អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតប្រធានសហភាពសហជីពកម្ពុជា ផង បានសន្យាថា លោកនឹងបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនសម្រាប់ជម្រកដែលលោកធ្លាប់រស់នៅអស់ពេលជាច្រើនណាស់មកហើយ។ ថវិកាដែលលោក រ៉ុង ឈុន សន្យាថា នឹងផ្ដល់នេះ គឺជាលុយដែលលោកទទួលបានពីប្រាក់ប្រចាំខែនៃស្ថាប័ន គ.ជ.ប។
សមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោតថ្មី (គ.ជ.ប) ដែលមកពីកូតាគណបក្សសង្គ្រោះជាតិ បានប្រកាសថា ខ្លួននឹងបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនមួយភាគបីនៃប្រាក់ខែដែលទទួលបានពី គ.ជ.ប ដើម្បីទ្រទ្រង់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហភាពសហជីពកម្ពុជា ឲ្យដំណើរការ។
លោក រ៉ុង ឈុន ដែលនៅពេលនេះ គឺជាសមាជិកគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតថ្មីឲ្យដឹងកាលថ្ងៃទី២០ មេសា ថា មូលហេតុដែលរូបលោកសម្រេចចិត្តលះបង់ថវិកាផ្ទាល់ខ្លួន នេះ ព្រោះយល់ឃើញថា លោកធ្លាប់កម្សត់កម្រអស់ពេលជាច្រើនឆ្នាំណាស់មកហើយជាមួយជម្រកចាស់មួយនេះ ហើយដល់ពេលនេះល្មមលោកអាចចែករំលែកចំពោះអ្វីដែលលោកមានម្ដងវិញហើយដែរ។
ធ្លាប់ជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតប្រធានសហភាពសហជីពកម្ពុជាផង ថ្លែងបន្តថា លុយដែលលោកនឹងផ្ដល់វិភាគទាននេះ ប្រមាណ ១ ភាគ ៣ នៃប្រាក់ខែដែលលោកទទួលបានពីស្ថាប័នដែលលោកកំពុងបម្រើការនេះ។
លោក រ៉ុង ឈុន៖ «ថវិកានេះ ជាថវិកាខ្ញុំទទួលមកជាកម្មសិទ្ធិរបស់ខ្ញុំ។ អ៊ីចឹងខ្ញុំអាចចែករំលែក ឬមួយខ្ញុំថា ខ្ញុំជាលក្ខណៈមនុស្សធម៌ ដើម្បីខ្ញុំជួយស្ថាប័នមួយដែលមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទ្រទ្រង់សកម្មភាពរបស់ខ្លួន។ ខ្ញុំចង់ឲ្យស្ថាប័ននោះមានដំណើរការទៅមុខទៀត ក្នុងការការពារគ្រូបង្រៀន ការពារដល់ផលប្រយោជន៍កម្មករ»។
បើដូចអ្វីដែលលោក រ៉ុង ឈុន លើកឡើង គឺថវិកាដែលផ្ដល់ ១ ភាគ ៣ នោះអាចស្មើប្រមាណជាង ១.៦លានរៀល ដែលប្រាក់ខែគោលនៃសមាជិក គ.ជ.ប ចាស់ធ្លាប់ទទួលបានប្រមាណ ៥លានរៀលក្នុងមួយខែ។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា នេះជាទម្លាប់ល្អនៅក្នុងសង្គម ហើយក៏ជាសប្បុរសធម៌មួយផ្នែកទៀតសម្រាប់ទ្រទ្រង់សកម្មភាពដល់អ្នកដទៃឲ្យរស់ដូចគ្នា។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ (Licadho) ចាត់ទុកថា ការលះបង់របស់លោក រ៉ុង ឈុន នៅពេលនេះ គឺជាគំរូមួយដ៏ល្អ ដែលអ្នកមានលទ្ធភាពផ្សេងទៀតគប្បីមានសមានចិត្តដូចនេះ។
លោក អំ សំអាត បន្តថា៖ «ខ្ញុំគិតថា នេះវាជាគំរូ ឬក៏វីរភាពដ៏ល្អ ពីព្រោះការចែករំលែក ការចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក នេះជាវប្បធម៌ និងប្រពៃណីរបស់ខ្មែរ។ ការជួយរំលែកទាំងទុក្ខ ការជួយរំលែកទាំងការមានសម្រាប់ការរស់រាន និងដំណើរការនៃការងាររបស់ខ្លួនគ្រប់ៗគ្នា។ នេះជាវប្បធម៌មួយដ៏ល្អ។ វាបញ្ច្រាសអំពីបញ្ហាសង្គមបច្ចុប្បន្ន អ្នកដែលមានកប់ពពក អ្នកដែលក្រីក្រមែនទែន។ យើងមើលទៅឃើញគម្លាតមេឃនិងដី»។
បើទោះជាបែបណា សម្រាប់ប្រទេសកម្ពុជា បច្ចុប្បន្ននេះ អ្នកដែលមានទ្រព្យសម្បត្តិជាឧកញ៉ា មន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញជាដើម មានច្រើនណាស់ដែរ ក៏ប៉ុន្តែកម្រឃើញមានការបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួននៃចំណែកណាមួយដើម្បីជួយអង្គការសហជីព ឬអង្គការមិនមែនរដ្ឋាភិបាលណាស់។ លើសពីនេះទៀត ក្រៅពីពុំបានផ្ដល់អ្វីសម្រាប់មនុស្សធម៌ហើយ ប៉ុន្តែថែមទាំងប្រើប្រាស់អំណាចរំលោភសិទ្ធិរស់នៅប្រឆាំងពលរដ្ឋ ឈូសឆាយដី និងលំនៅឋានថែមទៀតផង។
អ្នកមានខ្លះអាចមានលទ្ធភាពប្រើប្រាស់រថយន្ត រហូតដល់តម្លៃរាប់សែនដុល្លារ និងរស់នៅក្នុងវិឡាដ៏ស្កឹមស្កៃ ហើយអាចសល់ដីរាប់ឡូត៍ថែមទៀតក៏មាន។ ទន្ទឹមនឹងនេះ មានពលរដ្ឋរាប់ម៉ឺនគ្រួសារកំពុងរស់នៅដោយលំបាក ខ្វះមុខខ្វះក្រោយ និងមានពេលខ្លះ ស្ទើររកអង្ករច្រកឆ្នាំងពុំបានផង។ បើទោះជាបែបណា មានការផ្ដល់វិភាគទានខ្លះដែរ ក៏ប៉ុន្តែបើជ្រុលថា បរិច្ចាគវិញ គឺធ្វើតាមរយៈខ្សែបក្ស ធ្វើដើម្បីមុខមាត់ ឬសម្រាប់មុខតំណែង និងតួនាទីអ្វីមួយទៅវិញ។
លោក រ៉ុង ឈុន ដែលធ្លាប់ត្រូវបានរងការគំរាមប្រមាថអាយុជីវិត និងជីវិតរស់ក្នុងពន្ធនាគារ ជាពិសេស មានសំណុំរឿងជាច្រើនជាប់បណ្ដឹងនៅតុលាការខ្លះផង សន្យាថា លោកនឹងនៅតែបន្តផ្ដល់ថវិកាដែលរកបានពីការងារថ្មីនេះទ្រទ្រង់សកម្មភាពដើម្បីឲ្យសមាគម និងសហភាពសហជីពកម្ពុជា អាចដំណើរការបានទៅមុខ ដរាបណាអង្គភាពទាំងពីរនេះ អាចមានលទ្ធភាពរស់ដោយខ្លួនឯងបាន។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា និងជាប្រធានស្ដីទីនៃសហភាពសហជីពកម្ពុជា ដែលទទួលបន្ទុកបន្តពីលោក រ៉ុង ឈុន ថ្លែងថា ការងារថ្មីមួយទៀតនេះ វាពិតជាអម្រែកដ៏ធ្ងន់បន្ថែមទៀតសម្រាប់អ្នកស្រី ក៏ប៉ុន្តែ ដើម្បីអាចឲ្យការងារថ្មីនេះដំណើរការទៅបាន អ្នកស្រីត្រូវអត់ធ្មត់៖ «នេះជាបន្ទុកមួយហើយ ប៉ុន្តែគ្រាន់តែយើងមិនដឹងថាធ្វើម៉េចទេ ក្នុងនាមយើងជាអ្នកធ្វើការជួយសង្គម។ យើងត្រូវតែធ្វើការតស៊ូមតិតទៅទៀត ក្នុងការជួយកម្មករ ក៏ដូចជាជួយលោកគ្រូ អ្នកគ្រូដែលជាសមាជិករបស់សហភាព»។
សព្វថ្ងៃនេះ ទាំងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងសហភាពសហជីពកម្ពុជា មានសមាជិកប្រមាណជាង ៣ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា។ លោក រ៉ុង ឈុន ថ្លែងថា សម្រាប់ស្ថាប័នទាំងពីរនេះ គឺពិតជាមានគម្រោងថវិកាដ៏តិចតួចស្ដួចស្ដើងណាស់ដើម្បីទ្រទ្រង់ឲ្យមានសកម្មភាពប្រចាំថ្ងៃនោះ។ ដោយឡែក ចំពោះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យមួយ ម្ចាស់ជំនួយបានបញ្ចប់គម្រោងរបស់ខ្លួនរួចទៅហើយ ចាប់ពីតាំងពីខែកុម្ភៈ មកម្ល៉េះ ដែលទទួលបានមូលនិធិពីអង្គការ Action aid។ ក្រៅពីនេះ សហភាពសហជីពកម្ពុជា វិញ ក៏នឹងត្រូវបញ្ចប់គម្រោងថវិការបស់ខ្លួនដែរ ដែលទទួលបានមូលនិធិពី Unison របស់ចក្រភពអង់គ្លេស។ គម្រោងថវិកានេះ នឹងបញ្ចប់នៅខែតុលា ខាងមុខនេះហើយ។
បន្ទាប់ពីគម្រោងថវិកាដែលនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះទៀត លោក រ៉ុង ឈុន និយាយថា ដើម្បីអាចដំណើរការទៅបាន គឺមានតែថវិកាបដិភាគពីសមាជិកដែលក្នុងម្នាក់ៗអាចបង់ ១ពាន់រៀលជារៀងរាល់ខែប៉ុណ្ណោះ។
ចំណែកអ្នកស្រី អ៊ុក ឆាយាវី ពីមុនគឺជាអនុប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលនៅពេលនេះ អ្នកស្រីជាប្រធានស្ដីទីនៃសមាគមនេះ យល់ឃើញថា តួនាទីថ្មីនេះ គឺពិតជាបន្ទុកសម្រាប់អ្នកស្រីសម្បើមណាស់។
អ្នកស្រី អ៊ុក ឆាយាវី ថ្លែងបន្តថា អ្នកស្រីនឹងត្រូវប្រឈមមុខជាច្រើនសំណុំរឿងបន្តពីលោក រ៉ុង ឈុន ដើម្បីដោះស្រាយវិវាទដែលលោកគ្រូ អ្នកគ្រូ ត្រូវជួបបញ្ហា ជាពិសេសវិវាទពាក់ព័ន្ធនឹងការបង្កកប្រាក់បៀវត្សនៅថ្នាក់មូលដ្ឋាន៖ «តាមពិតទៅការដោះស្រាយចំពោះបញ្ហាគ្រូបង្រៀនកន្លងមក គឺការរំលោភសិទ្ធិរបស់គាត់។ ការបង្កកប្រាក់បៀវត្ស ការពង្រាយគាត់ទៅតំបន់ដាច់ស្រយាលដែលឆ្ងាយពីផ្ទះគាត់រស់នៅសព្វថ្ងៃ»។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ យល់ឃើញថា ប្រសិនបើប្រទេសកម្ពុជា មានមនុស្សជាច្រើន ចេះចែករំលែកនូវអ្វីដែលខ្លួនមានដល់សង្គមជាតិ នឹងជំរុញឲ្យប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ អាចវិវត្តទៅបានលឿន ដូចបណ្ដាប្រទេសអភិវឌ្ឍន៍មួយចំនួនដែរ។
ដោយឡែក លោក រ៉ុង ឈុន បន្តអំពាវនាវដល់សមាជិកនៃសមាគម និងសហជីពទាំងអស់ជួយផ្ដល់ថវិកាក្នុងចំណែកណាមួយដែលខ្លួនមាន ដើម្បីទ្រទ្រង់ឲ្យស្ថាប័នទាំងពីរនេះ អាចបន្តសកម្មភាពទៅមុខបាន។ ក្រៅពីនេះ លោកអះអាងថា ប្រសិនបើសមាគម និងសហភាពសហជីពកម្ពុជា ទាំងនេះនៅតែពុំមានថវិកាគម្រោងគ្រប់គ្រាន់ទេ លោកនឹងនៅតែបន្តផ្ដល់វិភាគទានរហូតកិច្ចការនៅ គ.ជ.ប ដែលលោកកំពុងបម្រើការត្រូវបញ្ចប់៕