តើកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបនៅព្រុចសែលនឹងផ្ដោតលើបញ្ហាអ្វីខ្លះ?
2022.12.14

ក្រុមមេដឹកនាំអាស៊ាន និងអឺរ៉ុប កំពុងជួបប្រជុំគ្នានៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក (Belgium) នៅថ្ងៃទី១៤ ខែធ្នូ ដើម្បីចូលរួមកិច្ចប្រជុំកំពូលដ៏កម្រមួយរំឮកខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងសហភាពអឺរ៉ុប។ កិច្ចប្រជុំកំពូលនេះ ធ្វើឡើងស្របពេលដែលក្រុមពលរដ្ឋអឺរ៉ុបដើមកំណើតខ្មែរជាច្រើននាក់ នាំគ្នាចេញមកគាំទ្រ និងប្រឆាំងវត្តមានរបស់លោក ហ៊ុន សែន ដែលលោកចូលរួមក្នុងនាមជាប្រធានប្តូរវេនអាស៊ានជិតផុតអាណត្តិ។ តើក្រុមមេដឹកនាំទាំងនេះគ្រោងនឹងលើកយកបញ្ហាអ្វីខ្លះមកជជែក និងដោះស្រាយនៅក្នុងកិច្ចប្រជុំកំពូលនេះ?
បញ្ហាចម្បងៗពីរដែលគេរំពឹងថា ក្រុមមេដឹកនាំអឺរ៉ុប និងអាស៊ាននឹងលើកយកមកពិភាក្សាស្វែងរកដំណោះស្រាយនៅក្នុងកិច្ចប្រជុំកំពូលនេះ គឺបញ្ហាសន្តិសុខតំបន់ និងបញ្ហាទំនាក់ទំនងពាណិជ្ជកម្ម។
ប្រធានបទអំពីសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន (Ukraine) បញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma)ក្រោយការដឹកនាំធ្វើរដ្ឋប្រហាររបស់ក្រុមយោធា និងបញ្ហាសេរីភាពនាវាចរណ៍ និងអាកាសឆ្លងកាត់តំបន់សមុទ្រចិនខាងត្បូង នឹងជៀសមិនផុតពីត្រូវបានក្រុមមេដឹកនាំទាំងនេះលើកយកមកជជែកគ្នា។ សហភាពអឺរ៉ុបចង់ឃើញក្រុមមេដឹកនាំអាស៊ានប្រកាន់ជំហរជាក់លាក់ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ខណៈក្នុងតំបន់អាស៊ានមានតែប្រទេសសិង្ហបុរី (Singapore) និងប្រទេសហ្វីលីពីន (The Philippines) ទេ ដែលចូលរួមដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជាមួយសហគមន៍អន្តរជាតិ។
ចំពោះបញ្ហាទំនាក់ទំនងពាណិជ្ជកម្មវិញ ក្រុមមេដឹកនាំនៃតំបន់ទាំងពីរត្រូវបានគេរំពឹងថា នឹងជជែកគ្នាស្វែងរកលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប ជាមួយនឹងតំបន់អាស៊ានទាំងមូល។
បច្ចុប្បន្ន សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) តែជាមួយប្រទេសសិង្ហបុរី (Singapore) និងប្រទេសវៀតណាម (Vietnam)។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុបក៏កំពុងពិនិត្យមើលលទ្ធភាពធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសឥណ្ឌូណេស៊ី (Indonesia) ហ្វីលីពីន ម៉ាឡេស៊ី (Malaysia) និងប្រទេសថៃ (Thailand)។ ដោយឡែក ចំពោះកម្ពុជាវិញ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២០មក ក្រោយពីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរម្លាយគណបក្សប្រឆាំងធំជាងគេគឺគណបក្សសង្គ្រោះជាតិ និងបានរៀបចំព្រឹត្តិការណ៍បោះឆ្នោត ដែលរងការរិះគន់ថា ធ្វើឡើងបែប «បង្គ្រប់កិច្ច»។ សហភាពអឺរ៉ុប ក៏ដាក់ទណ្ឌកម្មស្រដៀងគ្នាតាមរយៈការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅលើប្រទេសភូមាដែរ ដោយសារតែករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេសនេះ។
នៅមុនពេលចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលនេះ កាលពីថ្ងៃទី១២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា បើកម្ពុជាមិនគាំទ្រ នោះសហភាពអឺរ៉ុបក៏នឹងមិនអាចឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយជាមួយតំបន់អាស៊ាននាពេលខាងមុខឡើយ។
លោក ហ៊ុន សែន៖ «មិនមែនពួកអាស៊ានមកនេះសម្រាប់ធ្វើកូនជឹងរបស់ពួកអឺរ៉ុបទេ។ កុំស្មាន! មាន ហ៊ុន សែន មួយគ្រាន់នឹងធ្វើជាសហប្រធានដែរ។ គ្រាន់តែថាម្ចាស់ផ្ទះយ៉ាងណាក៏គេបើកអង្គប្រជុំមុនដែរ ហើយយើងសហប្រធាន។ យើងផ្តល់នូវការគោរពដើម្បីឱ្យទំនាក់ទំនងកាន់តែរឹងមាំ។ លទ្ធផលផ្លែផ្កាមួយដែលនឹងឈានទៅដល់កម្រិតនៃតំបន់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអឺរ៉ុប...។ បើសិនជាកម្ពុជាមិនយល់ព្រម បានសេចក្តីថាកិច្ចព្រមព្រៀងហ្នឹងចេញអត់រួច។ អ៊ីចឹង សូមកុំមើលកម្ពុជាត្រឹមតែកម្ពុជា មើលឱ្យផុតពីកម្ពុជា»។
ជុំវិញការគ្រោងបង្កើនទំនាក់ទំនងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងតំបន់អាស៊ានទាំងមូលនេះ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ យល់ឃើញថា កម្ពុជាខ្លួនឯងក៏គួរចេះទាញយកប្រយោជន៍ពីពាណិជ្ជកម្មជាមួយអឺរ៉ុប ដោយត្រូវដោះស្រាយបញ្ហាប្រឈមនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ជាមួយសហភាពអឺរ៉ុប។
បណ្ឌិត រ៉ូ វណ្ណៈ៖ «ដោយសារតែទីផ្សារធំរបស់អឺរ៉ុប ទីផ្សារធំរបស់អាមេរិកក៏ដោយ គឺជាអ្នកទទួលផលិតផលរបស់កម្ពុជាយើង។ ប៉ុន្តែ ពលរដ្ឋគេ គឺគេផ្សារភ្ជាប់ជាមួយនឹងគុណតម្លៃស្នូលនៃប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស។ អ៊ីចឹង បើយើងអាចសម្របសម្រួលរឿងនេះបាន គឺយើងទទួលបានផលប្រយោជន៍ខ្លាំងពីប្រព័ន្ធអនុគ្រោះពន្ធ EBA ផង ទទួលបានផលប្រយោជន៍ពីការវិនិយោគពីបណ្តាប្រទេសលោកខាងលិចនោះផង។ យុទ្ធសាស្ត្រមួយទៀត គឺយុទ្ធសាស្ត្រការពារហានិភ័យ កុំឱ្យយើងពឹងផ្អែកខ្លាំងតែមួយគត់ទៅលើចិន ឬក៏ទៅលើទីផ្សារអាមេរិក។ ទីផ្សារអឺរ៉ុបគឺជាផ្នែកមួយនៃចំណុចកណ្តាលរវាងប្រទាញប្រទង់រវាងសហរដ្ឋអាមេរិក និងចិន ដែលយើងដឹងហើយថានៅពេលកម្ពុជាស្និទ្ធនឹងចិនខ្លាំងពេក សហរដ្ឋអាមេរិកចាប់ផ្តើមដាក់សម្ពាធ»។
ក្រៅពីបញ្ហាសន្តិសុខ និងពាណិជ្ជកម្ម បញ្ហាមួយចំនួនទៀតដែលក្រុមមេដឹកនាំអាស៊ាន និងសហភាពអឺរ៉ុប នឹងលើកយកមកជជែកពិភាក្សាគ្នា រួមមាន ការផ្លាស់ប្ដូរឌីជីថល ការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការធានាបាននូវការផ្លាស់ប្ដូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនឹងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបលើកទី៤៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន និងសហភាពអឺរ៉ុប ព្រឹត្តិការណ៍អមជាច្រើនត្រូវបានរៀបចំឡើង។ ក្នុងនោះ មានដូចជា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបលើកទី១០ កិច្ចប្រជុំកំពូលយុវជនអាស៊ាន-សហភាពអឺរ៉ុប និងការអបអរសាទរកិច្ចសហប្រតិបត្តិការប្រជាជនអាស៊ាន-សហភាពអឺរ៉ុបស្ដីពីឧត្ដមសិក្សា។
គេហទំព័រក្រុមប្រឹក្សាអឺរ៉ុប ឱ្យដឹងថា នេះគឺជាកិច្ចប្រជុំកំពូលលើកទីមួយមិនធ្លាប់មានពីមុនមករវាងក្រុមមេដឹកនាំសហភាពអឺរ៉ុប និងអាស៊ាន ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងរវាងតំបន់ទាំងពីរ។ កិច្ចប្រជុំកំពូលនេះ នឹងផ្តល់នូវវេទិកានយោបាយសម្រាប់ក្រុមមេដឹកនាំរបស់សហភាពអឺរ៉ុប និងអាស៊ាន ដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកស្ទួយសណ្ដាប់ធ្នាប់អន្តរជាតិផ្ដោតលើវិធានច្បាប់ ការគោរពច្បាប់អន្តរជាតិ និងការលើកកម្ពស់ប្រព័ន្ធពហុនិយម។
ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ានបានក្លាយជាដៃគូយុទ្ធសាស្ត្រចាប់តាំងពីឆ្នាំ២០២០មក។ អាស៊ានគឺជាដៃគូពាណិជ្ជកម្មធំជាងគេបង្អស់ទីបីរបស់សហភាពអឺរ៉ុប បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន។ រីឯ សហភាពអឺរ៉ុបវិញ អឺរ៉ុបផ្តល់ការវិនិយោគផ្ទាល់ពីបរទេសធំជាងគេបង្អស់ទីពីរនៅក្នុងតំបន់អាស៊ាន ក្នុងឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។