ដាំនៅតុលាការ អាចវិលត្រឡប់ទៅកម្ពុជាវិញដោយសុវត្ថិភាព ដើម្បីចូលរួមក្នុងសវនាការជំនុំជម្រះ ទោះជាសំណុំរឿងទាំងនោះមានចរិតនយោបាយ និងមិនស្របតាមគោលការណ៍នីតិរដ្ឋយ៉ាងណាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។