យុវជន​ថ្កោល​ទោស​លោក ហ៊ុន សែន ដែល​ចង​កំហឹង​នឹង​ពលរដ្ឋ​ខ្លួន​ឯង រឿង​បំណុល​ធនាគារ

ដោយ មួង ណារ៉េត
2020.08.22
ហ៊ុន សែន 041420 លោកនាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ពិសេស​តាម​ប្រព័ន្ធ​វីដេអូ​ខន់ហ្វើរែន (Video Conference) ស្ដី​អំពី​ជំងឺ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ក្រុម​យុវជនរិះគន់​មេដឹកនាំ​របបក្រុង​ភ្នំពេញ លោក ហ៊ុន សែន ដែល​ចង​កំហឹង​នឹង​ពលរដ្ឋ​ខ្លួន​ឯង រឿង​បំណុល​ធនាគារ។ ពួកគេ​ថា ក្នុង​នាម​ជា​អ្នកដឹកនាំ​ជាតិ លោក ហ៊ុន សែន ​គួរ​ណាស់​តែ​ជួយដល់​​ពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ហើយ​បើក​សិទ្ធិ​ឱ្យពលរដ្ឋ​​អាច​សម្តែង​មតិ​ និង​ទុក្ខ​កង្វល់​របស់​ពួក​គាត់​​បាន​ដោយ​សេរី។ ប្រតិកម្ម​របស់​ក្រុម​យុវជន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ជំរុញ​ជាថ្មី​ម្តង​ទៀត​​ឱ្យ​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ណា​ដែល​មិន​ចង់​សង​បំណុល ដើម្បី​ឱ្យ​ពលរដ្ឋ​ទាំង​នោះ​​ក្លាយ​ជា​ជន​គ្មាន​ផ្ទះ​សម្បែង

ក្រុម​យុវជន​ និង​អង្គការ​សង្គម​ស៊ីវិល​​ លើក​ឡើង​​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​គួរ​រើស​អើង​ និង​ចាត់​ទុក​ពលរដ្ឋ​របស់​ខ្លួនជា​សត្រូវ​នោះទេ ជាពិសេស លោក​មិន​ត្រូវ​រុញ​ពលរដ្ឋ​របស់​ខ្លួនឱ្យ​​បាត់​បង់​ដីធ្លី និង​ផ្ទះ​សម្បែង​បែប​នេះ​ឡើយ

សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ កញ្ញា សូ មេត្តា ថ្លែង​ថា កញ្ញា​សោក​ស្តាយ​ដែល​កម្ពុជា​មាន​មេដឹកនាំ​មួយ​រូប​ដែល​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា ហើយ​​អាង​អំណាច​ធ្វើ​បាប​ពលរដ្ឋ​ខ្លួន​ឯង។ កញ្ញា​បន្ត​ថា ដោយសារ​តែ​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ក្នុង​ស្ថានភាព​កូវីដ-១៩​ ទើប​ពួក​គាត់​ភាគច្រើ​ន​មិន​មាន​លទ្ធភាព​សង​បំណុល​ធនាគារ​ និង​មីក្រូហិរញ្ញវត្ថុ ហើយ​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ដើម្បី​​ផ្អាក​ការ​សង​បំណុល។

យុវជន​ដែល​ធ្លាប់​ធ្វើ​កូដកម្ម​បង្អត់​អាហារដើម្បី​ស្នើ​សុំ​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​ផ្អាកការ​សង​​បំណុល​រូបនេះ ថ្លែងទៀត​ថា សម្តីលោក ហ៊ុន សែន ​សបញ្ជាក់​ថា លោក​មិន​បាន​គិត​គូរ​ពេញលេញ​ដល់​សុខទុក្ខ​របស់​ពលរដ្ឋ​នោះឡើយ«ខ្ញុំ​សោក​ស្តាយ​ដែល​ឮ​នាយក​រដ្ឋ​មន្ត្រី តំណាង​នៃ​ស្រុក​ខ្ញុំ ប្រទេស​ខ្ញុំ ប្រើ​ពាក្យ​អសុរោះ ពាក្យ​ព្រៃ​ ពាក្យ​ដែល​អាវាសែ​បែបនេះ។ បើ​ពិភពលោកឮ​សម្តី​អ្នក​ដឹកនាំ​ស្រុក​ខ្ញុំ ខ្ញុំ​ខ្មាស​គេ​ណាស់ មិ​ន​ដឹង​យក​មុខ​ទៅ​ទុក្ខ​ឯណា។ នេះ​មានន័យ​ថា គាត់​បើក​សិទ្ធិ​ឱ្យ​ខាង​ធនាគារ​រឹប​អូស​យក​ដី ផ្ទះប្រជាពលរដ្ឋ​ហើយ គាត់​អត់​មាន​ជួយ​អ្វីទេ»

ស្រដៀង​គ្នានេះ យុវជន​គណបក្ស​សង្គ្រោះជាតិដែល​កំពុង​ភៀស​ខ្លួន​នៅក្រៅប្រទេស កញ្ញា សៅ ឧសភា ថ្លែង​ថា លោក ហ៊ុន សែន ជា​មេដឹកនាំអាត្មានិយម ​​គិត​តែ​អំណាច​ផ្ទាល់ខ្លួន មើល​រំលង​ពី​សុខ​ទុក្ខ​របស់​ពលរដ្ឋ​។ កញ្ញា​បន្ត​ថា ទំនង​ជា​​ធ្លាប់ប្រព្រឹត្ត​ទង្វើ​អាក្រក់​ច្រើន​ពេក ទើប​នៅ​ពេល​ធ្វើល្អ​​បន្តិច​បន្តួច​ លោក ហ៊ុន សែន អររីក​ថ្លើម​រហូត​ដល់​ថ្នាក់ អួត​ខ្លួន​ឯង​ថា ជា​មេដឹកនាំ​ជ្រះថ្លា​ជាងគេ«ពាក្យ​សម្តី​ដែល​គាត់​លើក​ឡើង គឺ​វា​ជា​អត្តចរិត​របស់​គាត់​ពី​ធម្មជាតិ​មក​ហើយ អ៊ីចឹង​គាត់​អត់​មាន​ការ​ខ្មាសអៀន​ទេ។ តែ​បើ​ខ្ញុំ​ជា​លោក ហ៊ុន សែន វិញ គឺ​ខ្ញុំ​ខ្មាស​ប្រជាពលរដ្ឋខ្លួន​ឯង ខ្ញុំ​រត់​ទៅ​ចង​ក​ស្លាប់​បាត់​ហើយ។ មនុស្ស​ដែល​គេ​ប្រព្រឹត្ត​ល្អ​ពិត​ប្រាកដ​ គេ​មិន​ដែល​លើក​ខ្លួន​ឯងថា ខ្លួន​ឯង​ល្អ​នោះ​ទេ មាន​តែ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អាក្រក់​លើសលប់​ហើយ បាន​ជា​ខ្លួន​ឯង​ធ្វើ​ល្អ​បន្តិច​បន្តួច​ លើក​ខ្លួន​ឯង​ឡើងនោះ»

ចំណែក អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា ជារឿង​គួរ​ឱ្យ​អស់​សំណើច​នៅពេល​លោក ហ៊ុន សែន សរសើរ​ខ្លួន​ឯង​ថា ជា​មេដឹកនាំ​ជ្រះថ្លា​ជាងគេ តែ​បែរ​ជា​បន្ត​​ជំរុញ​ឱ្យ​ធនាគារ និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ដែល​មាន​និន្នាការ​មិន​គាំទ្រ​លោក​យ៉ាង​ដូច្នេះ។ លោក​បន្តថា ក្នុងនាម​ជា​​អ្នក​ដឹកនាំ​កំពូល​របស់​ជាតិ លោក ហ៊ុន សែន គួរ​តែ​មាន​ទសពិត​រាជធម៌ និង​ស្តាប់​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ ទោះជាមតិ​នោះ​ចេ​ញមក​ពី​ជ្រុង​គណបក្ស​ប្រឆាំង​ក៏ដោយ«ប្រទេស​មួយ​ ប្រជាជន​ទាំង​មូល គឺ​ស្ថិត​នៅក្រោម​មេដឹកនាំ​តែម្នាក់​។ គាត់​មិន​ត្រូវ​និយាយ​ទៅកាន់​ប្រជា​ជន​ដែល​មិន​គាំទ្រ​ខ្លួនហ្នឹង ​បែប​អាមឹង ឬ​មួយ​ក៏​លើក​ទឹក​ចិត្ត​ឱ្យ​ធនាគារ​រឹប​អូស ​ពួក​ប្រឆាំង​ទាំង​អស់​ហ្នឹង​ បើ​វា​ជំពាក់​ធនាគារ​អ្វី ឱ្យ​រឹប​អូសទាំង​អស់។​ អ៊ីចឹង​យើង​មើល​ទៅ​សម្តី​មេ​ដឹកនាំ​​ហាក់​បីដូច​ជា​គ្រោតគ្រាត ខឹង​សម្បារ​ទៅនឹងប្រជាជន​ខ្លួន​ឯង។ អ៊ីចឹង ចំពោះ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ ក្នុង​នាម​ប្រជន​ជន​កម្ពុជា​មួយ​រូប»

ប្រតិកម្ម​ធ្ងន់ៗ​របស់​ក្រុម​យុវជន​នេះ គឺ​ដោយសារ​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពីថ្ងៃ​ទី១៦ សីហា បាន​ជំរុញ​ជាថ្មីទៀតឱ្យ​ធនាគារ​ និង​មីក្រូ​ហិរញ្ញវត្ថុ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ណា ដែល​លោក​ចោទ​ថា ចង់​ធ្វើ​ពហិការ​មិន​សងបំណុល​ តាម​ការ​អំពាវនាវ​របស់​ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី។ នៅ​ពេល​នោះ លោក ហ៊ុន សែន បាន​អួត​ខ្លួន​លោក​ថា ជា​មេដឹកនាំ​ជ្រះថ្លា​លើស​គេ ក្រោម​ហេតុ​ផល​ថា លោក​បាន​អង្វករ​​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ​ឱ្យ​យោគយល់ និង​រៀបចំ​កម្ចី​ឡើងវិញ សម្រាប់​ពលរដ្ឋ​ដែលកំពុង​​ជួប​ការ​លំបាក​។ ទោះ​ជា​យ៉ាងណា បុរស​ខ្លាំង​រូប​នេះ​និយាយ​ញ័រ​មាត់​ថា បើ​ពលរដ្ឋ​ណា​មើល​មិន​ឃើញ​ពី​ទឹក​ចិត្ត​របស់​លោក​ទេ នោះ​លោក​បើក​សិទ្ធិ​ឱ្យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ រឹបអូស​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​រូប​នោះ ដើម្បី​ឱ្យ​រូប​គេ​ក្លាយ​ជា​ជន​គ្មាន​ផ្ទះ​សម្បែង«ខ្ញុំ​លើក​ទឹក​ចិត្ត​ឱ្យ​រឹប​អូសចំពោះ​ជន​ណា​ក៏ដោយ ដែល​តាម​មេ​ឧទ្ទាម​។ មើល​អាហ្នឹង វា​តាម​ហើយ ដាក់​វា​យក​ទៅ រឹប​អូស​ទៅ ឱ្យ​ហ្អែង​ទៅ​ដេក​កណ្តាល​ភ្លៀង។ គេ​មាន​អធ្យាស្រ័យ​​ល្អ មើល​មិន​ឃើញ បែរ​ជាមក​​ថា​គេលើក​ទឹក​ចិត្ត​ឱ្យ​រឹប​អូស។ លើក​ទឹក​ចិត្ត​ឱ្យ​រឹប​អូស ដោយសារ​​តែ​អ្នក​ឯង​ខូច​ អ៊ីចឹង​អា​ផល​ដែល​អ្នក​ឯង​ខូច ​ទទួល​បាន​មក​វិញ​នូវ​ការ​រឹប​អូសដីធ្លី និង​ផ្ទះ​សម្បែង​។ កុំ​រួច​ហើយ​ មក​ធ្វើ​បាតុកម្ម មើល​មុខ​អា​ចូល​រួម​បាតុកម្ម អាហ្នឹង​មាន​ជំពាក់​ធនាគារ​ឬអត់? បើ​មាន​ជំពាក់​ធនាគារ ធនាគារ​ហ្នឹងគាត់​រឹប​ទៅ ​មីក្រូហ្នឹង​គាត់​រឹប​ទៅ។ វា​មិន​ដែល​ម៉ែអាណា អញ​ប្រឹង​សែង​ហ្អែង​ហើយ បែរ​ជា​ហ្អែង​ស្តោះទឹក​មាត់​ដាក់​លើ​ក្បាល​អញ។ វិធី​តែមួយ​គត់ អញ​ទមា្លក់ហ្អែង​ពីលើស្នែង»

ប្រសាសន៍​របស់​បុរស​ខ្លាំង​រូបនេះ ហាក់​បាន​បំពាន​ក្របខ័ណ្ឌ​ច្បាប់​ជាតិ និង​​អន្តរជាតិ។ តាម​រយៈកតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិសេដ្ឋកិច្ច សង្គម​ និង​វប្បធម៌ដែល​កម្ពុជា​បាន​ទទួល​ស្គាល់​ និង​សន្យា​អនុវត្ត​តាម​នោះ រដ្ឋាភិបាល​កម្ពុជា​មាន​កាតព្វកិច្ច​ការពារ​សិទ្ធិ​រស់​នៅ​សមរម្យ​របស់​ពលរដ្ឋ​គ្រប់​រូប រួម​ទាំង​សិទ្ធិទទួល​បាន​លំនៅឋាន និង​អាហារ​សមរម្យ​ផង​ដែរ។ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ផ្តល់​នូវ​កិច្ច​គាំពារ​ពិសេស​ដល់​អ្នក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​រងគ្រោះ អំឡុង​ពេល​​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បែបនេះ។

ប្រធាន​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) លោក អ៊ុល វ៉ាន់ ថ្លែង​ថា ក្នុង​តួនាទី​ជា​នាយករដ្ឋ​មន្ត្រី លោក ហ៊ុន សែន​ ត្រូវ​តែដោះស្រាយ​ទុក្ខ​កង្វល់ និង​​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋឱ្យ​បាន​ស្មើភាព​គ្នា​ ដោយ​មិន​ប្រកាន់​​និន្នការ​នយោបាយ។ លោក​ថា ការ​ប្រើ​ពាក្យ​សម្តី​ប្រកប​ដោយ​ការ​រើសអើង និង​ហិង្សា​ពី​សំណាក់​ថ្នាក់​ដឹកនាំ​កំពូល​បែប​នេះ នឹង​ធ្វើ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ប្រើ​អំណាច​ជិះជាន់​ គាប​សង្កាត់ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ«ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន យើង​ដឹង​ហើយ​ថា ប្រជាពលរដ្ឋ​គឺ​កំពុង​តែ​មាន​ការ​លំបាក ប្រឈម​នឹង​ការ​រក​លុយ​អត់​បាន។ ជារួម គឺ​រក​លុយ​ រក​ទទួល​ទាន​អ្វី​អត់​បានទេ ដោយសារ​តែ​បញ្ហា​កូវីដ-១៩។ ដូច្នេះ​ប្រសិនបើ​មីក្រូហិរញ្ញវត្ថុ ឬក៏​​ធនាគារ​ឯកជន យក​សារ​ហ្នឹង​យក​ទៅ​គំរាម​ប្រជាពលរដ្ឋ គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ ហើយ​ប្រឈម​ទៅនឹង​ការ​រំលោភ​សិទ្ធិ ជាពិសេស​គឺ​ប៉ះពាល់​ទៅ​ដល់ទ្រព្យ​សម្បត្តិ​របស់​ពួក​គាត់ មាន​​ដីធ្លី ផ្ទះសម្បែង ជាដើម»

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​វាយ​តម្លៃ​ថា របបលោក ហ៊ុន សែន មិន​បាន​ដាក់​ចេញ​វិធានការ​ជាក់​លាក់ និង​គ្រប់គ្រាន់ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​វ័ណ្ឌក​ដោយ​វិបត្តិ​​បំណុល​នោះ​នៅ​ឡើយ​ទេ ក្រៅតែ​ពីការ​អង្វរ​ក​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ឱ្យ​រៀប​ចំ​កម្ចី​ឡើងវិញ។ កង្វះ​យន្តការ​ជាក់លាក់​បែបនេះ ធ្វើ​ឱ្យ​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះដោយ​ជំងឺកូវីដ-១៩ ត្រូវ​ប្រឈម​នឹង​ការ​បាត់​បង់​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ពួកគេ។ ក្រុម​សង្គម​ស៊ីវិល​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​​បញ្ឈប់​ការ​អនុវត្ត​បែប​បង្ខិត​បង្ខំ​ និង​ត្រូវ​គ្រប់​គ្រងការ​ផ្តល់​ប្រាក់​កម្ចីឱ្យ​មាន​ប្រសិទ្ធភាព​ ដើម្បី​ធានាថា ពលរដ្ឋ​មិន​ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ក្នុង​វិបត្តិបំណុល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។