គណៈកម្មការបុណ្យសពសម្រេចពន្យារពេលដង្ហែសពលោក កែម ឡី
2016.07.15
ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងជាសមាជិកគណៈកម្មការបុណ្យសពលោកបណ្ឌិត កែម ឡី ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកានៅយប់ថ្ងៃទី១៥ កក្កដា នេះថា គណៈកម្មការបុណ្យសពបានសម្រេចពន្យារពេលដង្ហែសពលោក កែម ឡី នៅថ្ងៃ១៧ កក្កដា។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរីកាថា ការសម្រេចពន្យារពេលនេះ ដោយសារមានការស្នើសុំពីប្រជាពលរដ្ឋ ទាំងក្នុង នៅក្រៅស្រុក។ ព្រះតេជព្រះគុណបន្តថា ការពន្យារពេលនេះក៏ពុំទាន់កំណត់ថ្ងៃហែជាក់លាក់ឡើងវិញដែរ។
នៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ស្អែកនេះ គឺជាថ្ងៃគម្រប់ខួប ៧ថ្ងៃរបស់សព លោក កែម ឡី។ នៅក្នុងកម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃនេះ គណៈកម្មការបុណ្យនឹងរៀបចំកម្មវិធីរាប់បាត្រព្រះសង្ឃ ៥០០អង្គដែលនិមន្តមកពីគ្រប់ទិសទី នៅវេលាម៉ោង ៩ព្រឹក ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោក កែម ឡី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីជំនួយការផ្ទាល់លោក កែម ឡី កញ្ញា លុយ ដានី។
នៅថ្ងៃទី១៥ កក្កដា នេះ ប្រជាពលរដ្ឋមកពីគ្រប់ទិសទីបន្តមកគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី ដែលត្រូវបានតម្កល់នៅវត្តពោធិយារាម ហៅវត្តចាស់ នៅសង្កាត់ជ្រោយចង្វារ។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ប្រាជ្ញ ចេវ ពីវត្តចាស់ និងថេរដីកាផ្ទាល់របស់ព្រះតេព្រះគុណ ប៊ុត ប៊ុនតិញ តាមការសាកសួររបស់លោក ម៉ម មុនីរតន៍៖