សាច់ញាតិសកម្មជនបក្សប្រឆាំងប្រមាណជាង២០នាក់ បានទៅអុចធូបបន់ស្រន់នៅមុខព្រះអង្គដងកើ សុំឲ្យជួយបន្ទន់ចិត្តមន្ត្រីរដ្ឋាភិបាលដោះលែងគ្រួសារពួកគាត់ ព្រមទាំងដាក់បណ្ដាសាដល់មន្ត្រីមួយចំនួនដែលបានចាប់ប្តី ឪពុក និងកូនៗរបស់ពួកគាត់ដាក់ពន្ធនាគារ។ អាជ្ញាធររាជធានីភ្នំពេញជាច្រើននាក់ បានដាក់កម្លាំង ចាំឃ្លាំមើលពួកគាត់ ក្នុងពេលកំពុងបន់ស្រន់។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរមិនត្រូវរំខាន ឬរារាំងពលរដ្ឋ ក្នុងការតវ៉ានោះទេ។
ក្រោយបន់ស្រន់នៅមុខព្រះអង្គដងកើចប់សព្វគ្រប់ សាច់ញាតិសកម្មជនបក្សប្រឆាំងបន្តដាក់ញត្តិនៅព្រះបរមរាជវាំង តែត្រូវអាជ្ញាធរ និងក្រុមសន្តិសុខខណ្ឌដូនពេញរុំព័ទ្ធ រារាំង រុញច្រាន និងគំរាមកំហែងមិនឲ្យចូលទៅដាក់ញត្តិនោះទេ។ បន្តិចក្រោយមក មន្ត្រីតំណាងរាជវាំងបានចេញមកជួប និងបដិសេធមិនទទួលញត្តិពីពួកគាត់ជាលើកទី២ ដោយតម្រូវឲ្យពួកគាត់ដាក់ញត្តិទៅរដ្ឋសភា និងព្រឹទ្ធសភាជាមុនសិន។
ប្រពន្ធរបស់សមាជិកគណបក្សសង្គ្រោះជាតិ លោក ស៊ុន ធន់ គឺលោកស្រី សេង ចាន់ថន រៀបរាប់ទាំងទឹកភ្នែកថា លោកស្រីខកបំណងជាខ្លាំងលើព្រះមហាក្សត្រ ដែលមិនអើពើ ឈឺឆ្អាលលើទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងមន្ត្រីវាំងបដិសេធមិនទទួលញត្តិពីពួកគេ។ លោកស្រីបន្តថា លោកស្រីគ្មានជំនឿលើប្រព័ន្ធតុលាការ និងមន្ត្រីមួយចំនួនដែលប្រព្រឹត្តអំពើពុករលួយនោះទេ ហើយលោកស្រីសង្ឃឹមលើព្រះមហាក្សត្រ ក្នុងការអន្តរាគមន៍រឿងនេះ៖ « អយុត្តិធម៌ណាស់ៗ ! មិនបាច់ចាំឆ្លងពីណាៗទេ បើព្រះអង្គៗស្រលាញ់កូនចៅ ប្រជារាស្ត្រព្រះអង្គមែន ព្រះអង្គត្រូវតែទទួល ព្រះអង្គត្រូវមានចិត្តទូលំទូលាយទទួលកូនចៅ ទទួលយកកូនចៅ ដើម្បីមើល តើកូនចៅវេទនាប៉ុណ្ណា មិនចាំបាច់ឆ្លងពីណាៗទេ។ ឃើញកូនចៅមានទុកបន្ទាន់ៗ ឲ្យព្រះអង្គជួយផង មានទុក្ខបន្ទាន់ៗជួយប្រជារាស្ត្រខ្មែរវេទនាខ្លាំងណាស់ អ៊ីចឹងព្រះអង្គជួយផង ខំជិះពីស្រុកដទៃមក ជួយកូនចៅផង រាស្ត្រ ប្រជារាស្ត្រត្រូវបម្រើរាស្ត្រ ខកចិត្តមួយព្រះអង្គខ្លាំងណាស់ អ៊ីចឹងនោះ ព្រះអង្គត្រូវតែបម្រើរាស្ត្រ ជួយរាស្ត្រផង »។
ក្រោយការប្រកែកគ្នាមួយសន្ទុះ ក្រុមសន្តិសុខខណ្ឌដូនពេញ បានបណ្ដេញប្រជាពលរដ្ឋចេញពីមុខព្រះបរមរាជវាំង ឆ្ពោះទៅចេតិយមួយកន្លែងនៅសួនវត្តបទុមវតី ក្បែរព្រះបរមរាជវាំង។
ប្រពន្ធរបស់សមាជិកគណបក្សសង្គ្រោះជាតិ លោក កាក កុម្ភារ គឺអ្នកស្រី ព្រំ ចន្ថា ឲ្យអាស៊ីសេរីដឹងថា អាជ្ញាធរ បានបណ្ដេញពួកគេចេញ និងបង្ខំឲ្យពួកគេតវ៉ានៅកណ្ដាលថ្ងៃក្តៅ ដោយមិនអនុញ្ញាតឲ្យពួកគេចូលជ្រកក្រោមដើមឈើតវ៉ានោះទេ។ លោកស្រីបន្តថា អាជ្ញាធរ បានប្រើពាក្យសម្តីជេរប្រមាថក្រុមលោកស្រីថា តវ៉ាដើម្បីតែលុយ និងបម្រើបរទេសប៉ុណ្ណោះ។ លោកស្រីត្អូញត្អែរថា លោកស្រីកំពុងជួបការលំបាកក្នុងជីវភាពជាខ្លាំង បន្ទាប់គ្រួសារលោកស្រីត្រូវតុលាការចាប់ដាក់ពន្ធនាគារ ដោយប្តីលោកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ៖ « និយាយរួមទៅឲ្យខ្ញុំទៅឈរហាលក្តៅ វាអយុត្តិធម៌សម្រាប់ខ្ញុំខ្លាំងណាស់ និយាយទៅខ្ញុំជាខ្មែរ ខ្ញុំនៅលើដីខ្មែរ ខ្ញុំមិនមែនជនជាតិយួន ជនជាតិអីទាំងអស់ ហើយឲ្យពួកគាត់ប្រមាថលើខ្ញុំ ដល់ពេលខ្មែរធ្វើបាបខ្មែរគ្នាឯងអ៊ីចឹងខ្ញុំពិបាកណាស់អូនអើយ ខ្ញុំមិនដឹងនិយាយថា ម៉េចទេ មិនថ្ងៃណាបានពួកខ្ញុំមានសេរីភាពឡើងវិញ មិនដឹងជាថ្ងៃណាបានយុត្តិធម៌បានសម្រាប់មកលើពួកខ្ញុំវិញទេ អត់ដឹងទេ ព្រោះបើសិនជាព្រះអង្គគាត់ដឹងឮ គាត់ជួយ អាហ្នឹងពួកខ្ញុំអាចមានសង្ឃឹម បើអត់ទៀតមិនដឹងនិយាយថាម៉េចទេ »។
កន្លងមក ក្រុមសាច់ញាតិសកម្មជនបក្សប្រឆាំងតែងតែជួបជុំគ្នាស្រែកតវ៉ា និងលើកបដាផ្សេងៗ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យតុលាការដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងប្តី ឬឪពុករបស់ពួកគាត់។ ទោះជាយ៉ាងណា ការតវ៉ារបស់ពួកគេកន្លងមក គឺអាជ្ញាធរតែងចេញមករារាំង ហើយពេលខ្លះបង្ក្រាបដោយហិង្សា បណ្តាលឱ្យក្រុមអ្នកតវ៉ារងរបួសធ្ងន់ និងស្រាលទៀត។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីឆ្លើយតបចំពោះករណីមានការរុញច្រានលើសាច់ញាតិសកម្មជនបក្សប្រឆាំងដែរ ប៉ុន្តែទូរស័ព្ទចូលពុំមានអ្នកទទួល នៅថ្ងៃទី១៣ វិច្ឆិកា។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការតវ៉ារបស់ក្រុមស្ត្រីជារៀងរាល់ថ្ងៃសុក្រនេះ គឺជាការប្រើប្រាស់សិទ្ធិរបស់ពួកគេ ដែលមានចែងនៅក្នុងច្បាប់។ លោកបន្តថា អាជ្ញាធរគួរតែជួយសម្រួល និងការពារសណ្ដាប់ធ្នាប់ដល់ប្រជាពលរដ្ឋក្នុងការតវ៉ានេះ ដើម្បីឲ្យពួកគេតវ៉ាបានដោយសន្តិវិធី។ លោកលើកឡើងថា ស្ថាប័នដែលមិនទទួលញត្តិពីប្រជាពលរដ្ឋ ដើម្បីដោះស្រាយ នោះស្ថាប័ននោះមិនទាន់ដើរស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានោះទេ។ លោកស្នើឲ្យតុលាការគួរពិចារណា ដោយទម្លាក់ចោលបទចោទប្រកាន់ ឬដោះលែងពួកគេឲ្យមានសេរីភាព ដើម្បីបានជួបជុំគ្រួសារវិញ៖ « ទាក់ទងទៅនឹងបញ្ហាដែលអាជ្ញាធរធ្វើសកម្មភាពទៅលើពួកគាត់ដោយបែបនេះ ខ្ញុំគិតថា អានេះវាជារឿងមួយដែលធ្វើសកម្មភាព ដើម្បីធ្វើទុក្ខបុកម្នេញទៅលើពួកគាត់ ដើម្បីឲ្យពួកគាត់ បញ្ឈប់នូវការតវ៉ាទាំងអស់ហ្នឹងហើយ ប៉ុន្តែគ្រាន់ថា ជាយុទ្ធវិធីរបស់អាជ្ញាធរលោកមានវិធីច្រើនណាស់នៅក្នុងការដែលធ្វើឲ្យមានការរំខានទៅដល់ក្រុមអ្នកតវ៉ាហ្នឹង អញ្ចឹងគ្រាន់ជាយុទ្ធសាស្ត្រមួយ ដើម្បីជាការរំខានទៅដល់ក្រុមអ្នកតវ៉ានោះ កុំឲ្យគាត់ព្យាយាមបន្តការតវ៉ាហ្នឹងឲ្យយូរនៅកន្លែងហ្នឹង តែប៉ុណ្ណឹងទេ »។
ចាប់តាំងពីខែមករា រហូតដល់ខែចុងខែតុលានេះ របបលោក ហ៊ុន សែន បានចាប់ខ្លួនមន្ត្រីបក្សសង្គ្រោះជាតិ អ្នកនយោបាយ សកម្មជន យុវជន ព្រះសង្ឃ និងមន្ត្រីអង្គការសង្គមស៊ីវិល យ៉ាងហោចណាស់ក៏ជាង ៣០នាក់ដែរ។ សកម្មជនបក្សប្រឆាំងច្រើនរងការចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់មិនឱ្យយោធិនស្ដាប់បញ្ជា និងប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។ ចំណែក ក្រុមសកម្មជន អ្នកនយោបាយមិនមែនបក្សសង្គ្រោះជាតិ និងយុវជនវិញ រងការចោទប្រកាន់ពីបទញុះញង់។
ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិផង បានស្នើយ៉ាងទទូចដល់អាជ្ញាធររបបលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកជាប់ឃុំទាំងនេះវិញ ព្រោះការសម្តែងមតិ និងអនុវត្តសិទ្ធិនយោបាយ មិនមែនជាបទល្មើសនោះទេ តែជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលត្រូវធានាឱ្យបាននៅក្នុងសង្គមប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។