កេរដំណែលដ៏អាក្រក់មួយដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានបន្សល់ទុក ក្រោយពេលលោកគ្រប់គ្រងកម្ពុជាជិត ៤ទសវត្សរ៍មក គឺតុលាការមិនឯករាជ និងពុករលួយផ្នែកនយោបាយ ដែលបង្កឱ្យមានភាពអយុត្តិធម៌សង្គម និងការបែកបាក់ឯកភាពជាតិ។
តើរដ្ឋាភិបាលថ្មីដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន នោះ មានឆន្ទៈ នឹងធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ឱ្យល្អប្រសើរជាងឪពុករបស់លោកឬទេ? តើក្នុង១០០ថ្ងៃដំបូងនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត គួរធ្វើអ្វីខ្លះ?
គិតត្រឹមឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានដឹកនាំកម្ពុជាពីរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ទៅជារបបដឹកនាំរដ្ឋបែបឯកបក្ស ដែលគណបក្សកាន់អំណាចរបស់លោកមានឥទ្ធិពលខ្លាំងឡើងៗលើស្ថាប័នតុលាការ។
មន្ត្រីតុលាការចាប់ពីក្រឡាបញ្ជីរហូតដល់ប្រធានគ្រប់ជាន់ថ្នាក់ត្រូវបង្ខំឱ្យចូលជាសមាជិកបក្សកាន់អំណាច ដែលធ្វើឱ្យពួកគេមិនអាចបំពេញការងារប្រកបដោយឯករាជ អព្យាក្រឹត្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ជាក់ស្ដែង អតីតប្រធានតុលាការកំពូល លោក ឌិត មន្ទីរ ដែលបានដឹកនាំសវនាការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧នោះ គឺជាសមាជិកជាន់ខ្ពស់ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា។
« តុលាការដែលមិនអាចផ្ដល់យុត្តិធម៌ជូនជនក្រីក្រ »
អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ លោក សុរិយា ស៊ូប៊េឌី (Surya Subedi)វាយតម្លៃថា តុលាការកម្ពុជាមិនអាចផ្ដល់យុត្តិធម៌គ្រប់គ្រាន់ដល់ជនក្រីក្របានឡើយ។ លោកបញ្ជាក់ថា ចៅក្រមកម្ពុជាជាច្រើនរូបមានការប្ដេជ្ញាចិត្តល្មមសមបង្គួរដែរក្នុងការចេញសេចក្ដីសម្រេចប្រកបដោយភាពត្រឹមត្រូវតាមច្បាប់។
ប៉ុន្តែលោកថា កិច្ចការរបស់ពួកចៅក្រមទាំងនោះ ត្រូវបានជ្រៀតជ្រែកដោយកត្តាពីខាងក្រៅ ធ្វើឱ្យការតាំងចិត្តផ្ដល់យុត្តិធម៌របស់ពួកគេរាំងស្ទះ និងរលាយសាបសូន្យ។
លោក សុរិយា ស៊ូប៊េឌី ថា ម្ដងហើយម្ដងទៀត តុលាការកម្ពុជាត្រូវបានប្រើប្រាស់ជាឧបករណ៍របស់ស្ថាប័ននីតិប្រតិបត្តិ ឬរដ្ឋាភិបាល។ លោកថា សកម្មជនការពារដីធ្លី និងសកម្មជនបក្សប្រឆាំងត្រូវបានចាប់ខ្លួន និងកាត់ទោសភ្លាមៗទាំងក្រុមៗ ដាក់ពន្ធនាគារដោយគ្មានឆ្លងកាត់នីតិវិធីត្រឹមត្រូវ។

លោក សុរិយា ស៊ូប៊េឌី៖ «នៅកម្ពុជា ប្រសិនបើអ្នកជាជនក្រីក្រ អ្នកជាជនទន់ខ្សោយ ហើយអ្នកត្រូវគេបណ្ដេញចេញពីដីធ្លីរបស់អ្នក ពេលនោះអ្នកហាក់មានឱកាសតិចតួចណាស់ ដើម្បីទទួលបានសំណងទូទាត់ តាមរយៈយន្តការរដ្ឋបាលគ្រប់គ្រងដីធ្លី ឬតាមតុលាការ។ ការខ្វះភាពឯករាជនៃប្រព័ន្ធតុលាការ គឺជាឧបសគ្គចម្បងសម្រាប់ឱ្យមានយុត្តិធម៌ និងបរិយាបន្នសង្គម ដែលប្រជាពលរដ្ឋកម្ពុជាប៉ងប្រាថ្នា»។
លោក ស៊ូប៊េឌី បន្តថា ជាញឹកញាប់ លោកបានស្នើសុំឱ្យមានការធ្វើកំណែទម្រង់ ប្រព័ន្ធតុលាការទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីឱ្យមានយុត្តិធម៌សង្គម ប៉ុន្តែវិបត្តិតុលាការមិនឯករាជនៅតែកើតមានដដែល។
ទោះជាយ៉ាងណា សម័យលោក ហ៊ុន សែន បានកន្លងផុតហើយ រដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានបន្តពីឪពុករបស់លោក។ សហគមន៍ជាតិនិងអ្នកអន្តរជាតិ កំពុងសម្លឹងមើលថា តើលោក ហ៊ុន ម៉ាណែត ហ៊ានបំបែកឯកត្តកម្ម ស្រាយចំណងតុលាការ ឱ្យស្ថាប័នកំពូលដែលសម្រាប់រកយុត្តិធម៌ជូនពលរដ្ឋមួយនេះ រួចផុតពីក្រញាំនយោបាយ ដែលឪពុករបស់លោកបានចងនោះឬទេ?
អ្នកតាមដានកិច្ចការតុលាការឱ្យដឹងថា បច្ចុប្បន្នយន្តការតុលាការ ត្រូវបានប្រើប្រាស់ជាអាវុធយ៉ាងមានប្រសិទ្ធភាព ដើម្បីបង្ក្រាបលើពលរដ្ឋទន់ខ្សោយ និងអ្នកនយោបាយបក្សប្រឆាំង។
មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្ស និងធុរកិច្ចនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត បារម្ភពីប្រព័ន្ធយុត្តិធម៌នៅថ្ងៃមុខ ថា តើនាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត នឹងនៅតែបន្តប្រើប្រាស់តុលាការជាអាវុធ ដូចឪពុករបស់លោក ដើម្បីបង្ក្រាបសម្លេងប្រឆាំង និងបំបិទមាត់អ្នកការពារដីធ្លី និងបរិស្ថានឬទេ។

លោក វណ្ណ សូផាត៖ «យើងក៏មិនអាចទស្សន៍ទាយត្រូវផងដែរថា តើប្រព័ន្ធតុលាការនៅកម្ពុជានឹងត្រូវបន្តការប្រើប្រាស់បំបាក់ស្មារតីរបស់ប្រជាពលរដ្ឋបន្តទៀត ឬមានភាពប្រសើរឡើង ឬមួយក៏ធ្ងន់ធ្ងរជាងនេះតទៅទៀត អាហ្នឹងក៏យើងមិនទាន់អាចសន្និដ្ឋាន ថាយ៉ាងម៉េចដែរ។ ប៉ុន្តែគ្រាន់ថា ឥឡូវនេះមានយន្តការតែមួយនេះគត់ គឺប្រព័ន្ធតុលាការហ្នឹងដែលជាយន្តការមានប្រសិទ្ធភាពបំផុតក្នុងការបំបាក់ស្មារតីប្រជាពលរដ្ឋ និងសកម្មជនដីធ្លី ក៏ជាដូចសកម្មជនបរិស្ថានដែរ ក្នុងការបន្សាប មិនឱ្យពួកគាត់បន្តសកម្មភាពក្នុងការទាមទារឱ្យមានដំណោះស្រាយ ឬក៏ឱ្យមានការកំណែទម្រង់ឱ្យមានជីវភាពប្រសើរឡើងពីបញ្ហាដីធ្លី និងធនធានធម្មជាតិ។ ក៏ប៉ុន្តែយើងមានក្ដីសង្ឃឹមថា អ្នកដែលគ្រប់គ្រងរដ្ឋបន្តវេននេះ ដែលសុទ្ធតែមានចំណេះដឹងជាថ្នាក់បណ្ឌិត សុទ្ធតែមកពីប្រទេសមានលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស នឹងយកចំណេះដឹងហ្នឹង ដើម្បីធ្វើកំណែទម្រង់ ជាពិសេស កំណែទម្រង់ប្រព័ន្ធតុលាការ សុំឱ្យមានយុត្តិធម៌ជូនដល់ពលរដ្ឋ»។
រៀននៅប្រទេសប្រជាធិបតេយ្យក៏អាចក្លាយជាជនផ្ដាច់ការដែរ
ទោះជាយ៉ាងណា មិនប្រាកដថា បញ្ញវន្តដែលបានរៀនសូត្រនៅប្រទេសរីកចំរើនខាងប្រជាធិបតេយ្យ អាចជាមេដឹកនាំល្អ ប្រកបដោយគុណធម៌ ដូចក្ដីសង្ឃឹមរបស់លោក វ៉ាន់ សុផាត នោះទេ។ ជាក់ស្ដែង អតីតមេដឹកនាំជាន់ខ្ពស់ក្រហម រួមមាន ប៉ុល ពត អៀង សារី ប្រពន្ធ អៀង សារី អ្នកស្រី អៀង ធាឬទ្ធិ ខៀវ សំផន និង ជួន មុំ ជាដើម សុទ្ធសឹងជានិស្សិតពីប្រទេសបារាំង។
សម្រាប់កំរិតអន្តរជាតិវិញ មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) និងមេដឹកនាំផ្ដាច់ការប្រទេសស៊ីរី លោក បាស្សា អាសាដ (Bashar al-Assad) ក៏សុទ្ធតែបានបញ្ចប់ការសិក្សានៅប្រទេសប្រជាធិបតេយ្យសេរី ផងដែរ។
ទោះជាយ៉ាងណា ក៏មានអ្នកទៅរៀននៅប្រទេសលោកសេរី ដូចជា សហរដ្ឋអាមេរិក ច្រើនរាប់មិនអស់ ពេលត្រឡប់មកវិញ ពួកគេក៏បានយកបទពិសោធន៍និងចំណេះដឹងផ្នែកប្រជាធិបតេយ្យ-នីតិរដ្ឋ ដែលបានរៀនសូត្រមកអនុវត្ត និងព្យាយាមកែទម្រង់ ឬកែលម្អរបៀបដឹកនាំនៅក្នុងប្រទេសរបស់ខ្លួនផងដែរ ដូចជា មេដឹកនាំវ័យក្មេងនៃគណបក្សកាវក្លៃ ឬគណបក្សឆ្ពោះទៅមុខនៅប្រទេសថៃ លោក ភិថា លិមចារើនរ៉ាត់ន៍ (Pita Limjareounrat) ជាឧទាហរណ៍។

ងាកមកមើលនាយករដ្ឋមន្ត្រីថ្មី វ័យក្មេងនៅកម្ពុជា លោក ហ៊ុន ម៉ាណែត វិញ ការរៀនសូត្ររបស់លោកនៅបរទេសក៏ខ្លាំងណាស់ដែរ។ លោករៀនចប់សាលាបណ្ឌិតយោធា West Point និងអនុបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យញូវយ៉ក (New York University) នៅសហរដ្ឋអាមេរិក និងចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យប្រ៊ីសស្តូល (Bristol) នៃចក្រភពអង់គ្លេស (United Kingdom) ដែលធ្វើឱ្យមនុស្សជាច្រើនសង្ឃឹមថា លោក ហ៊ុន ម៉ាណែត អាចជាអ្នកធ្វើកំណែទម្រង់ប្រព័ន្ធតុលាការកម្ពុជាឱ្យល្អប្រសើរ។
ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សអន្តរជាតិមួយរូបដែលឃ្លាំមើលនយោបាយកម្ពុជាអស់ជាច្រើនឆ្នាំ ច្រានចោលសុទិដ្ឋិនិយម ដែលលោកហៅថា ជាក្ដីសង្ឃឹមខុសនេះ។ លោក ហ្វ៊ីល រ៉ូប៊ឺតសុន (Phil Robertson) នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រាប់អាស៊ីសេរីថា លោក ហ៊ុន ម៉ាណែត ប្រៀបដូចជាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ពីព្រោះលោកមិនដែលធ្វើអ្វីមួយដែលបញ្ជាក់ថា លោកអាចជាអ្នកធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នោះទេ។
លោក ហ្វ៊ីល រ៉ូប៊ឺតសុន៖ «អ្នកដឹងទេ មានអ្នកការទូតខ្លះ និងមនុស្សជាច្រើនផ្សេងទៀត បញ្ចេញមតិបែបខ្ជិលខ្ជីខ្ជា មិនចង់គិតវែងឆ្ងាយ ថាលោក ហ៊ុន ម៉ាណែត នឹងក្លាយជាអ្នកធ្វើកំណែទម្រង់ ព្រោះគាត់បានទៅរៀនសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ប៉ុន្តែចូរមើលប្រវត្តិការងាររបស់គាត់ យើងមើលមិនឃើញសោះថា លោក ហ៊ុន ម៉ាណែត ជាអ្នកធ្វើកំណែទម្រង់ ព្រោះយើងមិនដែលឃើញលោកធ្វើអ្វីមួយដែលជាសញ្ញានៃការផ្លាស់ប្ដូរចេញពីរបៀបគ្រប់គ្រងបែបបង្ក្រាប និងគាបសង្កត់របស់ឪពុកគាត់នោះឡើយ»។
គណបក្សកាន់អំណាចប្រើឥទ្ធិពលលើប្រព័ន្ធយុត្តិធម៌
មេធាវីមួយរូបដែលសុំមិនបញ្ចេញអត្តសញ្ញាណប័ណ្ណយល់ឃើញថា បើលោក ហ៊ុន ម៉ាណែត ចង់ធ្វើកំណែទម្រង់វិស័យយុត្តិធម៌នៅកម្ពុជាឱ្យល្អប្រសើរ លោកត្រូវមានសេចក្ដីក្លាហាន ព្រោះមនុស្សក្នុងគណបក្សប្រជាជនកម្ពុជា ដែលទទួលបានផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចពីតុលាការមិនឯករាជ មិនចង់ធ្វើផ្លាស់ប្ដូរអ្វីដែលកំពុងមានឡើយ។
លោកថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា គឺជាអ្នកសម្រេចគោលនយោបាយ និងកិច្ចការធំរបស់បក្ស។ សមាជិករបស់គណៈកម្មាធិការក្បាលម៉ាស៊ីនរបស់បក្សនេះសុទ្ធសឹងជាអ្នកនយោបាយចាស់វស្សារបស់គណបក្ស តែក៏មានលោក ហ៊ុន ម៉ាណែត ដែលទើបត្រូវបញ្ចូលឈ្មោះចុងក្រោយគេ នៅលេខរៀងទី៣៦។
ទោះជាយ៉ាងណាក៏ដោយចុះ លោក ហ្វ៊ីល រ៉ូប៊ឺតសុន អះអាងថា លោក ហ៊ុន ម៉ាណែត មិនមែនជាមនុស្សចង់លើកំពស់សេរីភាពសារព័ត៌មាន ហើយបំបាត់របបផ្ដាច់ការ ដែលជាកេរដំណែលរបស់ឪពុកគាត់ចោលនោះទេ។ លោកលើកករណីបិទវិទ្យុសម្លេងប្រជាធិបតេយ្យវីអូឌី (VOD) កាលពីខែកុម្ភៈ ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយលោក ហ៊ុន ម៉ាណែត ជាឧទាហរណ៍។ លោកថា លោក ហ៊ុន សែន បានចេញមុខការពារ លោក ហ៊ុន ម៉ាណែត ជ្រុលហួសមិនសមទំនង រហូតដល់បិទវិទ្យុវីអូឌី ដែលគ្មានកំហុសបន្ទាប់ពីវិទ្យុនេះផ្សាយសម្រង់សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន រឿងលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគី។ លោក ហ្វ៊ីល រ៉ូប៊ឺតសុន ថា ពេលនោះលោក ហ៊ុន ម៉ាណែត គួរចេញមុខឃាត់លោក ហ៊ុន សែន កុំឱ្យវិទ្យុបិទវីអូឌី។

លោក ហ្វ៊ីល រ៉ូប៊ឺតសុន៖ «ពេលនោះគាត់គួរតែនិយាយទៅកាន់ឪពុកគាត់ថា៖ ពុក ៗមិនចាំបាច់បិទវិទ្យុវីអូឌីទេ ពុកគួរតែទទួលយកការសុំទោសរបស់ពួកគេទៅ។ ការនិយាយប៉ុណ្ណឹងវាជារឿងងាយស្រួលណាស់សម្រាប់លោក ហ៊ុន ម៉ាណែត ប៉ុន្តែគាត់មិនបានធ្វើដូច្នោះទេ។ បញ្ហានេះទាក់ទងនឹងអត្ថបទមួយរបស់វីអូឌីចេញផ្សាយអំពីតួនាទីរបស់លោក ហ៊ុន ម៉ាណែត រឿងផ្ដល់ជំនួយបន្ទាន់មួយដល់ប្រទេសទួរគី ដែលមានគ្រោះរញ្ជួយដី។ អត្ថបទនោះបានស្រង់សំដីរបស់អ្នកនាំពាក្យរដ្ឋាភិបាល យកមកចុះផ្សាយ ហើយមន្ត្រីនាំពាក្យរូបនោះមិនបានបដិសេធទេ ដែលគាត់និយាយថា លោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើលិខិតផ្ដល់ជំនួយនោះ។ លើសពីនេះ តំណាងវិទ្យុវីអូឌី ក៏បានសុំទោសលោក ហ៊ុន សែន ក្រោយពីដឹងថា លោក ហ៊ុន សែន ផ្ទុះកំហឹង។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត នៅស្ងៀម មិនឃាត់ឪពុកគាត់ឱ្យបិទវីអូឌីទេ។ ដូច្នេះគាត់មិនមែនជាអ្នកធ្វើកំណែទម្រង់ទេ។ ខ្ញុំពិតជាចង់ឃើញលោក ហ៊ុន ម៉ាណែត ធ្វើឱ្យគេឯងភ្ញាក់ផ្អើលដោយលោកដោះលែងអ្នកទោសនយោបាយ ឱ្យវិទ្យុវីអូឌីដំណើរការឡើងវិញ ជាដើម។ ប៉ុន្តែខ្ញុំគិតថា គាត់នឹងមិនធ្វើដូច្នេះទេ»។
កត្តាមួយទៀតដែលធ្វើឱ្យលោក ហ្វ៊ីល រ៉ូប៊ឺតសុន កាន់តែគ្មានសង្ឃឹម ថា លោក ហ៊ុន ម៉ាណែត អាចក្លាយជាអ្នកកែលម្អប្រព័ន្ធយុត្តិធម៌នៅកម្ពុជានោះ គឺឪពុករបស់លោក ហ៊ុន ម៉ាណែត បានប្រកាសរួចហើយថា គាត់អត់ទៅណាឆ្ងាយពីកូនគាត់ទេ ពោលគឺនៅចាំបង្គាប់បញ្ជាពីក្រោយខ្នងលោក ហ៊ុន ម៉ាណែត។
លោក ហ្វ៊ីល រ៉ូប៊ឺតសុន៖ «សូមកុំភ្លេចថា លោក ហ៊ុន សែន អត់ទៅណាទេ គាត់នៅឈរមើលកូនគាត់គ្រប់ជំហាន ពីក្រោយខ្នង។ លើសពីនេះ គាត់នៅកាន់មុខងារច្រើនទៀត ដូចជាប្រធានបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា ជាដើម...។ នៅពេលណាគាត់ឃើញអ្វីទាស់ចិត្ត ខុសពីគំនិតគាត់ ប្រាកដណាស់ប្រហែលជាគាត់នឹងលូកដៃចូលហើយ»។
ជនគំរូរបស់លោក ហ៊ុន ម៉ាណែត
អតីតមន្ត្រីជាន់ខ្ពស់ផ្នែកច្បាប់នៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក ប្រ៊េដ អាដាមស៍ (Brad Adams) ប្រាប់វិទ្យុអាស៊ីសេរីថា អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលអាចកាន់អំណាចបានជាង ៣៨ឆ្នាំនោះ គឺដោយសារលោកដៃឆៅ និងពុករលួយ។ លោកថា លោក ហ៊ុន សែន មិនមែនជាជនគំរូទេ។

លោក ប្រ៊េដ អាដាមស៍៖ «លោក ហ៊ុន សែន ជាមនុស្សចូលចិត្តនិយាយពាក្យអសុរស ជេរប្រទេច គ្មានសីលធម៌ និងជាមេដឹកនាំឆាប់ខឹងច្រឡោត។ លោកតែងបង្ហាញអត្តចរិតបែបនេះជាសាធារណៈ។ លោកបានសម្លាប់សត្រូវនយោបាយរបស់លោករាប់រយនាក់ បើមិនរាប់ពាន់នាក់ទេនោះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ លោកបានប្រើអំពើហិង្សា និងការគំរាមកំហែង ប្រព្រឹត្តអំពើពុករលួយ និងក្ដោបក្ដាប់តុលាការដើម្បីផាត់ចោលអ្នកនយោបាយបក្សប្រឆាំង សារព័ត៌មានឯករាជ និងសង្គមស៊ីវិល និយាយឱ្យចំទៅគឺទាញកម្ពុជាឱ្យត្រឡប់ថយក្រោយទៅរកស្ថានភាពដើមក្នុងទសវត្សរ៍ឆ្នាំ១៩៨០វិញ នោះគឺរដ្ឋឯកបក្ស ដែលគ្រប់គ្រងដោយបក្សនយោបាយតែមួយ»។
ទោះជាយ៉ាងណា ឈាមពិតជាខាប់ជាងទឹក អាក្រក់ល្អយ៉ាងណា ក៏នៅតែជាឪពុក។ លោក ហ៊ុន ម៉ាណែត ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ជនគំរូរបស់លោក គឺលោក ហ៊ុន សែន។

លោក ហ៊ុន ម៉ាណែត៖ «កាលមុនខ្ញុំទៅអាមេរិក វីអូអេសួរខ្ញុំ គេសួរខ្ញុំថា អ្នកណាជារ៉ូលម៉ូដែល(Role Model)របស់អ្នកឯង ខ្ញុំប្រាប់ថា ឪខ្ញុំ។ មិនមែនដោយសារគាត់ជានាយករដ្ឋមន្ត្រីទេ ប៉ុន្តែដោយសារគាត់តស៊ូគ្រប់ពេលដែលគាត់ធ្វើ តាំងពីគាត់ធ្វើជាសិស្សវត្ត ក៏គាត់ប្រឹង គាត់ធ្វើជាកូនទាហានគេក៏គាត់ខំប្រឹង ហើយគាត់ធ្វើពេលនោះមិនមែនគាត់រំពឹងថា បានធ្វើជានាយករដ្ឋមន្ត្រីទេ គឺធ្វើឱ្យបានជោគជ័យនូវអ្វីដែលគាត់ធ្វើ មិនមែនខ្ញុំថា ហ្អឺRole Modelរបស់ខ្ញុំដល់អ្នកធំ អត់អ៊ីចឹងទេ»។
អ្នកវិទ្យាសាស្ត្រនយោបាយ សាស្ត្រាចារ្យ អៀ សុផល នៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា (Arizona State University) សហរដ្ឋអាមេរិក ប្រាប់វិទ្យុអាស៊ីសេរី (តាមសារអេឡិកត្រូនិច) ថា លោកក៏មិនសង្ឃឹមថា លោក ហ៊ុន ម៉ាណែត អាចធ្វើឱ្យតុលាការឯករាជដែរ។ ទោះជាយ៉ាងណា លោកថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ពិតជាចង់បង្វែរទិសប្រទេសកម្ពុជាឱ្យវិលមកដើរលើផ្លូវត្រូវវិញមែន ក្នុងរយៈពេល១០០ថ្ងៃដំបូង នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់លោក លោកគួរធ្វើរឿងបីយ៉ាង ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តនិងការពង្រឹងភាពស្របច្បាប់របស់លោក។

លោក អៀ សុផល៖ «ដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងលោក កឹម សុខា កញ្ញា សេង ធារី និងអនុញ្ញាតអ្នកនយោបាយនៅក្រៅប្រទេសទាំងអស់ត្រឡប់ចូលស្រុកវិញបាន ព្រមទាំងបើកឱ្យគណបក្សសង្គ្រោះជាតិ និងបក្សភ្លើងទៀនដំណើរការឡើងវិញ»។ទី២. អ្នកនយោបាយ និងប្តីឬប្រពន្ធរបស់ពួកគេត្រូវលាឈប់ពីតំណែងនាយកគ្រប់គ្រងសាជីវកម្ម ហើយទ្រព្យសម្បត្តិពីសាជីវកម្មរបស់ពួកគេត្រូវដាក់ក្នុងមូលនិធិឯករាជមួយទី៣ លោកហ៊ុន ម៉ាណែត គួរដឹងថា លោកទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក (NY) នៅខែកញ្ញាខាងមុខនេះ មិនមែនគ្រាន់តែទៅថ្លែងសុន្ទរកថា បង្ហាញពីជីវិតរបស់លោកជាភាសាអង់គ្លេសប៉ុណ្ណោះទេ ព្រោះគេដឹងហើយ ថាលោកចេះស្ទាត់ជាភាសាអង់គ្លេសនោះ ប៉ុន្តែអ្វីដែលលោកគួរធ្វើនោះ គឺលោកត្រូវកំណត់របៀបវារៈមួយដែលបង្ហាញថា កម្ពុជាពិតជាឯករាជ និងអព្យាក្រឹត្យ និងមិនមែនជាកន្លែងពង្រីកទឹកដីរបស់ចិននោះទេ។
កម្ពុជាពិន្ទុនីតិរដ្ឋនៅបាតតារាង
អង្គការគំរោងយុត្តិធម៌ពិភពលោក World Justice Project (WJP) កាលឆ្នាំ២០២២ បានដាក់ពិន្ទុកម្ពុជាផ្នែកគោរពនីតិរដ្ឋក្នុងចំណាត់ថ្នាក់លេខ១៣៩ក្នុងចំណោមប្រទេសចំនួន១៤០ ជាពិន្ទុបាតតារាង អាក្រក់ជាងគេ គឺលើតែប្រទេស វេណេហ្ស៊ុយអេឡា(Venezuela) មួយប៉ុណ្ណោះ។ ប្រទេសដែលបានពិន្ទុល្អ ខ្ពស់ជាងគេ គឺប្រទេសដាណឺម៉ាក (Denmark) ន័រវែស (Norway) និងហ្វាំងឡង់ (Finland)។ ដូចឆ្នាំមុនៗដែរ រដ្ឋាភិបាលកម្ពុជាតែងច្រានចោលការរកឃើញនេះ។

លទ្ធផលនៃការដាក់ពិន្ទុនីតិរដ្ឋរបស់ប្រទេសទាំង១៤០នោះ គឺអង្គការគំរោងយុត្តិធម៌ពិភពលោក បានមកពីការសិក្សាទៅលើប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសប្រទេសទាំងនោះ ដោយពិនិត្យមើលកំរិតឯករាជរបស់តុលាការ របៀបអនុវត្ដច្បាប់ ការគោរពសិទ្ធិមនុស្ស កំរិតអំពើពុករលួយ កំរិតឯករាជពីគ្នានៃស្ថាប័នរដ្ឋកំពូលទាំងបី គឺរដ្ឋសភា រដ្ឋាភិបាល និងតុលាការ ព្រមទាំងពិនិត្យមើលពីរបៀបអនុវត្ដប្រជាធិបតេយ្យនៅក្នុងប្រទេសនីមួយៗនោះ។
សម្រាប់កម្ពុជា ពិន្ទុស្ដីពីនីតិរដ្ឋ ឬវិស័យយុត្តិធម៌ បានធ្លាក់ដាំក្បាលចុះ ជាលំដាប់ចាប់តាំងពី២០១៥ មក។ ទោះជាយ៉ាងណាក៏ដោយចុះ ពិភពលោកកំពុងរង់ចាំមើលថា នាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត ដែលបានទៅសិក្សានៅប្រទេសលោកប្រជាធិបតេយ្យសេរី មានសេចក្ដីក្លាហានកំរិតណាដើម្បីធ្វើឱ្យតុលាការឯករាជ មិនចំណុះក្រោមឥទ្ធិពលនយោបាយ ដើម្បីស្ដារវិស័យយុត្តិធម៌នៅកម្ពុជា ដែលឪពុករបស់លោកមិនអាចធ្វើបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។