សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​តវ៉ា​នៅ​មុខ​តុលាការ​ជាថ្មី​ទាមទារ​ពន្លឿន​ការ​ដោះលែង​គ្រួសារ​របស់​ពួកគាត់

ដោយ ជាតិ ចំណាន
2020.10.09
គ្រួសារ​សកម្មជន​សង្គ្រោះ​ជាតិ 100920 ប្រពន្ធ​កូន និង​សាច់ញាតិ​​សកម្មជន​សង្គ្រោះ​ជាតិ តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​ដោះលែង​សមាជិក​គ្រួសារ​របស់​ពួក​គាត់​ពី​ពន្ធនាគារ​វិញ។
រូប៖ ហ្វេសប៊ុក

សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ​ជាង ១០នាក់ ជួបជុំ​គ្នា​ស្រែក​តវ៉ា និង​លើក​បដា នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​នេះ ពន្លឿន​ការ​ដោះលែង​គ្រួសារ​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ។ មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា តុលាការ​គួរ​ពិចារណា​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទ​ផ្សេងៗ និង​ដោះ​លែង​ពួកគាត់​ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​សម្រួល​ស្ថាន​ការណ៍​នយោបាយ​តាន​តឹង​នៅ​កម្ពុជា។

ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ គឺ​លោកស្រី សេង ចាន់ថន បញ្ជាក់​ថា លោកស្រី​ចង់​ឲ្យ​តុលាការ​ក្រុង​ភ្នំពេញ​ដោះ​លែង​ប្ដី​របស់​លោកស្រី​ឲ្យ​បាន​ឆាប់ ដោយ​សារ​ប្ដី​​លោកស្រី និង​សកម្មជន​ដទៃ​ទៀត​ មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។ លោកស្រី​ថា ក្រុម​សកម្មជន​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ រួម​ទាំង​ប្ដី​លោកស្រី​ផង កំពុង​ប្រឈម​នឹង​បញ្ហា​សើ​ស្បែក និង​អាច​ប្រឈម​នឹង​ជំងឺសួត ដោយសារ​ការ​រស់នៅ​លាយឡំ​គ្នា​នឹង​អ្នកទោស​ដទៃ​ទៀត ក្នុង​បន្ទប់​តូច​ចង្អៀត​មួយ ដូច​ជា អ្នក​ទោស​សម្លាប់​មនុស្ស អ្នក​ទោស​ជួញ​ដូរ​គ្រឿង ដែល​ពួកគេ​ជក់​បារី​បង្ហុយ​ផ្សែង​ពេញ​បន្ទប់ កើត​រមាស់ និង​ពិបាក​គេង​ជាដើម។

ការ​ស្រែក​តវ៉ា​នៅមុខ​តុលាការ​ក្រុង​ភ្នំពេញ​លើក​នេះ មាន​អាជ្ញាធរ​ប្រមាណ ២០នាក់ តាម​ឃ្លាំ​មើល​ ប៉ុន្តែ​ពុំ​មាន​ការ​រារាំង​ក្រុម​អ្នក​តវ៉ា​នោះ​ទេ ខុស​ពី​សព្វ​ដង​ដែល​ក្រុម​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​រុញ​ច្រាន ឬ​ប្រើ​ហិង្សា​លើ​ក្រុម​ស្ត្រី​ទាំង​នោះ។

ប្រពន្ធ​កូន និង​សាច់ញាតិ​​សកម្មជន​សង្គ្រោះ​ជាតិ តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​ដោះលែង​សមាជិក​គ្រួសារ​របស់​ពួក​គាត់​ពី​ពន្ធនាគារ​វិញ។
ប្រពន្ធ​កូន និង​សាច់ញាតិ​​សកម្មជន​សង្គ្រោះ​ជាតិ តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​ដោះលែង​សមាជិក​គ្រួសារ​របស់​ពួក​គាត់​ពី​ពន្ធនាគារ​វិញ។
រូប៖ ហ្វេសប៊ុក

 

ក្រោយ​ការ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មក ក្រុម​អ្នក​តវ៉ា​បាន​បន្ត​ទៅ ​ដាក់​ញត្តិ​នៅ​ក្រសួង​កិច្ចការ​នារី ដើម្បី​ឲ្យ​ស្ថាប័ន​នេះ ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​របស់​ក្រុម​អាជ្ញាធរ​លើ​ពួក​គាត់ ដែល​តែង​កើត​មាន​ជា​ប្រចាំ​រាល់​ការ​តវ៉ា​កន្លង​ទៅ​។ មន្ត្រី​ក្រសួង​កិច្ចការ​នារី​បាន​ចេញ​មក​ទទួល​ញត្តិ​នៅ​ខាង​ក្រៅ ដោយ​មិន​អនុញ្ញាត​​ឱ្យ​ពួក​គាត់​បាន​ចូល​ទៅ​ដាក់​ញត្តិ​ដល់​ខាង​ក្នុង​ដូច​ស្ថាប័ន​ដទៃ​នោះ​ទេ។

លោកស្រី សេង ចាន់ថន ថ្លែង​ថា លោក​ស្រី​សង្ឃឹម​ថា ក្រសួង​កិច្ចការ​នារី និង​តុលាការ​នឹង​អាច​រក​យុត្តិធម៌​ជូន​លោកស្រី ដោយ​ប្រើ​វិជ្ជាជីវៈ​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​ច្បាប់ ហើយ​ចាប់​យក​ជន​ដៃដល់​ដែល​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា មក​ផ្ដន្ទាទោស​តាម​ច្បាប់៖ «ខ្ញុំ​សុំ​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល សុំ​ឲ្យ​គាត់​រក​ភាព​យុត្តិ​ធម៌​ឲ្យ​ពួក​ខ្ញុំ ហើយ​សុំ​ឲ្យ​ថ្នាក់​ដឹកនាំ​យក​ភាព​យុត្តិធម៌ មាន​មេត្តា ករុណា​ដល់​ប្រជា​ពលរដ្ឋ។ កន្លែង​ណា​ដែល​ប្រជា​ពលរដ្ឋ​គាត់​គិត​ថា ជា​រឿង​មួយ​ដែល​ធ្វើ​បាប​ពួក​គាត់ អ៊ីចឹង​គួរ​តែ​រាជ​រដ្ឋាភិបាល​ហ្នឹង គាត់​ចុះ​មក​មើល ជួយ​ដោះ​ស្រាយ​នូវ​ទុក្ខ​លំបាក​របស់​ពួក​ខ្ញុំ​ហ្នឹង កុំ​ឲ្យ​មាន​អ្នក​ធំៗ មួយ​ចំនួន អ្នក​ប្រជា​ការពារ​អី​មួយ​ចំនួន​មក​ធ្វើបាប​ពួក​ខ្ញុំ​អ៊ីចឹង​ទៀត សូម​ឲ្យ​គាត់​ចុះ​មក​មើល​ផ្ទាល់​ផង កុំ​ឲ្យ​បាន​តែ​ស្រែក​នៅ​ក្នុង​ទូរទស្សន៍»

អនុ​ប្រធាន​​នាយក​ដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​កិច្ចការ​នារី លោកស្រី ប៉ែន គន្ធា ឱ្យ​ដឹង​ថា ក្រសួង​កិច្ច​ការ​នារី​បាន​ទទួល​ញត្តិ​ពី​ក្រុម​ស្ត្រី​តវ៉ា​រួច​ហើយ ហើយ​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ឲ្យ​អ្នក​ជំនាញ​ផ្លូវ​ច្បាប់​ដោះ​ស្រាយ​បន្ត ដោយ​មិន​ទុក​ចោល​នោះ​ទេ៖ «ខាង​រដ្ឋបាល គាត់​បាន​ចុះ​មក​ទទួល​ហើយ​តើ​បង។ ធម្មតា យើង​យក​ញត្តិ​ហើយ យើង​ផ្តល់​ទៅ​ឲ្យ​អ្នក​ជំនាញ​គាត់​អ្នក​ដោះ​ស្រាយ​បន្ត​ទៀត​ហើយ។ យើង​មាន​នាយក​ផ្លូវ​ច្បាប់ យើង​មាន​អី​បន្ត​ទៀត យើង​នឹង​ធ្វើការ​បន្ត​ទៀត​តាម​ហ្នឹង​អ៊ីចឹង មិនមែន​គ្រាន់​តែ​សួរ​ហើយ​យក​មក​ទុក​ទេ»

ចំណែក ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​​តវ៉ា​របស់​ក្រុម​ស្ត្រី ដែល​ជា​ប្រពន្ធ ឬ​សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​នេះ គឺជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​តវ៉ា​ដោយ​សន្តិវិធី។ លោក​បន្ត​ថា រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ គួរ​ពិចារណា​ក្នុង​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រ​កាន់ ដោយសារ​ការ​ចាប់ឃុំ​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​កន្លង​មក មិន​មែន​ជា​ការ​អនុវត្ត​ទៅ​តាម​គោល​ការ​ច្បាប់​ជាធំ​នោះ​ទេ តែ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ចម្រូង​ចម្រាស​ខាង​នយោបាយ៖ «យើង​មាន​តែ​ទទូច​ស្នើ​ឲ្យ​តុលាការ​ហ្នឹង​លោក​ពិចារណា​ក្នុង​ស្ថាន​ភាព​បែបនេះ បើ​ថា យើង​មិន​អាច​ដោះលែង​ឲ្យ​គាត់​មាន​សេរីភាព ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ក៏​គួរ​យើង​ពិចារណា​នៅ​ក្នុង​ការ​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​អី​ក៏​យើង​អាច​សម្រួល​ស្ថាន​ការណ៍​នយោបាយ​តានតឹង​ហ្នឹង​បាន​មួយ​ចំណែក​ដែរ។ ប្រសិន​បើ​យើង​អាច​មាន​មធ្យោ​បាយ​ក្នុង​ការ​ធ្វើ​ម៉េច​ឲ្យ​គាត់​រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ហើយ​រឿង​មួយ​គឺ​រឿង​ដែល​ចំណេញ​ហ្នឹង​គឺថា វា​មាន​ការណ៍​ចំណេញ​ទៅ​ដល់​ទី១ អាច​សម្រួល​ស្ថាន​ការណ៍​នយោបាយ​ឲ្យ​វា​មាន​ភាព​ធូរ​ស្រាល​មក​វិញ ទី២ វា​អាច​ចំណេញ​ទៅ​ដល់​ខាង​រដ្ឋដែរ គឺថា​មិន​សូវ​ខ្វល់​ខ្វាយ​អំពី​ការ​ដោះ​ស្រាយ​បញ្ហា​ជីវភាព​របស់​ពួកគាត់​នៅ​ក្នុង​ពន្ធនាគារ ហើយ​ដែល​ពន្ធនាគារ​យើង​សព្វ​ថ្ងៃ​កំពុង​តែ​ណែន​ណាន់​តាន់តាប់​ទៅ​ដោយ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ហ្នឹង»

ចាប់​តាំងពី​ខែ​មករា​ឆ្នាំ២០២០ មក មាន​សកម្មជន​នយោបាយ ព្រះសង្ឃ យុវជន និង សកម្មជន​សង្គម ជាង ៣០នាក់​ហើយ ដែល​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ។ តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​យោធា​មិន​ស្ដាប់បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម និង​ពី​បទ​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ជាដើម៕

សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​តវ៉ា​នៅ​មុខ​តុលាការ​ជាថ្មី​ទាមទារ​ពន្លឿន​ការ​ដោះលែង​គ្រួសារ​របស់​ពួកគាត់។
សាច់​ញាតិ​សកម្មជន​បក្ស​ប្រឆាំង​តវ៉ា​នៅ​មុខ​តុលាការ​ជាថ្មី​ទាមទារ​ពន្លឿន​ការ​ដោះលែង​គ្រួសារ​របស់​ពួកគាត់។
រូប៖ ហ្វេសប៊ុក

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។