លោក សម សារី ដែលជាឪពុករបស់លោក សម រង្ស៊ី ធ្លាប់ធ្វើជាឧបនាយករដ្ឋមន្រ្តី និងជាឯកអគ្គរាជទូតខ្មែរប្រចាំនៅចក្រភពអង់គ្លេស។ លោកធ្លាប់ជាមនុស្សជំនិតរបស់សម្តេចព្រះ នរោត្តម សីហនុ។
ទស្សនាវដ្ដី ថាមស៍ (Times) ចុះផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៨ បានសរសេរថា លោក សម សារី មានស្នាដៃក្នុងការដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងសន្និសីទក្រុងហ្សឺណែវ នៅឆ្នាំ១៩៥៤ ដើម្បីបញ្ចប់សង្គ្រាមនៅឥណ្ឌូចិន។ គាត់បានក្លាយជាវីរបុរសរបស់ជាតិនៅពេលនោះ ដោយលោកបានបញ្ចៀសមិនអោយកម្ពុជា ពុះចែកជាពីរ ដូចជាករណីប្រទេសវៀតណាម ត្រូវបែងចែកជាវៀតណាម ខាងជើង និងវៀតណាមខាងត្បូងជាដើម។ ដោយគុណបំណាច់ចំពោះជាតិនេះ សម្ដេចព្រះ នរោត្តម សីហនុ ដែលទ្រង់ដាក់រាជ្យ ហើយយាងមកដឹកនាំរាជរដ្ឋាភិបាលក្នុងព្រះរាជតំណាងជានាយករដ្ឋមន្ត្រីនោះ ទ្រង់បានតែងតាំងលោក សម សារី ជាឧបនាយករដ្ឋមន្ត្រី។
ទស្សនាវដ្ដីសរសេរបន្តទៀតថា ជីវិតនយោបាយលោក សម សារី ក៏ត្រូវធ្លាក់ចុះវិញស្រឺតៗ ជាបន្តបន្ទាប់ដោយការចោទប្រកាន់មួលបង្កាច់នានា ពីសំណាក់គូប្រជែងនយោបាយរបស់លោកដែលទស្សនាវដ្ដី ថាមស៍ សរសេរថា គឺលោក សឹម វ៉ា។
ការធ្លាក់ចុះចុងក្រោយរបស់លោក សម សារី គឺនៅពេលដែលលោកមានទំនាស់ជាមួយស្រ្តីខ្មែរម្នាក់ឈ្មោះ អ៊ីវ អេងសេង ដែលគេចោទថា ជាប្រពន្ធចុងរបស់លោក សម សារី រហូតដល់មានអំពើហិង្សាផង។ ពេលនោះ លោក សម សារី កំពុងបំពេញមុខងារជាឯកអគ្គរាជទូតកម្ពុជា នៅប្រទេសអង់គ្លេស។ បន្ទាប់ពីនោះ លោក សម សារី ក៏ត្រូវគេសរសេរថា បានមានការអាក់អន់ចិត្តជាមួយនឹងសម្ដេចព្រះ នរោត្តម សីហនុ រួច បន្ទាប់មកក៏បាត់ខ្លួនដោយអាថ៌កំបាំងតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
