មេ​ឃុំ​ទើប​កាន់​តំណែង​ថ្មី​នៅ​ស្រុក​ប្រាសាទបាគង​ខ្វល់​រឿង​ខ្វះ​ថវិកា​ជួសជុល​កំណាត់​ផ្លូវលំ

ដោយ ហង្ស សាវយុត
2017-08-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេ​ឃុំ​ត្រពាំងធំ ក្នុង​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប លោក សយ សីហា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។ ​RFA/Hang Savyouth
មេ​ឃុំ​ត្រពាំងធំ ក្នុង​ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប លោក សយ សីហា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។ ​RFA/Hang Savyouth
​RFA/Hang Savyouth

ឃុំ​ត្រពាំងធំ នៃ​ស្រុក​ប្រាសាទបាគង ស្ថិត​នៅ​ចម្ងាយ​ជាង ២៥​គីឡូម៉ែត្រ ភាគ​ខាង​កើត​ពី​ទី​រួម​ខេត្ត​សៀមរាប។ បច្ចុប្បន្ន​ឃុំ​នោះ​ ថ្វី​ដ្បិតតែ​មាន​សាលាឃុំ​នៅ​ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​៦ ក៏​ពិតមែន ប៉ុន្តែ​បណ្ដាញ​ផ្លូវ​លំ​ជា​ច្រើន​ដែល​ចូល​ទៅ​ភូមិ​នានា មាន​ជង្ហុក និង​ផ្លូវ​ខ្លះ​ដាច់​ដោយសារ​ទឹក​ហូរ​ច្រោះ​ ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​ត្អូញត្អែរ​អំពី​ការ​ពិបាក​ធ្វើ​ដំណើរ។

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់​នៅ​ភូមិ​ភ្នំដី និង​ភូមិ​ល្វា នៃ​ឃុំ​ត្រពាំងធំ កំពុង​ទទូច​ឱ្យ​អាជ្ញាធរ​ឃុំ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ជួយ​កែលំអ​ផ្លូវ​លំ​១ខ្សែ ដែល​ខូចខាត​ធ្ងន់ធ្ងរ ពិបាកធ្វើ​ដំណើរ​នៅ​ក្នុង​ភូមិ​របស់​ពួកគេ។

​ក្រុម​អ្នក​ភូមិ​និយាយ​ថា ផ្លូវ​លំ​១​ខ្សែ​ប្រវែង​ជាង ៣​គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​ពី​ភូមិ​ភ្នំ​ដី មក​ភូមិ​ល្វា បច្ចុប្បន្ន​មិន​អាច​ឱ្យ​រថយន្ត​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​ទេ ដោយសារ​តែ​ផ្លូវ​ដាច់​​ជា​ច្រើន​កន្លែង ហើយ​គ្មាន​ស្ពាន។ចំណែក​ឯ​អ្នក​ភូមិ​ខ្លួន​ឯង ក៏​ពិបាក​ធ្វើ​ដំណើរ​នៅ​រដូវ​វស្សា​ដោយសារ​តែ​លិច​ទឹក ព្រម​ទាំង​ដី​ស្អិត។

ស្ត្រី​អ្នក​ភូមិ​ល្វា ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជា​ច្រើន​ទៀត គឺ​អ្នកស្រី ឃុត នីម។ អ្នកស្រី​មាន​ប្រសាសន៍​ក្នុង​ពេល​អង្គុយ​នៅ​លើ​កាំជណ្ដើរ​មុខ​ផ្ទះ​ថា រាល់​ថ្ងៃ​ឱ្យ​តែ​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ គឺ​គាត់​ពិបាក​ចិត្ត​ជា​ខ្លាំង​ចំពោះ​បញ្ហា​ផ្លូវ ដែល​កូនៗ​ពិបាក​ដើរ​ទៅ​សាលារៀន ឯ​រូប​គាត់​ក៏​ពិបាក​ចេញ​ចូល​ទៅ​ផ្សារ​ដើម្បី​ទិញ​ម្ហូប​ចំណី​ប្រចាំ​ថ្ងៃ។

​អ្នកស្រី ឃុត នីម បញ្ជាក់​ថា ផ្លូវ​លំ​១​ខ្សែ ដែល​ឆ្លង​កាត់​ភូមិ​នេះ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ហើយ​ដក់​ទឹក​ច្រើន គឺ​មិន​អាច​ជិះ​កង់ ឬ​ក៏​ម៉ូតូ​បាន​ទេ មាន​តែ​ដើរ​តាម​ភ្លឺ​ស្រែ​ដោយ​ថ្មើ​ជើង​ប៉ុណ្ណោះ៖ «ខែ​ភ្លៀង​ម្ដងៗ ឱ្យ​តែ​ទឹក​ជោកជាំ​គឺ​ជាប់​ភក់។ គ្រាន់​តែ​ខ្ញុំ​ដើរ​ក៏​ជាប់​ភក់​ដែរ ចំណែក​អ្នក​ជិះ​កង់ ម៉ូតូ​គឺ​មក​មិន​រួច​ទេ ពិបាក​ផ្ញើ​ទុក​នៅ​តាម​ផ្ទះ​គេ ហើយ​ដើរ​ដោយ​ថ្មើរ​ជើង​ដដែល»

​អ្នក​ភូមិ​ល្វា ម្នាក់​ទៀត អ្នកស្រី ឃុត ណៃ មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ថា ផ្លូវ​លំ​១​ខ្សែ​នេះ តែ​ដល់​រដូវ​ទឹក​ច្រើន គឺ​ជន់​លិច​ភូមិ​ខ្លះ និង​វាល​ស្រែ​ខ្លះ ដោយសារ​តែ​ពុំ​មាន​ប្រព័ន្ធ​លូ​រំដោះ​ទឹក។ ស្ត្រី​ដដែល​បញ្ជាក់​ថា ដោយសារ​តែ​ស្ថានភាព​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ ពេល​បច្ចុប្បន្ន​នេះ​អ្នកស្រី​បាន​ឱ្យ​កូន​តូចៗ ឈប់​ទៅ​រៀន​ភាសា​អង់គ្លេស ពីព្រោះ​តែ​គ្មាន​អ្នក​ជួយ​ពរ​ឆ្លង​ទឹក​នៅ​ពេល​ភ្លៀង​ម្ដងៗ៖ «ពិបាក​ខ្លាំង​ណាស់ បច្ចុប្បន្ន​មាន​ផ្លូវ​ហើយ​តែ​កូន​ចៅ​ដើរ​ទៅ​រៀន​ក៏​មិន​កើត។ ពេល​មាន​ទឹក​គឺ​ឪពុក​​វា​ជញ្ជូន​កូនៗ​យក​ទៅ​ដាក់​នៅ​ថ្នល់​ជាតិ​ឱ្យ​ទៅ​សាលា»

បច្ចុប្បន្ន​នេះ ផ្លូវ​លំ​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ភូមិ​ភ្នំ​ដី ទៅ​ភូមិ​ល្វា បាន​ដាច់​ជា​ច្រើន កំណាត់​ដោយ​គ្មាន​ស្ពាន​សម្រាប់​ឱ្យ​រថយន្ត​គ្រប់​ប្រភេទ អាច​ចេញចូល​បាន​ទេ មាន​តែ​កំណាត់​ឈើ​តូចៗ ដែល​អ្នក​ភូមិ​បាន​យក​ទៅ​ដាក់​សម្រាប់​ជិះកង់ និង​ម៉ូតូ​ឆ្លង​ប៉ុណ្ណោះ៖ «រថយន្ត​មួយ​ចំនួន​អាច​បើក​ឆ្លង​កាត់​ភូមិ​នេះ បាន​នៅ​ពេល​ដែល​គ្មាន​ភ្លៀង ក៏​ប៉ុន្តែ​ត្រូវ​បើក​ចុះ​តាម​វាលស្រែ នៅ​ពេល​ណា​ទៅ​ដល់​កន្លែង​ផ្លូវ​ដាច់ ហើយ​ពុំ​មាន​ស្ពាន​ឆ្លង​ម្ដងៗ»

អាជ្ញាធរ​ឃុំ​ត្រពាំងធំ ឱ្យ​ដឹង​ថា ផ្លូវ​លំ​ជនបទ​១​ខ្សែ​នេះ បាន​ដាច់​ជា​ច្រើន​កំណាត់​រយៈពេល ២​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ប្រជាពលរដ្ឋ​កាប់​ដី​ឱ្យ​ទឹក​ហូរ ពីព្រោះ​តែ​កំណាត់​ផ្លូវ​នោះ សាងសង់​ឡើង​មិន​មាន​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ឱ្យ​បាន​ត្រឹមត្រូវ។

កំណាត់​ផ្លូវ​លំ ពី​ភូមិ​ភ្នំ​ដី ទៅ​ភូមិ​ល្វា ក្នុង​ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧
កំណាត់​ផ្លូវ​លំ ពី​ភូមិ​ភ្នំ​ដី ទៅ​ភូមិ​ល្វា ក្នុង​ឃុំ​ត្រពាំងធំ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប។ រូបថត​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Hang Savyouth RFA/Hang Savyouth

មេ​ឃុំ​ត្រពាំងធំ ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី​រយៈពេល​ជាង ២​ខែ លោក សយ សីហា មាន​ប្រសាសន៍​ថា ដោយសារ​ស្ថានភាព​ផ្លូវ​នោះ ខូចខាត​គឺ​មិនមែន​តែ​ពលរដ្ឋ​ទេ ដែល​ពិបាក​ធ្វើ​ដំណើរ​សូម្បី​តែ​រូប​លោក ពេល​ខ្លះ​ក៏​ត្រូវ​លាត់​ជើង​ខោ​ចុះ​ដើរ​កាត់​ទឹក​ដែរ។ ​មេ​ឃុំ​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន​ដោយសារ​តែ​ផ្លូវ​នេះ​ខូចខាត មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​នៅ​ភូមិ​ភ្នំ​ដី និង​ភូមិ​ល្វា ចំនួន​ជាង ៥០០​គ្រួសារ​ប៉ុណ្ណោះ​ទេ គឺ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​នៅ​ភូមិ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់៖ «ប្រជាពលរដ្ឋ​ហ្នឹង​មិន​មែន​ត្រឹមតែ​ប៉ះពាល់ ២​ភូមិ​នៅ​ក្នុង​ឃុំ​ត្រពាំងធំ​ទេ គឺ​ពលរដ្ឋ​នៅ​ឃុំ​ដទៃ​ទៀត​ដែល​ត្រូវ​ការ​ឆ្លងកាត់​ក៏​ប៉ះពាល់​ដែរ»

ក្រុមប្រឹក្សា​ឃុំ​ត្រពាំងធំ ឱ្យ​ដឹង​ថា ក្នុង​១​ឆ្នាំៗ ឃុំ​នេះ​បាន​ទទួល​កញ្ចប់​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​ប្រហែល ៦៨-​៦៩​លាន​រៀល ស្មើ​នឹង​ជិត ២​ម៉ឺន​ដុល្លារ​អាមេរិក​នោះ គឺ​មិន​គ្រប់គ្រាន់​ទៅ​តាម​តម្រូវការ​អភិវឌ្ឍន៍​វិស័យ​ជា​ច្រើន​ឡើយ។

លោក សយ សីហា អំពាវនាវ​ដល់​សប្បុរសជន​នានា ប្រសិនបើ​មាន​បំណង​ចង់​ជួយ​អភិវឌ្ឍន៍​ឃុំ​របស់​លោក គឺ​លោក​នឹង​ស្វាគមន៍​ដោយ​រីករាយ៖ «កញ្ចប់​ថវិកា​របស់​ឃុំ​សម្រាប់​ការ​អភិវឌ្ឍ​មិន​គ្រប់គ្រាន់ ដូច្នេះ​ខ្ញុំ​អំពាវនាវ​ទៅ​សប្បុរសជន​មេត្តា​ជួយ​ជា​ថវិកា​ជា​សម្ភារៈ ឬ​ក៏​​បច្ចេកទេស​ក្ដី»

អនុ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ របស់​ក្រសួង​មហាផ្ទៃ លោក សុខ ជឿន មាន​ប្រសាសន៍​ថា កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ឃុំ-​សង្កាត់ សម្រាប់​ឆ្នាំ​២០១៧ គឺ​បាន​ផ្ដល់​ជូន​ទៅ​តាម​ឃុំ-​សង្កាត់ ជា​ជំហាន​ទី​៣ រួច​ហើយ នៅ​សល់​តែ​ជំហាន​ចុង​ក្រោយ​ដែល​នឹង​គ្រោង​បើក​ឱ្យ​នៅ​ខែ​កញ្ញា ខាង​មុខ​នេះ​ទេ៖ «ដល់​ខែ​៩​នេះ យើង​ចាប់​ផ្ដើម​ទម្លាក់​ថវិកា​ជំហាន​ទី​៤​ហើយ។ ហ្នឹង​ជំហាន​ចុង​ក្រោយ​នៃ​មូលនិធិ ១០០% សម្រាប់​ឆ្នាំ​២០១៧»

​មន្ត្រី​ដដែល​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ កំពុង​ឱ្យ​ឃុំ-​សង្កាត់ រៀបចំ​គម្រោង​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨ ហើយ​ក្រសួង​ក៏​បាន​ជូន​ដំណឹង​ទៅ​ដល់​ឃុំ-​សង្កាត់ នៅ​ទូទាំង​ប្រទេស​រួច​ហើយ​ដែរ​ថា តើ​ឃុំ-​សង្កាត់​ណា ត្រូវ​ទទួល​បាន​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ចំនួន​ប៉ុន្មាន​លាន​រៀល គឺ​អាស្រ័យ​ទៅ​លើ​ចំនួន​ពលរដ្ឋ និង​កម្រិត​នៃ​ភាព​ក្រីក្រ​របស់​ឃុំ-​សង្កាត់​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល