សាលារៀន «ភូមិ​កុមារ​សេអាមេត្រី»

សាលារៀន «ភូមិ​កុមារ​សេអាមេត្រី» ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ក្រុង​ភ្នំពេញ គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​បង្កើត​ឡើង​ដំបូង​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០០៣ ដោយ​ស្ត្រី​ខ្មែរ​រស់​នៅ​ប្រទេស​បារាំង គឺ​លោកស្រី យូ មួយ បណ្ឌិត​ផ្នែក​អក្សរ​សាស្ត្រ។

0:00 / 0:00

គោលបំណង​សំខាន់​នៃ​សាលារៀន​មួយ​នេះ គឺ​ជួយ​បង្ហាត់​បង្រៀន​កុមារ​តូចៗ មិន​ថា​កូន​អ្នក​មាន ឬ​អ្នកក្រ ឲ្យ​មាន​ឱកាស​បាន​រៀន​សូត្រ​មាន​ការ​យល់​ដឹង​អំពី​សីលធម៌ វប្បធម៌ ប្រពៃណី​ជាតិ និង​ជា​ពិសេស​គឺ​ឲ្យ​កុមារ​ចេះ​គោរព​ខ្លួន​ឯង និង​គោរព​អ្នក​ដទៃ។

សាលារៀន «ភូមិ​កុមារ​សេអាមេត្រី» គឺ​ជា​កន្លែង​មើល​ថែ​ទាំ​ក្មេង ផ្ដល់​ការ​អប់រំ និង​បង្ហាត់​បង្រៀន​ដល់​កុមារ​តូចៗ ដែល​មាន​អាយុ​ចន្លោះ​ពី ១​ឆ្នាំ​ទៅ​អាយុ ៦​ឆ្នាំ ឲ្យ​ចេះ​ភាសា​ពីរ គឺ​ភាសា​ខ្មែរ និង​អង់គ្លេស។ បច្ចុប្បន្ន​សាលា​នេះ​មាន​កុមារ​ជាង ៨០​នាក់ ហើយ​ការ​ទទួល​ក្មេង​ឲ្យ​មក​ចូល​រៀន គឺ​អាស្រ័យ​ទៅ​លើ​ចំនួន​ក្មេង​ដែល​មក​ចុះ​ឈ្មោះ​រៀន​បាន​មុន​គេ។

លោកស្រី​បណ្ឌិត យូ មួយ ដែល​ជា​ស្ថាបនិក​នៃ​សាលារៀន «ភូមិ​កុមារ​សេអាមេត្រី» នេះ បាន​ឲ្យ​ដឹង​ថា គោលដៅ​សំខាន់​បំផុត​របស់​សាលារៀន​នេះ គឺ​ផ្ដល់​ឱកាស​ឲ្យ​កុមារ​គ្រប់ៗ​រូប មិន​ថា​ជា​កូន​អ្នក​ក្រ ឬ​កូន​អ្នក​មាន អាច​មាន​លទ្ធភាព​ទទួល​បាន​នូវ​ការ​សិក្សា​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​មាន​ការ​យល់​ដឹង​ច្បាស់​អំពី​សីលធម៌ និង​វប្បធម៌​សង្គម។ បន្ថែម​ពី​នេះ នៅ​ពេល​គេ​ធំ​ឡើង ពួកគេ​អាច​ក្លាយ​ជា​សាស្ត្រាចារ្យ ជា​អ្នក​និពន្ធ ជា​វិចិត្រករ និង​ជា​អ្នក​ជំនាញ​ប៉ិនប្រសប់​ក្នុង​កិច្ច​ការ​អ្វី​មួយ។

លោក មាស បញ្ញា គ្រូបង្រៀន​ផ្នែក​ភាសា​អង់គ្លេស គណិតសាស្ត្រ និង​វិទ្យាសាស្ត្រ នៅ​សាលារៀន «ភូមិ​កុមារ​សេអាមេត្រី» ជាង ៦​ឆ្នាំ​មក​ហើយ​នេះ បាន​មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ​គឺ​មាន​សិស្ស​ជាង ៨៨​នាក់​កំពុង​រៀន​ថ្នាក់​ទី​១ ទី​២ និង​ទី​៣ ហើយ​សាលារៀន​មួយ​នេះ​របៀប​ចាត់ចែង និង​បង្រៀន​សិស្ស​មាន​ការ​ខុសប្លែក​ពី​សាលារៀន​រដ្ឋ និង​សាលា​ឯកជន​ផ្សេងៗ​ទៀត ៖ «គោលដៅ​របស់​សាលា​គឺ​ចង់​ឲ្យ​ក្មេងៗ​មាន​អនាគត​ល្អ​ទៅ​ថ្ងៃ​អនាគត ពីព្រោះ​ក្មេងៗ​នៅ​ស្រុក​ខ្មែរ​មិន​បាន​ទទួល​ភាព​ស្មើ​គ្នា​នៃ​ការ​អប់រំ​ទេ ហើយ​សាលា​យើង​ទទួល​ទាំង​អ្នក​ក្រ និង​អ្នក​មាន។ អ្នក​មាន​បង់​ថ្លៃ​ពេញ អ្នក​ក្រ​ខ្លះ​បង់​តិចតួច ខ្លះ​ពុំ​មាន​បង់​ទេ គឺ​បង់​តាម​លក្ខណៈ​ដែល​អាច​ធ្វើ​បាន»។

ការ​បង្រៀន​នៅ​សាលា​នេះ គឺ​មិន​ត្រឹមតែ​ជួយ​បណ្ដុះបណ្ដាល​ផ្នត់​គំនិត​ក្មេងៗ​ឲ្យ​ចូល​ចិត្ត​រៀន ចូល​ចិត្ត​អាន​សៀវភៅ​ប៉ុណ្ណោះ​ទេ គឺ​ចង់​បង្ហាត់​ហ្វឹកហ្វឺន​ពួកគេ​ឲ្យ​មាន​ការ​ចេះ​ស្រឡាញ់ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​គឺ​មិន​ឲ្យ​មាន​ការ​ប្រកាន់​វណ្ណៈ ឬ​រើសអើង​ចំពោះ​អ្នក​ក្រីក្រ។

លោក មាស បញ្ញា មាន​ប្រសាសន៍​បន្ថែម​យ៉ាង​ដូច្នេះ ៖ «ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​គឺ​ថា ក្មេង​អត់​មាន​ការ​រើសអើង​នឹង​គ្នា​ទេ។ គាត់​កើត​មក​គាត់​អត់​ដឹង​ថា​មាន ឬ​ក្រ​ទេ គាត់​មក​សាលា​គាត់​រៀន និង​លេង​ជាមួយ​គ្នា គាត់​អត់​មាន​ការ​រើស​អើង​នឹង​គ្នា​ទេ។ ភាគ​ច្រើន​សាលា​អ្នក​មាន​ខ្លះ​គេ​អត់​យក​អ្នក​ក្រ​ទេ ប៉ុន្តែ​សាលា​យើង​ចង់​ឲ្យ​អ្នក​មាន​អ្នក​ក្រ​នៅ​ជាមួយ​គ្នា ដើម្បី​កុំ​ឲ្យ​មាន​គម្លាត ដល់​ធំ​ឡើង​អ្នក​មាន​ស្អប់​អ្នក​ក្រ ឲ្យ​គាត់​ចេះ​ស្រឡាញ់​គ្នា​តាំង​ពី​តូច​ទៅ...»

ក្នុង​គេហទំព័រ​របស់​សាលារៀន «ភូមិ​កុមារ​សេអាមេត្រី» បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​សាលា​នេះ​មាន​គ្រូ​បង្រៀន និង​អ្នក​ស្ម័គ្រចិត្ត​ទាំង​ខ្មែរ និង​បរទេស​ជិត ២០​នាក់ ហើយ​លោកស្រី យូ មួយ ដែល​ជា​ស្ថាបនិក​នៃ​សាលារៀន «ភូមិ​កុមារ​សេអាមេត្រី» គឺ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​បណ្ឌិត​អក្សរសាស្ត្រ​ពី​ប្រទេស​បារាំង។ លោកស្រី​ធ្លាប់​មាន​បទពិសោធន៍ និង​បង្រៀន​សិស្ស​ជាង ៣០​ឆ្នាំ ចាប់​ពី​ថ្នាក់​មត្តេយ្យសាលា​រហូត​ដល់​ឧត្ដមសិក្សា ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស៕