ពលរដ្ឋខ្មែរជាង១ម៉ឺននាក់នៅកូរ៉េ និងជប៉ុនចេញបាតុកម្មប្រឆាំងគម្រោង CLV

ដោយ ច័ន្ទ ដារ៉ូ
2024.08.12
ពលរដ្ឋខ្មែរជាង១ម៉ឺននាក់នៅកូរ៉េ និងជប៉ុនចេញបាតុកម្មប្រឆាំងគម្រោង CLV ក្រុមយុវជនខ្មែរធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង (South Korea) ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍(CLV) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤
រូប៖ RFA

ប្រជាពលរដ្ឋខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន​ជាង​មួយម៉ឺននាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​មហាបាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ដកខ្លួន​ចេញ​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ជាមួយ​វៀតណាម​និង​ឡាវ​។ បាតុកម្ម​នៅ​តាម​បណ្តា​ប្រទេស​ទាំងនេះ​ បន្ទាប់​ពី​ពួកគាត់​ព្រួយបារម្ភ​ថា ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​ (CLV) នឹង​អាច​នាំឲ្យ​កម្ពុជា​បាត់បង់​ធនធាន​ធម្មជាតិ និង​ទឹកដីកម្ពុជា​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ដូច​សម័យ​អតីតកាល។

ពលរដ្ឋខ្មែរ​ជាង​១ម៉ឺននាក់ ភាគច្រើន​ជា​យុវជនធ្វើការ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ​(South Korea) និង​ជប៉ុន(Japan) មក​ពី​តំបន់​ជិត​ឆ្ងាយ​បាន​ប្រមូល​ផ្តុំ​គ្នាធ្វើ​មហាបាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី១១ ខែសីហា។

បាតុកម្ម​របស់​ពលរដ្ឋខ្មែរ​នៅ​ប្រទេស​ទាំងនេះ ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ដាក់​ខេត្ត​ខ្មែរ​ចំនួន៤​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​ (CLVជាមួយ​ប្រទេសវៀតណាម​ (Vietnam) និងឡាវ(Lao)។ ក្រៅពីនេះ​ ក្រុមបាតុករ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ប្រជាធិបតេយ្យ ដោះលែង​សកម្មជន​នយោបាយ យុវជន​បរិស្ថាន និង​សង្គម​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយអយុត្តិធម៌​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ផងដែរ។

ទិដ្ឋភាព​នៃ​មហាបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ប្រព្រឹត្ត​ទៅ​យ៉ាងផុសផុល ដោយ​មនុស្សម្នា​បាន​ធ្វើ​ដំណើរ​ពី​​តំបន់ និង​ទីក្រុង​នីមួយៗ ស្លៀកពាក់​ចម្រុះ​ពណ៌​នាំគ្នា​សម្តែងមតិ និង​លើក​បដា​អម​ដោយ​សំឡេង​ស្គរ ស្រែក​ព្រមៗ​គ្នាលាន់ឮ​ពេញ​ទីលាន​បាតុកម្ម នៅក្នុង​ទីក្រុង​សេអ៊ូល​(Seoul)

សម្រែកក្រុមបាតុករ៖ « យើង​មក​នេះ​ដើម្បី​បង្ហាញ​ឱ្យ​របប​ទីក្រុងភ្នំពេញ​ឃើញ​ថា​​យុវជន​​នៅកូរ៉េ​មិន​គាំទ្រ​គម្រោង CLV ជា​ដាច់ខាត ដកថយ ដកថយ»

កញ្ញា ឆូ ដាវីន ស្ថិត​ក្នុង​ចំណោម​បាតុករ​ជាង​ម៉ឺននាក់​ដែល​ចូលរួម​មហា​បាតុកម្ម​នៅពេលនេះ​ ប្រាប់​វិទ្យុអាស៊ីសេរី​ថា​កញ្ញា​និង​ពលរដ្ឋខ្មែរ​រស់​នៅ​ប្រទេសកូរ៉េ​ផ្សេងទៀត​ធ្វើដំណើរ​តា​មឡានក្រុង​រយៈពេល​៤ម៉ោង​ដើម្បី​ចូលរួម​មហាបាតុកម្ម​​សម្តែងមតិ​ក្នុង​ក្រុងសេអ៊ូល ពីព្រោះ​កញ្ញា​ឈឺចាប់​នឹង​រដ្ឋាភិបាល​កម្ពុជា​ធ្វើបាបពលរដ្ឋខ្មែរ​នៅ​ក្នុង​ប្រទេស​ឱ្យ​រង​ទុក្ខវេទនា​ឥតឈប់ឈរ ជាពិសេស​ក្តី​បារម្ភ​ខ្លាច​បាត់បង់​ទឹកដី​ដោយសារ​គម្រោង​អភិវឌ្ឍ​ន៍ត្រីកោណ CLV របស់​រដ្ឋាភិបាល។

កញ្ញា ឆូ ដាវីនោះ « អ្នកណា​ក៏​ដោយ​ឱ្យតែ​ប្រឆាំង​នឹង​គំនិត​របស់​គាត់ ​​(លោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត)គឺ​​គាត់​​ចាត់ទុក​ថា​ក្បត់ជាតិ អ៊ីចឹង​ហើយ បងប្អូន​យើង​មិន​សុខចិត្ត​ទេ ពីព្រោះ​ទឹកដី​ខ្មែរ​ទាំងអស់​នេះ​មិនមែន​ជា​កម្មសិទ្ធិ​រដ្ឋាភិបាល ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន តែមួយ​ក្តាប់​នោះ​ទេ គឺ​ជា​ទឹកដី​របស់​បងប្អូន​ទាំងអស់​គ្នា អ៊ីចឹង​ហើយ​បងប្អូន​ដែល​ចូលរួម​នេះ​មិន​សុខចិត្ត​ជា​ដាច់ខាត»

តំណាង​គណៈកម្មាការរៀបចំ​បាតុកម្ម​នៅ​ប្រទេសកូរ៉េ​ខាងត្បូង​លោក មាស វិសាល ប្រាប់​ថា​បាតុកម្មនេះ​មាន​សន្ទុះខ្លាំង​ជាង​លើក​ណាៗ​ទាំងអស់។ លោក​បន្តថា​អ្នកចូលរួម​បាតុកម្ម​មាន​ស្មារតី​សាមគ្គីភាព ជាតិ​និយម​ខ្ពស់ ដោយ​មិន​ខ្លាច​ការគំរាម​របស់​មេដឹកនាំ​ក្រុង​ភ្នំពេញ​នោះ​ទេ។ ម្យ៉ាងទៀត​ពលរដ្ឋខ្មែរ​នៅទី​នោះ បើទោះបី​រស់​នៅ​ក្រៅ​ប្រទេស​សុខស្រួល​យ៉ាងណា​ក្តី ក៏​ពួកគាត់​មិន​ភ្លេច​មាតុភូមិកំណើត​ឡើយ។

លោក មាស វិសាល៖ « ប្រជាពលរដ្ឋខ្មែរ​នៅ​ប្រទេស​កូរ៉េ​មាន​តែ​ប៉ុន្មាន​ម៉ឺន​នាក់ តែយើង​ឃើញ​ថា​ ពួកគាត់​មិន​ងាយ​សុំ​ច្បាប់​គេ​ (ថៅកែ)មក​ចូលរួម​បាតុកម្ម ឈប់មួយ​ថ្ងៃៗ​មិន​ងាយ​ទេ ការលះបង់ ការបង្ហាញ​ចំនួន​អ្នក​ចូលរួម​នៅ​ថ្ងៃនេះ​គឺ​ជា​ការដាក់​សម្ពាធ និង​បង្ហាញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ទទួល​ស្គាល់​ថា​ប្រជាពលរដ្ឋ​មិន​គាំទ្រការសម្រេច​នោះ អ៊ីចឹង​សូម​ស្តាប់​ប្រជាពលរដ្ឋ បើ​មិន​ចង់​ឱ្យ​ពលរដ្ឋ​ងើប​ប្រឆាំងដូច​ប្រទេស​ដទៃ »

ចំណែក​ប្រជាពលរដ្ឋខ្មែរ​នៅ​ប្រទេសប៉ុន​រាប់រយ​នាក់​​នៅ​ថ្ងៃ​ទី១១ ខែសីហា​ក៏បាន​ចេញ​ធ្វើបាតុកម្ម​នៅ​កណ្តាល​ទីក្រុងតូក្យូ​ (Tokyo) ដើម្បី​ប្រឆាំង​នឹង​គម្រោងតំបន់ត្រីកោណ​CLV នេះ​ដែរ។ ក្រុម​បាតុករ​បាន​ជួបជុំ​សម្តែងមតិ និង​ដើរ​ដង្ហែក្បួន​បាតុកម្ម ចេញ​ពី​សួនច្បារ​ស៊ីន​យូហ្គឹ ជូអូ​(Shinjuku Chuoឆ្ពោះ​ទៅ​សាលាក្រុង​ស៊ីនយូហ្គឹ (Shinjuku City Hall)

តំណាង​បាតុករ​នៅ​ប្រទេស​ជប៉ុន​លោកស្រី មាស ភារ៉ា ប្រាប់​វិទ្យុអាស៊ីសេរី​ថា​បាតុកម្ម​រៀបចំ​ឡើង​ព្រមៗ​គ្នា​នេះ​បញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា​​ ពលរដខ្មែរ ខ្វល់ខ្វាយ​​ពី​ជោគវាសនា​របស់​ប្រទេសជាតិ ដោយ​ភ័យខ្លាច​ជាប់​ផុង​ខ្លួន​ដូច​ទឹកដី​កម្ពុជាក្រោម​កាល​ពី​សម័យ​អតីតកាល។ លោកស្រី​មើលឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា​បកស្រាយ​ពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កន្លងមក ​មិន​មាន​សុច្ចរិតភាព និង​គ្មាន​តម្លាភាព​ដែល​មិន​អាច​ធ្វើឱ្យ​ពលរដ្ឋខ្មែរ​ជឿជាក់​រឿង​ទឹកដី​ជាមួយប្រទេស​វៀតណាម​បាន​ឡើយ។

លោកស្រី មាស ភារ៉ា៖ «យើង​មិន​ចូលរួម​ការដាក់​គម្រោង​នោះ​ចូលរួម​អភិវឌ្ឍន៍ គាត់ចេញ​មក​គំរាម​ថា​ អ្នក​និយាយ​ពាក់ព័ន្ធ​រឿង​ហ្នឹង​ចាប់​ដាក់​គុក ខ្ញុំ​ថា​របប​គាត់​ជិតអស់​ថ្ងៃ​បញ្ចាប់​ហើយ គាត់​អត់​ចេញ​ធ្វើអ្វី​ក្រៅ​ពី​គំរាម​ចា៎ មេដឹកនាំ​ល្អ​គេ​ត្រូវ​ដោះស្រាយ គេ​អត់​មាន​យក​ការគំរាម បំភ័យ​ពលរដ្ឋ​ទេ»

គណៈកម្មការរៀបចំ​បាតុកម្ម​នឹង​យក​ញត្តិ​ដែល​ជាសំណើ និង​ក្តី​កង្វល់​របស់​បាតុករ ទៅ​ដាក់​នៅ​ស្ថានទូត​កម្ពុជា និង​បណ្តា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារីស​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន​ឆាប់ៗ​នេះ។

រដ្ឋាភិបាល​ប្រទេសកម្ពុជា វៀតណាម និង ឡាវ បាន​ព្រមព្រៀង​គ្នា​បង្កើត​តំបន់ ត្រីកោណ​អភិវឌ្ឍន៍(CLV) កាល​ពី​ឆ្នាំ ១៩៩៩។ គម្រោង​នេះ មាន​ខេត្ត​ចំនួន ១៣ ជា​ចំណុះ ដោយ​ប្រទេសកម្ពុជា​មាន​៤ខេត្ត​នៅ​ភាគឦសាន ដែល​មាន​ពលរដ្ឋ សរុប​តែ​ជាង ៥០ម៉ឺននាក់។ ប្រទេស​ឡាវ​មាន​៤ខេត្ត  ដែល​មាន​ប្រជាជន​សរុបជាង​៧០ម៉ឺននាក់។ រីឯ​ប្រទេសវៀតណាម​មាន​៥ខេត្ត ដែល​មាន​ប្រជាជន រហូតដល់​ជាង ៧លាននាក់។

លោក ហ៊ុន សែន តែងតែ​ព្រមាន​ពី​ការប្រើប្រាស់​គុកច្រវ៉ាក់​ចំពោះ​ពលរដ្ឋ​ដែលហ៊ាន​បញ្ចេញមតិ​រឿង​ទឹកដី​នេះ ប៉ុន្តែ​ពលរដ្ឋខ្មែរ​នៅតែ​មិន​ចុះញ៉ម​ចំពោះ​ការគំរាម​នេះ​ឡើយ។

វិទ្យុអាស៊ីសេរី មិន​អាច​សុំ​ការឆ្លើយតប​ពី​ប្រធានអង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅ​ថ្ងៃ​ទី១១ ខែសីហា។ ប៉ុន្តែ​លោកប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដោយ​ចោទ​ថា​បាតុកម្ម​របស់​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​រៀបចំ​ដោយ​ក្រុមប្រឆាំង​រដ្ឋាភិបាល។

ទោះជាយ៉ាងណា ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើលកម្ពុជា​លោក ម៉ែន ណាត គាំទ្រពលរដ្ឋខ្មែរ​ធ្វើ​បាតុកម្ម ពីព្រោះ​បញ្ហាទឹកដី​ជា​បញ្ហា​របស់​ខ្មែរ​ទាំងអស់​ត្រូវ​ឈឺឆ្អាល និង​ចូលរួម​ឱ្យ​បាន​ច្រើន។ លោក​សង្កេតឃើញ​ថា​បាតុកម្ម​របស់​ពលរដ្ឋ​នៅ​តាម​បណ្តា​ប្រទេស​ដូចជា​នៅប្រទេស​កូរ៉េខាងត្បូង ជប៉ុន និង​អូស្រ្តាលី​ជាដើម បង្ហាញឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា​ពលរដ្ឋខ្មែរ​លែង​ខ្លាច​សារគំរាម​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ទៀត​ហើយ។

លោក ម៉ែន ណាត«រឿង​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ ជា​រឿង​របស់​ជាតិ​ដែល​ពលរដ្ឋខ្មែរភ័យ​បារម្ភថា​ថ្ងៃក្រោយ​ទៅ​យើង​បាត់​គ្រប់គ្រង​ទឹកដី​ជាតិ​យើង ម៉្លេះ​ហើយ ​គាត់​មាន​មនសិការ​ដោយ​ខ្លួនឯង ចេញ​មក​តវ៉ា​ដោយ​ទឹកចិត្ត​ខ្លួនឯង គាត់​ភ័យ​បារម្ភ​ពី​ជាតិ​លិចលង់ ពីព្រោះ​ប្រវត្តិសាស្រ្ត​ខ្មែរ​មាន​រឿង​ច្រើន​ហើយ​ពាក់ព័ន្ធ​មហិច្ឆតា​របស់​វៀតណាម »

ប្រជាពលរដ្ឋខ្មែរ​ស្ទើរ​គ្រប់​និន្នាការ​នយោបាយ​ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេសបាន​រួមកម្លាំង​សាមគ្គី​គ្នា​ចេញ​សម្តែងមតិ និង​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ងាកមក​ស្តាប់មតិ​របស់​ប្រជាពលរដ្ឋ ដោយ​បញ្ឈប់​ដាក់ខេត្តខ្មែរ​ចំនួន៤​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស(CLV)។ ក្រុមបាតុករ​ព្រមាន​ថា​ពួកគាត់​នឹង​បន្ត​ចេញ​ធ្វើបាតុកម្ម​កាន់តែ​ធំ​ថែមទៀត បើសិន​រដ្ឋាភិបាល​មិន​ព្រមដក​ខ្លួន​ចេញ​គម្រោង​នេះ​នោះទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។