ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សក្នុងប្រទេសជាមុនចាំទៅ ដោះស្រាយវិបត្តិនៅប្រទេសភូមា។ ការស្នើនេះ ដោយសារតែសកម្មជនបក្សប្រឆាំង ក្រុមសហជីព និងពលរដ្ឋកម្ពុជាជាច្រើននាក់រងការគំរាមកំហែង និងចុះបង្ក្រាបជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន។
ក្រុមយុវជនដែលឈឺឆ្អាលបញ្ហាសង្គម រិះគន់ថា កម្ពុជាកំពុងតែញាំញីទៅដោយការរំលោភសិទ្ធិមនុស្ស ដូច្នេះរដ្ឋាភិបាលលោក ហ៊ុន សែន គួរតែលើកស្ទួយបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យបានជ្រះស្រឡះសិនចាំជួយដោះស្រាយវិបត្តិនយោបាយនៅប្រទេសភូមា (Burma)។
យុវជនតាមដានស្ថានការណ៍នយោបាយ លោក គៀន ពន្លក ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ មករាថា ដំណើរទស្សនកិច្ចទៅភូមារបស់លោក ហ៊ុន សែន នឹងមិនទទួលបានផ្លែផ្កាទេ ព្រោះពលរដ្ឋភូមាផ្ទុះកំហឹងជាបន្តបន្ទាប់ ហើយសមាគមអាស៊ាន និងសហគមន៍អន្តរជាតិក៏បានថ្កោលទោស និងដាក់ទណ្ឌកម្មលើមេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងលាំង (Min Aung Hlaing)៖ « ថ្មីៗ នេះ គឺមានការចាប់ថ្នាក់ដឹកនាំសហជីពណាហ្កាវើលដ៍ហ្នឹងបន្ថែមទៀត ដែលធ្វើឱ្យអន្តរជាតិហ្នឹងវាយតម្លៃថា ប្រទេសកម្ពុជាកំពុងតែធ្លាក់ចុះការគោរពរបបប្រជាធិបតេយ្យ ហើយនិងការគោរពទៅលើសិទ្ធិមនុស្ស។ អ៊ីចឹង ទោះបីជាគាត់ប្ដេជ្ញាចិត្តយ៉ាងណាក៏ដោយ ខ្ញុំយល់ថា ប្រទេសលោកសេរីធំៗ ដូចជាសហរដ្ឋអាមេរិក ហើយនិងសហភាពអឺរ៉ុប ហើយនិងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យផ្សេងៗ ទៀត ដែលដាក់ទណ្ឌកម្មទៅលើប្រទេសភូមាគឺមិនសប្បាយចិត្ត » ។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាថ្មីនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនីនៅថ្ងៃទី៥ មករាថា លោកនៅតែប្រកាន់ជំហរទៅទស្សនកិច្ចប្រទេសភូមាដដែល បើទោះបីមានការរិះគន់ ពីក្រុមអ្នកមានមតិផ្ទុយក៏ដោយ៖ « សភាពការណ៍នៅមីយ៉ាន់ម៉ា វាមិនសាមញ្ញ។ ដូច្នេះ យើងក៏ត្រូវតែប្រើវិធានការមិនសាមញ្ញដែរ។ ខ្ញុំចង់និយាយអ៊ីចឹង។ ម្សិលមិញខ្ញុំក៏បានប្រាប់ប្រធានាធិបតីឥណ្ឌូនេស៊ី។ អ៊ីចឹងបានខ្ញុំត្រូវធ្វើដំណើរទៅផ្ទាល់ រួចបន្តពីហ្នឹងទៅ គឺបេសកជនពិសេសនឹងបន្តធ្វើការជាមួយគ្នា ពិគ្រោះជាមួយគ្នា យ៉ាងម៉េចអីយ៉ាងម៉េច » ។
ទោះជាយ៉ាងណាក្ដី លោក ហ៊ុន សែន ហាក់បន្ទន់ឥរិយាបថបន្តិច ជុំវិញបញ្ហាដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់លោកទៅប្រទេសភូមានេះ ក្រោយពីរងនូវការរិះគន់ខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ ជាពិសេស ពលរដ្ឋភូមាទាំងក្នុង និងក្រៅប្រទេស ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ។ លោកបញ្ជាក់សាជាថ្មីថា លោកទៅភូមានេះ ដោយពុំដាក់លក្ខខណ្ឌជាមុន និងថា ដំណើរទស្សនកិច្ចនេះនឹងមិនចាកឆ្ងាយពីកិច្ចព្រមព្រៀងកុងសង់ស៊ីស ៥ចំណុច ដែលសមាជិកអាស៊ានបានឯកភាពគ្នានៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីខែមេសា ឆ្នាំ២០២១ នោះទេ។ លោក ហ៊ុន សែន បង្ហើបថា លោកអាចពន្យារពេលនៅភូមា ប្រសិនបើចាំបាច់ដើម្បីស្វែងរកលទ្ធផលផ្លែផ្កាណាមួយ។ ក៏ប៉ុន្តែ លោក ហ៊ុន សែន ពុំបញ្ជាក់ទេថា តើលោកនឹងព្យាយាមសុំជួបមេដឹកនាំភូមាស្របច្បាប់ ដែលត្រូវរបបសឹកចាប់ឃុំខ្លួន និងកាត់ទោស គឺអ្នកស្រី អ៊ុង សានស៊ូជី នោះទេ។ លោក ហ៊ុន សែន អំពាវនាវកុំឱ្យធ្វើការសន្និដ្ឋានជាមុន នៅមុនដំណើរទស្សនកិច្ចនេះ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៥ ខែមករាថា ដំណើរទស្សនកិច្ចថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមករានេះ លោក ហ៊ុន សែន មានជំនួបទ្វេភាគីជាមួយមេដឹកនាំរដ្ឋប្រហារយោធាភូមា លោក មីន អ៊ុងលាំង។ ជំនួបនេះ នឹងពិភាក្សាផ្លាស់ប្ដូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងការវិវត្តថ្មីៗ ក្នុងតំបន់អាស៊ាន។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានករណីផ្ទុះគ្រាប់បែកកែច្នៃចំនួន ២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំប្រទេសភូមា ប៉ុន្តែពុំបង្កឱ្យខូចខាត ឬរបួសស្នាមដល់មន្ត្រីការទូតកម្ពុជានោះទេ។ ដោយឡែក ក្រុមអង្គការសង្គមស៊ីវិលជិត ២០០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃទី៤ ខែមករា ម្សិលមិញ ថ្កោលទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគាំទ្រមេដឹកនាំរដ្ឋប្រហារយោធាភូមា។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ បានលើកឡើងថា លោក ហ៊ុន សែន គាំទ្ររបបសឹកមីយ៉ាន់ម៉ា ឬភូមា គឺជាការគាំទ្រអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងអំពើប្រល័យពូជសាសន៍ផងដែរ។
យុវជនបរិស្ថាន លោក លីចាន់ដារ៉ាវុធ យល់ថា រដ្ឋាភិបាលកម្ពុជា ត្រូវតែដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេស ដោយលើកស្ទួយសិទ្ធិមនុស្ស អនុញ្ញាតឱ្យមានការចូលរួមបោះឆ្នោតពីបក្សប្រឆាំង និងការដោះលែងសកម្មជន នយោបាយ និងក្រុមសហជីពជាដើម។ ជាង ១០ថ្ងៃមកនេះ តំណាងសហជីពកញ្ញា ឈឹម ស៊ីថរ និងកូដករក្រុមហ៊ុនណាហ្កាវើលដ៍ (NagaWorld) ជាង ២០នាក់ទៀត ត្រូវបានអាជ្ញាធរឃុំខ្លួន បន្ទាប់ពីពួកគេប្រមូលផ្ដុំគ្នាធ្វើកូដកម្មជាបន្តបន្ទាប់ដើម្បីឱ្យក្រុមហ៊ុនរបស់ខ្លួនដោះស្រាយវិវាទការងារ និងទាមទារឱ្យអាជ្ញាធរដោះលែងកូដករមួយចំនួន ដែលត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ។ ទោះយ៉ាងណាក្ដី អាជ្ញាធរមិនបានដោះស្រាយបញ្ហាទេ តែបែរជានាំខ្លួនពួកគេឡើងតុលាការ និងឃុំខ្លួនទៅវិញ៖ « ការទៅជួបមេដឹកនាំយោធាខុសច្បាប់ហ្នឹង វាបង្ហាញពីរូបភាពមិនល្អមួយ ហាក់ដូចជាយើងកំពុងតែគាំទ្ររបបយោធានៅភូមា ដែលទម្លាក់មេដឹកនាំជាប់ឆ្នោតចេញពីតំណែងហ្នឹង ហើយជារបបផ្ដាច់ការ។ យើងឃើញថា យើងគួរតែពិចារណាឱ្យបានច្បាស់លាស់ចំពោះការទៅធ្វើទស្សនកិច្ចហ្នឹង » ។
ស្រដៀងគ្នានេះ ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង យល់ថា បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាត្រូវទៅធ្វើទស្សនកិច្ចនៅភូមាដោយខានមិនបាន គួរតែរកវិធីយ៉ាងណាធ្វើឱ្យមានការបញ្ចប់អំពើហិង្សានៅភូមា និងចាំបាច់ត្រូវមានវត្តមានអ្នកស្រី អ៊ុង សានស៊ូជី នៅក្នុងកិច្ចចរចានោះ ដោយមិនត្រូវជួបតែភាគីមេដឹកនាំផ្ដាច់ការលោក មីន អ៊ុនលាំង ប៉ុណ្ណោះទេ៖ « បើសិនជាយើងចង់ដើរតួនាទីក្នុងការសម្របសម្រួលបញ្ចប់ជម្លោះនយោបាយ ឬក៏ដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្ស វាទាល់តែយើងមានចំណុចខ្លាំងទៅលើរឿងនេះគ្រប់គ្រាន់ដែរ ទើបអាចមានគំរូភាព ហើយអាចថា មានទឹកមាត់ប្រៃនៅក្នុងការធ្វើអន្តរាគមន៍បាទ » ។
សមាគមអាស៊ានបានសម្រេចមិនអនុញ្ញាតឱ្យមេដឹកនាំរបបសឹកភូមាចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួនជាបន្តបន្ទាប់ ក្រោយមេដឹកនាំរដ្ឋប្រហារ លោក មីន អ៊ុងលាំង មិនព្រមបញ្ឈប់អំពើហិង្សាបន្ទាប់ពីលោកបានដឹកនាំធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីគណបក្សឈ្នះឆ្នោតរបស់អ្នកស្រី អ៊ុង សានស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ដើមខែមករា ឆ្នាំ២០២២ នេះ យ៉ាងហោចណាស់មានពលរដ្ឋភូមា ១.៣៩៨នាក់ ក្នុងនោះរួមទាំងកុមារផង ត្រូវបានគេសម្លាប់ នៅក្នុងហេតុការណ៍បង្ក្រាបរបស់ពួកយោធាលើក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ ហើយមនុស្សប្រមាណ ១១.៩៥៦នាក់ទៀត ត្រូវបានចាប់ខ្លួន។ អំពើហិង្សាលើពលរដ្ឋភូមានេះ នាំឱ្យសហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិកថ្កោលទោស និងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើមេដឹកនាំរបបសឹក លោក មីន អ៊ុងលាំង ហើយបុរសខ្លាំងនៃប្រទេសភូមារូបនេះ ក៏កំពុងប្រឈមទៅនឹងបណ្ដឹងពាក់ព័ន្ធនឹងបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។