ប្រពន្ធ​សកម្មជន​បក្ស​ភ្លើងទៀន​ខេត្តព្រៃវែង​ស្នើ​តុលាការ​ដោះលែង​ប្តី​ពី​ពន្ធនាគារ

0:00 / 0:00

ប្រពន្ធ​សកម្មជន​គណបក្ស​ភ្លើងទៀន​ខេត្តព្រៃវែង​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​និង​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​ឡើងវិញ។ គ្រួសារ​ជន​ជាប់ឃុំ និង​មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ការ​យក​សំណុំរឿង​រៀបចំ​ឯកសារ​ចុះបញ្ជី​បេក្ខជន​ឈរ​បោះឆ្នោត​ឃុំ​ដែល​កើតឡើង​តាំងពី​ឆ្នាំ​២០២២ មក​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​ពេល​នេះ គឺជា​រឿង​មិន​សម​ហេតុផល។

គ្រួសារ​របស់​សកម្មជន​គណបក្ស​ភ្លើងទៀន​ខេត្តព្រៃវែង​អះអាង​ថា សាត់​ញាតិ​ពួកគាត់​មិន​បាន​ក្លែងបន្លំ​ឯកសារ​រៀបចំ​បញ្ជី​ដាក់ពាក្យ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ កាល​ពី​ឆ្នាំ​២០២២ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។

ប្រពន្ធ​ជំទប់​ទី​២​ឃុំ​ប្រាសាទ នៃ​គណបក្ស​ភ្លើងទៀន​ស្រុក​កំពង់ត្របែក ដែល​កំពុង​ជាប់ឃុំ​លោក ប៊ិន ចូង គឺ​លោកស្រី យិន សារឿន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣០ ខែ​មេសា ថា ប្តី​លោកស្រី​គឺជា​មនុស្ស​ស្អាតស្អំ​បម្រើ​សង្គម​ដោយ​ស្មោះ និង​ទទួល​បាន​ការគោរព​ស្រឡាញ់​ពី​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ ស្ត្រី​វ័យ​៦១​ឆ្នាំ​រូប​នេះ​ឱ្យ​ដឹង​ថា មុន​ពេល​ប្តី​លោកស្រី​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ លោក ប៊ិន ចូង ត្រូវ​បាន​គេ​តាម​អូសទាញ​ឱ្យ​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​គាត់​តែងតែ​បដិសេធ។ លោកស្រី​ចាត់ទុក​ការ​ចោទ​ប្រកាន់ និង​ចាប់ខ្លួន​ប្តី​កាលពី​ថ្មីៗ​នេះ​ថា ជា​រឿង​នយោបាយ ហើយ​ស្នើ​ដល់​តុលាការ​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​មក​វិញ។

លោកស្រី យិន សារឿន៖ «ឯកសារ​ទទួល​ពី​គេ​មក​នោះ គាត់​អត់​បង្ខិតបង្ខំ​បងប្អូន​ណា​ទេ វា​អយុត្តិធម៌​ពេក​ហើយ គាត់​មិនដែល​មានរឿង​រ៉ាវ​ជាមួយ​បងប្អូន​អ៊ីចឹង​ទេ គាត់​ធ្វើការ​គេ​កាច់​កុង​ទំនង​រឿង​នយោបាយ ជារឿយៗ គេ​ចេះតែ​ឱ្យ​គាត់​ចុះចូល​អ៊ីចឹង​តែ​គាត់​មិន​ចុះចូល»។

ទន្ទឹម​នឹង​នេះ លោកស្រី យិន សារឿន ព្រួយបារម្ភ​ពី​សុខភាព​ប្ដី​ជា​ខ្លាំង ពីព្រោះ​ប្ដី​គាត់​មាន​វ័យ​កាន់តែ​ចាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​មុខ​ដែល​ត្រូវ​ថែ​ទាំ​ឱ្យ​បាន​ដិត​ដល់​ពី​កូនចៅ ខណៈ​ឆ្មាំ​ពន្ធនាគារ​ខេត្ត​មិនទាន់​អនុញ្ញាត​ឱ្យ​គ្រួសារ​ចូល​សួរសុខទុក្ខ​ប្តី និង​ឪពុក​នៅឡើយ។ លោកស្រី​យល់​ថា ការ​ធ្វើ​បែប​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ធ្វើ​ឱ្យ​គ្រួសារ​លោកស្រី​ឈឺចាប់​កាន់តែ​ខ្លាំង។

លោកស្រី យិន សារឿន៖ «ពិបាក​សព្វគ្រប់​គ្រួសារ​នៅ​នោះ(ក្នុង​ពន្ធនាគារ)គាត់​លំបាកលំបិន​យ៉ាងណា​ទេ ខ្ញុំ​នៅ​ផ្ទះ​មិន​គិត​ទេ ទោះបី​លំបាក​ក៏ដោយ ខ្ញុំ​តែងតែ​គិត​នឹក​ឃើញ​សព្វគ្រប់ វា​អយុត្តិធម៌ ខ្ញុំ​មានការ​ឈឺចាប់​ណាស់​វា​មក​កើតរឿង​អ៊ីចឹង​ឡើង ខ្ញុំ​សុំ​ឱ្យ​តុលាការ​ដោះលែង​គាត់​ទៅ ពីព្រោះ​គាត់​អត់​មាន​ទោស​កំហុស​អ្វី​ដែរ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រៃវែង​អ្នកស្រី អាត សុខន ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​៣០ ខែ​មេសា។

ប៉ុន្តែ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សវនា ប្រាប់​ថា មូលហេតុ​ដែល​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​គ្រួសារ​ចូល​ជួប​ជន​ជាប់ឃុំ ដោយសារ​ជន​ជាប់ឃុំ​ត្រូវធ្វើ​ចត្តាឡីស័ក​រយៈពេល ១៥​ថ្ងៃ​ជាមុន ឬ​ជនជាប់ចោទ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ច្បាប់​តម្រូវ​ជាដើម។

ស្របពេល​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាន់តែ​ខិត​ជិត​មក​ដល់​សកម្មជន​បក្ស​ភ្លើងទៀន​នៃ​ខេត្ត​ព្រៃវែង​ចំនួន ៤​នាក់ ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​សំខាន់ៗ នៅ​ថ្នាក់ក្រោម​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​រួមមាន​លោក ប៊ិន ចូង និង​អ្នកស្រី សេង វិសាល លោក អៀង ជា និង​លោក ហេង សំអឿន។ តុលាការ​ខេត្ត​នេះ​បាន​ចោទប្រកាន់​ពួកគាត់​ដូចៗ​គ្នា​ពី​បទ​ក្លែង និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ កាល​ពី​ខែ​មីនា ឆ្នាំ​២០២២។

មន្ត្រី​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ការ​ចោទ​ប្រកាន់​សមាជិក​គណបក្សប្រឆាំង​ជា​ហូរហែ​មក​នេះ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

ទាក់ទង​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licado) លោក អំ សំអាត មើល​ឃើញ​ថា ការ​ចោទ​ប្រកាន់​និង​ឃុំខ្លួន​លើ​សកម្មជន​បក្ស​ភ្លើងទៀន​នៅ​ខេត្តព្រៃវែង​ចំនួន​បួន​នាក់ ទាក់ទង​ការរៀបចំ​បញ្ជី​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​កន្លង​មក នោះ​ហាក់​ធ្វើឡើង​មិន​សម​ហេតុផល ពីព្រោះ​បញ្ហា​នេះ​គួរ​ដោះស្រាយ​តាំងពី​ដំបូង​ដែល​ដើម​បណ្តឹង​ត្រូវ​ប្តឹង​តាម​នីតិវិធី​ទៅ គ.ជ.ប ដើម្បី​ជំទាស់​ឈ្មោះ​បេក្ខជន និង​បញ្ជី​បេក្ខជន​ជាដើម​។ ទោះ​យ៉ាងណា មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ព្រួយ​បារម្ភ​អំពី​បរិយាកាស​នយោបាយ​នៅមុន​ការ​បោះឆ្នោត​ខាងមុខ​នេះ ដោយសារ​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​ប្រឆាំង​បាន​រង​ការ​នូវ​អំពើ​ហិង្សា និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់។

លោក អំ សំអាត៖ «រឿង​នេះ​វា​ជិត​ដល់​ការ​បោះឆ្នោត​ជាតិ​ខាងមុខ បានជា​ដំណើររឿង​នៃ​ការ​កោះហៅ​សាកសួរ និង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ទៅលើ​អ្នក​ទាំង​បួន​ហ្នឹង​ត្រូវ​បាន​កើតឡើង​ដែល​យើង​មើល​ឃើញ​ថា អង្គការ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ ក៏ដូចជា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​សហគមន៍​អន្តរជាតិ​ដែល​គេ​យល់​ឃើញ​ថា ករណី​នេះ​ជា​ករណី​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់»។

គណបក្ស​ភ្លើងទៀន ដែល​ពេល​នេះ​គឺជា​ដៃគូ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ខាងមុខ​។ ថ្នាក់ដឹកនាំ និង​សកម្មជន​បក្ស​ភ្លើងទៀន​មួយចំនួន​កំពុង​រង​ការ​ចាប់ខ្លួន ការ​ប្តឹងផ្តល់​តាមផ្លូវ​តុលាការ ការ​គំរាមកំហែង​ដល់​ជីវិត វាយ​ធ្វើបាប​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាជ្ញាធរ និង​តុលាការ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាលពី​ថ្ងៃទី​២៤ ខែ​មេសា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា លោក ហ៊ុន សែន កំពុង​ប្រើ​គ្រប់​ឧបាយកល​គាបសង្កត់ ដើម្បី​កម្ចាត់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ចេញ​ពី​កម្ពុជា​នៅ​មុន​ការបោះឆ្នោត។ អង្គការ​នេះ​ទទូច​ឱ្យ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជុំវិញ​ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ច​នៅពេល​ខាងមុខ ត្រូវ​ផ្សារ​ភ្ជាប់​សកម្មភាព​របស់​កម្ពុជា​ស្រប​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។