កម្ពុជា​រៀបចំ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ស្ដីពី​សុវត្ថិភាព​កម្មករ

គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (Better Factories Cambodia) ដាក់​ចេញ​ប្រព័ន្ធ​ទូរស័ព្ទ​ស្តីពី​សុវត្ថិភាព​កម្មករ ដើម្បី​ផ្ដល់​ព័ត៌មាន ជុំវិញ​វិធានការ​ទប់ស្កាត់ និង​បង្ការ ការ​ឆ្លង​ជំងឺ​កូវីដ​១៩ (Covid-19)​។ ទូរស័ព្ទ​នោះ មាន​លេខ ០៩៣ ៦៤៤ ៦៤៤ ដែល​កម្មករ​ហៅ​ចូល​បាន​គ្រប់ពេលវេលា​ទាំងអស់។

មន្ត្រី​ផ្នែក​ទំនាក់ទំនង​បណ្ដោះអាសន្ន នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា លោក លី សុខ​ហេង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា គោលបំណង​សំខាន់​នៃ​ការ​ផ្ដល់​ព័ត៌មាន​នេះ គឺ​ដើម្បី​ឱ្យ​កម្មករ​បាន​យល់​ច្បាស់​ពី​វិធានការ​នានា ដើម្បី​សុវត្ថិភាព​របស់​កម្មករ ក្នុង​ពេល​ធ្វើដំណើរ និង​នៅ​កន្លែង​ធ្វើការ​៖ « ជា​មធ្យោបាយ​មួយ​ក្នុង​ការ​លើកកម្ពស់ ការ​យល់ដឹង​ពី​ជំងឺ​កូវីដ​១៩​។ ណាមួយ​ងាយស្រួល និង​ឆាប់រហ័ស ហើយ​កម្មករ​មិន​ត្រូវ​ការ​ទូរស័ព្ទ​ទំនើប​ស្មាតហ្វូន​ទេ គឺ​គាត់​មាន​ទូរស័ព្ទ​ធម្មតា អាច​តេ​ចូល​និង​អាច​ស្ដាប់​ពី​សំឡេង​ក្នុង​ប្រព័ន្ធ​ហ្នឹង​តែម្តង​។ ស្តាប់​ហើយ​គាត់​អាច​ដឹង​ព័ត៌មាន​ហ្នឹង ហើយ​ពេលណា​ក៏​អាច​ទូរស័ព្ទ​ចូល​បាន​ដែរ »

ប្រធាន​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា អ្នកស្រី សារ៉ា ផាក (Sara Park) មានប្រសាសន៍​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា ថា ការ​ធានា​ពី​សុខភាព និង​សុវត្ថិភាព​របស់​កម្មករ នៅ​កន្លែង​ការងារ​របស់​ពួកគេ គឺជា​អាទិភាព​មួយ ក្នុង​ចំណោម​អាទិភាព​ចម្បង​របស់​អង្គការ​អន្តរជាតិ​ផ្នែក​ការងារ (ILO)​។ អ្នកស្រី​បន្ត​ថា ការ​យល់ដឹង​ពី​របៀប​ការពារ​ខ្លួន និង​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វិត​១៩ តាមរយៈ​បណ្ដាញ​​​ទូរស័ព្ទ​បន្ទាន់​នេះ គឺ​ផ្ត​​​​​​​​​​ល់ អត្ថប្រយោជន៍ សំរាប់​កម្មករ​​​និយោជិត ដែល​មិន​ចេះ​អក្សរ ឬ​ការយ​​​ល់ដឹង​មាន​កម្រិត។

សេចក្តីប្រកាស​ពត៌មាន​ដដែល​បន្តថា សំឡេង​ឆ្លើយតប​ជា​អន្តរកម្ម ហៅ​កាត់​ថា IVR គឺជា​ប្រព័ន្ធ​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ នៅ​ពេល​ហៅ​ចូល ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​ព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងនេះ គឺ​យក​មកពី​គោលការណ៍​និង​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភព​​​​​​​​​លោក (WHO) និង​ក្រសួងសុខាភិបាល​។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ព័ត៌មាន​ទាំងនេះ​​អាច​ផ្លាស់ប្ដូរ​ជា​ប្រចាំ ទៅ​នឹង​បច្ចុប្បន្នភាព ដោយ​ស្របតាម​អនុសាសន៍​ថ្មីៗ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​និង​សហជីព ក៏បាន​បង្ហាញ​ក្តី​បារម្ភ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​​១៩ ដែល​កម្មករ​ត្រូវ​ជិះ​រថយន្ត​កកកុញ នៅ​ពេល​ធ្វើដំណើរ​ទៅ​ធ្វើ​ការ​និង​ត្រឡប់​មក​ផ្ទះ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។