ការតវ៉ានេះ គឺស្របពេលដែលដំណើរការនៃការចរចាដំឡើងប្រាក់ឈ្នួល និងលក្ខខ័ណ្ឌការងារ ដោយគណៈកម្មការទំនាក់ទំនងវិជ្ជាជីវៈ ស្ថិតនៅក្នុងស្ថានភាពមិនទាន់មានការព្រមព្រៀងគ្នានៅឡើយ។
ក្រុមកម្មករកម្មការិនីរោងចក្រដែលនាំគ្នាធ្វើបាតុកម្ម កូដកម្ម រាប់រយនាក់ ខ្លះមិនចូលធ្វើការ និងខ្លះបិទកំណាត់ផ្លូវជាតិនោះ មិនទាន់ទទួលបានលទ្ធផលពីថៅកែក្រុមហ៊ុនរបស់ខ្លួន ក្នុងការដោះស្រាយ ចំពោះការសុំឲ្យថៅកែដំឡើងប្រាក់ខែគោល និងគោរពលក្ខខណ្ឌការងារឲ្យស្របនឹងច្បាប់ការងារនោះទេ។
កម្មកររោងចក្រ Complete Honor Cambodia ហៅកាត់ថា ស៊ី.អេច្ឆ.ស៊ី (CHC) ដេរសំលៀកបំពាក់ ដែលមានទីតាំងនៅភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាង ៣០០នាក់ បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ ៣ ចាប់ពីម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី១២ មីនា ដោយបោះតង់លើកំណាត់ផ្លូវ ចាក់ធុងបាស់រាំ បង្កឲ្យកកស្ទះចរាចរណ៍ ទាមទារឲ្យថៅកែដោះស្រាយតាមលក្ខខណ្ឌការងារជាង ២០ចំណុច។
ប៉ុន្តែអធិការស្រុកគងពិសី លោក ឃឹម សុផាន់រ៉ា បានថ្លែងថា ក្រុមកម្មករបានព្រមបើកផ្លូវវិញ នៅម៉ោងជិត ៤ល្ងាចថ្ងៃដដែល ដោយសារមានការសម្របសម្រួលពីភាគីរោងចក្រ៖ «គាត់បានឯកភាពគ្នាជាមួយក្រុមហ៊ុនអស់ហើយ ជាមួយមន្ទីរការងារ ក្រសួងការងារអីអស់ហើយ ចប់សព្វគ្រប់អស់ហើយ»។
នៅថ្ងៃដដែល កម្មករកម្មការិនីដេរសំលៀកបំពាក់ជិត ១ពាន់នាក់នៅរោងចក្រ ស៊ិកផ្លាស (Sixtplus) នៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បាននាំគ្នាធ្វើកូដកម្មអហិង្សា ដោយមិនចូលធ្វើការ ដើម្បីសុំឲ្យថៅកែដំឡើងប្រាក់ខែគោល ១២០ដុល្លារ ខណៈប្រាក់ខែគោលបច្ចុប្បន្ន ៦១ដុល្លារនោះ ពួកគេមិនអាចដោះស្រាយជីវភាពបានឡើយ។
កម្មការិនី ឃឹម សុភ័ណ្ឌ បន្តថា ក្រៅអំពីការទាមទារប្រាក់ខែគោលនោះ ពួកគាត់សុំឲ្យថៅកែកែទម្រង់លក្ខខណ្ឌការងារចំនួន ១៩ចំណុចដែលពួកគាត់យល់ថា គាបសង្កត់មកលើសិទ្ធិកម្មករ៖ «ពេលខ្ញុំឈប់គេកាត់មួយដងមួយថ្ងៃហ្នឹង ១៨ដុល្លារ។ រោងចក្រហ្នឹងធ្វើដូចបំបាក់កម្មករហ្មង ទាមទារលុយបាយពេលថ្ងៃក្នុងរោងចក្រ អត់បើកពន្លឺឲ្យធ្វើការ ងងឹត ប្រើតែពន្លឺថ្ងៃអ៊ីចឹងណា។ ប្រធានក្រុម ប្រធានផ្នែកចិន ជេរកូនចៅប្រើពាក្យសំដីអត់ល្អលើកូនចៅ កូនចៅអត់មានកម្លាំងធ្វើការទេ។ សូម្បីសង្ស័យម្នាក់ហ្នឹងលួចខោអាវយកគ្នាទៅក្នុងបន្ទប់ឆែកឆេរគ្នាដោះអាវដោះខោគ្នាអស់រលីង ហើយគ្នានៅក្រមុំ ហើយបញ្ឈប់គ្នាទៀត»។
ស្របគ្នានេះដែរ កម្មកររោងចក្រដេរស្បែកជើងប្រមាណ ១ពាន់នាក់ទៀត នៅរោងចក្រ អ៊ីចេង នៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ក៏បាននាំគ្នាធ្វើកូដកម្មមិនចូលធ្វើការដែរ។ កម្មករទាំងនោះសុំឲ្យថៅកែដំឡើងប្រាក់ខែគោលពី ៦១ដុល្លារ ទៅ ៨០ដុល្លារក្នុងមួយខែ និងឲ្យថៅកែគោរពតាមលក្ខខណ្ឌការងារចំនួន ១១ចំណុច។
ទីប្រឹក្សាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាន់ សេងហាក់ ដែលបានឃ្លាំមើលការតវ៉ារបស់កម្មករមានមតិថា ការផ្ទុះការតវ៉ារបស់កម្មករ គឺដោយសារតែការអត់ទ្រាំលែងបានតទៅចំពោះភាពយឺតយ៉ាវនៃការគិតគូរដំឡើងប្រាក់ឈ្នួលដល់កម្មករពីភាគីពាក់ព័ន្ធ។
យ៉ាងណាក៏ដោយពាក់ព័ន្ធនឹងការគិតគូរដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករនោះ គណៈកម្មការទី៨ ទំនាក់ទំនងវិជ្ជាជីវៈ ដែលដឹកនាំដោយក្រសួងសង្គមកិច្ច ដែលមានតំណាងនិយោជក តំណាងសហជីពកម្មករ និងតំណាងរដ្ឋាភិបាល បានបើកការចរចាស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ តាំងពីខែមករា ឆ្នាំ២០១៣ មិនតិចជាង ៦លើកនោះទេ មកដល់ពេលនេះ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងជាសមាជិកគណៈកម្មការទី៨ ទំនាក់ទំនងវិជ្ជាជីវៈនៃក្រសួងសង្គមកិច្ច លោក អាត់ ធន់ មានប្រសាសន៍ថា ការប្រជុំជាច្រើនលើកគឺបានលទ្ធផលជាវិជ្ជមាន។ លោកថា តាមរយៈការចរចាប្រាក់ឈ្នួលគោលរហូតមកដល់ពេលនេះ ដំឡើងបាន ៩ដុល្លារ មានន័យថា កម្មករនឹងទទួលបានប្រាក់ឈ្នួលគោល ៧០ដុល្លារក្នុងមួយខែ៖ «ទោះបីយ៉ាងណា យើងបាននិយាយគ្នាថា យើងមិនត្រូវបញ្ឈប់នៃការជជែកពិភាក្សាគ្នាត្រឹមខែ ៣ ហ្នឹងឯង អត់ឲ្យពន្យារពេលយូរទេ ព្រោះយើងចង់ឲ្យបានលឿនដើម្បីឲ្យកម្មករយើងឆាប់បានដឹងលទ្ធផលថា ពេលនេះបានប៉ុន្មាន? អនុវត្តពេលណា ហើយអ្វីយើងត្រូវធ្វើតទៅទៀត?»។
លោកថាដំណើរការនៃការចរចានេះ នៅមិនទាន់ចប់សព្វគ្រប់នោះទេ សហជីពលៃយ៉ាងណានឹងឆាប់បញ្ចប់កិច្ចពិភាក្សានេះនៅត្រឹមខែមីនា ដើម្បីបានលទ្ធផលនិងពេលអនុវត្តជូនកម្មករដែលកំពុងទន្ទឹងរង់ចាំដំណឹង។
នៅរយៈពេល ៣ខែ ដើមឆ្នាំ២០១៣ មានកម្មករធ្វើការនៅរោងចក្រជិត ៣០រោងចក្រ បានធ្វើកូដកម្ម បាតុកម្ម ក្នុងគោលដៅសំខាន់តែ១ គឺទាមទារប្រាក់ឈ្នួលបន្ថែម ក្រៅអំពីសុំឲ្យថៅកែគោរពលក្ខខណ្ឌការងារផ្សេងៗទៀតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។