សង្គម​ស៊ីវិល និង​ក្រុម​យុវជន ប្រតិកម្ម​ការ​លើក​ឡើង​របស់​លោក សុខ ឥសាន ដែល​ថា អ្នក​បារម្ភ​ខ្លាច​បាត់ EBA គឺ​បំផ្លាញ​សន្តិភាព

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន ប្រតិកម្ម​ចំពោះ​ការ​លើកឡើង​របស់​លោក​ សុខ​ ឥសាន ដែល​ថា​ អ្នក​បារម្ភ​ខ្លាច​បាត់ EBA (ប្រព័ន្ធ​អនុគ្រោះ​ពន្ធ) គឺ​ចង់​បំផ្លាញ​សន្តិភាព និង​បំភិតបំភ័យ​សង្គម។ ពួក​គេ​អះអាង​ថា​ ការ​លើក​ឡើង​របស់​ លោក​ សុខ​ ឥសាន​ បែបនេះ​ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់​តែ​ក្តៅ​ក្រហាយ​បន្ថែម​ទៀត​ លើ​រដ្ឋាភិបាល​នោះ​ទេ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ វន់​ ពៅ​ ថ្លែង​នៅ​ថ្ងៃ​ទី២៧ ខែ​ធ្នូ​ថា អ្នក​ដែល​ព្រួយបារម្ភ​ខ្លាច​បាត់ EBA គឺ​ជា​មនុស្ស​ដែល​គិត​ពី​ផលប្រយោជន៍​ជាតិ​ និង​ការងារ​របស់​កម្មករ កម្មការិនី និង​ពលរដ្ឋ​រាប់​លាន​នាក់។

លោក វន់ ពៅ ថ្លែង​ថា ការ​បារម្ភ​បែប​នេះ ពុំ​មែន​ចង់​បំផ្លាញ​សន្តិភាព និង​បំភិតបំភ័យ​សង្គម​ ដូច​ការ​លើកឡើង​របស់​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​នោះ​ទេ។ លោក​អស់​សំណើច​នៅ​គ្រា​ដែល​ឮ​លោក សុខ ឥសាន ថ្លែង​បែប​នេះ ហើយ​ចាត់​ទុក​ថា ជា​ការ​ផ្ទុយ​ពី​ភាព​ពិត និង​ផ្ទុយ​ពី​ឆន្ទៈ​របស់​រាស្ត្រ​ទាំង​មូល ដែល​ចង់​រក្សា EBA ឱ្យ​គង់វង្ស៖ «ការ​លើក​ឡើង​នេះ គឺ​ជា​រឿង​ផ្ទុយ​វិញ​ហើយ ពី​ព្រោះ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​គេ​ព្រួយ​បារម្ភ​ពី​បញ្ហា​ហ្នឹង​មាន​ន័យ​ថា ប្រទេស​ជា​ប្រទេស​របស់​យើង​ទាំង​អស់​គ្នា មិន​មែន​ជា​ប្រទេស​របស់​នរណា​ម្នាក់​ទេ។ អ៊ីចឹង​ក្នុង​នាម​យើង​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​ហ្នឹង យើង​ព្រួយ​បារម្ភ ការ​បាត់​សេដ្ឋកិច្ច​ជាតិ ជា​ពិសេស សេដ្ឋកិច្ច​របស់​កម្មករ​ហ្នឹង​ឯង។ ការ​លើក​ឡើង​ជា​ទស្សនៈ​របស់​គាត់ តែ​ការ​ពិត​គឺ យើង​លើក​ឡើង​យើង​ចង់​បាន​សន្តិភាព យើង​ចង់​ជួយ​ប្រទេស​របស់​យើង មិន​ចង់​បាត់​សេដ្ឋកិច្ច​ជាតិ និង​កម្មករ »

ឆ្លើយ​តប​រឿង​នេះ​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៧ ធ្នូ​ថា អ្នក​ដែល​បារម្ភ​ខ្លាច​បាត់ EBA មិន​ត្រឹមតែ​ចង់​បំផ្លាញ​សន្តិភាព​ទេ គឺ​ចង់​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទៀត​ផង ពីព្រោះ​ពួក​គេ​បាន​ញុះញង់​ ឱ្យ​ក្រុម​កម្មករ​ និង​ពលរដ្ឋ​ចង​កំហឹង​មក​លើ​រដ្ឋាភិបាល៖ «ពី​ព្រោះ​គាត់​គាត់ ញុះញង់​ឱ្យ​កម្មករ​និយោជិក ក៏​ដូច​ជា​ក្រុម​គ្រួសារ​ពាក់ព័ន្ធ​ហ្នឹង ចង​កំហឹង​ជា​មួយ​រដ្ឋាភិបាល ។ ចង​កំហឹង​ជា​មួយ​រដ្ឋាភិបាល រហូត​គាត់​ឈាន​ទៅ​បំផុស​ឱ្យ​ពលរដ្ឋ កម្មករ និង​កងទ័ព បែរ​កាណុង​មក​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល អា​ហ្នឹង​ហើយ​បំផ្លាញ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេចក្តី​សុខ​ក្សេមក្សាន្ត និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន »

ចំណែក​សមាជិក​ក្រុម​ការងារ ១០០រាត្រី និង​ជា​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ស៊ុន បាន យល់​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សប្រជាជន​បែប​នេះ​ គឺ​ជា​លេស​ឆ្លើយ​ដោះ​សា គេច​ពី​ការ​ទទួល​ខុស​ត្រូវ។ លោក​ថា EBA បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សង្គមជាតិ​ និង​ការងារ​របស់​កម្មករ។ ក៏​ប៉ុន្តែ បើ​បាត់​បង់​មែន​នោះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​យ៉ាង​សំខាន់​របស់​រដ្ឋាភិបាល​ និង​គណបក្ស​ប្រជាជន​កម្ពុជា៖ «ការ​បំផ្លាញ​សន្តិភាព មិន​ឋិត​លើ EBA ទេ គឺ​ពួក​ខ្ញុំ​បារម្ភ ការ​បាត់​បង់ EBA ខ្លាំង​ណាស់ ដោយ​សារ​តែ​ការ បាត់ EBA ជា​ផល​អវិជ្ជមាន​មួយ​សម្រាប់​ប្រទេស​យើង។ សេដ្ឋកិច្ច​របស់​ប្រទេស​យើង​មិន​ទាន់​ងើប​រើ និង​មាន​ការ​អភិវឌ្ឍ​ដូច​ប្រទេស​នៅ​អាស៊ី​ផង​ដែរ »

EBA គឺ​ជា​ប្រព័ន្ធ​អនុគ្រោះ​របស់​សហភាព​អឺរ៉ុប ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ២០០១។ ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទាំង​អស់ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ទៅ​សហភាព​អឺរ៉ុប ​ដោយ​មិន​បាច់​បង់​ពន្ធ តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ឬ EBA។ ប្រព័ន្ធ EBA ធ្វើ​ឱ្យ​កម្ពុជា​ទទួល​ប្រយោជន៍​យ៉ាង​ហោច​ណាស់ ៧០០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ EBA បាន​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្ម ផលិតផល​សំលៀកបំពាក់ និង​ផលិតផល​ចំនួន​ទៀត។ នៅ​រយៈ​ថ្មីៗ ចុង ក្រោយ​នេះ សហភាព​អឺរ៉ុប​ព្រមាន​ថា នឹង​ដក​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា ប្រសិន​បើ​កម្ពុជា​មិន​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ ការ​គោរព​សិទ្ធិមនុស្ស និង​បរិយាកាស​នយោបាយ​ប្រសើរ​ឡើង​វិញ​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។