មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​ស្គាល់​ថា ការ​តែងតាំង​កូន​ស្នង​ឪពុក​ ជា​របៀប​សន្តតិវង្ស

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​ស្គាល់​ថា ការ​តែងតាំង​​កូន​ស្នង​ឪពុក ប្រាកដ​ជា​របៀប​សន្តតិវង្ស​មែន។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​​ពី​អ្នក​ឃ្លាំមើល និង​យុវជន​លើក​ឡើង​ថា ការ​តែងតាំង​លោក ទៀ សុខា ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក ជំនួស​លោក ទៀ វិញ ជា​ឪពុក​ថា ជា​អំណាច​សន្តតិវង្ស​ត​ពូជ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​វប្បធម៌​ផ្ដាច់ការ​បំផ្លាញ​ជាតិ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅថ្ងៃទី១៥ ខែ​កុម្ភៈ​ថា នេះ​ជា​សិទ្ធិ​តែងតាំង​របស់​គណបក្ស​ឈ្នះ​ឆ្នោត។ ទោះជាយ៉ាងណាក្ដី លោក​ទទួល​ស្គាល់​ថា ការ​តែងតាំង​ជា​បន្ត​បន្ទាប់​មក តាំង​ពី​លោក ហ៊ុន ម៉ាណែត ឡើង​ជា​នាយករដ្ឋមន្ត្រី ជំនួស​លោក ហ៊ុន សែន ប្រាកដ​ជា​របៀប​សន្តតិវង្ស​មែន។

លោក សុខ ឥសាន៖«អ៊ីចឹង​វា​ប្រាកដ​ជា​សន្តតិវង្ស​នឹង​ហើយ ដូច្នេះ​មិន​បាច់​ឆ្ងល់​ទេ។ សម្ដេច​តេជោ ហ៊ុន សែន លោក​ឧទ្ទេសនាម​សម្ដេច ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ហើយ​ឥឡូវ​ជាប់​សម្ដេច​ធិបតី​ជា​នាយករដ្ឋមន្ត្រី​ហើយ។ កូនៗ របស់​ឥស្សរជន​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា សុទ្ធ​តែ​ត្រូវ​បាន​ទទួល​ការ​តែង​តាំង​ក្នុង​តួនាទី​និង​តំណែង​ជាន់ខ្ពស់​ក្នុង​រាជរដ្ឋាភិបាល។ ដូច្នេះ​មិន​បាច់​ឆ្ងល់​អី​ទេ ពូជ​ទេវតា​តែងតាំង​យក​កូន​ទេវតា ចៅ​ទេវតា​យក​មក​តែង​តាំង។

ការ​លើក​ឡើង​របស់​លោក សុខ ឥសាន ជា​ការ​ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់​អ្នក​​ឃ្លាំមើល និង​យុវជន ដែល​ថា របប​ដឹក​នាំ​របស់​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ ហ៊ុន កាន់​តែ​ផ្អៀង​ស្រដៀង​នឹង​ការ​អនុវត្ត​ដូច​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ហើយ ខណៈ​គ្រប់​​តំណែង និង​តួនាទី​ក្នុង​ស្ថាប័នរដ្ឋ ត្រូវ​ផ្ទេរ​តាម​ត្រកូល​គ្រួសារ​សាច់​ញាតិ ដែល​​ជាក់ស្ដែង ចុង​ក្រោយ​នេះ គឺ​ការ​តែងតាំង​លោក ទៀ សុខា ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​ទឹក ជំនួស​ឪពុក គឺ​លោក ទៀ វិញ។

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ឡាយ​ព្រះហស្ត​លេខា លើព្រះរាជក្រឹត្យចុះថ្ងៃទី១៣ ខែ​កុម្ភៈ តែងតាំង លោក ទៀ សុខា ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក ជំនួស​ឪពុក​របស់​លោក តាម​ការ​ស្នើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ដោយ​ឡែក​ឪពុក​របស់​លោក គឺ​លោក ទៀ វិញ ត្រូវ​បាន​លោក ហ៊ុន ម៉ាណែត តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។

អត្ថបទ​ដែល​ទាក់ទង៖

គណៈរដ្ឋមន្ត្រី​ថ្មី​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពោរពេញ​ទៅដោយ​បណ្តាញ​បក្ខពួក​និយម​ចាក់ស្រេះ

អ្នកស្រី ប៊ុន រ៉ានី ពី​អតីត​ប្រពន្ធ​ទាហាន​ខ្មែរ​ក្រហម​មកជា​​ស្ត្រី​ទី១ និង​ជា​ម្តាយ​នាយករដ្ឋមន្ត្រី

ប្រវត្តិ​សង្ខេប​ស្ត្រី​ទី១ អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

ប្រវត្តិ​អ្នក​មាន​​ឥទ្ធិពល​មួយ​ចំនួន

ប្រធាន​អង្គការ​លទ្ធិប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី​លោក ស៊ឹងសែន ករុណា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១៥ ខែ​កុម្ភៈ ថា នេះ​ជា​ចរិត​នៃ​វប្បធម៌​ប្រព័ន្ធ​ ផ្ដាច់ការ​បន្ត​ពូជ ដែល​ការពារ​គ្នា ក្នុង​ចំណោម​ក្រុម​អ្នក​កាន់​អំណាច។ លោក​ថា ប្រព័ន្ធ​ផ្ដាច់ការ​បែប​នេះ ធ្វើ​បាប គំរាមកំហែង និង​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ គឺ​ មិនមែន​ជា​នយោបាយ​បម្រើ​ប្រជាពលរដ្ឋ​នោះ​ទេ។

លោក ស៊ឹង សែនករុណា៖ «កាល​ណា​ប្រទេស​ដឹក​នាំ​ដោយ​មាន​បក្ខពួក​និយម គឺ​ច្បាស់លាស់​ណាស់ ច្បាស់​ជា​មាន​បញ្ហា ​កើត​ឡើង​ដោយសារ​តែ​មាន​អំពើ​ពុករលួយ​ហ្នឹង​ឯង ព្រោះ​ថា ទន្ទឹម​នឹង​សែស្រឡាយ​បក្ខពួក​អ៊ីចឹង យោគយល់​គ្នា​ការពារ​គ្នា មិន​ព្រម​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទេ។ បញ្ហា​ប្រទេស​ជាតិ​យើង​ដឹង​ស្រាប់​ហើយ ពួក​ហ្នឹង នឹង​ធ្វើ​ការ​បំផ្លិច​បំផ្លាញ​ជាតិ​យើង ដោយ​បំផ្លាញ​នូវ​ធនធាន​​ជាតិ​យើង ធនធាន​សង្គម ហើយ​ប្រព្រឹត្ត​នូវ​ល្មើស​ច្បាប់​នានា អំពើ​អយុត្តិធម៌​អី​ហ្នឹង គឺ​ការពារ​គ្នា​ឯង»។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) រក​ឃើញ​ថា ស្ថានភាព​អំពើ​ពុករលួយ​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២៤ កាន់​តែ​ធ្ងន់ធ្ងរ​បើ​ធៀប​នឹង​ឆ្នាំ២០២៣ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ផ្ទេរ​តំណែង​ទៅ​ឱ្យ​អ្នក​ជំនាន់​ថ្មី​របស់​ខ្លួន ដោយ​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៥៨ ក្នុង​ចំណោម ១៨០ ប្រទេស ហើយ​កម្ពុជា​គ្រាន់​បើ​ជាង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) តែ​មួយ​ប៉ុណ្ណោះ ក្នុង​តំបន់​អាស៊ាន។

របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី១១ ខែ​កុម្ភៈ ឱ្យ​ដឹង​ថា កម្ពុជា​បន្ត​បោះ​ជំហាន​យឺតយ៉ាវ ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ដែល​បង្ហាញ​ ឱ្យ​ឃើញ​នូវ​ចំណុច​ខ្សោយ​បន្ត​កើត​មាន ដោយសារ​អភិបាល​កិច្ច ខ្វះ​សុចរិត​ភាព​ស្ថាប័ន។

យុវជន​សង្គម លោក ម៉ា ចិត្រា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី១៥ ខែ​កុម្ភៈ​ថា តំណែង​ ស្នង​ពី​ឪពុក​ទៅ​កូន​នេះ មិន​មែន​ជា​គំរូ​ល្អ នៃ​ការ​ដឹក​នាំ ក្នុង​សង្គម​ប្រជាធិបតេយ្យ​ នោះ​ទេ ពីព្រោះ​គឺ​ជា​ទម្លាប់​គ្រួសារ​និយម ។

លោក ម៉ា ចិត្រា៖ «ខ្ញុំ​គិត​ថា មន្ត្រី​ច្រើន​ណាស់​ដែល​គាត់​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ តាំង​ពី​ជំនាន់​សង្គ្រាម​មក ហេតុ​អី​បាន​អ្នក​ទាំងអស់​នោះ គាត់​មិន​អាច​ត្រូវ​បាន​ឡើង​តំណែង​ធ្វើ​ជា​មេ​គេ ខណៈ​កូន​របស់​អតីត​មេ​ដឹក​នាំ​ខាង​ការពារ​កង​ទ័ព​ជើង​ទឹក​ហ្នឹង បែរជា ត្រូវ​ឡើង​ស្នង​តំណែង​ពី​ឪពុក។ អា​ហ្នឹង​ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​គំរូ​ល្អ សម្រាប់​ប្រទេស​កម្ពុជា​យើង ដែល​កាន់​នូវ​លទ្ធិប្រជាធិបតេយ្យ»។

ឪពុក​របស់​លោក ទៀ សុខា គឺ​លោក ទៀ វិញ ស្ថិត​ក្នុង​ចំណោម​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ នៃ​រដ្ឋាភិបាល និង​យោធា ព្រមទាំង​ឈ្មួញ​គ្រាក់ៗ​សរុប​ចំនួន ៥នាក់ ដែល​សហរដ្ឋ អាមេរិក ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ និង​រឹតត្បិត​ទិដ្ឋាការ​ពី​សហរដ្ឋ​អាមេរិក ដែល​រួម​មាន​មេ​កង​អង្គរក្ស​លោក ហ៊ុន សែន គឺ​លោក ហ៊ីង ប៊ុនហៀង អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក គន់ គីម អគ្គនាយក​នៃ​នាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស នៃ​ក្រសួង​ការពារ​ជាតិ លោក ចៅ ភិរុណ និង​ឈ្មួញ​បំផ្លាញ​ព្រៃ​ឈើ​ឧកញ៉ា ទ្រី ភាព។

អ្នក​ឃ្លាំមើល លើក​ឡើង​ថា ក្នុង​ស្ថានភាព​សង្គម​កម្ពុជា​បច្ចុប្បន្ន ដើម្បី​អាច​ទប់ស្កាត់​ វប្បធម៌​ប្រព័ន្ធ​ផ្ទេរ​តំណែង​បក្ខពួក​និយម​នេះ តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ ហ៊ាន​ប្រើ​សិទ្ធិ​ តាម​រដ្ឋធម្មនុញ្ញ ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ឱ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​ជា​រួម ដោយ​ដាក់​លក្ខខណ្ឌ​ជាក់លាក់​ថា ប្រសិន​បើ​មេ​ដឹក​នាំ​មិន​ធ្វើការ​កែ​ទម្រង់​ទេ នោះ​ ប្រជាពលរដ្ឋ​នឹង​បន្ត​តវ៉ា​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​រដ្ឋាភិបាល​តែ​ម្ដង៕