យុវជនមួយក្រុមធ្វើសិក្ខាសាលាចែករំលែកចំណេះដឹងអំពីហានិភ័យនៅតំបន់ព្រំដែនជាប់ប្រទេសវៀតណាមដល់ក្រុមយុវជនដូចគ្នា ដើម្បីរួមគ្នាការពារអត្ថប្រយោជន៍របស់ជាតិ នៅតំបន់ព្រំដែន។ ពិធីនេះមានយុវជនប្រមាណ ៧០នាក់ចូលរួមនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ សីហា។
តំណាងអ្នករៀបចំកម្មវិធីយុវជន សុខ រដ្ឋា ថ្លែងថា សិក្ខាសាលានេះធ្វើឡើង បន្ទាប់ពីពួកលោកបានចុះសិក្សាតាមព្រំដែននៅខេត្តកំពតតាកែវ និងខេត្តកណ្ដាល កាលពីថ្ងៃទី៣ ដល់ថ្ងៃទី៦ កក្កដា រកឃើញបញ្ហាមួយចំនួនដូចជា កន្លែងខ្លះមិនសូវមានពលរដ្ឋខ្មែររស់នៅ កន្លែងខ្លះទៀតមានជនជាតិវៀតណាមរស់នៅច្រើនជាងពលរដ្ឋខ្មែរ និងពុំសូវមានការអភិវឌ្ឍន៍នៅតំបន់ព្រំដែន ជាដើម។ លោកព្រួយបារម្ភថា បញ្ហាទាំងនេះ ប្រសិនបើយុវជនមិនចូលរួមគ្នាឈឺឆ្អាលរឿងព្រំដែនទេ នោះអាចនឹងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនៅពេលខាងមុខ៖ «ខ្ញុំចង់ឱ្យយុវជនយើងហ្នឹងចូលរួមឱ្យបានច្រើនទោះបីជាមានការគំរាមកំហែង ពីអាជ្ញាធរជាដើម ដូចយើងទៅហ្នឹងគឺមានការប្រឈមមុខអាជ្ញាធរដូចគ្នាហ្នឹង។ អាជ្ញាធរហាមឃាត់បិទសិទ្ធិពួកយើង គ្រាន់តែឮឈ្មោះនិស្សិតក៏គេទាក់ទងទៅគ្នាគេហាមឃាត់ដែរ។ អីចឹងវាជាការបិទសិទ្ធិសេរីភាពមួយចំពោះយុវជន អីចឹងយើងចង់ឱ្យយុវជនចូលរួមឱ្យបានច្រើនចំពោះរឿងហ្នឹង»។
សិក្ខានេះមានបញ្ចាំរូបភាពអំពីសកម្មភាពរបស់ក្រុមយុវជន ចុះពិនិត្យតាមព្រំដែនចែកជូនអ្នកចូលរួមស្វែងយល់ ដើម្បីរួមគ្នាការពារតំបន់ព្រំដែនផងដែរ។
ចំណែក កញ្ញា ទូច សុខគា ដែលបានចូលរួមក្នុងពិធីនេះឱ្យដឹងថា នេះជាលើកទីមួយហើយដែលកញ្ញាបានចូលរួមស្វែងយល់បញ្ហាព្រំដែន។យុវតីរូបនេះ បញ្ជាក់ថា សិក្ខាសាលានេះបានជំរុញឱ្យកញ្ញាស្រលាញ់ជាតិកាន់តែខ្លាំង ជាពិសេសបញ្ហាទឹកដីនៅតំបន់ព្រំដែន។ កញ្ញាបន្ថែមថា ក្រោយពេលចប់ពិធីនេះ កញ្ញានឹងចូលរួមជាមួយក្រុមយុវជនដទៃទៀត ចុះពិនិត្យតាមព្រំដែនឱ្យបានសកម្ម៖ «សម្រាប់សិក្ខាសាលាហ្នឹងផ្ដល់អត្ថប្រយោជន៍ច្រើនអាចបំផុសទឹកចិត្តដល់ក្រុមយុវជនស្វែងយល់ច្រើនពីបញ្ហាព្រំដែនហ្នឹង។ អ្វីដែលធ្វើឱ្យខ្ញុំឈឺចាប់នៅពេលដែលគាត់លើកឡើងនោះ គាត់និយាយថា នៅពេលដែលគាត់ចុះទៅព្រំដែនម្ដងៗហ្នឹង គឺមានការរារាំងខ្លាំងពីអាជ្ញាធរ។ ក្នុងនាមយើងជាពលរដ្ឋខ្មែរ ទៅសិក្សានៅតំបន់ព្រំដែនរបស់យើងហ្នឹង យើងត្រូវតែភូតកុហកគេថា ទៅលែងផ្ទះបងប្អូន ឬក៏មានធុរៈមានការមានបុណ្យទានអីនៅផ្ទះបងប្អូននៅក្បែរៗហ្នឹងទើបបានគេឱ្យយើងចូលទៅដល់»។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២សីហា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យគណបក្សបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា ប្រជាពលរដ្ឋមិនបាច់ព្រួយបារម្ភខ្លាចបាត់បង់ទឹកដីនៅតាមព្រំដែននោះទេ ព្រោះរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បញ្ហាព្រំដែនជាសំខាន់រួចហើយ៖ «ខ្ញុំអត់មានយោបល់អីជាមួយគាត់ទេ ក៏ប៉ុន្តែសំណូមពររបស់ខ្ញុំថាទៅណាឱ្យជូនដំណឹងគ្នា។ យើងសុទ្ធតែខ្មែរតើរឿងអីយើងមិនទៅរកអាជ្ញាធរមូលដ្ឋាន ភូមិមាន ឃុំមាន ប៉ូលិសព្រំដែន មានមូលហេតុអីបានជាយើងទៅតែឯកឯង តើទៅតែឯកឯងគេថាយើងជាមនុស្សមិនប្រក្រតីហើយ។ តែមិនប្រក្រតីគេឃាត់ហើយ ទៅចូលអត់ដឹងក្បាលកន្ទុយអីទៅចូលដីគេគេចាប់ចងទៅពិបាកយើងដោះស្រាយទៀតហើយ»។
ទោះជាយ៉ាងណាប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា ក្រុមយុវជនយកចិត្តទុកដាក់បញ្ហាព្រំដែន គឺជារឿងល្អដែលជួយជំរុញឱ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើនបានឆាប់រហ័ស។ លោកបញ្ជាក់ថា ការអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៅតំបន់ព្រំដែននៅជាប់ប្រទេសវៀតណាមយឺតជាងប្រទេសជិតខាងឆ្ងាយ បណ្ដាលឱ្យពលរដ្ឋមិនចង់រស់នៅព្រំដែន។ លោកសំណូមពរឱ្យរដ្ឋាភិបាលសង់សាលារៀន ផ្លូវថ្នល់ និងមន្ទីរពេទ្យឱ្យបានច្រើនបន្ថែមទៀត ដើម្បីឱ្យប្រជាពលរដ្ឋទៅរស់នៅព្រំដែនឱ្យបានច្រើន ធ្វើជារនាំងជួយការពារទឹកដីឱ្យបានគង់វង្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។