សមត្ថកិច្ចចម្រុះចាប់ជនជាតិវៀតណាម ៧នាក់លួចកាប់ឈើនៅស្រុកអូរយ៉ាដាវ
2012.12.20
ក្រុមជនជាតិវៀតណាម ទាំងនោះ គឺជាក្រុមដែលសហគមន៍ការពារព្រៃឈើភូមិឡំ និងមន្ត្រីសមាគមអាដហុក បានរកឃើញនៅទីតាំងកាប់ឈើរបស់ពួកគេ ស្ថិតនៅព្រំប្រទល់ព្រៃសម្បទានក្រុមហ៊ុនវៀតណាម ឈ្មោះ៧២ ជាប់នឹងព្រៃសហគមន៍អភិរក្ស នៅចំណុចប៉ុស្តិ៍ការពារព្រំដែនភ្នំក្រហម។
មន្ត្រីកម្មវិធីដីធ្លីព្រៃឈើសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ឲ្យដឹងថា សមត្ថកិច្ច និងក្រុមសហគមន៍បានដាក់កម្លាំងឃ្លាំមើលសកម្មភាពរបស់ពួកគេលួចកាប់ឈើខ្មែរនេះទើបស្ទាក់ចាប់បានពួកគេ ៧នាក់ និងរឹបអូសម៉ាស៊ីនកាត់ឈើ ៤គ្រឿង រួមទាំងត្រាក់ទ័រអូសឈើ ២គ្រឿងទៀតផង៖ «ក្រុមអស់ហ្នឹងហើយដែលសហគមន៍បានរាយការណ៍ ហើយសមត្ថកិច្ចចុះស៊ើបអង្កេតស្វែងរកគោលដៅតាំងពីថ្ងៃដែលសមាគមអាដហុក បានរាយការណ៍តាមវិទ្យុអាស៊ីសេរី ថ្ងៃទី១១ ម្ល៉េះ។ សហគមន៍បានរាយការណ៍ថា ថ្ងៃទី១៨ មានកម្លាំងជនជាតិវៀតណាម និងមានត្រាក់ទ័ររហូតដល់ ៤គ្រឿង ប៉ុន្តែថ្ងៃទី២០ នេះ សមត្ថកិច្ចចុះទៅបង្ក្រាបចាប់បានតែពីរគ្រឿង»។
នៅរសៀលថ្ងៃដដែល មន្ត្រីអាវុធហត្ថស្រុកអូរយ៉ាដាវ ឲ្យដឹងថា ជនជាតិវៀតណាម ទាំង ៧នាក់នោះ សមត្ថកិច្ចបាននាំខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរួចហើយ ដើម្បីកសាងសំណុំរឿងតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។