សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន ៧នាក់​ពាក់ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​នៅ​ខេត្តព្រះសីហនុ

ដោយ សេក បណ្ឌិត
2024.09.03
សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន ៧នាក់​ពាក់ព័ន្ធ​ករណី​ផ្ទុះ​អាវុធ​នៅ​ខេត្តព្រះសីហនុ ជនជាតិចិនឈ្មោះ ZHANG TAO អាយុ ៤៣ឆ្នាំ ជនសង្ស័យដែលនគរបាល​ឃាត់ខ្លួនបាន ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​នៅ​សណ្ឋាគារ និង​កាស៊ីណូ​សមុទ្រ​ខៀវ នៅ​តាម​បណ្ដោយ​ឆ្នេរ​ឯករាជ្យ​ស្ថិត​ក្នុង​ក្រុងព្រះសីហនុ បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស ២នាក់ កាល​ពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី២ ខែកញ្ញា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

សមត្ថកិច្ច​ខេត្តព្រះសីហនុ​ឃាត់​ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ៧នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ​បាញ់​ប្រហារ​ជនជាតិ​ចិន​មួយ​ក្រុម​ទៀត នៅ​តំបន់​ឆ្នេរ​ឯករាជ្យ កាល​ពី​យប់​ថ្ងៃ​ទី២ ខែកញ្ញា។ សង្គម​ស៊ីវិល​រិះគន់​ថា សមត្ថកិច្ច​ហាក់​គ្មាន​វិធាន​តឹងតែង ចំពោះ​ជនបរទេស​មួយ​ចំនួន ដែល​នៅ​តែ​បន្ត​ប្រើ​កាំភ្លើង​បាញ់​បោះ​សេរី តាម​ទី​សាធារណៈ​នៅ​ឡើយ ហើយ​បង្ក​ក្ដី​បារម្ភ​ដល់​ពលរដ្ឋ និង​បន្លាច​ដល់​ភ្ញៀវ​ទេសចរ និង​អ្នក​ជំនួញ​ក្នុង​ខេត្តព្រះសីហនុ។

ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​ដោយ​ជនជាតិ​ចិន​ចំនួន ២ក្រុម កាល​ពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី២ ខែកញ្ញា​នៅ​សណ្ឋាគារ និង​កាស៊ីណូ​សមុទ្រ​ខៀវ នៅ​តាម​បណ្ដោយ​ឆ្នេរ​ឯករាជ្យ​ស្ថិត​ក្នុង​ក្រុងព្រះសីហនុ មាន​មនុស្ស ២នាក់​រង​របួស​ធ្ងន់ ហើយ​សន្តិសុខ​ជា​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​រង​របួស​ត្រង់​ពោះ​នៅ​ពេល​ចូល​ជួយ​អន្តរាគមន៍។

ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន ៧នាក់ ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាណ និង​ឃាត់​ខ្លួន​ចោទ​ប្រកាន់​ពួកគេ​ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា និង​កាន់​កាប់​អាវុធ​ខុសច្បាប់។

ស្នងការ​នគរបាល​ខេត្តព្រះសីហនុ លោក ស រដ្ឋា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣ ខែកញ្ញា​ថា ជន​សង្ស័យ​ជនជាតិ​ចិន​ទាំង ៧នាក់ ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត និង​គ្រោង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី៤ ខែកញ្ញា។ លោក​អះអាង​បន្ថែម​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​រក​អ្នក​ពាក់ព័ន្ធ និង​អ្នក​លក់​អាវុធ​ទៅ​ឱ្យ​ក្រុម​ខ្មាន់​កាំភ្លើង​ជនជាតិ​ចិន​ទាំង​នោះ។

លោក ស រដ្ឋា៖«ពាក់ព័ន្ធ​ជាមួយ​ការ​កាន់​កាប់​អាវុធ​ជាតិ​ផ្ទុះ​មិនមែន​តែ​ជនជាតិ​បរទេស​ទេ ជនជាតិ​ខ្មែរ​ក៏​ដោយ​ក៏​ខុស​ច្បាប់​ដែរ ពាក់ព័ន្ធ​បញ្ហា​ទាំងអស់​នោះ​គាត់​ត្រូវ​អនុវត្ត​ទោស ហើយ​បើ​គាត់​ជា​ជន​បរទេស​អនុវត្ត​ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា។ ករណី​នេះ ខ្ញុំ​កំពុង​តែ​ស្រាវជ្រាវ ប៉ុន្តែ​ភាគ​ច្រើន​ឱ្យ​តែ​ពាក់ព័ន្ធ​ការ​ផ្ទុះ​អាវុធ​អី​នេះ​មាន​ទំនាស់»

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ សមត្ថកិច្ច​រឹប​អូស​បាន​កាំភ្លើង​ខ្លី និង​គ្រាប់​កាំភ្លើង​ជា​ច្រើន​គ្រាប់​ពី​ជន​សង្ស័យ។

ទោះ​ជា​យ៉ាងណា មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ស្វែង​រក​មេខ្លោង និង​អ្នក​ជួញដូរ​អាវុធ​ទៅ​ឱ្យ​ជនជាតិ​ចិន​មួយ​ចំនួន​នា​ពេល​កន្លង​មក ហាក់​គ្មាន​លទ្ធផល​អ្វី​ឡើយ បើ​ទោះ​ជា​អាវុធ និង​គ្រាប់​កាំភ្លើង​ជា​ច្រើន ត្រូវ​បាន​សមត្ថកិច្ច​រឹប​អូស​បាន មាន​លេខ​សម្គាល់​យ៉ាង​ណា​ក៏​ដោយ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​ប្រសាសន៍​ថា ជនបរទេស និង​ជនស៊ីវិល​អាច​មាន​អាវុធ​ប្រើប្រាស់​បាញ់​បោះ​សេរី​ជា​បន្តបន្ទាប់​បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ពលរដ្ឋ និង​បន្លាច​ដល់​ក្រុម​ភ្ញៀវ​ទេសចរ និង​អ្នក​ជំនួញ​ល្អៗ​ក្នុង​ខេត្តព្រះសីហនុ។ អ្នកស្រី​ផ្ដល់​ទស្សនៈ​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​ជនបរទេស​កាន់​កាប់​អាវុធ​ខុស​ច្បាប់​មាន​ប្រសិទ្ធភាព អាជ្ញាធរ​ត្រូវ​មាន​ឆន្ទៈ​ស្វែង​រក​មេខ្លោង​ដែល​ជួញដូរ​អាវុធ​ទៅ​ឱ្យ​ជនបរទេស​ទាំង​នោះ និង​ត្រូវ​ចុះ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​នៅ​ទីតាំង​បនល្បែង​កាស៊ីណូ និង​ទីតាំង​ដែល​ជនបរទេស​ប្រមូល​ផ្ដុំ​គ្នា​រស់​នៅ​ច្រើន។

អ្នកស្រី ជៀប សុធារី៖ «វិធានការ​នៃ​ការ​គ្រប់គ្រង​អាវុធ​នៅ​ស្រុក​ខ្មែរ គឺ​មាន​សមត្ថកិច្ច។ សមត្ថកិច្ច​ហ្នឹង​មិនមែន​ថា ឱ្យ​តែ​សមត្ថកិច្ច​គ្រប់​គ្នា​មាន​សិទ្ធ​កាន់កាប់​អាវុធ​ទេ។ អ៊ីចឹង អាវុធ​មាន​ឋានៈ និង​មាន​តួនាទី​ទៀត​បាន​អាច​ប្រើប្រាស់​អាវុធ​ហ្នឹង​បាន ហើយ​អាវុធ​មាន​ការ​ចុះ​លេខ ចុះ​មាន​ថា អ្នកណា​ជា​អ្នក​កាន់កាប់​ប្រើប្រាស់​អាវុធ​ហ្នឹង ហើយ​នៅ​ពេល​ចុះ​បំពេញ​បេសកកម្ម​បាន​អាវុធ​យក​ទៅ​ប្រើ បើ​មិន​ប្រើ​ទេ ត្រូវ​មាន​ឃ្លាំង​ដាក់។ ចុះ​ហេតុ​អី​អាវុធ​ហ្នឹង​បាន​ទៅ​ដល់​ដៃ​ជនស៊ីវិល ហើយ​ជនស៊ីវិល​មិនមែន​ខ្មែរ ជា​ជនបរទេស​ទៀត វា​មក​តាម​ណា? អ៊ីចឹង នៅ​ពេល​សមត្ថកិច្ច​ចាប់​ជន​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង ជន​សង្ស័យ​ប្រើប្រាស់​ហ្នឹង​សុំ​ឱ្យ​លោក​ជួយ​ស្រាវជ្រាវ​ឱ្យ​បាន​ម៉ត់ចត់​ជា​ទី​បំផុត តើ​អាវុធ​ចូល​តាម​ច្រក​ណា ឬ​អ្នកណា​ជា​ម្ចាស់? ប្រសិន​ជា​អាវុធ​ហ្នឹង​មាន​ការ​ចុះ​លេខ​អី​ត្រឹមត្រូវ គឺ​យើង​ដឹង​ហើយ​ថា អ្នកណា​ជា​ម្ចាស់​អាវុធ អ៊ីចឹង​ត្រូវ​ស្រាវជ្រាវ​យក​អ្នក​ទាំងអស់​ហ្នឹង​មក​ធ្វើ​ការ​ផ្ដន្ទាទោស»

ថ្វីត្បិត​កម្ពុជា​ពុំ​មាន​ច្បាប់​អនុញ្ញាត​ឱ្យ​ជន​ស៊ីវិល និង​ជន​បរទេស​ប្រើប្រាស់​អាវុធ​ក្ដី ប៉ុន្តែ​ជនជាតិ​ចិន​មួយ​ចំនួន​នៅ​កម្ពុជា នៅ​តែ​អាច​ប្រើប្រាស់​អាវុធ​បាញ់​បោះ​ដោយ​សេរី។ លើស​ពី​នេះ កាល​ពី​ពេល​កន្លង​មក មាន​ករណី​ខ្លះ ពួក​គេ​ថែម​ទាំង​ប្រើប្រាស់​កាំភ្លើង​បាញ់​ត​ទល់​នឹង​សមត្ថកិច្ច ពេល​ដែល​ចុះ​បង្ក្រាប ដូចជា ករណី​ចាប់​ជំរិត និង​ជួញដូរ​គ្រឿងញៀន​ជា​ដើម។ មន្ត្រី​សង្គម​ស៊ីវិល​តែងតែ​ជំរុញ​ដល់​សមត្ថកិច្ច​ឱ្យ​ស៊ើប​អង្កេត​ស្វែង​រក​មេខ្លោង​ធំៗ ដែល​នៅ​ពី​ក្រោយ​ការ​ជួញដូរ​អាវុធ​ទៅ​ឱ្យ​ជនល្មើស ព្រោះ​ពួកគេ​ចាត់​ទុក​ប្រើប្រាស់​អាវុធ ដោយ​ជនបរទេស និង​បាញ់​បោះ​អនាធិបតេយ្យ​បែប​នេះ​ថា ជា​ការ​បង្ក​ផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម សេដ្ឋកិច្ច និង​មាត់​មុខ​ប្រទេស​ជាតិ​ធ្ងន់ធ្ងរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។